យោងតាមអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងថា៖ «ព្រៃការពារនឹងក្លាយជាតំបន់អភិរក្សជីវចម្រុះដំបូងគេបង្អស់នៅកម្ពុជា ដែលបានរៀបចំទាញយកគុណប្រយោជន៍ពីទីផ្សារសកលសម្រាប់ឥណទានការបោន ។ តំបន់ព្រៃការពារសីមា អតីតដីសម្បទានព្រៃឈើនៃខែត្រមណ្ឌលគិរី គ្របដណ្ដប់លើផ្ទៃដី ៣,០០០ គីឡូម៉ែត្រក្រឡា ដែលត្រូវបានពិនិត្យសម្រេចដោយក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ។
WCS ឥឡូវនេះកំពុងប៉ាន់ប្រមាណមើលសារធាតុការបោនមាននៅក្នុងព្រៃ ។ ឥណទានការបោននៅពេលនោះនឹងអណ្ដែតនៅលើទីផ្សារអន្តរជាតិក្រោមប្រធានបទកាត់បន្ថយការសាយភាយពីការកាប់បំផ្លាញព្រៃឈើ និងប្រព័ន្ធប្រឆាំងការកើនឡើងកម្ដៅ ហៅកាត់ថា (REDD) បង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៧ ដែលជាចំណែកនៃពិធីការក្យូតុ (Kyoto Protocol) ស្ដីពីការសាយភាយឧស្ម័នផ្ទះកញ្ចក់ ។
លោក ថម អ៊ីវ៉ែន នាយកកម្មវិធីនៃអង្គការ WCS នៃកម្ពុជាបានពន្យល់ថា នៅពេលណាមួយដែលចំនួនដើមឈើជាច្រើននឹងត្រូវបានសង្គ្រោះពីស្ថានភាពការពារព្រៃត្រូវបានគេធ្វើស្ថិតិ នៅពេលនោះ សារធាតុការបោនដែលគិតជាតោនអាចត្រូវបានគេលក់ផ្អែកលើអ្វីដែលហៅថា “ទីផ្សារស្ម័គ្រចិត្ត”។ លោក អ៊ីវ៉ែន បានបន្តថា អ្នកទិញភាគច្រើនគឺជា “ក្រុមហ៊ុនធំៗដែលមានចំណាប់អារម្មណ៍លើការទទួលខុសត្រូវបែបសាជីវកម្ម” ប៉ុន្តែគម្រោងស្រដៀងគ្នានៅក្នុងម៉ាដាកាស្ការបានមើលឃើញថាក្រុមហ៊ុនត្បូងពេជ្រដូចជា ភើលចែម (Pearl Jam) ក៏កំពុងទិញឥណទានការបោនផងដែរ ។ លោកបានបន្តពន្យល់ទៀតថា ឥណទានការបោននឹងជាកម្មសិទ្ធិរបស់កម្ពុជា មិនមែនរបស់អង្គការក្រៅរដ្ឋាភិបាលទេ ហើយរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចថា គម្រោងសាកល្បងនេះត្រូវប្រាកដថាជាផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ។ មនុស្សមួយចំនួនដែលទទួលបានផលប្រយោជន៍ច្រើនជាងគេពីចំណូលនេះគឺជាសមាជិកនៃជនជាតិដើមភាគតិច «ព្នង» ដែលរស់នៅក្នុងព្រៃនេះ ។ ពួកគេបានចុះឈ្មោះកាន់កាប់អចលនទ្រព្យស្របច្បាប់នៅក្នុងភូមិជាច្រើន ហើយយើងរំពឹងថា ពួកគេនឹងទទួលបានអត្ថប្រយោជន៍នេះពីសារធាតុការបោន ។ ពួកគេនៅចំកណ្ដាលនៃវិធីរៀបចំចាត់ចែងតំបន់នេះ ។
ប្រតិលាភឥណទានការបោនក៏នឹងជួយអាជ្ញាធរការពារសត្វព្រៃជាច្រើនប្រភេទដែលរកឃើញក្នុងព្រៃ ។ តំបន់ព្រៃនេះមានមំសាសីសត្វចំនួន ២៣ប្រភេទ រួមទាំងប្រភេទអម្បូរឆ្មា ៧ប្រភេទ, ខ្លាឃ្មុំ ២ប្រភេទ, និងឆ្កែព្រៃ ២ប្រភេទ ។ អង្គការ WCS បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ អ្នកស្រាវជ្រាវដែលធ្វើការនៅទីនោះ បានរកឃើញ ប្រចៀវ ១ប្រភេទ និងកង្កែប ២ប្រភេទ ដែលសុទ្ធសឹងតែជាប្រភេទថ្មីសម្រាប់អ្នកវិទ្យាសាស្ត្រកាលពីពេលថ្មីៗនេះ ។
លោក ថម បានឲ្យដឹងទៀតថា «ដូចគ្នានឹងទំនិញដទៃទៀតដែរ តម្លៃនៃឥណទានការបោន បានប្រែប្រួលគួរឲ្យកត់សម្គាល់ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែបច្ចុប្បន្នអត្រាតម្លៃ ៥$ ក្នុង ១តោននៃការសាយភាយឧស្ម័នឌីអុកស៊ីតគឺមិនអាចទទួលយកបាន ហើយគួរចៀសវាងផងដែរ ដែលតម្លៃលក់ក្នុងបរិមាណទាបគួរកំណត់រវាង ១០$ និង ២០$ ក្នុងមួយតោន» ។
អ្នកតាក់តែងច្បាប់មកជុំវិញពិភពលោកបានជួបជុំគ្នាកាលពីខែធ្នូ នៅ Copenhagen ដើម្បីពិភាក្សាកំណត់យកទីផ្សារដែលព្រមព្រៀងគ្នាមួយជំនួសឲ្យទីផ្សារបណ្ដោះអាសន្នបច្ចុប្បន្ន ដើម្បីឲ្យកម្ពុជាអាចលក់ឥណទានពីតំបន់ព្រៃការពារ សីមា និងគម្រោងប្រហាក់ប្រហែលគ្នាដទៃទៀតក្នុងតម្លៃខ្ពស់ជាងបច្ចុប្បន្ន ។
បរិស្ថាន (Environment)
ព្រៃការពារនៅខែត្រមណ្ឌលគិរីនិងក្រចេះ
សមាគមអភិរក្សសត្វព្រៃដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានឲ្យយោបល់ទៅរាជរដ្ឋាភិបាលកម្ពុជាឲ្យបង្កើតដែនព្រៃការពារសីមា ក្នុងផ្ទៃដីធំជាង ១,៧៧០ គីឡូម៉ែត្រក្រឡានៅក្នុងខែត្រមណ្ឌលគិរីនិងក្រចេះ ។ អ្នកសម្របសម្រួលនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា (WCS) លោក ម៉ាក ហ្កេតលី បាននិយាយថា៖ «ការបង្កើតតំបន់ព្រៃការពារ សីមា មិនត្រឹមតែការពារឲ្យមានចំនួនសត្វកើនឡើងច្រើននោះទេ ប៉ុន្តែនឹងជួយកាត់បន្ថយផលប៉ះពាល់មួយចំនួនទាក់ទងនឹងការកើនឡើងកម្ដៅរបស់ពិភពលោក ។ ការស្ទាបស្ទង់ដំបូងបានបង្ហាញថា ព្រៃនេះអាចទប់ស្កាត់ការសាយភាយជាតិការបោនឌីអុកស៊ីតរហូតដល់ ៣០០,០០០តោន ទៅលំហអាកាសដែលបង្កដោយការកាប់បំផ្លាញព្រៃឈើក្នុងមួយឆ្នាំ ក៏ប៉ុន្តែវានៅតែជាការពិបាកក្នុងការដាក់នូវចំនួនជាក់លាក់មួយនៅក្នុងដំណាក់កាលនេះ ។ លោកបានបន្តទៀតថា “ជំហានដំបូងគេគឺត្រូវការពារ ។ កំណើនសេដ្ឋកិច្ចកំពុងរីកចម្រើនហើយដែលចំណុចនេះវាល្អសម្រាប់ប្រទេសជាតិ ប៉ុន្តែវាបានដាក់គំនាបសង្កត់ទៅលើបរិស្ថានទៅវិញ”» ។ លោក ហ្កេតលី ក៏បានបញ្ជាក់ផងដែរថា អង្គការ WCS ក៏កំពុងការពារប្រជាជនដែលបានរស់នៅក្នុងតំបន់ព្រៃការពារមុនពេលការអភិរក្សការពារចាប់ផ្ដើមផងដែរ ។ អង្គការក៏បានគ្រោងបណ្ដុះបណ្ដាលអប់រំប្រជាជនមូលដ្ឋានអំពីសិទ្ធិកាន់កាប់ដីធ្លី ការគ្រប់គ្រងព្រៃឈើ និងជួយប្រជាជនចុះបញ្ជីដីធ្លីដើម្បីបង្ការបញ្ហាទៅថ្ងៃក្រោយ ។ ទំនាក់ទំនងរបស់ WCS ជាមួយនឹងសីមា ដែលមានសត្វអម្បូរឆ្មាច្រើនប្រភេទ, ខ្លាឃ្មុំ, ឆ្កែព្រៃ និងកង្កែប គឺជាផ្នែកមួយនៃ “ការអភិរក្សការសាយភាយជាតិការបោន” របស់ក្រុមដែលចាប់ផ្ដើមជួយការពារដីឲ្យប្រជាជននៅក្នុងតំបន់ជីវចម្រុះច្រើនយ៉ាងដែលឋិតក្នុងនិយាមកាជាសកលស្ដីពីការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ។ WCS បានដំណើរការកម្មវិធីស្រដៀងគ្នាស្ដីពីការកាត់បន្ថយការសាយភាយជាតិការបោននៅ Bolivia, Guatemala, និង Tanzania ។
បុគ្គលដែលមានមនសិកាខ្ពស់
កាលពីថ្ងៃទី១១-១៤ ខែសីហា ឆ្នាំ២០១១ កន្លងទៅ ខ្ញុំបានដឹកនាំក្រុមការងារចុះស្រាវជ្រាវនិងធ្វើកម្មសិក្សានៅក្នុងព្រៃការពារនៃព្រះសង្ឃក្នុងខេត្តឧត្ដរមានជ័យ លើសត្វព្រៃនៃស្រុកខ្មែរ ។ ព្រៃនេះចាប់ផ្ដើមការពារនៅឆ្នាំ២០០២ ដោយគំនិតផ្ដួចផ្ដើមរបស់ព្រះសង្ឃមួយអង្គគង់នៅវត្តសំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលកាលនោះមានទំហំ ២៦.២៦១ហិកតារ ប៉ុន្តែនៅឆ្នាំ២០០៧ ព្រះអង្គបានផ្ទេរដីព្រៃនេះទៅឲ្យសហគមន៍ព្រៃឈើកាន់កាប់ដោយផ្ទាល់បន្ទាប់ពីសហគមន៍ទាំងមូលចេះប្រើប្រាស់ព្រៃឈើដោយនិរន្តរភាពហើយ ។ បច្ចុប្បន្នព្រះអង្គនិងសង្ឃក្នុងវត្តទាំងមូលដែលមានចំនួនប្រមាណជា២០០អង្គ បានធ្វើការយ៉ាងសកម្មក្នុងការការពារផ្ទៃព្រៃឈើដែលនៅសល់ពីផ្ទេរជូនសហគមន៍ចំនួន ១៨.២៦១ហិកតារ មានគណៈកម្មការព្រៃឈើក្នុងសហគមន៍ដែលទទួលអនុផលពីព្រៃឈើផ្ទាល់ក្នុងការចុះល្បាត បង្ក្រាបបទល្មើសផ្សេងៗដោយគ្មានអាជ្ញាធរមកលូកដៃឡើយ ។ ពេលសួរថាហេតុអ្វីបានជាព្រះអង្គមានគំនិតការពារបែបនេះ? ព្រះអង្គតបវិញថា៖ ដោយសារព្រះអង្គនិមន្តទៅលេងស្រុកសៀម បានឃើញគេថែរក្សាព្រៃឈើគេ គេយកយន្តហោះជិះបាចគ្រាប់រុក្ខជាតិឲ្យដុះរួចគេស្រោចទឹកនិងថែទាំយ៉ាងល្អ ទើបព្រះអង្គឆ្វេងយល់ថា «ចុះស្រុកខ្មែរសម្បូណ៌ព្រៃឈើណាស់ មិនចាំបាច់ធ្វើដូចគេទេ ឲ្យតែនាំគ្នាថែទាំទុកពីពេលនេះទៅវាបានទៅហើយ! មិនចាំបាច់ចំណាយលុយច្រើនដើរបាចគ្រាប់ ស្រោចទឹក និងត្រួសត្រាយថែទាំអីខ្លាំងក្លានោះទេ» គិតរួចព្រះអង្គក៏បានសួរទៅសិស្សព្រះអង្គ ដែលជាអតីតខ្មែរក្រហមបានបំបួសក្នុងវត្តព្រះអង្គថា៖ «តើមានព្រៃឯណាក្នុងខេត្តយើងអាចការពារបានហ្ន៎?» សង្ឃអង្គនោះក៏សួរថាបញ្ជាក់ពីទឹកចិត្តការពារអភិរក្សរបស់ព្រះអង្គបន្ថែម រួចក៏នាំព្រះអង្គទៅសឹងក្នុងព្រៃក្រាសដែលមានសម្រែកសត្វយំកងរំពងពេលរាត្រីនិងពេលដែលឈានចូលដល់ទីនោះ ។ ពេលបានឮនិងឃើញទិដ្ឋភាពបែបនោះ វាបានញ៉ាំងឲ្យព្រះអង្គកាន់តែស្រឡាញ់ព្រៃក្នុងស្រុកយើងនិងធម្មជាតិនោះកាន់តែលើសលុប ។ ព្រះអង្គចំណាយពេលជិតពីរឆ្នាំទម្រាំសុំដីទាំងនោះពីអាជ្ញារខេត្តនិងរដ្ឋយកមកគ្រប់គ្រង ។ ព្រះអង្គត្រូវបានសហគមន៍ព្រៃឈើអន្តរជាតិប្រគល់វិញ្ញាបនបត្រសសើរពីគំនិតអភិរក្សរបស់ព្រះអង្គនិងសហគមន៍ពាក់ព័ន្ធ ព្រមទាំងទទួលបានគម្រោងលក់កាបោនដោយទទួលបានឥណទានទ្រទ្រង់ព្រៃឈើនេះថែមទៀត ។ យើងគួរចាប់ផ្ដើមពីពេលនេះទៅទាំងអស់គ្នាដើម្បីកុំឲ្យមានពាក្យថា «យឺតពេល» ទៅថ្ងៃក្រោយ ។

រដ្ឋាភិបាលកម្ពុជាត្រៀមទប់ទល់ការប្រែប្រួលធម្មជាតិ
ដោយ សេក បណ្ឌិត
2011-05-25
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ផែនការជាតិត្រៀមបម្រុងលើកទីមួយ ដើម្បីទប់ទល់គ្រោះមហន្តរាយ ដែលគេធ្វើការសិក្សាតាំងពីឆ្នាំ ២០១០ មក នឹងបញ្ចប់នៅពេលដ៏ឆាប់ខាងមុខនេះ។

ព្យុះកេតសាណា បានជនលិចផលដំណាំ និងធ្វើឱ្យមនុស្សរាប់ពាន់គ្រួសារត្រូវជម្លៀស នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅចុងឆ្នាំ ២០០៩។ ទូក គឺជាមធ្យោបាយធ្វើដំណើរចម្បងសម្រាប់អ្នកស្រុកធ្វើដំណើរទៅកាន់ តំបន់ ដែលលិចលង់។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក រស់ សុវណ្ណរេត មានប្រសាសន៍បញ្ជាក់ថា ផែនការនេះ ជាគម្រោងធំមួយ និងជាលើកដំបូងសម្រាប់ថ្នាក់ជាតិទាក់ទងនឹងគ្រោះមហន្តរាយ ហើយគេនឹងដាក់ឲ្យអនុវត្ត នៅឆ្នាំ ២០១១ និងឆ្នាំ ២០១២ ។
លោក រស់ សុវណ្ណរេត ៖ « បើសិនជាឆ្នាំ ២០១១ នេះ មានទឹកជំនន់រាំងស្ងួត យើងអាចធ្វើតេស្តសាកល្បងផែនការយើងបាន។ ឥឡូវផែនការថ្នាក់ជាតិនេះយើងឈានទៅដល៧០%ហើយ ឥឡូវនេះយើងកំពុងដំណើរការប្រមូលទិន្នន័យស្នូលពីថ្នាក់ខេត្ត និងក្រសួង ដើម្បីយកមកច្របាច់បញ្ចូល ដើម្បីធ្វើផែនការចង់និយាយថា បើមានហេតុការណ៍អីភ្លាមយើងអត់ត្រូវអង្គុយគិតថា ត្រូវធ្វើអីខ្លះទេ ព្រោះយើងមានមូលដ្ឋានហើយស្រេច គ្រាន់តែបើកសៀវភៅនោះឡើងមក យើងអនុវត្តតែម្ដងបាទ»។
លោកបន្តថា គម្រោងនេះ នឹងបង្ហាញជូនយ៉ាងពិស្ដារនូវផែនទីភូមិសាស្ត្រ និងធនធាន ដែលមានស្រាប់នៅក្នុងតំបន់ណាមួយ អំពីយន្តការគ្រប់គ្រងគ្រោះមហន្តរាយ វិស័យទាក់ទងព័ត៌មានតាមរយៈខ្សែបណ្ដោយ ខ្សែទទឹង ដើម្បីឲ្យដឹងទូលំទូលាយនូវមុខសញ្ញានៃគ្រោះថ្នាក់ កាត់បន្ថយគ្រោះថ្នាក់ និងត្រូវមានវិធានការចាំបាច់ក្នុងការជួយសង្គ្រោះបន្ទាន់។
លោក រស់ សុវណ្ណរេត ៖ «នៅក្នុងប្រតិបត្តិការឆ្លើយតបគ្រោះទឹក ជំនន់ បើសិនជាមានគ្រោះទឹកជំនន់ តើយើងត្រូវការស្អីខ្លះ? យើងត្រូវការខាងផ្នែកខាងសុខភាពសាធារណៈ នៅក្នុងនោះមានតាំងពីការព្យាបាល ការសង្គ្រោះ ការផ្សព្វផ្សាយអប់រំ។ យើងត្រូវការផ្នែកស្បៀង មានស្បៀងសង្គ្រោះបន្ទាន់ មានសន្តិសុខស្បៀង។ យើងត្រូវការខាងជម្រក បើសិនជាបងប្អូនត្រូវការជម្លៀសពីតំបន់ទទួលរងគ្រោះ ទៅតំបន់ទីទួលមានសុវត្ថិភាព យើងត្រូវការសន្តិសុខសណ្ដាប់ធ្នាប់។ល។ ទាំងអស់នឹងយើងបានយកវាមកចងក្រងជាប្រព័ន្ធ ហើយដាក់ចូលក្នុងផែនការគោលរបស់យើងតែម្ដង»។
កន្លងមកលោកទទួលស្គាល់ថា ការត្រៀមបម្រុងនៅមានការខ្វះខាតច្រើន ទាំងថវិកា និងបច្ចេកទេសផ្សេងៗ នៅក្នុងការជួយសង្គ្រោះ ពេលមានគ្រោះអាសន្នម្ដងៗ។
លោក រស់ សុវណ្ណរេត បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដែរ ដូចជា ក្រសួងធនធានទឹក បរិស្ថាន កសិកម្ម ក្នុងការធ្វើផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ជាច្រើនទៀត ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះមហន្តរាយនេះ មានជាអាទិ៍ គឺគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាគម្រោងដ៏ធំមួយ ក្នុងឆ្នាំ ២០១១ នេះ ទាក់ទងនឹងការគ្រប់គ្រងការប្រែប្រួលធនធានទឹកទន្លេមេគង្គ។
លោក រស់ សុវណ្ណរេត ៖ «ក្នុងនោះខ្ញុំបានពិនិត្យមើលគម្រោងធំនោះ ឃើញថាវាជាគម្រោងធំមានលក្ខណៈល្អ ដោយសារ ក្រសួងធនធានទឹកគាត់បានត្រៀមលក្ខណៈជាច្រើន ត្រូវការកសាងហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធជាច្រើនទាក់ទងនឹងការ គ្រប់គ្រងទឹក ដើម្បីបង្ការគ្រោះទឹកជំនន់ផង ក៏ដូចជាការពារគ្រោះរាំងស្ងួត ដែលកើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុនេះឯង»។
ទោះយ៉ាងនេះក្ដី លោកមិនទាន់បានបង្ហាញពីចំនួនថវិកា ដើម្បីអនុវត្តគម្រោងនីមួយៗ នៅឡើយទេថានឹងត្រូវការចំណាយអស់ទឹកប្រាក់ចំនួនប៉ុន្មាន ពីព្រោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពុំមានខ្ទង់ថវិកាខ្លួនឯង ផ្ទាល់ក្នុងការអនុវត្តគម្រោងនោះឡើយ គឺថវិកាដែលត្រូវចំណាយលើការអនុវត្តគម្រោង អាស្រ័យលើការឧបត្ថម្ភរបស់អង្គការមិនរដ្ឋាភិបាល អង្គការអន្តរជាតិ និង ក្រសួងជំនាញដែលមានការពាក់ព័ន្ធ។
ស្របពេលនេះដែរ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនេះដែរ ក្រសួងបរិស្ថាន ក៏មានគម្រោងផែនការរបស់ខ្លួនដែរ ដោយមានការឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍ប្រទេសកម្ពុជា។
នៅក្នុងសន្និសីទកាសែតស្ដីពីឥរិយាបថនៃការយល់ដឹងពីការ ប្រែប្រួលអាកាសធាតុនៅកម្ពុជា កាលពីដើមខែឧសភា ឆ្នាំ ២០១១ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត មានប្រសាសន៍ឲ្យដឹងថា ធនាគារពិភពលោក បានជួយឧបត្ថម្ភទឹកប្រាក់ប្រមាណ ៥០ លានដុល្លារអាមេរិក ចូលរួមសកម្មភាព ទប់ទល់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដូចជា ការកសាងធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ជួយទ្រទ្រង់លើវិស័យកសិកម្ម ដើម្បីឲ្យមានភាពសាំនឹងការប្រែប្រួលអាកាសធាតុ។
លោក ម៉ុក ម៉ារ៉េត ៖ «យើងកំពុងធ្វើគ្រប់កន្លែង ដាក់តាក់ទិចយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍធនធានទឹក ត្រូវធ្វើម៉េចឲ្យបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវទៅព្រមជាមួយគ្នា។ នៅក្នុងហ្នឹង យើងត្រូវធ្វើគ្រប់យ៉ាង តាំងពីប្រព័ន្ធធារាសាស្ត្រ ធ្វើទំនប់ទប់ទឹក ទប់អី ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ យើងគិតគូពីបញ្ហារកពូជស្រូវណា ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។
ទោះជាយ៉ាងនេះក្ដី លោកបញ្ជាក់ថា គម្រោងនេះ ត្រូវការថវិកាច្រើនទៀត ដើម្បីអនុវត្តការងារនេះ និងត្រូវការចូលរួមពីប្រជាពលរដ្ឋ និងអ្នកជំនាញ និងមានបទពិសោធន៍លើបញ្ហានេះពីគ្រប់មជ្ឈដ្ឋាន។
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក អេនឆា ស្រ៊ីនីវាសាន (Ancha Srinivasan) បានឲ្យដឹងកាលពីខែមីនា ឆ្នាំ ២០១១ ថា ធនាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់បានឧបត្ថម្ភដល់ប្រទេសកម្ពុជានូវទឹកប្រាក់ចំនួន ១៥ លានដុល្លាររួចមកហើយដែរ សម្រាប់អភិវឌ្ឍគម្រោងទប់ស្កាត់បម្រែបម្រួលអាកាសធាតុនាពេលកន្លង មក។
មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ីរូបនេះបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលប៉ះពាល់ខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ។
ប្រទេសកម្ពុជាបានចាប់ផ្ដើមអនុវត្តគម្រោងរៀបចំយុទ្ធសាស្ត្រ កម្មវិធីសាកល្បងសម្រាប់ភាពធន់នឹងអាកាសធាតុ ដែលកម្មវិធីនេះ គេសំដៅបញ្ជ្រាបនូវបញ្ហាបម្រែបម្រួលអាកាសធាតុចូលទៅក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិ ដែលមានការជួយឧបត្ថម្ភគាំទ្រពីម្ចាស់ជំនួយធំៗ មួយចំនួន។
ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាផលប៉ះពាល់មួយដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ដោយបង្កឲ្យមានទឹកជំនន់ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រជាដើម។ សេដ្ឋកិច្ចកម្ពុជាបានអាស្រ័យទៅលើអាកាសធាតុជាចម្បង ពិសេសវិស័យកសិកម្ម និងធនធានទឹកផងដែរ៕
កិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង
ដោយ អ៊ុក សាវបូរី
2011-05-25
មន្ត្រីកម្មវិធីស្បៀងអាហារសហភាពអឺរ៉ុប ( FAO EUROPEAN UNION FOOD FACILITY PROJECT) និងមន្ត្រីរដ្ឋាភិបាល ផ្នែកកសិកម្ម និងបរិស្ថាន បានជួបពិភាក្សាគ្នាអំពីផលវិបាកនានា ដែលបណ្ដាលមកពីគ្រោះធម្មជាតិ ដែលបានកើតឡើងកាលពីពេលថ្មីៗ នេះ។

ដីស្រែស្ងួតហួតហែងនៅរដូវប្រាំង នៅភូមិក្បាលរមាស ខេត្តរតនគិរី។
នៅថ្ងៃពុធ ទី ២៥ ខែឧសភា ក្រុមមន្ត្រីរដ្ឋាភិបាល និងមន្ត្រីអង្គការសហប្រជាជាតិ ជាង ៩០ នាក់ បានជួបពិភាក្សាគ្នាអំពីការប្រែប្រួលអាកាសធាតុ នៅពេលបច្ចុប្បន្ន និងស្ដីអំពីវិធានការនានា ដើម្បីការពារផលដំណាំ និងសត្វចិញ្ចឹម នៅពេលមានគ្រោះធម្មជាតិកើតឡើង និងវិធីបញ្ចៀស ព្រមទាំងការប្រកាសគ្រោះអាសន្ន មុនពេលកើតមានគ្រោះធម្មជាតិទាំងនោះ ដើម្បីឲ្យកសិករមានការប្រុងប្រយ័ត្ន និងចូលរួមការពារ។
អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក អ៊ិត ណូឌី មានប្រសាសន៍នៅថ្ងៃពុធ ទី ២៥ ខែឧសភាថា ប្រទេសជប៉ុន និងប្រទេសអាមេរិក ក្នុងឆ្នាំ ២០១១ រងនូវគ្រោះធម្មជាតិរលកយក្សស៊ូណាមិ ជំនន់ ខ្យល់ព្យុះ ដោយសារការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រែប្រួលអាកាសធាតុនេះ បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បញ្ហាសន្តិសុខស្បៀង។
នៅកម្ពុជា ការកាប់បំផ្លាញព្រៃឈើជាង ៣ លានហិកតារ ការដុតកាកសំណល់ដំណាំ និងដុតព្រៃដំណាំកសិកម្ម និងការដាំដុះស្រូវប្រដេញទឹកជាប្រចាំ ក៏រួមចំណែកបង្កើនឧស្ម័នផ្ទះកញ្ចក់ភាយទៅលើបរិយាកាស ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដែរ។ ក្រសួងកសិកម្ម បានចុះពន្យល់ប្រជាកសិករ ឲ្យកែប្រែទម្លាប់ទាំងនោះ និងដាំកូនឈើ ដើម្បីការពារព្រៃឲ្យបាន ៦០% វិញ។
សំឡេង ៖ «អ្វីដែលយើងចង់បាន គឺធ្វើយ៉ាងណាឲ្យកសិករយើង ចេះបច្ចេកទេសដាំដុះ ម្ចាស់ការច្នៃប្រឌិត។ ២ ឆ្នាំហើយ យើងធ្វើសន្និបាតកសិករ ដើម្បីស្វែងរកនូវកសិករឆ្នើមៗ លើការងារឆ្នៃប្រឌិតគ្រប់វិស័យ»។
តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា (FAO) លោក អែជេ មិខិនដេ (Ajay Markanday) ថ្លែងថាការប្រែប្រួលអាកាសធាតុ បានក្លាយទៅជាការគំរាមកំហែងដ៏ធំមួយ ចំពោះការសម្រេចទៅលើលទ្ធផលនៃការខិតខំប្រឹងប្រែងឲ្យមានសន្តិសុខ ស្បៀង។
រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ហានិភ័យនេះ ទើបអង្គការ FAO ផ្ដល់ឲ្យរដ្ឋាភិបាលកម្ពុជានូវសមត្ថភាពបច្ចេកទេសកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនេះ គឺធ្វើយ៉ាងណា គ្របដណ្ដប់ឲ្យបានទៅលើជីវៈចម្រុះ និង ការកសាងសមត្ថភាព ដោយផ្ទេរបច្ចេកវិទ្យា ដើម្បីការស្ដារព្រៃស្រោងឡើងវិញ។
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CARDI លោក អ៊ុក មករា មានប្រសាសន៍ថា កម្ពុជាត្រៀមពូជស្រូវប្រើទឹកតិច សម្រាប់ការពារគ្រោះរាំងស្ងួត និងស្រូវដែលធន់នឹងទឹកជំនន់។ ពូជស្រូវដាំសម្រាប់រាំងស្ងួត គឺ ខារ ៣ (CAR3) និងខារ ៤ (CAR4)។
ឯពូជស្រូវដែលធន់នឹងទឹកជំនន់ លោក អ៊ុក មករា ថ្លែងថា មានដូចជាពូជស្រូវ ៖ «ពូជ ផ្ការំដួល ពូជខារ ៩ ពូជផ្ការំដេង ពូជផ្ការមៀតជាដើមនេះ ដែលខ្ញុំមានបង្ហាញនេះ គឺវាធន់នឹងទឹកជំនន់។ ប៉ុន្តែ ទន្ទឹមនឹងយើងមិនទាន់ពេញចិត្តទេ យើងកំពុងធ្វើការសិក្សាស្រាវជ្រាវបន្តថែមទៀត ដើម្បីពង្រឹងពូជអស់ហ្នឹង ឲ្យវាកាន់តែធន់ទ្រាំទៅនឹងទឹកជំនន់ ឬរាំងស្ងួតថែមទៀត»។
មន្ត្រីអង្គការ យូ.អិន.ឌី.ភី (UNDP) លោក ឃីម ឡាយ បានឲ្យដឹងថា ថវិកាចំនួន ២០ លានដុល្លារអាមេរិកសម្រាប់ផែនការ ៥ ឆ្នាំ គឺឆ្នាំ ២០១១ ឆ្នាំ ២០១៥ អង្គការនេះកំពុងធ្វើការងារគាំទ្រ ដើម្បីកសាងនូវភាពធន់ និងការប្រែប្រួលអាកាសធាតុ ក្នុងប្រទេសកម្ពុជា ដោយធ្វើការអប់រំសហគមន៍តាមរយៈសិក្ខាសាលា និងកិច្ចប្រជុំជាដើម៕
សហគមន៍ព្រៃឡង់សុំឲ្យរដ្ឋាភិបាលជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃ
ដោយ ទីន ហ្សាការីយ៉ា
2011-05-26
ប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងខែត្រចំនួន ៤ បាននាំគ្នាឡើងមកទីក្រុងភ្នំពេញ នៅថ្ងៃទី២៥ ឧសភា ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាការកាប់បំផ្លាញព្រៃ ឈើ។

ប្រជាសហគមន៍ការពារព្រៃឡង់ មកពីខែត្រចំនួន ៤ តវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាការកាប់បំផ្លាញព្រៃឡង់ នាសួនសេរីភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១។
ការកាប់បំផ្លាញព្រៃឡង់ពីសំណាក់ក្រុមហ៊ុនមួយចំនួនដែលទទួលបាន អាជ្ញាប័ណ្ណពីរដ្ឋាភិបាលនៅក្នុងខែត្រចំនួន ៤ បានធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅតំបន់ព្រៃឡង់ បានសម្ដែងក្ដីកង្វល់អំពីការប្រែប្រួលអាកាសធាតុ បញ្ហាជីវភាពប្រចាំថ្ងៃដែលពឹងអាស្រ័យលើអនុផលព្រៃឡង់។
ការលើកឡើងរបស់ជនជាតិដើមភាគតិចនេះ ដោយសារតែព្រៃឡង់មានតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច សហគមន៍មូលដ្ឋាន ជាប្រភពទឹកហូរចូលបឹងទន្លេសាប រក្សាលំនឹងខាងបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងប្រទេស តំបន់ និងពិភពលោកដោយមានប្រសិទ្ធភាព។
សំឡេងច្រៀង ៖ «ឥឡូវរាស្ត្រខ្មែរអ្នកស្រែចម្ការ ចិញ្ចឹមអាត្មាដោយសារធម្មជាតិ ជានិច្ចរួមរស់មិនឲ្យឃ្លៀងឃ្លាត ពឹងលើធម្មជាតិ…»។
ប្រជាសហគមន៍ការពារព្រៃឡង់មកពី ៤ខែត្រនោះ រួមមានខែត្រក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខែត្រព្រះវិហារ ជិត ២០០នាក់ បានមកដង្ហែក្បួន ព្រមទាំងកាន់បដាសរសេរសុំឲ្យប្រមុខរដ្ឋាភិបាលជួយទប់ស្កាត់ ក្រុមហ៊ុនកុំឲ្យឈូសឆាយដី និងកាប់ព្រៃឡង់តទៅទៀត។
ស្ត្រីជនជាតិកួយ ឈ្មោះ តី សូ បានរៀបរាប់អំពីផលប៉ះពាល់ដូច្នេះ ៖ «មុខ របរយើងខ្ញុំដូចជាចៀរជ័រ វល្លិ រកអនុផល អត់បានពិបាក។ ផលអនុផលមានដូចជាជ័រទឹក ជ័រចុង មានវល្លិគ្រប់មុខ មានផ្ដៅ មានផ្លែឈើ មើមឈើ ឱសថបុរាណ មានឈើលំនៅឋាន»។

ឯកសារសិក្សាអំពីព្រៃឡង់បានសរសេរថា ព្រៃឡង់ជាព្រៃឈើធំជាងគេបង្អស់ ជាព្រៃស្រោង ហើយមានស្លឹកគ្រប់រដូវកាលដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា និងឧបទ្វីបឥណ្ឌូចិន។ ព្រៃឡង់មានផ្ទៃដីទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា គ្របដណ្ដប់ព្រៃស្រោង និងតំបន់ស្នូលមានទំហំប្រមាណ ៨ម៉ឺនទៅ១សែនហិកតារ។ ព្រៃនេះរួមមានប្រព័ន្ធបរិស្ថានចំនួន ៧ ដោយឡែកពីគ្នា ព្រៃវាល ល្បាប់ ភក់ ដែលចាស់ជាងគេ ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងព្រៃរបោះជាដើម។
សហគមន៍ការពារព្រៃឡង់ដែលមកពីចំនួន ៤ខែត្រនេះ ក៏បានដាក់ញត្តិទៅស្ថាប័នដែលពាក់ព័ន្ធមួយចំនួន ដើម្បីសុំឲ្យបញ្ឈប់កាប់ព្រៃឡង់តទៅទៀត ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងថាមពល មន្ទីររដ្ឋសភាជាតិ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងញត្តិនោះ ពួកគេបានទាមទារចំនួន ៦ចំណុចសំខាន់ៗ មានដូចជាសុំបញ្ឈប់ការផ្ដល់ដីសម្បទាននានាក្នុងតំបន់ព្រៃឡង់ លុបអាជ្ញាប័ណ្ណគ្រប់វិស័យដែលបានផ្ដល់ឲ្យក្រុមហ៊ុនក្នុងតំបន់ព្រៃ ឡង់ លុបបំបាត់សកម្មភាពកាប់បំផ្លាញព្រៃឈើអនាធិបតេយ្យក្នុងព្រៃឡង់ ទុកដីដែលបានឈូសឆាយឲ្យដុះឡើងវិញជាលក្ខណៈធម្មជាតិ សុំឲ្យរដ្ឋាភិបាលគាំទ្រ និងទទួលស្គាល់បណ្ដាញសហគមន៍ព្រៃឡង់ និងសុំឲ្យមានកិច្ចសហការរវាងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាមួយបណ្ដាញព្រៃឡង់ក្នុងកិច្ចការពារ និងថែរក្សាព្រៃឡង់ទាំងមូលឲ្យស្ថិតស្ថេរគង់វង្ស។
ឯកសារដែលទទួលបានពីសហគមន៍ការពារព្រៃឡង់បានបង្ហាញថា នៅក្នុងខែត្រកំពង់ធំ មានក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកាលពីឆ្នាំ២០០៩ ក្រុមហ៊ុនចម្ការកៅស៊ូទំរីង ក្រុមហ៊ុន ភី.អិន.ធី (PNT) និងក្រុមហ៊ុនមួយចំនួនទៀតនៅក្នុងខែត្រក្រចេះ ខែត្រស្ទឹងត្រែង និងខែត្រព្រះវិហារ កំពុងកាប់ព្រៃឡង់នេះ ដែលជាក្ដីកង្វល់ពីប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃឡង់។
អភិបាលរងខែត្រកំពង់ធំ លោក អ៊ុត សំអន បានមានប្រសាសន៍ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ដាំដើមកៅស៊ូនៅ ក្នុងខែត្រកំពង់ធំ នោះ គឺគណៈកម្មការខែត្រសហការនឹងក្រសួងកសិកម្ម បានចុះទៅសិក្សាអំពីផលប៉ះពាល់រួចរាល់ហើយ។
លោក អ៊ុត សំអន បានបញ្ជាក់ថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជាក្រុមហ៊ុនវៀតណាម បានទទួលផ្ទៃដីប្រមាណ ១ម៉ឺនហិកតារ ប៉ុន្តែក្រោយមកឃើញថា ប៉ះពាល់ដល់ព្រៃឈើព្រៃឡង់នេះ គឺរដ្ឋាភិបាលបានកាត់មកនៅជាង ៦ពាន់ហិកតារវិញ។
ទាក់ទងទៅនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជននេះ ដែរ រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ច័ន្ទ តុងអ៊ីវ មិនធ្វើការអធិប្បាយទេ ដោយលោកបង្វែរឲ្យសួរទៅលោក អ៊ិត ណូឌី វិញ។
នៅថ្ងៃទី២៥ ឧសភា វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ិត ណូឌី ប៉ុន្តែមិនទាន់អាចទាក់ទងបាននៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋដែលបានមកដង្ហែក្បួននៅទីលានសេរីភាពនោះ គឺពួកគេបានពាក់អាវពណ៌បៃតងនៅលើផ្ទៃមុខ និងខ្នង គេបានគូររួបស្លឹកឈើ និងរូបដើមឈើ ដែលជាសារមួយផ្ញើទៅរដ្ឋាភិបាលកម្ពុជាថា ពួកគេត្រូវការដើមឈើនៅគង់វង្ស ដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្ស ដូចជាធ្វើឲ្យមានបរិស្ថានយូរអង្វែង សន្តិសុខស្បៀង និងទឹក។
ព្រៃឡង់ក្រៅអំពីការផ្ដល់អនុផលដល់ប្រជាពលរដ្ឋក៏ផ្ដល់ប្រយោជន៍ ដល់មច្ឆាជាតិផងដែរ ព្រៃឡង់ គឺជាទីជម្រាលដ៏សំខាន់ដែលសម្រួលទឹក និងកាកសំណល់ដែលហូរចាក់ចូលទៅបឹងទន្លេសាប និងជាទីជម្រកដ៏សំខាន់សម្រាប់ត្រីពង។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានលើកឡើងថា ការកាប់ព្រៃឡង់ ក្រៅពីការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏វាប៉ះពាល់ដល់បរិស្ថានកម្ពុជាដែរ ៖ «ឃើញថា បរិស្ថានស្រុកខ្មែរប្រែប្រួលយ៉ាងខ្លាំង ត្រូវក្ដៅ គឺក្ដៅស្ទើរតែបែកក្បាល ពេលភ្លៀងមានរន្ទះបាញ់ អ៊ីចឹងយើងឃើញថា បញ្ហាគ្រោះធម្មជាតិកំពុងតែញាំញីនៅក្នុងប្រទេសកម្ពុជា»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ម៉ែន សុថាវរិន្រ្ទ បានមានប្រសាសន៍ថា លោកនឹងធ្វើលិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដើម្បីឲ្យមានវិធានការការពារព្រៃឡង់ ៖ «អារឿងដឹកឈើហ្នឹង គឺដឹករាល់តែយប់ សុំឲ្យរដ្ឋាភិបាលហ្នឹងគិតរឿងហ្នឹងមែនទែន! ឥឡូវលែងអារឈើនៅក្នុងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទៀតហើយ គឺគេដឹកយកទៅអារនៅខែត្រកំពង់ចាម ហើយគេយកទៅយួន»។
ប្រជាសហគមន៍ដែលមកទាំង ៤ខែត្រនេះ បានត្អូញត្អែរក្នុងទឹកមុខស្រពោនថា ប្រសិនបើព្រៃឡង់ត្រូវក្រុមហ៊ុននៅតែកាប់បំផ្លាញបន្តទៀតនោះ វាសនារបស់ពួកគាត់នៅតំបន់ព្រៃឡង់នឹងប្រឈមនឹងការលំបាកផ្នែក ជីវភាពជាងការរស់នៅសព្វថ្ងៃទៀត ៖ «ម្យ៉ាងទៀតយើងខ្ញុំមកទីនេះ គឺចង់ឲ្យរាជរដ្ឋាភិបាលហ្នឹងគាត់ទទួលស្គាល់ព្រៃឡង់ ដើម្បីរស់នៅបានស្រួលនៅតំបន់នោះ ព្រោះតំបន់ព្រៃឡង់ជាតំបន់ជនជាតិភាគតិច»។
ឯកសារសិក្សាអំពីព្រៃឡង់ដដែលបានសរសេរថា គិតមកទល់ឆ្នាំ២០១០ កន្លងទៅ រដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុន ជិត ៣០ក្រុមហ៊ុន នៅក្នុងតំបន់ព្រៃឡង់ ដែលនៅចំនួន ៤ខែត្រ គឺខែត្រក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខែត្រព្រះវិហារ។
ប្រភពចំណូលដ៏សំខាន់របស់សហគមន៍ព្រៃឡង់ បានមកពីដើមច្បោះ ពីព្រោះថា ព្រៃឡង់មានដើមជ័រច្បោះពី ៧០% ទៅ ៧៥% ដែលសហគមន៍ព្រៃឡង់អាស្រ័យផលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ គ្រប់រដូវកាល។
គិតពីទសវត្សរ៍ឆ្នាំ១៩៩០ មកទល់ពេលនេះមានដើមច្បោះនៅក្នុងតំបន់ព្រៃឡង់មានជាង ២០ម៉ឺនដើម ដែលត្រូវបានក្រុមហ៊ុន និងអ្នកមានអំណាចកាប់បំផ្លាញ៕
រដ្ឋាភិបាលមានវិធានការទប់ស្កាត់ ភាពរហោស្ថាន និងឱនភាពដី
កិច្ចប្រជុំសកម្មភាពជាតិ ដើម្បីទប់ស្កាត់ភាពរហោស្ថាន និងឱនភាពដី ក្នុងប្រទេសកម្ពុជា បានបង្ហាញថា ផ្ទៃដីក្នុងប្រទេសកម្ពុជា មិនមានភាពរហោស្ថាននៅឡើយទេ ប៉ុន្តែ បានរងនូវឱនភាពដីប្រមាណ ៤៤%។
មន្ត្រីបរិស្ថាន មន្ត្រីកសិកម្ម និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានបង្ហាញថា ការរេចរឹលព្រៃឈើ ដីខ្សោះជីរជាតិ ឬហៅថា ឱនភាពដី នៅប្រទេសកម្ពុជា អាចប៉ះពាល់ផលិតភាពទាញយកផលពីដីនៃដំណាំកសិកម្ម ដែលនឹងអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ប្រធានគម្រោងគ្រប់គ្រងបរិស្ថាន និងថាមពលនៃអង្គការអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា យូ.អិន.ឌី.ភី (UNDP) លោក ឡាយ ឃីម មានប្រសាសន៍ថា ដីនៅប្រទេសកម្ពុជា មិនទាន់ក្លាយទៅជាដីរហោស្ថាននៅឡើយទេ តែដីនោះប្រមាណ ៤៤% រងនូវភាពងាយរងគ្រោះ ចំពោះឱនភាពដី និងភាពរេចរឹលបន្ថែមទៀត។
លោកថា ភាពរេចរឹលទាំងនេះបណ្ដាលមកពីកត្តាមនុស្សផងនិងកត្តាប្រែប្រួលនៃ អាកាសធាតុផង «ពីព្រោះមនុស្សជាអ្នកសម្រេចចិត្ត។ មនុស្សជាអ្នកធ្វើសកម្មភាព ដូចជា ការកាប់ព្រៃឈើនៅក្នុងទីខ្ពស់ នៅតំបន់ទីជម្រាលនៅតំបន់ខ្ពង់រាប វាមានឥទ្ធិពលមួយចំនួន ជះទៅលើការរេចរឹលនៃផ្ទៃដី ការហូរច្រោះនៃផ្ទៃដីមកតំបន់ខ្ពង់រាប»។
ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជានាយកគ្រប់គ្រងថ្នាក់ជាតិនៃគម្រោងពង្រឹងសមត្ថភាព និងធានាការគ្រប់គ្រងដីធ្លីដ៏ចិរភាពនៅកម្ពុជា លោក មាស ពិសិទ្ធ មានប្រសាសន៍នៅថ្ងៃសុក្រទី ៦ ខែឧសភា ឆ្នាំ ២០១១ ថា ដោយសារតែប្រទេសកម្ពុជាមានបញ្ហាឱនភាពដី ដូច្នេះកម្មវិធីសកម្មភាពជាតិ បានផ្ដោតទៅលើការដោះស្រាយឱនភាពដីវិញ។ វិធីដោះស្រាយនោះមាន ២ គឺការស្ដារគុណភាពដីកសិកម្ម មានន័យថាបង្កើនគុណភាពដីកសិកម្ម ផែនការទី ២ គឺការស្ដារគម្របព្រៃឈើរបស់យើងឡើងវិញ។
ទីប្រឹក្សាអមទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គុំ សារ៉ូន មានប្រសាសន៍ថា ផ្ទៃដីព្រៃនៅប្រទេសកម្ពុជា ត្រូវបានបំផ្លាញអស់ ៣ លានហិកតារ ទើបរដ្ឋាភិបាលសម្រេចផ្ដល់ដីឲ្យក្រុមហ៊ុនជាច្រើនវិនិយោគ ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ ស្ដារគុណភាពដី និងស្ដារគម្របព្រៃឈើឡើងវិញ។ ប៉ុន្តែក្រុមហ៊ុនទាំងនោះបានឈូសឆាយដីអស់ច្រើនម៉ឺនហិកតារ ហើយដាំដំណាំកសិឧស្សាហកម្ម ដែលដាំដុះមិនបានពាក់កណ្ដាលដីឈូសឆាយនោះឡើយ ដែលជាហេតុនាំឲ្យដីរងនូវភាពហូរច្រោះ។
ជាមួយគ្នានេះ ការធ្វើកសិកម្មបែបពនេចរលើដីជម្រាល នាំឲ្យផ្ទៃដីខូចខាតអស់ ៣៤ ម៉ឺន ៩ ពាន់ ៦០០ ហិកតារ (៣៤៩,៦០០ ហិកតារ)។ ការទន្ទ្រានយកដីព្រៃយកជាឯកជនអស់ ៣០ ម៉ឺនហិកតារ។ ក្រៅពីព្រៃឈើក៏មានការបំផ្លាញព្រៃលិចទឹកដែរ។ គេយកតំបន់ព្រៃលិចទឹកជាសំបុកពងកូន ទៅធ្វើប្រឡាយទំនប់ និងសិប្បកម្មផ្សេងៗ នាំឲ្យព្រៃលិចទឹក បាត់បង់អស់ ៥១ ម៉ឺន ៨ ពាន់ហិកតារ។
លោក គុំ សារ៉ូន បន្តថា នៅឆ្នាំ ២០០៨ ឱនភាពដី មានចំនួន ៧ លាន ៧៩ ម៉ឺន ៦ ពាន់ហិកតារ។ ក្រសួងកសិកម្មកំពុងរៀបចំកម្មវិធីជាតិធំ ២ គឺគម្រោងបង្កើនគម្របព្រៃឈើឡើងវិញ និងគម្រោងកែប្រែគុណភាពដី ដែលនឹងដាក់ឆ្លងសុំការអនុមតិពីរដ្ឋាភិបាលកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ៕
Wildlife Alliance ស្នើរដ្ឋាភិបាលឲ្យបញ្ឈប់កសិដ្ឋានដំណាំចេកនៅកោះកុង
អង្គការឃ្លាំមើលបរិស្ថាន និងសត្វព្រៃ ដែលមានឈ្មោះថា សម្ពន្ធភាពសត្វព្រៃ (Wildlife Alliance) នៅទី១៣ មេសា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់កសិដ្ឋានដំណាំចេករបស់ក្រុមហ៊ុនអូស្ត្រាលីមួយក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានការព្រួយបារម្ភពីការប៉ះពាល់ដល់ជម្រកសត្វដំរី និងសត្វកម្រដទៃទៀត។

១៤-សីហា-២០១០: ទឹកជ្រោះឆាយខ្ពស់ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង
http://flash-mp3-player.net/medias/player_mp3_maxi.swf
មួយសប្ដាហ៍ក្រោយពីរដ្ឋាភិបាលក្រុងភ្នំពេញ បានបញ្ឈប់ការរុករករ៉ែថៃថេនញៀម (Titanium) មក ក្រុមអង្គការឃ្លាំមើលបរិស្ថាន និងសត្វព្រៃ បានបន្តសុំឲ្យរដ្ឋាភិបាលផ្អាកការអនុញ្ញាតឲ្យក្រុមហ៊ុនអូស្ត្រាលី មួយទៀត ធ្វើការកាប់បំផ្លាញដីព្រៃអភិរក្សដើម្បីធ្វើជាចម្ការចេក។
ក្រុមហ៊ុនចម្ការចេករបស់អូស្ត្រាលី ឈ្មោះថា BKK Partners មានគម្រោងដាំចេកលើផ្ទៃដីប្រមាណ ៥ពាន់ហិកតារ និងដីព្រៃប្រមាណ ២ម៉ឺនហិកតារក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ គម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណ ៦០០លានដុល្លារ។
អ្នកនាំពាក្យអង្គការសម្ពន្ធភាពសត្វព្រៃឈ្មោះថា (Wildlife Alliance) លោកស្រី អេនទ្រា កូហ្វស្មែន (Andrea Kaufmann) នៅថ្ងៃពុធ ទី១៣ មេសា បានស្នើសុំរដ្ឋាភិបាលកុំផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនដំណាំចេក ពីព្រោះគម្រោងនេះអាចបណ្ដាលឲ្យបាត់បង់ព្រៃឈើក្នុងតំបន់អាស៊ី។ ព្រៃដែលអាចនឹងបាត់បង់នៅក្នុងខេត្តកោះកុងនេះ ជាផ្លូវដើររបស់សត្វដំរីខ្មែរ។ ផ្លូវដើរនេះជាផ្លូវមួយក្នុងផ្លូវដំរី ដែលនៅសេសសល់តែប្រមាណ ៧កន្លែងប៉ុណ្ណោះនៅតំបន់អាស៊ី។
លោកស្រីបន្តថា ៖ “យើងមានការព្រួយបារម្ភ ដោយសារតែគម្រោងស្នើសុំចម្ការចេក ធ្វើឡើងចំកណ្តាលនៃផ្លូវដើររបស់សត្វដំរី ហើយវាអាចបំផ្លាញជីវចម្រុះសម្រាប់តំបន់ ក៏ដូចជាការប៉ះពាល់ដល់សហគមន៍ក្នុងស្រុកដែលកំពុងចាប់អារម្មណ៍ បង្កើតឲ្យមានតំបន់ទេសចរណ៍ធម្មជាតិ”។
សំណើរបស់អង្គការ Wildlife Alliance ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីសប្ដាហ៍មុនបានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនឈ្មោះថា United Khmer Groupមិនឲ្យរុករករ៉ែថៃថេនញៀម ក្នុងតំបន់អភិរក្សព្រៃភ្នំក្រវាញ ក្នុងខេត្តកោះកុង ដើម្បីការពារបរិស្ថាន និងជីវៈចម្រុះ។
ក្រុមហ៊ុន United Khmer Group ត្រូវបានផ្ដល់សម្បទានដីសម្រាប់រុករករ៉ែប្រមាណជិត ៥ពាន់ហិកតារ។ គម្រោងនេះត្រូវបានក្រុមហ៊ុនអះអាងថា គេអាចនឹងរកប្រាក់ចំណូលបានប្រមាណ ១ពាន់លានដុល្លារ។ ចំនួននៃចំណូលនេះត្រូវបានមន្ត្រីអង្គការឃ្លាំមើលបរិស្ថានបង្ហាញ ការមិនទុកចិត្តថា ជាការពិត។
មន្ត្រីអង្គការ Wildlife Alliance ដែលឃ្លាំមើលសកម្មភាពរបស់ក្រុមហ៊ុន United Khmer Group បានឲ្យដឹងថា សកម្មភាពរបស់ក្រុមហ៊ុនត្រូវបានផ្អាកទាំងស្រុងហើយ។
លោកស្រី អេនទ្រា កូហ្វស្មែន បន្ថែមទៀតថា ក្រុមហ៊ុនចម្ការចេកនៅក្នុងខេត្តកោះកុង បានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយជនជាតិអូស្រ្តាលី ឈ្មោះ ភីធឺរ កូស្តេឡូ (Peter Costello)។ ក្រុមហ៊ុននេះបានស្នើឲ្យរដ្ឋាភិបាលផ្លាស់ប្ដូរផ្លូវដើររបស់សត្វ ដំរីពីផ្លូវធម្មជាតិទៅដើរតាមតំបន់មានប្រជាជនច្រើនទៅវិញ។
មន្ត្រីតស៊ូមតិរបស់អង្គការ Global Witness លោក ចច បូដិន (George Boden) កាលពីថ្ងៃ ទី១៣ មេសា បានស្វាគមន៍ការសម្រេចដកអាជ្ញាប័ណ្ណក្រុមហ៊ុនរាវរករ៉ែថៃថេនញៀម ប៉ុន្តែបានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណាផលប៉ះពាល់ដល់បរិស្ថាន មុននឹងផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន។
លោកមានប្រសាសន៍បន្ថែមថា ៖ “ការសំខាន់ដែលត្រូវបានលើកឡើងឲ្យ ដឹង គឺថា តាមការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការពិតការផ្តល់អាជ្ញាប័ណ្ណសម្រាប់សម្បទានសេដ្ឋកិច្ចជាច្រើន ដូចជាព្រៃឈើ ចម្ការដំណាំ និងរ៉ែ គឺត្រូវបានធ្វើឡើងដោយគ្មានតម្លាភាព។ អ្វីដែលយើងរកឃើញ គឺការផ្តល់សម្បទានទាំងនោះធ្វើឡើង ដោយគ្មានបានគិតគូរទៅលើបរិស្ថាន និងការប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ការបង្ហាញជាសាធារណៈនូវការលក់ និងការផ្តល់់សម្បទាន និងការវាយតម្លៃផលប៉ះពាល់បរិស្ថានដល់គម្រោងទាំងអស់ជាការចាំបាច់ មិនមែនធ្វើលើគម្រោងតែមួយនោះទេ គឺត្រូវធ្វើសម្រាប់គម្រោងទាំងអស់”។
របាយការណ៍របស់អង្គការ Global Witnessឈ្មោះថា ប្រទេសសម្រាប់លក់ ជារបាយការណ៍ស៊ើបអង្កេតពីក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងឧស្សាហកម្មដកស្រង់ធនធានរ៉ៃកម្ពុជា ផ្សាយកាលពីកុម្ភៈ ឆ្នាំ២០០៩ បានរកឃើញថា មន្ត្រីរដ្ឋាភិបាលសំខាន់បានប្រព្រឹត្តអំពើពុករលួយ និងវិស័យធនធានធម្មជាតិ។ ការស៊ើបអង្កេតរបស់អង្គការ Global Witness បានរកឃើញថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនពាក់ព័ន្ធនឹងអំពើពុករលួយផ្នែក ធនធានរ៉ែ។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាលពីថ្ងៃពុធ មានប្រសាសន៍ថា រដ្ឋាភិបាលបានលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុន United Khmer Group ដោយសារផលប៉ះពាល់ធម្មជាតិវាធ្ងន់ធ្ងរជាងផលចំណេញ។ លោក ផៃ ស៊ីផាន បញ្ជាក់ថា ក្រុមហ៊ុន United Khmer Group មិនទាន់បានផ្ដល់សិទ្ធិឲ្យរករ៉ែនៅឡើយទេ គ្រាន់តែសិទ្ធិដើម្បីសិក្សារ៉ែតែប៉ុណ្ណោះ។
រដ្ឋាភិបាលនៅមិនទាន់មានប្រតិកម្មចំពោះការស្នើសុំមិនឲ្យផ្ដល់ សិទ្ធិដល់ក្រុមហ៊ុនអូស្ត្រាលី ដាំចេកនៅឡើយទេ កាលពីថ្ងៃពុធ ទី១៣ ខែមេសានេះ៕
សត្វជិតផុតពូជខ្លះគេឃើញមាននៅ ឧត្ដរមានជ័យ
ដោយ វោហារ ជាតិ (RFA)
ក្រុមមន្ត្រីព្រៃឈើ និងអភិរក្សសត្វព្រៃ បានសិក្សាស្រាវជ្រាវអំពីសត្វព្រៃ និងព្រៃឈើនៅក្នុងតំបន់សហគមន៍មួយចំនួនក្នុងខេត្តឧត្តរមានជ័យ បានរកឃើញថា ពូជសត្វដ៏កម្រនៅលើពិភពលោកមួយចំនួនដែលជិតផុតពូជទៅហើយនោះ នៅមានវត្តមានក្នុងព្រៃសហគមន៍នេះនៅឡើយ។

សត្វក្ងោក នៅខេត្តឧត្ដរមានជ័យ
មន្ត្រីអង្គការ ផេក ខេមបូឌា (Pact Cambodia) និងអង្គការសត្វព្រៃអន្តរជាតិ (Wildlife International) សហការជាមួយនាយកដ្ឋានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ក្រោមការគាំទ្រពីក្រសួងការបរទេសសហរដ្ឋអាមេរិក អង្គការទាំងពីរ រួមទាំងរដ្ឋបាលព្រៃឈើកម្ពុជា បានធ្វើការសិក្សាមួយឡើងនៅខែវិច្ឆិកា ឆ្នាំ២០១០ ស្ដីពីចំនួនសត្វព្រៃ និងគុណភាពព្រៃឈើសហគមន៍ដែលគេកំពុងអភិរក្សនៅក្នុងខេត្ត ឧត្តរមានជ័យ។
ការស្រាវជ្រាវនេះធ្វើឡើងក្នុងសហគមន៍ព្រៃឈើចំនួន៤ គឺសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន សហគមន៍សង្គ្រោះព្រៃឈើ អណ្ដូងបរ និងសហគមន៍ព្រៃស្រោង ដែលមានផ្ទៃដីព្រៃសរុបទំហំ ៣៤,៧៧៣ហិកតារ។
សេចក្ដីប្រកាសព័ត៌មានរួមនៃអង្គការ ផេក ខេមបូឌា និងអង្គការសត្វព្រៃអន្តរជាតិ ចុះថ្ងៃទី២៥ មីនា បង្ហាញថា ការស្រាវជ្រាវនោះបានសិក្សាស្រាវជ្រាវលើប្រភេទសត្វស្លាបសរុបចំនួន ១៧៤ប្រភេទ និងសត្វជើងបួន ២៦ប្រភេទ។ ជាលទ្ធផលបានបង្ហាញថា ក្នុងចំណោមចំនួនសត្វដែលបានស្រាវជ្រាវទាំងនោះ គេឃើញមានពូជសត្វស្លាបដ៏កម្រចំនួន ៧ប្រភេទ ដូចជាសត្វក្ងោកពណ៌បៃតង ត្រដក់ធំ ននាល សត្វអង្កត់ខ្មៅ និងសត្វស្លាបដ៏កម្រផ្សេងទៀត។ ចំណែកសត្វជើងបួនវិញ គេឃើញនៅមានចំនួន ៩ប្រភេទ ដូចជាសត្វខ្លាធំ ខ្ទីង រមាំង ទន្សោង ឆ្កែព្រៃ សត្វទោចជាដើម ដែលពពួកពូជសត្វទាំងនោះកំពុងជិតផុតពូជក្នុងពិភពលោក។
ក្រុមមន្ត្រីអភិរក្សសត្វព្រៃ និងព្រៃឈើអះអាងថា នេះជាមោទនភាពណាស់ចំពោះប្រទេសកម្ពុជា ដែលមានពូជសត្វដ៏កម្រនេះ បើប្រៀបធៀបទៅប្រទេសជាច្រើនទៀតដែលដាច់ពូជអស់។
កញ្ញា អាម៉ានដា ប្រេដ្លី (Amanda Bradley) នាយកកម្មវិធីនៃភាពដៃគូព្រៃឈើរបស់អង្គការ ផេក ខេមបូឌា ដែលរួមចំណែកការស្រាវជ្រាវនោះ មានប្រសាសន៍ថា ទៅថ្ងៃអនាគតសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ មិនត្រឹមតែបានអភិរក្សសត្វព្រៃដ៏កម្រតែប៉ុណ្ណោះទេ តែអង្គការអភិរក្សសត្វព្រៃ សហការជាមួយរដ្ឋបាលព្រៃឈើកម្ពុជា និងសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ កំពុងអនុវត្តន៍គម្រោងអភិរក្សព្រៃឈើដើម្បីផលិតការបោន (Carbon) ក្នុងបំណងរក្សាបរិស្ថាន រួមចំណែកកាត់បន្ថយកម្ដៅផែនដីផងដែរ។
កញ្ញា អាម៉ានដា ប្រេដ្លី មានប្រសាសន៍បន្ថែមដូច្នេះ ៖ «ការសិក្សា នេះមានសារសំខាន់សម្រាប់ការពារសត្វព្រៃ ព្រៃឈើនៅប្រទេសកម្ពុជា ពិសេសដោយសារសហគមន៍ចូលរួម មានខាងរដ្ឋបាលព្រៃឈើសហការក្នុងការការពារ។ ខ្ញុំសង្ឃឹមថា វាអាចការពារទៅថ្ងៃមុខ គម្រោង រ៉េដ (REDD) នៅឧត្តរមានជ័យ មានរយៈពេល ៣០ឆ្នាំ និងយើងឃើញសហគមន៍ខំប្រឹងការពារសត្វព្រៃនៅទីនោះ»។
យ៉ាងណាក្ដី តំណាងសហគមន៍ព្រៃឈើជាច្រើនបានអះអាងថា ដំណាលគ្នានឹងការអភិរក្សពូជសត្វព្រៃដ៏កម្រនេះ ក៏សត្វព្រៃដ៏កម្រនេះកំពុងប្រឈមការផុតពូជផងដែរ ដោយសារជនល្មើសបំផ្លាញ។ បច្ចុប្បន្នមានព្រានព្រៃ ឬជនល្មើសជាច្រើនបានមកលួចដាក់អន្ទាក់សត្វរៀងរាល់ថ្ងៃ ហើយក្រុមការពារព្រៃឈើសហគមន៍បានរកឃើញអន្ទាក់សត្វប្រហែល ៥០ ទៅ ៦០អន្ទាក់រៀងរាល់ខែ។
តំណាងសហគមន៍មួយចំនួនឲ្យដឹងថា ជួនកាលសត្វប្រើស និងសត្វដែលកម្រមានដទៃទៀតត្រូវគេប្រទះឃើញងាប់ចោលឆ្អឹងក្នុង ព្រៃពេលវារើរួចពីអន្ទាក់ ហើយងាប់ទាំងជើងជាប់អន្ទាក់ដែលដាច់នោះ។ ចំពោះសត្វស្លាបវិញ ជនល្មើសបានដាក់ថ្នាំបំពុល ហើយជនល្មើសខ្លះបានចាក់សំឡេងខ្សែអាត់ជាសំឡេងសត្វដូចគ្នា ទាក់ទាញសត្វឲ្យចូលអន្ទាក់ទាំងទ្រុងៗដើម្បីយកទៅលក់។
ព្រះតេជព្រះគុណ ប៊ុន សាលួត ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន មានថេរដីកាថា នៅក្នុងព្រៃសង្ឃរុក្ខវ័នគឺសម្បូរទៅដោយប្រភេទសត្វកម្រច្រើនជាង សហគមន៍ដទៃ ដែលតម្រូវឲ្យព្រះអង្គ រួមទាំងសមាជិកសហគមន៍គ្រប់គ្នាដើរល្បាតគ្រប់ច្រកល្ហករាល់ថ្ងៃ រាល់យប់ឥតឈប់ ៖ «យើងនៅតែបារម្ភដដែល ដូចជាអាត្មាអីចឹង! មិនបានសឹងនៅកន្លែងទេ ទៅសឹងតែក្នុងព្រៃ ទៅឃ្លាំមើលសត្វតាមតំបន់ទឹកជប់ តំបន់ត្រពាំង ដែលមានទឹកជប់ ខ្លាចគេដាក់អន្ទាក់ បើយើងប្រហែសតែមួយអាទិត្យវាអាចបាត់បង់សត្វ»។
នាយកដ្ឋានព្រៃឈើក្រសួងកសិកម្ម សហការជាមួយសហគមន៍ បានចាប់ផ្ដើមកម្មវិធីការបោន ហៅកាត់ជាភាសាអង់គ្លេសថា រ៉េដ (REDD) ដែលចូលរួមដោយសហគមន៍ព្រៃឈើទាំង៤ ក្នុងខេត្តឧត្តរមានជ័យ។ រ៉េដ គឺជាកម្មវិធីមួយរក្សាបរិស្ថានដោយអភិរក្សព្រៃឈើធម្មជាតិឲ្យមាន ព្រៃក្រាស់ រួមទាំងសត្វព្រៃបង្កើតបានជាអុកស៊ីហ្សែន (Oxygen) ឬធាតុអាកាសបរិសុទ្ធក្នុងបរិយាកាស កម្ចាត់ជាតិពុល និងកម្ដៅផែនដី ធ្វើឲ្យមានបរិស្ថានល្អលើភពផែនដី។
សូមបញ្ជាក់ថា រ៉េដ ជាកម្មវិធីថ្មីមួយបង្កើតឡើងដោយក្រុមអ្នកជំនាញបរិស្ថានជាតិ អន្តរជាតិ រួមទាំងមន្ត្រីបរិស្ថានអង្គការសហប្រជាជាតិ ដើម្បីជំរុញឲ្យប្រទេសនីមួយៗលើសកលលោកការពារគម្របព្រៃឈើ ក្នុងបំណងការពារ និងរក្សាលំនឹងបរិស្ថាន ទប់ទល់នឹងកម្ដៅផែនដី ដែលកំពុងឡើងកម្ដៅនៅបច្ចុប្បន្ន និងការពារគ្រោះមហន្តរាយធម្មជាតិ ដូចជារញ្ជួយផែនដី ខ្យល់ព្យុះ គ្រោះទឹកជំនន់ និងរាំងស្ងួត ដែលកំពុងគំរាមកំហែងពិភពលោក ហើយប្រទេសកម្ពុជា កំពុងអនុវត្តគម្រោងនេះ។
មន្ត្រីអង្គការអភិរក្សព្រៃឈើ និងបរិស្ថានឲ្យដឹងថា គម្រោងរ៉េដ នៅខេត្តឧត្តរមានជ័យ មានរយៈពេល ៣០ឆ្នាំ ហើយបានចាប់ផ្ដើមនៅឆ្នាំ២០០៨ ហើយនឹងបញ្ចប់នៅឆ្នាំ២០៣៧។
លោក ឡុង រតនៈកុមារ អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្មកម្ពុជា ថ្លែងថា នេះជាគម្រោងសាកល្បងមួយដែលធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេស កម្ពុជា ហើយកម្មវិធីនេះគេកម្រឃើញមានធ្វើនៅប្រទេសផ្សេងទៀតលើសកលលោក។
លោកថា គម្រោងនេះគឺរដ្ឋាភិបាលកម្ពុជា ចង់ផលិតការបោនលក់នៅលើទីផ្សារអន្តរជាតិ ៖ «តាមពិតជាគោលដៅ របស់យើង យើងប្រុងធ្វើទាំងអស់។ ប៉ុន្តែអានេះគ្រាន់តែជាការសាកល្បងមួយ គឺយើងកំពុងចាប់ផ្ដើម គឺយើងសាកល្បងបណ្ដើរយើងរៀនសូត្រពីដំណើរការបណ្ដើរ»។
លោក ឡុង រតនៈកុមារ អះអាងថា គម្រោង រ៉េដ នៅខេត្តឧត្តរមានជ័យនេះ នឹងអាចទាញយក ការបោនពីព្រៃសហគមន៍លក់នៅទីផ្សារអន្តរជាតិបានក្នុងតម្លៃទឹក ប្រាក់ចំនួន ៣០លានដុល្លារក្នុងមួយឆ្នាំៗ ហើយប្រាក់ចំណូលនោះនឹងយកទៅផ្គត់ផ្គង់ជីវភាពប្រជាជនដែលការពារ ព្រៃសហគមន៍ទាំងនោះផងដែរ។
លោកបន្ថែមថា ក្នុងពេលនេះដែរ រដ្ឋាភិបាលក៏កំពុងអនុវត្តកម្មវិធី រ៉េដ សាកល្បងនោះ នៅតាមខេត្តមួយចំនួនដែលមានព្រៃឈើស្ដុកដូចនៅស្រុក កែវសីមា ខេត្តរតនគិរី នៅខេត្តសៀមរាប នៅព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយកំពុងសិក្សា និងពង្រីកទៅតំបន់ព្រៃនានា តាមខេត្តដទៃបន្ថែមទៀត ដូចជានៅព្រៃភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាដើម៕
បេសកកម្មស្រាវជ្រាវសត្វស្លាបនៅភ្នំសំកុស!
នៅថ្ងៃទី៧ ខែមេសា ឆ្ន២០១១ ខាងមុខនេះ ក្រុមការងាររបស់មជ្ឈមណ្ឌល សំ វាសនា នឹងមានបេសកកម្មចុះស្រាវជ្រាវនឹងអង្កេតសត្វស្លាបព្រៃព្រមទាំងសត្វដទៃទៀតនៅភ្នំសំកុសដែលមានកម្ពស់ ១៧០០ម. ឋិតនៅក្នុងភូមិសាស្ត្រស្រុកវាលវែង ឃុំប្រម៉ោយ ភូមិប្រម៉ោយ ក្រោមកិច្ចសហការរបស់អង្គការ FFI និងក្រសួងបរិស្ថាននៃប្រទេសកម្ពុជាដើម្បីចុះបញ្ជីសត្វស្លាបព្រៃស្រុកខ្មែរឲ្យបានវែងនិងច្រើនបច្ចុប្បន្ន ។ ក្រៅពីសត្វស្លាបនិងសត្វព្រៃដទៃទៀត យើងក៏នឹងមិនភ្លេចកត់ត្រាពីរុក្ខជាតិព្រមទាំងសត្វល្មូននិងឧរង្គសត្វដទៃទៀតដែរ ព្រោះទីនោះជាប្រភពធនធានធម្មជាតិដ៏សំខាន់សម្រាប់ពិភពលោកចុងក្រោយគេដែលពុំទាន់មានការសិក្សាស្រាវជ្រាវឲ្យអស់ ព្រោះតែកង្វះខាតហេដ្ឋារចនាសម្ព័ន្ធនិងការរាំងស្ទះដោយសារគ្រាប់មីនកប់ក្នុងដីបន្សល់ទុកពីសម័យសង្គ្រាម ។ ពួកយើងនឹងធ្វើដំណើរថ្មើរជើងឡើងទៅលើកំពូលភ្នំនេះក្នុងរយៈពេលពីរថ្ងៃ និងចំណាយពេលចុះវិញមួយថ្ងៃ ។ ដោយគ្មានពេលច្រើន ការសិក្សានេះនឹងធ្វើទាំងយប់និងថ្ងៃ ។ យើងកត់ត្រាទុកទាំងសត្វដែលយើងបានឮសំឡេង និងសត្វដែលបានឃើញផ្ទាល់ ។ គ្មានបាយនិងអាហារច្រើនទេ គ្រប់គ្នាត្រូវស្ពាយអាហារក្រៀមនិងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនឲ្យបានគ្រប់គ្រាន់ ។ បញ្ហាធំនោះគឺអាកាសធាតុត្រជាក់ និងកង្វះខាតទឹក! កាលពីខ្ញុំនិងក្រុមការងារចុះទៅភ្នំបូកគោដែលមានកម្ពស់តែ ១០៧០ម. ឃើញថាអាកាសធាតុពេលយប់វាត្រជាក់ណាស់ ចុះទម្រាំ ១៧០០ម.!
(ផ្កាក្រឡូមពារ ឬបំពង់ក្រឡោម)
ទាព្រៃស្លាបស៝ដែលពិភពអ្នកមើលសត្វស្លាបកំពុងជ្រួលច្របល់!
នេះជារូបភាពសត្វទាព្រៃស្លាបស៝ដែលពិភពអ្នកមើលសត្វស្លាបនិងអ្នកបរិស្ថានវិទ្យាកំពុងជ្រួលច្របល់ចង់ឃើញនិងព្យាយាមការពារបំផុត ដោយសារកំណើនសត្វនេះកំពុងធ្លាក់ចុះជាលំដាប់ជារៀងរាល់ឆ្នាំ បង្កដោយកត្តាជាច្រើនទាំងមនុស្សនិងរបៀបរស់នៅរបស់វាដែលមិនបានធ្វើទំនើបកម្ម ។ វាមានចំនួនតិចតួចណាស់នៅលើពិភពលោកនេះប្រសិនជាប្រៀបធៀបទៅនឹងសត្វឯទៀតដែលកំពុងរងគ្រោះដូចគ្នា ។ នៅស្រុកខ្មែរយើង ជាកន្លែងដែលអាចមើលឃើញសត្វនេះងាយជាងប្រទេសណាៗទាំងអស់ ប៉ុន្តែនៅតែពិបាកសម្រាប់ការស្វែងរកវាដដែលព្រោះតែចំនួនរបស់វាតិច ។ កន្លែងដែលអាចឃើញសត្វនេះមាន៖
១. នៅព្រៃអភិរក្សសហគមន៍ ដងផ្លិត ជាប់ព្រំដែនលាវ ក្នុងព្រៃមួយហៅថា «អូរគគីរ» និងនៅមាត់ច្រាំងទន្លេល្ពៅ ត្រង់ដែនសីមាកម្ពុជា-លាវ ខេត្តព្រះវិហារ។ (មិនសូវជាងាយប៉ុន្មានទេ ប៉ុន្តែប្រសិនជាអត់ធ្មត់ នឹងបានឃើញ)
២. នៅព្រៃអភិរក្សសហគមន៍ ភូមិព្រៃវែង ស្រុកគូលែន ខេត្តព្រះវិហារ ។ (ងាយឃើញជាងគេបំផុត)
៣. នៅក្នុង ព្រៃអភិរក្សជីវចម្រុះ កែវសីមា ឋិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ (ពិបាកបំផុត ខ្ញុំមិនដែលបានឃើញទេ ធ្លាប់តែមានទិន្នន័យពីអ្នកស្រាវជ្រាវផ្សេងទៀត)
[ទាព្រៃស្លាបស៝]
ខ្ញុំមកពីមណ្ឌលគិរីវិញហើយ!
ដំណើររុករករបស់ខ្ញុំនៅស្រុកកែវសីមា នៃដែនអភិរក្សកែវសីមា បានបញ្ចប់ទៅដោយជោគជ័យយ៉ាងពេញចិត្ត ។ ក្នុងនោះយើងបានរកឃើញសត្វស្លាបមួយប្រភេទថ្មីដែលមានឈ្មោះជាភាសាខ្មែរថា៖ «ចាបស៊ីរុយខៀវព្រលែត» និងជាភាសាអង់គ្លេសថា Pale Blue Flycatcher ព្រមទាំងលទ្ធផលថ្មីៗមួយចំនួនទៀតដែលមានសារសំខាន់សម្រាប់ការងាររបស់យើង ។ សត្វនេះវាមិនដែលមានការកត់ត្រាទុកនៅស្រុកខ្មែរទេ ហើយពុំធ្លាប់នរណាម្នាក់ឃើញនៅស្រុកខ្មែរទេ!
រូបនេះខ្ញុំថតមិនបានច្បាស់ទេ ព្រោះវាឆ្ងាយ
សកម្មភាពមើលសត្វស្លាបក្នុងព្រៃការពារ កែវសីមា
សកម្មភាពដើរក្នុងព្រៃការពារ
អ្នកបរិស្ថានបារម្ភពីគម្រោងសង់ទំនប់ វារីអគ្គិសនីថ្មី៤ទៀតនៅកម្ពុជា
ដោយ សេក បណ្ឌិត
កម្ពុជាបានព្យាយាមពង្រីកការអភិវឌ្ឍលើគម្រោងសាងសង់ទំនប់ វារីអគ្គិសនី នៅពេលដែលមានការព្រមានជាបន្តបន្ទាប់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើ បរិស្ថាន និងកត្តាផ្សេងៗទៀត ជុំវិញបញ្ហាការសាងសង់ទំនប់វារីអគ្គិសនីនេះ។
ទន្លេសេសានរីងស្ងួតពីរដងក្នុងមួយ ឆ្នាំនៅរដូវប្រាំងដោយសារទំនប់វារីអគ្គិសនីយ៉ាលីរបស់វៀតណាម។
ការបារម្ភនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិក្សាទៅលើគម្រោងសាងសង់ វារីអគ្គិសនីចំនួន ៤កន្លែងថែមទៀត ជាមួយក្រុមហ៊ុនចំនួនពីររបស់ប្រទេសចិន កាលពីអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា របស់ប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាមានិតចិន លោក វូ បាងគូ (Wu Bangguo) កាលពីពេលថ្មីៗនេះ។
ប្រធានសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ ហៅថា សេប៉ា (CEPA) លោក ទេព ប៊ុនរិទ្ធ មានប្រសាសន៍ថា ក្នុងចំណោមទំនប់ ៤កន្លែងនោះ មាន ៣កន្លែងត្រូវស្ថិតនៅលើដងទន្លេ ហើយទីតាំងនីមួយៗស្ថិតនៅជិតៗគ្នា ដែលជាសញ្ញាមួយបង្ហាញថា ការប្រឈមនានាទៅលើបរិស្ថាន បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមជាដើមនោះ កាន់តែធ្ងន់ធ្ងរឡើងៗ នៅពេលដែលផលប៉ះពាល់សម្រាប់គម្រោងមុនៗ ដូចជាគម្រោងទំនប់វារីអគ្គិសនីនៅទន្លេសេសាន២ ក្នុងខេត្តស្ទឹងត្រែង និងកន្លែងផ្សេងៗទៀត មិនទាន់មានគោលនយោបាយដោះស្រាយចំពោះផលប៉ះពាល់នោះបាននៅឡើយ។
លោក ទេព ប៊ុនរិទ្ធ បន្ថែមថា ៖ «តាមទ្រឹស្ដីនៃការសាងសង់ទំនប់ វារីអគ្គិសនីហ្នឹង កាលណាសាងសង់ជិតៗគ្នាពេក បានន័យថា ទំនប់កាន់តែច្រើន អាហ្នឹងជាឧបសគ្គទាក់ទងដល់រឿងត្រី ហើយគុណភាពទឹកអីហ្នឹងក៏មានបញ្ហាដែរ ដោយសារអាងទន្លេនៅខាងលើយើងនេះ បើទប់ទៅមានតែលិចទន្លេលិចដីព្រៃ ព្រោះយើងមានអាងឯណា ទប់ទន្លេ បើទប់ទៅអាងទឹកកាន់តែធំ»។
រដ្ឋមន្ត្រីក្រសួងឧស្សហកម្ម រ៉ែ និងថាមពល លោក ស៊ុយ សែម ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំរវាងមន្ត្រីជាន់ ខ្ពស់កម្ពុជា និងគណៈប្រតិភូចិន ដែលដឹកនាំដោយលោក លោក វូ បាងគូ កាលពីថ្ងៃទី៤ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងលើការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជានោះ បានផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនចិន ចំនួនពីរ ដើម្បីសិក្សាលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីចំនួន ៤កន្លែង ក្នុងនោះមានទំនប់ចែងអារ៉ែង ដែលអាចមានកម្លាំងជាង ១០០ម៉េហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង ទំនប់ស្រែពក៣ អាចមានថាមពលជាង ៣០០ម៉េហ្គាវ៉ាត់ ទំនប់ស្រែពក៤ អាចមានថាមពលជាង ២០០ម៉េហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងទំនប់សំបូរស្ថិតនៅលើអាងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ដែលមានកម្លាំងជាង ៤០០ម៉េហ្គាវ៉ាត់។ លោកបន្តថា ការសិក្សាលើគម្រោងទាំងនេះអាចបញ្ចប់ក្នុងរយៈពេល ២ឆ្នាំ។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ស៊ិន នីនី មានប្រសាសន៍ថា នៅពេលនេះលោកពុំទាន់អាចធ្វើការប៉ាន់ស្មានចំពោះផលប៉ះពាល់បាន ភ្លាមៗទេ ព្រោះគម្រោងសាងសង់ទំនប់ទាំងនោះស្ថិតក្នុងការសិក្សា ហើយពុំទាន់ដឹងពីផលប៉ះពាល់នៃការសិក្សានោះវាយ៉ាងម៉េចនៅឡើយ។
លោក ស៊ិន នីនី មានប្រសាសន៍ទៀតថា ៖ «ធម្មតាគម្រោងអភិវឌ្ឍន៍អ្វី ក៏ដោយ វាមិនដែលអត់មានផលប៉ះពាលទេ ប៉ុន្តែដូចខ្ញុំថាអ៊ីចឹង សិក្សាហើយត្រូវពិភាក្សាគ្នាថា ផលប៉ះពាល់ និងផលចំណេញពីគម្រោងអគ្គិសនីហ្នឹងមួយណាវាចំណេញជាង?»។
តែទោះយ៉ាងណានេះក្តី លោកសូមឲ្យរដ្ឋាភិបាលពង្រឹងលើការសិក្សានេះឲ្យបានម៉ត់ចត់ ហើយលទ្ធផលនៃការសិក្សាត្រូវដាក់ឲ្យមានវេទិកាពិគ្រោះយោបល់មួយ ដោយមានការចូលរួមពីស្ថាប័នជំនាញដែលពាក់ព័ន្ធ ដើម្បីចូលរួមផ្ដល់យោបល់ មុនមានការសម្រេចចិត្តណាមួយ។
លោក ទេព ប៊ុនរិទ្ធ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែថ្លឹងថ្លែងពីផលប៉ះពាល់បរិស្ថាន និងសង្គម ជាមួយនឹងការទទួលយកនូវផលចំណេញពីវារីអគ្គិសនីឲ្យបានស៊ីជម្រៅជាង ពេលនេះបន្ថែមទៀត ៖ «ធ្វើទំនប់ទៅធ្វើឲ្យប៉ះពាល់ខូចខាតដល់ បរិស្ថាន សួរថា តើម្ចាស់ធ្វើទំនប់ហ្នឹងបានគិតគូរដាក់ជាមូលនិធិប៉ុន្មាន ដើម្បីកែលម្អនូវការខូចខាតបរិស្ថានហ្នឹង ត្រង់ចំណុចហ្នឹងក៏ត្រូវជជែកឲ្យច្បាស់ជាមួយម្ចាស់ទំនប់ផងដែរ»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា ការរំពឹងទុករបស់ពលរដ្ឋខ្មែរចំពោះធនធានអគ្គិសនីបានផលតិចតួចណាស់ ពីព្រោះក្រុមហ៊ុនចិន គេរកស៊ីយកចំណេញច្រើនក្នុងអាជីវកម្មនេះ ហើយរដ្ឋាភិបាលកម្ពុជា ដឹងតែពីខិតខំជំរុញឲ្យមានការវិនិយោគ ដោយមិនសូវខ្វល់ពីផលប៉ះពាល់លើបរិស្ថាន និងកត្តាផ្សេងៗទៀតឡើយ។
លោក សុន ឆ័យ មានប្រសាសន៍ទៀតថា ៖ «តម្លៃដែលគេលក់ចេញមកឲ្យ រដ្ឋាភិបាលដើម្បីលក់ចេញហ្នឹង រោងចក្រដូចគ្នាហ្នឹងនៅប្រទេសលាវ វាថ្លៃមួយជាពីរ។ បញ្ហាទីពីរ យើងឃើញថា ប្រទេសចិន កាន់កាប់ ៣៥ឆ្នាំ ហើយរយៈពេល ៣៥ឆ្នាំរោងចក្រហ្នឹងស្ទើរតែខូចទៅវិញ»។
លោក ស៊ុយ សែម បានបញ្ជាក់ថា ការជ្រើសរើសដៃគូមកវិនិយោគស្ថិតក្នុងភាពម៉ត់ចត់ ហើយការធ្វើអ្វីមិនមែនស្រេចតែចិត្តក្រុមហ៊ុនវិនិយោគចង់ធ្វើនោះ ទេ គឺរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់លាស់នូវមាត្រដ្ឋានបច្ចេកទេសយ៉ាង ត្រឹមត្រូវ។
កាលពីពេលថ្មីៗនេះ គណៈកម្មការទន្លេមេគង្គបានចេញផ្សាយលទ្ធផលនៃការវាយតម្លៃជា យុទ្ធសាស្ត្រ ស្តីអំពីផលប៉ះពាល់ផ្នែកបរិស្ថានដែលបង្កឡើងពីទំនប់វារីអគ្គិសនី តាមដងទន្លេមេគង្គ បានបង្ហាញថា គម្រោងទំនប់វារីអគ្គិសនីទាំង១២ អាចផ្តល់ថាមពលអគ្គិសនីប្រមាណជាង ១ម៉ឺនម៉េហ្គាវ៉ាត់ ប៉ុន្តែវាបានផ្ដល់នូវផលប៉ះពាល់ដល់មនុស្សប្រហែល ១លាននាក់ដោយផ្ទាល់ និងដោយប្រយោលពីគម្រោងទំនប់វារីអគ្គិសនីទាំងនេះ ក្នុងនោះមានប្រទេសកម្ពុជា លាវ និងនៅប្រទេសថៃ។
របាយការណ៍ឲ្យដឹងទៀតថា គម្រោងសាងសង់វារីអគ្គិសនីនឹងប៉ះពាល់ដល់ចលនាផ្លាស់ទីរបស់ត្រី បន្ទាប់មកគឺសហគមន៍រស់នៅរបស់ប្រជាជនក្រីក្រនៅតាមអាងទន្លេមេគង្គ ដែលចិញ្ចឹមជីវិតដោយការនេសាទ។
រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកំពុងដំណើរការសាងសង់ទំនប់វារីអគ្គិសនីប្រមាណ ៥កន្លែង ដោយមានការវិនិយោគពីក្រុមហ៊ុនបរទេស ភាគច្រើនក្រុមហ៊ុនមកពីប្រទេសចិន ហើយអាចនឹងដំណើរការចែកចាយចរន្តអគ្គិសនីបានជាបណ្តើរៗ ចាប់ពីឆ្នាំ២០១២ ឡើងទៅ ក្នុងនោះរួមទាំងទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត ដែលមានកម្លាំងភ្លើង ១៩៣ម៉េហ្គាវ៉ាត់ ហើយកំពុងដំណើរការសាងសង់ដោយក្រុមហ៊ុនចិន បានប្រមាណ ៨០% រយៈពេលផ្ដល់សម្បទានចំនួន ៤៤ឆ្នាំ ហើយអាចដំណើរការបាននៅដើមឆ្នាំ២០១២ ខាងមុខ។
ទំនប់វារីអគ្គិសនីអាតៃ នៅខេត្តពោធិ៍សាត់ មានកម្លាំង ១២០ម៉េហ្គាវាត់ អាចដំណើរការនៅចុងឆ្នាំ២០១២ ទំនប់អគ្គិសនីតាតៃ ខេត្តកោះកុង មានកម្លាំង ២៤៦ម៉េហ្គាវ៉ាត់ កំពុងដំណើរការបានប្រមាណ ៤០% ហើយអាចដំណើរការនៅឆ្នាំដើមឆ្នាំ២០១៥។ ក្រៅពីវារីអគ្គិសនីនៅមានថាមពលដើរដោយធ្យូងថ្មទៀត ដែលមានទីតាំងនៅខេត្តព្រះសីហនុ ដែលអាចដំណើរការបាននៅឆ្នាំ២០១៣ មានកម្លាំង ១០០ម៉េហ្គាវាត់ និងឆ្នាំ២០១៨ ខាងមុខ អាចមានកម្លាំង ១ពាន់ម៉េហ្គាវាត់៕
ទៅព្រែកទាល់ថ្ងៃនេះ!
សួស្ដីអ្នកភូមិយើង! ថ្ងៃនេះចូលយឺតបន្តិចហើយដោយសាររវល់នាំក្រុមកម្មសិក្សាការីមកពីសាលាអន្តរជាតិមួយនៅក្នុងប្រទេសសិង្ហបុរីទៅសិក្សាអំពីបរិស្ថាននិងផលប៉ះពាល់ទៅបរិស្ថាននៃបឹងទន្លេសាបព្រមទាំងក្រុមកុមារាកុមារីនៃបឋមសិក្សាក្នុងភូមិព្រែកទាល់ទៅអប់រំអំពីបរិស្ថាននិងជីវិតសត្វព្រៃព្រមទាំងផលប្រយោជន៍នៃការថែទាំបរិស្ថានទាំងមូល ។ វាពិតជាទទួលបានជោគជ័យសម្រាប់បេសកកម្មខ្ញុំថ្ងៃនេះដោយទទួលបានការវាយតម្លៃនិងពេញចិត្តជាខ្លាំងពីសំណាក់គ្រូបរទេសក៏ដូចជាអ្នកសម្របសម្រួលជនជាតិខ្មែរយើងព្រមទាំងអ្នកគ្រូតាមការវាយតម្លៃលើក្រដាសស្ទង់មតិជាសម្ងាត់ ។ សូមមើលរូបភាពខាងក្រោម៖
អ្នកស្រុកសម្បូរយល់ដឹងតិចតួចអំពីសំណើសាងសង់ទំនប់វារីអគ្គិសនីមេគង្គ
សំណើសាងសង់ទំនប់វារីអគ្គិសនីខ្នាតធំមួយកាត់ទន្លេមេគង្គ បានកំណត់យកកោះរងៀវជាផ្នែកមួយនៃអាងស្តុកទឹករបស់ទំនប់នេះ ហើយការណ៍នេះអាចគម្រាមដល់ជីវភាពរស់នៅទាំមូលរបស់អ្នកនាង។ អ្នកនាងសួស វេបានដឹងពីគ្រោះថ្នាក់ដែលអាចកើតមាន ដោយសារតែក្នុងឆ្នាំ ២០០៧ ក្រុមអ្នកវាស់ស្ទង់សណ្ឋានដីជនជាតិចិនបានទៅដល់ផ្ទះអ្នកភូមិម្នាក់ ។
«ខ្ញុំសួរគេថាគេធ្វើហ្នឹងធ្វើអី គេវាស់ធ្វើអី គេស្ទង់ធ្វើអី រួចទៅ គេថា មានក្រុមហ៊ុនគេហ្នឹងមកធ្វើទំនប់ ធ្វើវារីអគ្គិសនីហ្នឹងណា៎។ រួចទៅគេសុំកាប់ដើមសង្កែ ហើយគេមកកាប់ហើយក៏បោះបង្គោលនៅត្រង់ហ្នឹង។ ខួងចប់ហ្នឹង បានយើងដឹងតៗគ្នាថាហ្នឹងជាការសិក្សារបស់ក្រុមហ៊ុន ធ្វើទំនប់វារីអគ្គិសនីហ្នឹងណា។ ហ្នឹងជាគេសិក្សាទេ តែចំពោះគេធ្វើមិនធ្វើយើងអត់ដឹង។ ហើយពួកអ្នកស្រុកយើង ចាប់ផ្តើមព្រួយបារម្ភហើយថាមិនដឹងគេមកធ្វើនៅថ្ងៃណា ខែណា។»
មន្ត្រីរដ្ឋាភិបាលបាននិយាយថា វាមិនទាន់ដល់ពេលដែលគួរមានការបារម្ភបែបនេះទេ ពីព្រោះសំណើសាងសង់នេះ គ្រាន់តែជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលគេបានយកមក ពិចារណា។
គម្រោងទំនប់វារីអគ្គិសនីសម្បូរ ដែលកំពុងត្រូវសិក្សាដោយក្រុមហ៊ុនចិនមួយឈ្មោះ China Southern Power Grid Co. ស្ថិតនៅក្នុងចំណោមទំនប់កាត់ទន្លេមេគង្គចំនួន១១ដែលត្រូវស្នើ ឡើងដោយប្រទេសកម្ពុជា លាវ និងថៃ។
បើតាមអ្នកជំនាញ ការសាងសង់ទំនប់វារីអគ្គីសនីធំបែបនេះអាចបង្កឲ្យមានការលំបាក ច្រើនដល់ប្រទេសកម្ពុជា ព្រោះប្រទេសនេះជាប្រទេសនៅក្រោមគេនិងមានសណ្ឋានដីរាបស្មើជាង គេ ក្នុងចំណោមប្រទេសទាំងបី ហើយបើសាងសង់ ត្រូវកសាងទំនប់ដែលធំនិងមានអាងស្តុកទឺកវែងទៀតផង ទើបអាចឲ្យទំនប់នោះមានដំណើរការបានល្អ។
ហេតុដូច្នេះបើគេសាងសង់ទំនប់សម្បូរនេះ វាត្រូវមានបណ្តោយរហូតដល់១៨គ.ម. និង ប្រវែងអាងស្តុកទឹករហូតដល់៨៦គ.ម.។
ការណ៍នេះនាំឲ្យមានការរិះគន់ពីអ្នកជំនាញ ថាទំនប់នេះអាចមានផលប៉ះពាល់ដ៏មហន្តរាយដល់វិស័យជលផលនិងប្រព័ន្ធ បរិស្ថានរបស់ទន្លេមេគង្គ។
ទោះជាយ៉ាងណាក្តី ក៏អ្នករស់នៅក្នុងមូលដ្ឋាននិយាយថាពួកគាត់មានការបារម្ភជានិច្ច។
«ហើយពាក្យចេះតែសួរគ្នាឮតៗ គ្នា គេថាទំនប់ គេសិក្សាឃើញអស់ហើយ បើសិនគេមកធ្វើទំនប់ហ្នឹងមានខ្នាតធំបំផុត ហើយមានកម្ពស់ដល់ទៅ ៥៦ម៉ែត្រពីផ្ទៃយើងឡើងទៅ។ អញ្ចឹងពួកអ្នកស្រុកយើង ពួកភូមិយើង យើងគិតថានៅ ពេលនោះយើងនឹងរើទីលំនៅហើយ។ អញ្ចឹងពួកយើងចាប់ផ្តើមព្រួយចិត្តមិនដឹងគេមកធ្វើនៅអង្កាល អញ្ចឹងវាអត់ប្រាកដថាគេមកធ្វើអង្កាល អត់ដឹង។ ទោះបីសួរអ្នកណាក៏មិនដឹងដែរ។»
លោកអ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងឋាមពល បានមានប្រសាសន៍ថា ការភិតភ័យទាំងនេះ មិនសមហេតុផលទេដោយលោកលើកឡើងថាការចុះសិក្សាអំពីសក្តានុពល វារីអគ្គិសនីនៅតំបន់សម្បូរនេះមានជាច្រើនមកហើយ គឺចាប់តាំងពីឆ្នាំ១៩៦៤មកម៉្លេះ។ ម៉្យាងទៀត ការសិក្សាចុងក្រោយនេះគ្រាន់តែជាការសិក្សាបឋមប៉ុណ្ណោះ។
«ហើយរហូតមកដល់ពេលនេះ យើងអត់ទាន់សម្រេចថាធ្វើស្អីទេ យើងរង់ចាំថាការសិក្សានោះវាយ៉ាងម៉េច ដែលថា កាលពីមុនមក ថាអាហ្នឹងមានសក្តានុពលអាចធ្វើវារីអគ្គិសនីនោះបានហ្នឹង ធ្វើបានមែនឬអត់? ហើយប៉ះពាល់អីប៉ុន្មាន?»
លោកខាំ ខឿន អភិបាលខេត្តក្រចេះ បាននិយាយប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា លោកបានដឹងថាមានការសិក្សានៅស្រុកសម្បូរនេះ តែលោកមិនបានដឹងពីកម្រិតនៃការសិក្សានេះទេ។ លោកបានយល់ស្របនឹងលោកអ៊ិត ប្រាំង ថា វាមិនទាន់ដល់ពេលដែលត្រូវសួរអំពីគម្រោងនេះទេព្រោះការសិក្សា នៅកំពុងបន្ត។
ចាប់តាំងពីអ្នកនាងសួស វេ បានដឹងពីការសិក្សាគម្រោងទំនប់វារីអគ្គិសនីនេះមក អ្នកនាងបានខិតខំស្វែងយល់អំពីគម្រោងនេះ ដោយគាត់ធ្លាប់បានមកទីក្រុងភ្នំពេញដើម្បីអញ្ជើញចូលរួមសិក្ខាសាលា អំពីគម្រោងនេះ ព្រមទាំងបានធ្វើដំណើរទៅខេត្តរតនគីរី ដើម្បីឃើញផ្ទាល់ភ្នែកនូវផលប៉ះពាល់របស់ទំនប់យ៉ាលីរបស់វៀតណាម មកលើសហគមន៍នៅទីនោះ។ អ្នកនាងស្ថិតនៅក្នុងចំណោមអ្នកស្រុកដែលដឹងច្រើនជាងគេអំពើសំណើ សាងសង់នេះ។
នៅក្នុងផ្សារត្រីរបស់ទីរួមស្រុកសម្បូរ អ្នកស្រុកមានការយល់ដឹងតិចតួចណាស់អំពីសំណើឲ្យមានការសាងសង់ ទំនប់វារីអគ្គីសនីនេះ។ បើតាមផែនទីនៃការសិក្សាកន្លងមក ផ្សារសម្បូរនឹងត្រូវស្ថិតនៅក្បែរនឹងជើងទំនប់វារីអគ្គិសនី ដែលគេស្នើឡើងនេះតែម្តង។
អ្នកលក់ត្រីអាយុ៣៣ឆ្នាំម្នាក់ ដែលបានហៅខ្លួនឯងថា អាឌីក បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា នាងមិនដែលធ្លាប់ឮអ្វីសោះអំពីគម្រោងទំនប់កាត់ទន្លេមេគង្គនេះ។
អ្នកមីង ញូង សុខឃីម អាយុ៥៤ឆ្នាំ ជាកសិករនិងជាអ្នកលក់ត្រីនៅក្បែរនោះដែរ បានមានប្រសាសន៍ថា អ្នកមីងបានឃើញអ្នកជំនាញចិនចុះមកវាស់វែងនៅស្រុកសម្បូរនេះ តែគាត់ក៏បានសម្តែងនូវការរសាយចិត្តចំពោះការខ្វះខាតនូវព័ត៌មាន អំពើគម្រោងនេះ។
«មានតែឃើញចិនហើយនិងសម្ភារៈឧបករណ៍វា ប៉ុន្តែដំណើរការធ្វើ ដូចអត់មានឃើញទេ។ មិនដឹងជាសម្ភារៈអីឃើញវាដឹកជាដែកជាស្អី នៅហ្នឹងសម្បូណ៌យើងហ្នឹង នៅខាងលើវត្តហ្នឹង។ សួរអ្នកណាក៏អ្នកណាមិនដឹង អាជ្ញាធរក្នុងស្រុកហ្នឹងក៏អត់ដឹងទៀតមិនដឹងផែនការមកពីកន្លែង ណា។»
ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរមូលដ្ឋានបានធ្វើឲ្យអ្នកស្រុកកាន់ តែមានក្តីបារម្ភ។ បទសម្ភាសន៍មួយរបស់វីអូអេសំឡេងសហរដ្ឋអាមេរិក ជាមួយនឹងលោកហេង សុថា អភិបាលស្រុកសម្បូរ បានបញ្ជាក់ថា អាជ្ញាធរថ្នាក់ស្រុកប្រហែលជាកាន់តែមិនដឹងពីរឿងនេះទៅទៀត។
«បញ្ហារឿងសាងសង់ទំនប់វារីអគ្គិសនីនេះ ក៏ខ្ញុំអត់ទាន់បានក្តាប់ព័ត៌មានច្បាស់ពិតប្រាកដនៅឡើយដែរ គ្រាន់តែឮពាក្យប្រជាជនគាត់និយាយតៗគ្នាទេ ប៉ុន្តែមិនទាន់មានឯកសារណាមួយបញ្ជាក់ជាផ្លូវការឲ្យខ្ញុំមាន វិធានការយ៉ាងម៉េចនោះ អត់ទាន់មាននៅឡើយទេ។»
អ្នកសង្កេតការណ៍របស់អង្គការសង្គមស៊ីវិលខ្លះ បានសម្តែងនូវក្តីបារម្ភថា អ្នកសិក្សានិងអ្នករៀបគម្រោង មិនបានយកមតិនិងការបារម្ភរបស់ប្រជាជនមូលដ្ឋានទៅពិចារណាទេ ហើយនៅពេលដែលការសិក្សាចប់ ពួកគាត់មិនមានអំណាចអ្វីក្នុងការបញ្ឈប់គម្រោងនេះទេ។
លោកអ៊ិត ប្រាំង បានបដិសេធនូវទស្សនៈបែបនេះ ដោយលោកមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងពិចារណាជាពិសេសអំពីផលប៉ះពាល់អវិជ្ជមានទាំងឡាយ មុននឹងសម្រេចថាត្រូវឬមិនត្រូវសាងសង់នោះ។ លោកបានអះអាងផងដែរថានាពេលកន្លងមក ក្រសួងរបស់លោកធ្លាប់បានអញ្ជើញអាជ្ញាធរមូលដ្ឋានមកចូលរួម សិក្ខាសាលាដើម្បីស្វែងយល់ពីសំណើសាងសង់ទំនប់វារីអគ្គិសនីនេះ។
បើតាមរបាយការណ៍ពង្រាងរបស់គណៈកម្មការទន្លេមេគង្គ ដែលបានចេញផ្សាយកាលពីពាក់កណ្តាលខែឧសភា អាងស្តុកទឺករបស់ទំនប់វារី អគ្គិសនីសម្បូរនេះ ត្រូវគេគិតថានឹងអាចមានចម្ងាយរហូតដល់៨៦គ.ម. ដល់ជិតនឹងខេត្តស្ទឹងត្រែង ហើយមានផ្ទៃលិចលង់រហូតដល់៦២០គ.ម.ការ៉េ ដោយរួមទាំងផ្ទៃដីកសិកម្មចំនួន៣.៣៦៩ហិកតាផង។
គណៈកម្មការទន្លេមេគង្គបានអះអាងថា ព័តមាននៅក្នុងរបាយការណ៍នេះផ្អែកទៅលើការសិក្សារបស់ក្រុមហ៊ុនចិន នេះ ហើយរបាយការណ៍ជាផ្លូវការនឹងចេញផ្សាយនៅចុងខែកញ្ញាខាងមុខនេះ។
សម្រាប់អ្នកនាងសួស វេ វិញ ការរង់ចាំនិងភាពស្ងៀមស្ងាត់នៅតែបន្ត ហើយអ្នកនាងមិនដឹងថាតើនាងនឹងមានសិទ្ធិសម្រេចខ្លះឬទេ ឬ ពេលនាងនឹងមានសិទ្ធិសម្រេចខ្លះក្នុងរឿងនោះ។ ក៏ប៉ុន្តែអ្វីដែលនាងដឹងច្បាស់គឺថា៖
«រាល់ថ្ងៃហ្នឹង លែងចង់បានភ្លើង បានអីហើយ បើឮថារើទីលំនៅ ឧទាហរណ៍ថាទីលំនៅយកទៅបាន តែដូចឆ្អឹងដូនតាយើងពីមុនម៉ោដែលកប់នៅនឹងដីហើយ យើងយកទៅណា? តែធ្វើហ្នឹងលិចទឹកហើយ រួចយើងគោរពបូជារាល់ឆ្នាំ។ បើសិនជាទឹកលិចទៅវាអស់រលីងរលត់ហើយគ្មានសល់អី។»
មន្ត្រីអភិរក្សប្រកាសជូនរង្វាន់ដល់អ្នកផ្ដល់ព័ត៌មានពីអ្នកបាញ់សម្លាប់ដំរី
មន្ត្រី អភិរក្សជីវចម្រុះកែវសីមា ក្នុងខេត្តមណ្ឌលគិរី បានប្រកាសថា នឹងផ្ដល់ប្រាក់រង្វាន់ចំនួន ២លានរៀល ចំពោះអ្នកភូមិដែលផ្ដល់ព័ត៌មាន អាចនាំទៅដល់ការចាប់ខ្លួនអ្នកសម្លាប់សត្វដំរីផើមមួយក្បាល។
អនុប្រធានអភិរក្សជីវចម្រុះកែវសីម៉ា លោក ប៉ែត ភ័ក្រ្តា មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញាថា ក្រុមមន្ត្រីអភិរក្សបានប្រឹងប្រែងស្វែងតាមរកចាប់ខ្លួនជនសង្ស័យ ដែលបានសម្លាប់ដំរីផើមមានកូនក្នុងពោះមួយក្បាល កាលពីថ្ងៃទី៧ ខែកញ្ញា ប៉ុន្តែការព្យាយាមជាច្រើនថ្ងៃមកនេះ នៅតែមិនទាន់មានតម្រុយអាចកំណត់មុខសញ្ញាជនសង្ស័យបាននៅឡើយ។
លោក ប៉ែត ភ័ក្រ្តា បានអំពាវនាវថា សូមឲ្យប្រជាពលរដ្ឋនៅក្នុងភូមិទាំងឡាយណាដែលដឹងអំពីជនសង្ស័យ សូមមេត្តាមករាយការណ៍ជូនសមត្ថកិច្ចលោក នោះក្រុមសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់ជូននូវប្រាក់រង្វាន់ចំនួន ២លានរៀល។
លោក ប៉ែត ភ័ក្រ្តា បានដាក់ការសង្ស័យ ២យ៉ាងទៅលើការបាញ់សម្លាប់ដំរីផើមមួយក្បាលនេះថា ៖ «ទី ១ ជនល្មើសបាញ់ដំរីនេះដើម្បីការងារអាជីវកម្ម ហើយការសន្និដ្ឋានទី២ ខ្ញុំគិតថា វាពាក់ព័ន្ធនឹងបញ្ហាទំនាស់រវាងដំរី និងមនុស្ស ព្រោះអីកាលពី១ខែមុន ខ្ញុំបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ដែលគាត់ធ្វើចម្ការដាំដំឡូងដាំអីនៅជុំវិញតំបន់ហ្នឹងច្រើនថា សត្វដំរីដែលរស់នៅតំបន់ហ្នឹងឧស្សាហ៍ទៅបំផ្លាញដំឡូងគាត់មានទំហំ ធំ អ៊ីចឹងគាត់ចេះតែប្ដឹងមកយើង។ អ៊ីចឹងខ្ញុំអាចថា ទី១ ទាក់ទងនឹងរឿងការជួញដូរ ហើយទី២ ទាក់ទងនឹងរឿងកំហឹងប្រជាពលរដ្ឋដែលគាត់ខឹងហ្នឹង អាចខឹងខ្លាំងទៅ គាត់អាចប្រើប្រាស់អាវុធពីអ្នកណា ឬគាត់សហការជាមួយកម្លាំងណា ក៏យើងអត់ទាន់ច្បាស់ដែរចំណុចនេះ»។
លោកបានបន្តថា ក្រុមមន្ត្រីអភិរក្សកំពុងតាមរកមុខសញ្ញាជនសង្ស័យដោយមិនបញ្ឈប់ ឡើយ ព្រោះករណីនេះជនល្មើសនឹងមានទោសធ្ងន់ធ្ងរណាស់។
ប្រជាពលរដ្ឋនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា បានថ្លែងថា ដំរីផើមមួយក្បាលនេះ ត្រូវគេបាញ់ចំនួន ៤គ្រាប់ ហើយគេពន្លះយកស្បែកមួយចំហៀងខ្លួន និងកាត់យកប្រមោយមួយកំណាត់ ព្រមទាំងចែរបស់វាទាំងសងខាង និងកាត់យកកន្ទុយទៅបាត់រហូតដល់ពេលធំក្លិនស្អុយ ទើបអ្នកចម្ការជិតនោះប្រទះឃើញថា មានដំរីត្រូវគេបាញ់ងាប់។
អ្នកភូមិបានឲ្យដឹងបន្ថែមថា ៖ «កូនដំរីហ្នឹងគេភ្លើយស្បែក មេហ្នឹងទៅវាធ្លាយចេញមកក្រៅ។ កូនដំរីនោះវានៅល្បាក់ប្រហែលជាបីខែអីទៀតកើតហើយ។ ពីរករណីហើយបាញ់ដំរីនោះ កាលពីឆ្នាំទៅមួយនោះមួយដែរ។ មនុស្សប្រព្រឹត្តមិនមែនជាប្រជាពលរដ្ឋអ្នកប្រមាញ់ទេ ព្រោះប្រជាពលរដ្ឋអត់មានកាំភ្លើងទេ»។
ជាទូទៅដំរីតែងរងគ្រោះថ្នាក់ដោយការសម្លាប់របស់ព្រាន ដើម្បីយកស្បែក និងបំណែកសរីរាង្គខ្លះទៀត ទៅផ្សំធ្វើជាថ្នាំបុរាណចិន ចំណែកឯភ្លុក និងចែដំរីវិញ គេច្រើនយកទៅស្រោបមាស ឬប្រាក់ ដាក់តាំងលម្អនៅក្នុងគេហដ្ឋានធំៗស្កឹមស្កៃនៃពួកអភិជន។
ដំរីផើមមួយក្បាលនេះ ត្រូវគេបាញ់សម្លាប់នៅចំណុចអូរថ្មដា មានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីភូមិអូរអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា។
មន្ត្រីអភិរក្សសត្វព្រៃឲ្យដឹងថា នៅចំណុចអូរថ្មដាតែមួយនេះ មានដំរី ២ក្បាលហើយបានងាប់។ ក្នុងនោះកាលពីឆ្នាំ២០០៩ មានមួយក្បាលបានងាប់ដោយរអិលធ្លាក់ចូលក្នុងទីជម្រៅអូរដោយខ្លួន ឯង និងមួយក្បាលទៀត គឺដំរីផើមដែលត្រូវគេបាញ់កាលពីពេលថ្មីៗនេះ។
អ្នកភូមិបានរាយការណ៍ថា កាលពីខែសីហា ឆ្នាំ២០០៩ មានដំរីញីមួយក្បាលផ្សេងទៀត ត្រូវគេបាញ់ចំនួន ៩គ្រាប់ពីកន្លែងផ្សេង ហើយបានរត់មកងាប់នៅក្រោយសាលារៀន មិនឆ្ងាយប៉ុន្មានពីភូមិអូរអាមផងដែរ។
របាយការណ៍របស់ក្រុមអភិរក្សឆ្នាំ២០០៨ នៅក្នុងតំបន់អភិរក្សកែវសីមា មានសត្វដំរីព្រៃចំនួន ១១៦ក្បាល ដោយឡែកចំពោះដំរីស្រុកវិញ តាមមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ឲ្យដឹងថា មាន ៦៩ក្បាល ហើយភាគច្រើនត្រូវបានប្រើជាមធ្យោបាយរកប្រយោជន៍ពីវិស័យទេសចរណ៍៕
ផលប៉ះពាល់ពីការសង់ទ
ផលប៉ះពាល់ពីការសង់ទំនប់វារីអគ្គិសនីនៃទន្លេមេគង្គ!
នេះគឺជាអត្ថបទដែលសរសេរជាភាសាអង់គ្លេសនិយាយពីផលប៉ះពាល់ដល់បឹងទន្លេសាបបណ្ដាលមកពីការសង់ទំនប់វារីអគ្គិសនីច្រើនលើសកំណត់នៅផ្នែកខាងលើនៃទន្លេមេគង្គ ។ ខ្ញុំមិនបានបកប្រែជាភាសាជាតិទេ ប្រសិនជាមានអ្នកចង់យកវាទៅប្រែសម្រួលជាភាសាជាតិហើយដាក់ប្រកាសនៅត្រង់ណានោះ ខ្ញុំសូមអរគុណចំពោះការចែកចាយ ។Impacts of Hydropower Dam on Tonle Sap III [Compatibility Mode]