ព្រៃ​ការពារ​នៅ​ខែត្រ​មណ្ឌល​គិរី​និង​ក្រចេះ


សមាគម​អភិរក្ស​សត្វព្រៃ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក បាន​ឲ្យ​យោបល់​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើត​ដែន​ព្រៃ​ការពារ​សីមា ក្នុង​ផ្ទៃដី​ធំជាង ១,៧៧០ គីឡូម៉ែត្រ​ក្រឡា​នៅ​ក្នុង​ខែត្រ​មណ្ឌល​គិរី​និង​ក្រចេះ ។ អ្នក​សម្របសម្រួល​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (WCS) លោក ម៉ាក ហ្កេតលី បាន​និយាយ​ថា៖ «ការ​បង្កើត​តំបន់​ព្រៃ​ការពារ​ សីមា មិន​ត្រឹមតែ​ការពារ​ឲ្យ​មាន​ចំនួន​សត្វ​កើន​ឡើង​ច្រើន​នោះ​ទេ ប៉ុន្តែ​​នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​មួយ​ចំនួន​ទាក់ទង​នឹង​ការ​កើន​ឡើង​កម្ដៅ​របស់​ពិភព​លោក ។ ការ​ស្ទាបស្ទង់​ដំបូង​បាន​បង្ហាញ​ថា ព្រៃ​នេះ​អាច​ទប់ស្កាត់​ការ​សាយភាយ​ជាតិ​ការបោន​ឌីអុកស៊ីត​រហូត​ដល់​ ៣០០,០០០​តោន ទៅ​លំហអាកាស​​ដែល​បង្ក​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​មួយ​ឆ្នាំ ក៏ប៉ុន្តែ​វា​នៅ​តែ​ជា​ការ​ពិបាក​ក្នុង​ការ​ដាក់​នូវ​ចំនួន​ជាក់លាក់​មួយ​នៅ​ក្នុង​ដំណាក់កាល​នេះ ។ លោក​បាន​បន្ត​ទៀត​ថា “ជំហាន​ដំបូង​គេ​គឺ​ត្រូវ​ការពារ ។ កំណើន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ហើយ​ដែល​ចំណុច​នេះ​វា​ល្អ​សម្រាប់​ប្រទេសជាតិ ប៉ុន្តែ​វា​បាន​ដាក់​គំនាប​សង្កត់​ទៅ​លើ​បរិស្ថាន​ទៅ​វិញ”» ។ លោក​ ហ្កេតលី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អង្គការ WCS ក៏​កំពុង​ការពារ​ប្រជាជន​ដែល​បាន​រស់នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​​​មុន​ពេល​ការ​អភិរក្ស​ការពារ​ចាប់ផ្ដើម​ផង​ដែរ ។ អង្គការ​ក៏​បាន​គ្រោង​បណ្ដុះបណ្ដាល​អប់រំ​​ប្រជាជនមូលដ្ឋាន​អំពី​សិទ្ធិ​កាន់កាប់​ដី​ធ្លី ការ​គ្រប់គ្រង​ព្រៃឈើ និង​ជួយ​ប្រជាជន​ចុះ​បញ្ជី​ដី​ធ្លី​ដើម្បី​បង្ការ​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ ។ ទំនាក់ទំនង​របស់ WCS ជាមួយ​នឹង​សីមា​ ដែល​មាន​សត្វ​អម្បូរ​ឆ្មា​ច្រើន​ប្រភេទ​, ខ្លាឃ្មុំ, ឆ្កែព្រៃ និង​កង្កែប​ គឺជា​ផ្នែក​មួយ​នៃ​​ “ការ​អភិរក្ស​​ការ​សាយភាយ​ជាតិ​ការបោន” របស់​ក្រុម​ដែល​ចាប់ផ្ដើម​ជួយ​ការពារ​ដី​ឲ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ជីវចម្រុះ​ច្រើន​យ៉ាង​ដែល​ឋិត​ក្នុង​និយាមកា​ជា​សកល​ស្ដី​ពី​ការ​កាត់​បន្ថយ​​ការ​កាប់​បំផ្លាញ​ព្រៃឈើ ។ WCS បាន​ដំណើរការ​កម្មវិធី​ស្រដៀង​គ្នា​ស្ដីពី​ការ​កាត់បន្ថយ​ការ​សាយភាយ​ជាតិ​ការបោន​​​នៅ Bolivia, Guatemala, និង Tanzania ។

5 thoughts on “ព្រៃ​ការពារ​នៅ​ខែត្រ​មណ្ឌល​គិរី​និង​ក្រចេះ

  1. ស្រុកស្រែ 18/11/2011 / 7:04 pm

    ខ្ញុំគិតថា គ្មានមធ្យោបាយណា ល្អជាងប្រើធម៌ក្តៅនេះទេ។ ប្រសិនបើច្បាប់យើងកែដាក់ទោសទៅលើអ្នកដឹកជញ្ជូនឈើ គឺជាឧក្រិដ្ឋជន នោះគឺគ្មាននរណាថា រដ្ឋាភិបាលរំលោភសិទ្ធមនុស្សទេ។ ការជួញដូរឈើប្រណិតខុសច្បាប់ គឺមិនខុសពីការជួញដូរគ្រឿងញាណឡើយ។ បើមិនអីចឹងទេ មានតែទាំងអស់គ្នាត្រូវអង្គុយចាំមើលព្រៃឈើយើង រលាយហិនហោចទៅ មានទៅឆ្អី..!! អ្នកថា បានត្រឹមតែថា អ្នកកាប់ចេះតែកាប់ទៅ… ស្មានតែពឹងបរទេស គេមកជួយការពារព្រៃឈើជំនួសខ្មែរយើងឬ?

  2. បាទ​អរគុណ ខ្ញុំ​មិនមែន​មន្ត្រី​រដ្ឋាភិបាល​ទេ​គ្រាន់តែ​ចង់​ស្ដាប់​ដំណោះស្រាយ ហើយ​ដឹង​រឿង​ពាក់ព័ន្ធ​ក៏​យក​មក​និយាយ​ទៅ។ ពិបាក​សម្រាប់​បញ្ហា​ពុករលួយ​ហ្នឹង​ជាធំ​មួយ! ម្យ៉ាងទៀត​ពិបាក​ព្រោះ​កម្លាំង​យើង​វា​តិច​អាវុធ​ក៏​មិន​មាន​គ្រប់​ដៃ ចំណែក​ពួក​ជន​ល្មើស​​មាន​កាំភ្លើង​ហើយ​នៅ​ទី​កំបាំង​ទៀត ពេល​ចុះ​ល្បាត​គឺ​ធ្វើ​តែ​ពេល​ថ្ងៃ ចំណែក​ពេល​យប់ ទោះ​ឮ​សូរ​ម៉ាស៊ីន​កាត់​ក៏​មិន​ហ៊ាន​ចូល​ទៅ​ដែរ គឺ​មានតែ​រង់ចាំចាប់​នៅ​តាម​ផ្លូវ។ មន្ត្រី​ប៉េអឹម​ម្នាក់​ស្លាប់​ដោយសារតែ​គេ​បុក​ពេល​កំពុង​ចេញ​ឃាត់​ឡាន​ដឹក​ឈើ​ចេញ​ពី​ព្រៃ ឯ​មន្ត្រី​បរិស្ថាន​ម្នាក់​ត្រូវ​គេ​បើក​ឡាន​បុក​ឡាន​គាត់​ក្រឡាប់​ធ្លាក់​ជ្រោះ​តែ​មិន​ស្លាប់។ មន្ត្រី​នៅ​ព្រៃ​ការពារ​នេះ​គាត់​ធ្វើ​ការ​ច្រើន​ណាស់​និង​មិន​ទំនេរ​ទេ! មិនហើយ ខ្ញុំ​មិន​ហ៊ាន​ថា​គាត់​ទាំង​នោះ​មិន​ទទួល​លុយ​គេ​ទេ តែ​អាច​មួយ​ចំនួន​ប៉ុណ្ណោះ។ ឡាន​ឈ្មួញ​ដឹក​ឈើ​នៅ​ទី​នោះ​សុទ្ធតែ​ប្រើ​ពីរ មួយ​សម្រាប់​ដឹក មួយ​សម្រាប់​បើក​ផ្លូវ​តតាំង​និង​ការ​បង្ក្រាប ។ ចំណែក​ការ​ប្រើ​ឧទ្ធម្ភាគចក្រ​គឺ​យើង​គ្មាន​ធនធាន​នេះ​ដូច​ប្រទេស​ជឿនលឿន​ទេ ហើយ​ប្រសិនជា​ហ៊ាន​បាញ់​កម្ទេច​ដូច​លោក​និយាយ នឹង​ត្រូវ​គេ​ថា​ផ្ដាច់ការ​មិន​គោរព​សិទ្ធិ​មនុស្ស​ទៀត ។ អាច​ឲ្យ​ដំណោះស្រាយ​ប្រសើរ​ជាង​នេះ​បាន​ទេ?

  3. ស្រុកស្រែ 17/11/2011 / 7:31 pm

    ធម្មតា ឈ្មួញឈើនឹងប្រើលុយដើម្បីទាក់ទាញទឹកចិត្តប្រជាជនដែលរស់នៅជុំវិញតំបន់អភិរក្ស ដោយអោយតំលៃខ្ពស់ទៅលើប្រភេទឈើប្រណិត ដែលឈ្មួញឈើត្រូវការ។ ចំណែកប្រជាជន ឬអ្នកស្រុកដែលរស់នៅក្នុងតំបន់អភិរក្សវិញ ដោយសារជីវភាពខ្វះខាត ពួកគេគ្មានជំរើសអ្វី ក្រៅពីការប្រព្រឹត្តិអំពើកាប់ឈើខុសច្បាប់នេះ ដើម្បីយកទៅលក់អោយឈ្មួញទេ។ ឈើដែលកាប់បានហើយនៅក្នុងព្រៃ ក៍មិនទាន់មានតំលៃដែរ គឺទាល់តែដឹកជញ្ជូនអោយដល់ទីតាំងប្រគល់ ទទួលសិន ទើបឈ្មួញឈើសំរេចបានគោលដៅជួញដូររបស់គេ។ ហេតុនេះ ពួកដែលបំផ្លាញឈើពិតប្រាកដគឺ ពួកស៊ីឈ្នួលដឹកឈើយកទៅលក់អោយឈ្មួញនេះអែង ដែលអាចចាត់ទុកថា គឺជាពួកកាប់ដាវ..!!

    ប្រសិនបើរដ្ឋយើងកាត់ផ្តាច់ចលនាដឹកជញ្ជូនឈើបាន នោះឈើប្រណិតស្រុកខ្មែរប្រាកដជារក្សាបាន…នេះខ្ញុំយល់ថាអីចឹង។ តែសំណួរសួរថា តើកំលាំងសមត្ថកិច្ចយើងច្រើនស្ថាប័ន មានឆន្ទ:ទប់ស្កាត់ការដឹកជញ្ជូនឈើបានអត់ បើម្នាក់ៗមានហោប៉ៅអាវសុទ្ធតែចំហរមាត់ឡើងលើនោះ?

    ចំពោះវិធានការណ៍បង្រ្កាបទាល់តែប្រើធម៌ក្តៅ ដូចជាការប្រើប្រាស់ឧទ្ធម្ភាកចក្រជាដើម… ប្រសិនបើដឹងច្បាស់ថា រថយន្តកំពុងបើកបរមានដឹកឈើប្រណិតហើយ ហើយសមត្ថកិច្ចឃាត់មិនឈប់ទេ គឺឧទ្ធម្ភាកចក្រត្រូវតែបាញ់កំទេចទាំងរថយន្ត ទាំងមនុស្ស ទាំងឈើអោយខ្ទេចតែម្តងទៅ មិនបាច់គិតពីរឿងមនុស្សធម៌ទៀតទេ។ ព្រោះអ្នកដឹកជញ្ជូនឈើអោយឈ្មួញ ឬដឹកលក់អោយឈ្មួញ គឺជាឧក្រឹដ្ឋជនហើយ។ ខ្ញុំថា កំទេចបែបនេះអស់តែបួន ដប់ឡាន ប្រាកដជាបាក់ស្បាតហើយ។ លោកដឹងទេថា ខ្មែរយើងងាយបាក់ស្បាតណាស់។ បើធ្វើល្មមៗ ពួកអ្នកល្មើសច្បាប់ នឹងផ្គើនលើសដើម។

  4. ល្អ​តើ​ដែល​តាមដាន​ពី​ព្រឹត្តិការ​ស្រុក​ទេស​ ។ មែន​ហើយ​ខ្ញុំ​ឃើញ​ថា​មាន​ដូច្នោះ​មែន​នៅ​ខេត្ត​ក្រចេះ​និង​ព្រំប្រទល់​​ខេត្ត​មណ្ឌល​គិរី​និង​ក្រចេះ តែ​នៅ​ក្រៅ​តំបន់​ព្រៃ​ការពារ​ទេ យ៉ាងណា​ក៏​វា​មិន​ត្រូវ​ដែរ…។ កាល​ខ្ញុំ​ទៅ​នៅ​ថ្ងៃ​ទី​៩-១៧ ខែ​តុលា ២០១១ ឮ​តែ​សំឡេង​ម៉ាស៊ីន​អារ​នៅ​ក្នុង​ព្រៃ​ការពារ ហើយ​ថែមទាំង​បាន​រក​ឃើញ​ឈើ​ចំនួន ៤​ដុំ​ជា​ប្រភេទ​នាងនួន ព្រមទាំង​រាយការណ៍​និង​ចាប់​បាន​ជនល្មើស​ពីរ​នាក់​ទៀត។ តាម​ស្ថានភាព​ខ្ញុំ​ឃើញ គឺ​ខាង​បរិស្ថាន​និង​រដ្ឋបាល​ព្រៃឈើ​មិន​ព្រងើយ​ទេ គេ​ល្បាត​រហូត​តែ​កម្លាំង​គ្នា​តិច ព្រោះ​ WCS បាន​បន្ថយ​កម្លាំង​ល្បាត​ដោយសារ​ខ្វះ​ថវិកា ព្រោះ​ផុត​គម្រោង ។
    នេះ​មិនមែន​បញ្ហា​អី​ធំដុំ​ទេ តែ​បញ្ហា​ធំ​នោះ​គឺ​ថា តើ​លោក​មាន​ដំណោះស្រាយ​ណា​ឲ្យ​ប្រសើរ​ដើម្បី​ទប់ស្កាត់​រាល់​បញ្ហា​ដែល​លោក​លើក​នៅ​ខាង​លើ​ដែរ​ឬ​ទេ? ប្រសិនជា​មាន សូម​ជួយ​ចែក​រំលែក​ផង​ដើម្បី​ជា​បទពិសោធន៍​សម្រាប់​យើង​ខ្ញុំ​ទាំងអស់​គ្នា ។

  5. តាស៊ីក្លូ 17/11/2011 / 8:50 am

    ឣភិរក្សស្ឣី???? រដ្ឋាភិបាលបិទភ្នែក ធ្វើគរ ធ្វើថ្លង់ចំពោះរឿងនេះ…. មើលតែដែនជំរកសត្វព្រៃកែវសីមាទៅឃើញហើយ ការពារដោយព្រះរាជក្រិតផង ប៉ុន្តែគេកាប់ឡើងវាលរាប់រយហិកតា យកដីដាំដំឡូងមី… មានប្រទេសណាខ្លះក្នុងលោក ដែលបំពានច្បាប់ដូចស្រុកខ្មែរ ហើយធ្វើដូចស្រុកខ្មែរនោះ???? រដ្ឋាភិបាលបរាជ័យរួចទៅហើយក្នុងរឿងចាត់ការ គរប់គ្រងឧក្រិដ្ឋកម្មព្រៃឈើ នឹងធនធានធម្មជាតិ ប៉ុន្តែរដ្ឋាភិបាលមិនដែលទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួនទេ….. គួរឲ្យឣស់សំណើចមែន!!!!!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s