ទទាទ្រូងលឿង


ទទាទ្រូងលឿង

Orange-Necked Partridge:

Arborophila davidi

 សត្វទទាទ្រូងលើងគឺជាសត្វសំខាន់នៃខែត្រមណ្ឌលគិរី ដោយគ្មានផ្នែកណាផ្សេងនៃប្រទេសកម្ពុជាអាចរកឃើញសត្វមួយនេះទេ ។ សត្វនេះសណ្ឋានប្រហាក់ប្រហែលគ្នានឹងមាន់ព្រៃដែរ ហើយការរកស៊ីរបស់វាក៏ដូចគ្នាដែរ ។ វារកស៊ីសត្វល្អិតនៅលើដីដូចជាស្រមោច កណ្ដៀរ ។ល។  តែវាដេកលើដើមឈើដូចមាន់ដែរ ។ សត្វនេះត្រូវបានក្រុមស្រាវជ្រាវរកឃើញនៅមណ្ឌលគិរីក្នុងស្រុកកែវសីមាកាលពីឆ្នាំ២០០២ ហើយក៏បាត់ដំណឹងសូន្យដោយសារការប្រែប្រួលលើទីជម្រកនិងការរំខានពីមនុស្ស ។ រហូតមកដល់ខែមករា ឆ្នាំ២០១២ ទើបបានក្រុមស្រាវជ្រាវនៃ មជ្ឈមណ្ឌល សំ វាសនា ដើម្បីការអភិរក្សសត្វព្រៃ កំណត់ទីតាំងសារជាថ្មីនៅក្នុងភូមិសាស្ត្រដដែលនេះ ហើយមានមនុស្សដែលមានសំណាងបានឃើញវាមិនច្រើនជាង ១០ នាក់ទេ (ក្នុងនោះគ្មានរូបខ្ញុំទេ )។ មូលហេតុដែលបណ្ដាលឲ្យខ្ញុំដាក់ប្រកាសនេះ គឺព្រោះចង់ឲ្យជនរួមជាតិយើងបានយល់ដឹងពីសម្បត្តិធម្មជាតិខ្មែរ និងរួមគ្នាការពារការកាប់បំផ្លាញព្រៃឈើ ដែលវាបង្កការប៉ះពាល់ខ្លាំងទាំងទៅលើជម្រកសត្វព្រៃ និងការកើនឡើងកម្ដៅផែនដីដែលបង្កដោយកាបោនឌីអុកស៊ីត ។ រួមគ្នាការពារសម្បត្តិធម្មជាតិយើងដោយប្រឆាំងលើការជួញដូរព្រៃឈើ និងការជួញដូរសត្វព្រៃ ។ ប្រសិនជាអ្នកមិនទិញ អ្នកកាប់និងបរបាញ់ក៏នឹងផុតរលត់ដែរ ។ សាច់ព្រៃវាមិនឆ្ងាញ់អីជាងសាច់គោ មាន់ ទាក្នុងស្រុកយើងទេ ។ តទៅនេះជាការអធិប្បាយខ្លះនៃការធ្វើអត្តសញ្ញាណកម្មសត្វប្រភេទនេះ ៖

ការអង្កេត៖ ទំហំ ២៧ស.ម ។ មានតែមួយប្រភេទ ។ សត្វពេញវ័យ៖ ដូចគ្នានឹង Bar-backed Partridge តែមានឆ្នូតដិតខ្មៅធំជាងកាត់ភ្នែក បន្តតាមចំហៀងកចុះមកកខាងមុខ (បង្កើតជាសំរងក), ផ្នែកផ្សេងទៀតនៃកមានពណ៌ទឹកក្រូចនិងសសៃខ្មៅៗចុះមកកញ្ចឹងក, ឆ្នូតចិញ្ចើមសធំក្រាស់ជាងនៅខាងក្រោយភ្នែក (ចំហៀងកខាងមុខរៀងប្រផេះ), ភាគច្រើនមានប្រផេះនៅលើទ្រូងនិងដើមពោះ ព្រមទាំងចំហៀងខ្លួនមានពណ៌ខ្មៅនិងអង្កត់ពណ៌ស ។ សត្វជំទង់៖ មិនទាន់មានកត់ត្រា ។ សំឡេង៖ សំឡេងការពារទីតាំងគឺមានជាស៊េរីពីទាបទៅខ្ពស់ឮ ព្រូៗៗ ហើយប្ដូរទៅជារន្ថើនជាប់គ្នា និងមានសូរខ្លាំង, និងប្ដូរទៅជាសូរកម្សត់ ភ្វីៗៗ រហូតដល់ ៧០ដង (មានរយៈពេលរហូតដល់ ២៣វិ.) ជួនកាលក៏មានជា វី វូ ដែរ ។ ទីជម្រក៖ ព្រៃស្រោងបៃតងជានិច្ច, ព្រៃពាក់កណ្ដាលស្រោង, ព្រៃឫស្សី, ព្រៃដុះលើកទីពីរ ។ រយៈកម្ពស់៖ ១៤០-៦០០ម. ។ របាយ៖ ដោយតំបន់ ។ រស់នៅពីមិនសូវសម្បូណ៌រហូតដល់សាមញ្ញនៅតំបន់ព្រំប្រទល់ភាគឦសាននៃប្រទេសកម្ពុជារហូតដល់ភាគឦសាននៃកូសាំងស៊ីន ។ បន្តពូជ៖ គ្មានឯកសារ ។

9 thoughts on “ទទាទ្រូងលឿង

  1. Serey V Serey 11/03/2016 / 10:12 am

    ទទាប្រភេទទ្រូងលឿងនេះក៏មាននៅខេត្តកោះកុងផងដែរ ក្នុងឧទ្យាជាតិបុទុមសាគរ

  2. កុលាបខៀវ 11/03/2012 / 4:35 am

    សូមអរគុណ សំរាប់ការបង្ហាញអំពីប្រភេទសត្វដ៍កំរបានឃើញនេះ!.
    គិតថាជាសំណាងខ្ញុំហើយ ដែលបានស្កាល់ ទោះត្រឹមរូបថតក៍បានដែរ..
    កន្លង ធ្លាប់តែឮបទចម្រៀងប៉ុណ្ណោះ!.. នឹកស្មានថា រូបរាងសត្វទទា
    គឺជាសត្វទា ដែលអ្នកនិពន្ធបទចម្រៀងបន្ថែមពាក្យ ‹‹ទ›› ពីមុខ‹‹ទា››
    ឱយបានចួនតើ!!..
    @@@@@@@@@
    @@@@@@@@@@@

  3. Lovepeehs05 09/03/2012 / 4:15 pm

    អរគុណខេមរបក្សី ល្អណាស់យើងចង់យកមកប្រៀបធៀបគ្នាមើល ស្តាយដែរកាលជំនាន់ខ្ញុំរស់នៅក្នុងព្រៃ មិនមានអ្នកធ្វើការដូចខេរបក្សី ដើម្បីស្រាវជ្រាវថតទុកដូចឥឡូវនេះ ពីព្រោះកាលពេលមុន សម្បូរសត្វណាស់ ឥឡូវគេកាប់ព្រៃវាអស់ហើយ កន្លែងខ្ញុមថាហ្នឹង អស់ដើមឈើអាលីងហើយ មើលទៅ ស្តាយមែនទែន !

    • ស្ដាយ​នោះ​វា​ស្ដាយ​ហើយ តែ​កាល​នោះ​ឲ្យ​តែ​មាន​ជីវិត​រស់​ទៅ​វា​អស្ចារ្យ​ពេក​ទៅ​ហើយ គ្មាន​នរណា​ម្នាក់​គិត​ដល់​រឿង​នេះ​ទេ ។ ខ្ញុំ​ជឿ​ថា​គ្រប់គ្នា​ជា​ទាហាន​គឺ​សុទ្ធតែ​បរបាញ់​សត្វ​ជា​ចំណី ព្រោះ​ខ្ញុំ​ខ្លួន​ឯង​ក៏​បាន​ប្រព្រឹត្ត​ដែរ ។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ដាក់ចិត្ត​មក​លើ​ការ​អភិរក្ស​ដើម្បី​កែ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាល​ពី​អតីត ។

  4. Lovepeehs05 08/03/2012 / 11:30 am

    ទទាយំឆ្លង ត្រយ៉ងអូនអើយយំឆ្លើយ តើនេះជាបទចំរៀងមែនឬ ! ខេមបក្សី ? បើជាចំរៀងមែន សូមដាក់ឱ្យស្តាប់ផង ។

    តើរូបបក្សីខាងលើ ជារូបសត្វទទាទ្រូងលឿង ទាំងអស់ឬ ? បើអញ្ចឹងមែន ខេមរបក្សី អាចមានរូបសត្វទទាធម្មតា ដាក់ឱ្យមើលផងបានទេ ?

    ចុះអាសត្វទទាអី ដែលយំថា តឹកកាតត ក្តតា ? កាលពីឆ្នាំ ២០០៥ ខ្ញុំបានធ្វើដំណើរ ទៅមើលនៅម្តុំ ទំនប់អូដូនតា ហើយឈៀងទៅមើលម្តុំ ភ្នំព្រាលក្បែរនោះ ព្យាយាម ចង់ទៅរកមើល គ្រាប់កាំភ្លើងដែលខ្ញុំបាញ់យួនមិនឆេះ ហើយកាច់ចេញពី អឹម ៧៩ នៅក្រោមដើមរាំងភ្នំ២-៣ដើម តែខ្លាចមីនមិនហ៊ានចូល ក៏សម្រេចចិត្ត ធ្វើដំណើរតាម ផ្លូវលំមួយឆ្ពោះទៅនិរតីភ្នំព្រាល គោលបំណងសំដៅទៅ ស្រុកសាលាក្រៅ ខាងជើង ប៉ៃលិន មានអីស្ងាត់ច្រៀប អត់មានមនុស្សធ្វើដំណើរទេ ឃើញមានអ្នករត់ពន់ប្រេង សាំងដឹកតាមម៉ូតូ ២-៣ នាក់ សងខាងផ្លូវមានសុទ្ធតែសញ្ញាក្បាលខ្មោច ហាមងាកចេញក្រៅផ្លុវ គឺមីនជាប់គ្នារដឹក នៅពេលនោះហើយ ឮតែសម្លេងសត្វទទា យំមិនដាច់ តឹកាតត ក្តតា ៗ ស្តាប់យូរៗទៅ ដូចជាឮថា តាទៅណា ៗ រាងព្រឺឆ្អឹងខ្នង ព្រួចៗ ម៉តូមួយជិះគ្នា ៤ នាក់ មានកូនក្មេងតូចម្នាក់ផង ធ្វើដំណើរលើផ្លូវ ដែលមិនដែលដើរសោះ មិនដឹងទៅណាពិតប្រាកដ តែក្នុងចិត្តគិតថា ឱ្យតែទៅខាង លិច មិនខុសផុតព្រំដែនខ្មែរ-ថៃទេ ធ្វើដំណើរ ប្រហែលជាជិត ២ ម៉ោង ទើបឃើញ ភ្លើងគេដុតចំការ ហើយហួសបន្តិចទៅដល់ភូមិ អ្នកស្រុកនៅក្បែរស្ទឹង ហើយនាំគ្នា បណ្តើរម៉ូតូឆ្លងស្ទឹង សួរគេទៅគេថា ជិតដល់សាលាក្រៅហើយ ។

    ធ្វើដំណើរនេះ ដូចជាប្រថុយប្រថានពេកហើយ ដោយសារតែធ្លាប់រស់នៅក្នុងព្រៃ ទើបហ៊ានដើរ យ៉ាងនេះ បើសិនជាម៉ូតូបែកកង់ឬខូច មិនដឹងហៅនរណា ឱ្យជួយទេ ប្រហែលដេក ក្នុងព្រៃនោះហើយ បើដេកមិនសូវបញ្ហាទេ បើសិនមានអង្រឹង តែមិនបានដាក់អីទៅ តាមទេ មានតែមួយខ្លួន ។

    លុះដល់ក្បែរទីស្នាក់ការ យោធពលភូមិភាគ ៥ ? ទើបដឹងច្បាស់ថា កន្លែងហ្នឹងហើយ ជាទីស្នាក់ការកងវរសេនាខ្ញុំចាស់ មុននឹងដល់ទីនោះ មានគេជិះម៉ូតូតាមពីក្រោយ គួរឱ្យព្រឺគេថាសុំឌុបបន្តរ ប្រហែលជា គេយល់ថាខ្ញុំជាអ្នកដំណើរជួលម៉ូតូគេឌុបហើយ មើលទៅ តែប្អូនខ្ញុំប្រាប់ថា អត់ទេ ពីរបីដងទើប ឈប់សួរ ។ លុះចេញពីហ្នឹងបន្តិចទៅ ដល់ភ្នំដោះក្រមុំ ហើយក៏ឆ្លងស្ពាន យ៉ាងខ្ពស់សន្លឹម កន្លែងនោះកាលពីជំនាន់ខ្ញុំនៅ គ្មានស្ពានទេ តែខែប្រាំង អាចដើរឆ្លងបាន តែទឹកហូរខ្លាំងណាស់ មេបញ្ជាការខ្ញុំជ្រុះកាំភ្លើងខ្លី នៅក្នុងទឹកស្ទឹងហ្នឹងឯង នាំគ្នាមុជរកយ៉ាងក្រហមភ្នែក ទម្រាំនឹងឃើញ មេនោះភ័យ មុខដូចខ្មោច បើបាត់កាំភ្លើងខ្លីនោះ ច្បាស់ជាពិន័យធ្ងន់ណាស់មើលទៅ តែតាបៃ ដូចជាលួងលោមគាត់ កុំឱ្យព្រួយ ឃើញឱ្យបារីកន្ទុយស្នោ ទាំងសុងៗផង ។ល។

    និយាយបែរទៅសត្វទទានេះវិញ្ ដូចជាឬប្រហែលជាខ្ញុំ ធ្លាប់បានឃើញញឹកញាប់ ណាស់ ដែលរកស៊ីដូចមាន់ព្រៃ ជាពិសេសនៅម្តុំអូដានខ្ទីង ភាគខាងកើតភ្នំបារាំង ធ្លាក់ប្រមាណជា ១៥ គីឡូម៉ែត្រសម្បូរណាស់ តែកម្រនឹងបាញ់បានពួកមាន់នោះ ណាស់ ពីព្រោះឆាប់ផ្អើលណាស់ មួយពព្រិចភ្នែកចូលក្នុងស្លឹកឈើបាត់អស់ អាធំៗហើរបាត់ភ្លាមៗដែរ ចឹងទៅឆ្វាក់បានតែស្វាខ្មៅទេ រត់មិនលឿនដូចសត្វ ស្លាប ហើយអាសត្វដូចបង្ហាញហ្នឹង ក៏កេចលឿនណាស់ដែរ តែច្រើនតែចូល អន្ទាក់គេទេ ជាពិសេសនៅម្តុំ ភូមិស្រែអន្ទាក់ខាងកើតសាលាក្រៅ បីព្រោះព្រៃដែលសម្បូរសត្វទទា តឹកកាតតក្តតា 🙂

    • វា​ជា​ចម្រៀង​មែន តែ​សុំទោស​ផង ខ្ញុំ​គ្នា​បទ​នេះ​ដាក់​ឲ្យ​ស្ដាប់​ទេ ។ សត្វទទា និង​ទទាទ្រូង​លឿង​ខុស​គ្នា ។ មាន​​អនុប្រភេទ​នៃ​សត្វទទា​នេះ​ច្រើន​ទៀត តែ​មួយ​ចំនួន​វា​មិន​នៅ​ស្រុក​ខ្មែរ​ទេ ។ ចាំ​លើក​ក្រោយ​ខ្ញុំ​នឹង​ដាក់​រូប​សត្វ​ទទា​ដែល​យំ តុកកាតត ក្ដតា ហ្នឹង​ឲ្យ​មើល ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s