នឹក​ឃើញ​ល្បែង​លេង​បិទពួន​ពី​ក្មេង

អង្គុយៗ​លេង ស្រាប់តែ​នឹកដល់​កាល​ពី​ក្មេង​ៗ​ដែល​ធ្លាប់​លេង​ល្បែង​ជាច្រើន ហើយ​ក្មេង​បច្ចុប្បន្ន​មិន​លេង ហើយ​គេ​រើស​យក​ល្បែង​លើ​កុំព្យូទ័រ ។ល។ មក​ជំនួស​វិញ ។ ល្បែង​ដែល​ខ្ញុំ​លេង​​គឺ​​មាន​សូត្រ​ជា​បទ​ដូចជា៖ ត្រាយត្រកត្រាយត្រុំ ពុក​ធ្វើ​នំ​កូន​ធ្វើតំបែ ពុក​ធ្វើស្រែ កូន​កាប់ចម្ការ ពុក​បាញ់​ខ្លា​កូន​បាញ់​ដំរី ពុក​ទូលល្អី​កូន​ទូល​កញ្ជើ ពុក​ឡើង​ឈើ​កូន​ចាក់​ពី​ក្រោម ពុក​លេច​ផោម​បែកក្បាល​កូន​ភុស ។ 🙂 និង លេង​ពួនយួន​ចាប់ លេង​ចម្បាប់​ម៉ែ​វ៉ៃ លេង​កន្ត្រៃ​មុត​មាត់ លេង​រំពាត់​ឈើ​ខ្នង លេង​ដំបង​បែក​ក្បាល លេង​ផាល​មុត​ជើង លេង​កាំភ្លើង​តៃហោង ។ ថែម​ទាំង​មាន៖ ឡុកឡាក់​ស៊ី​បាយ​ឡុកឡាក់ ជក់​ថ្នាំ​ខ្លាំង​ណាំអេក​ណាំអក កូន​កញ្ចកវ៉ក​កន្ទ្រប់​បាយ​អ៊ុង ។ ហើយ​ក៏​មាន៖ ចាក់​ទឹក​ដូង​មីឡូងមីឡែ កន្ទុយ​មាន់​ចែ​ពាក់​អាវ​ក្រពើ ក្រពើ​ជិះសេះ​ខ្ញុំ​ជិះ​ដំរី ក្រពើ​កង​កី​ខ្ញុំ​កង​កាក់ ក្រពើ​ចាក់ច្រវាក់​ខ្ញុំ​ចាក់​ម្ចុល ក្រពើ​ទុលមុល ខ្ញុំ​ពង​ប្រិច ។ គួរ​ឲ្យ​អស់​សំណើច​កាល​សម័យ​នោះ ហើយ​ក៏​គិត​ថា​បន្តិច​ទៀត​លែង​មាន​ពាក្យ​ប្រដេញ​គ្នា​បែបនេះ​សម្រាប់​ក្មេង​លេង​ទៀត​ហើយ​មើល​ទៅ!