ឥណ្ឌូណេស៊ី​ស្នើ​សុំ​ដាក់​អ្នក​សង្កេតការណ៍​នៅ​៣ ​ចំណុច​ក្នុង​ទឹក​ដី​កម្ពុជា

ប្រទេស​ឥណ្ឌូណេស៊ី បាន​ស្នើ​សុំ​ដាក់​ទី​តាំង​សង្កេតការណ៍​បី​ចំណុច​ក្នុង​ទឹក​ដី​កម្ពុជា ជាប់​ព្រំដែន​ថៃ សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍​របស់​ខ្លួន ដើម្បី​បំពេញ​ការងារ​ក្នុង​កិច្ច​អន្តរាគមន៍​លើ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ- ​ថៃ។

RFA/Yun Samean

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី និង​ជា​ប្រធាន​សមាគម​អាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ស្ដីពី​បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។

http://flash-mp3-player.net/medias/player_mp3_maxi.swf

ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ផ្ញើ​លិខិត​តប​ទៅ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី ជា​ប្រធាន​សមាគម​អាស៊ាន និង​ជា​អ្នក​សម្របសម្រួល​ក្នុង​ជម្លោះ​ព្រំដែន​ខ្មែរ-​ថៃ​នោះ​ថា លោក​បាន​យល់​ព្រម​តាម​សំណើ​លើ​លក្ខខណ្ឌ​ថ្មី​សម្រាប់​ក្រុម​អ្នក​ សង្កេតការណ៍​ព្រំដែន​នោះ​ហើយ។

កាល​ពី​យប់​ថ្ងៃ​ទី​១៣ ​មេសា លោក កុយ គួង អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​ផ្ញើ​លិខិត​ពីរ​ច្បាប់ មួយ​ច្បាប់​ជូន​ទៅ​ភាគី​ថៃ និង​មួយ​ច្បាប់​ទៀត​ជូន​ទៅ​ភាគី​កម្ពុជា។ ចំពោះ​លិខិត​ទៅ​កាន់​ភាគី​ថៃ លោក​មិន​បាន​ដឹង​ពី​សេចក្ដី​ស្នើ​នោះ​មាន​ខ្លឹមសារ​យ៉ាង​ណា​ទេ ប៉ុន្តែ​ចំពោះ​ភាគី​កម្ពុជា លោក ម៉ាទី បាន​សុំ​ដាក់​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី លើ​ទីតាំង​បី​ចំណុច​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

លោក កុយ គួង បន្ថែម​ថា ៖ «សូម​ជម្រាប​ថា ថ្ងៃ​នេះ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ហើយ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​១២ មេសា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​ទទួល​លិខិត​ពី​ឯកឧត្ដម ម៉ាទី ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ស្ដីពី​លក្ខខណ្ឌ​ប្រតិបត្តិ​ថ្មី​សម្រាប់​អ្នក​អង្កេត​ការណ៍​ឥណ្ឌូណេស៊ី នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ។ ក្នុង​លិខិត​នោះ​ឯកឧត្ដម ម៉ាទី បាន​ស្នើ​ឲ្យ​មាន​ចំណុច​ឈរ​ជើង​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី ចំនួន ៣​ទីតាំង​នៅ​ខាង​កម្ពុជា គឺ​ទី​១ ៥​មករា ទី​២ តាសឹម និង​ទី​៣ ចាក់ច្រែង»

លោក កុយ គួង ក៏​បាន​បន្ថែម​ថា ភាគី​កម្ពុជា ក៏​បាន​ផ្ញើ​លិខិត​តប​ភ្លាមៗ​ទៅ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា បញ្ជាក់​ការ​យល់​ស្រប និង​ការ​គាំទ្រ​តាម​ការ​ស្នើ​សុំ​របស់​លោក ហើយ​ប្រធាន​សមាគម​អាស៊ាន​រូប​នេះ ក៏​បាន​សម្ដែង​សេចក្ដី​រីករាយ​ណាស់​ដែរ ដែល​កម្ពុជា​យល់​ព្រម​តាម​ការ​ស្នើ​សុំ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «…នេះ​ជា​ឆន្ទៈ​ថ្មី​មួយ​ទៀត​របស់​ កម្ពុជា​មួយ​ដែរ ដោយ​ឈរ​លើ​ស្មារតី​គោរព​ការ​ឈប់​បាញ់​អចិន្ត្រៃយ៍​ដែល​អាន​នាំ​ទៅ​រក​ការ​ ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​នៅ​ថ្ងៃ​ទី​១៣ មេសា នេះ លោក ម៉ាទី ក៏​បាន​ផ្ញើ​លិខិត​ជូន​លោក ហោ ណាំហុង និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដោយ​ក្នុង​លិខិត​នេះ​បាន​បញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​ពី​លោក ហោ ណាំហុង ដោយ​ការ​ពេញ​ចិត្ត​ហើយ»

លោក កុយ គួង ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី កំពុង​តែ​រង់ចាំ​ចម្លើយ​ពី​ភាគី​ថៃ​ប៉ុណ្ណោះ៕

ចិន​សន្យា​ផ្ដល់​ជំនួយ​១.៦០០​លាន​ដុល្លារ​ដល់​ កម្ពុជា

ដោយ ហាស់ សាន

ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ១.៦០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន ២៣ ក្នុង​រយៈ​ពេល ៥​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​២០១០ ដល់ ២០១៥។

// <![CDATA[// ក្នុង ​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​វិបត្តិ​សង្គម​ជាតិ​រឿង​វិវាទ​ដីធ្លី ដែល​ទាក់ទិន​នឹង​អ្នក​មាន​អំណាច មាន​លុយ ដែល​វាតទី​យក​ដី​ថា​សម្រាប់​អភិវឌ្ឍន៍ ឬ​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក និង​ពី​បរទេស និង​ក្នុង​ពេល​ដែល​កម្ពុជា កំពុង​មាន​បញ្ហា​កំណើន​សេដ្ឋកិច្ច​មិន​សូវ​លូតលាស់ និង​កំពុង​ត្រូវ​ការ​ខ្ចី​ថវិកា​បង្គ្រប់​ការ​ចំណាយ​រឿង​អភិវឌ្ឍន៍​ជាតិ ស្រាប់តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ជួយ​ដល់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ជំនួយ​ច្រើន​ប្រភេទ ក្នុង​នោះ​មាន​ការ​ផ្ដល់​ជំនួយ​ឥត​សំណង ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​យក​ការ​ប្រាក់​ទាប ក្រោម​អត្រា​ការ​ប្រាក់​ទីផ្សារ​សេរី​ជា​ច្រើន​រយ​លាន​ដុល្លារ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​នានា ក្នុង​ទស្សនកិច្ច​នៃ​ប្រធាន​គណៈកម្មាធិការ​នៃ​សភា​ប្រជាជន​ចិន លោក វូ បាងគូ (Wu Bangguo) ចិន​បាន​សន្យា​ជួយ​កម្ពុជា ខាង​វិស័យ​ជា​ច្រើន​ក្នុង​រយៈ​ពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១០ ដល់ ២០១៥ ក្នុង​កញ្ចប់​ជំនួយ​មាន​ទឹក​ប្រាក់ ១.៦០០​លាន​ដុល្លារ ដែល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា រដ្ឋ​អំណាច​ក្រុង​ប៉េកាំង ជួយ​ដល់​គម្រោង​សហ​ប្រតិបត្តិការ​ចំនួន ២៣​គម្រោង មាន​ដូច​ជា សង់​ទំនប់​វារីអគ្គិសនី រ៉ែ ស្ពាន ផ្លូវ​ដែក​ជាដើម ក្រៅ​ពី​ជួយ​សង្គ្រោះ​ទុន ដោយ​សង​បំណុល​ជំនួស​ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ូប៊ីថែល ចំនួន ៥៩១​លាន​ដុល្លារ។ ជំនួយ​ទាំង​អស់​នេះ​បញ្ចេញ​ថវិកា​ជួយ​ដោយ​ធនាគារ​ចិន។

នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ចិន ចំនួន​ជិត ៤០០​ក្រុមហ៊ុន ដែល​ដាក់​ទុន​រក​ស៊ី ហើយ​កាល​ពី​ឆ្នាំ​២០០៩ ចិន​ឲ្យ​កម្ពុជា​ខ្ចី​ចំនួន ១​ពាន់​២​រយ​លាន​ដុល្លារ បន្ទាប់​ពី​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ជនជាតិ​អ៊ុយហ្គរ៍ កាន់​សាសនា​អ៊ីស្លាម ទៅ​ឲ្យ​រដ្ឋ​អំណាច​ចិន​នោះ។

ទស្សនាវដ្ដី​មួយ​ឈ្មោះ The Diplomat ឬ​ប្រែ​ថា អ្នក​ការទូត ដែល​ផ្សាយ​អត្ថបទ​រឿង​ចិន នៅ​កម្ពុជា ថ្ងៃ​៧ ខែ​ឧសភា ឆ្នាំ​២០០៩ គេ​ហៅ​សកម្មភាព​ចិន​នៅ​កម្ពុជា​ថា ការ​វាត​ឥទ្ធិពល​របស់​ចិន គ្រប​ដណ្ដប់​នៅ​កម្ពុជា (China’s Cambodia Hegemony)៕

អាជ្ញាធរ​ខេត្ត​សៀមរាប​ដាក់​កម្លាំង​​ជាង​១​ពាន់ ​នាក់​ការពារ​សន្តិសុខ ហ៊ីឡារី គ្លិនតុន

ដោយ ហង្ស សាវយុត

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រាយ​បណ្ដាក់​កម្លាំង​ការពារ​សន្តិសុខ​ជាង ១​ពាន់​នាក់​នៅ​តាម​ដង​ផ្លូវ និង​គោលដៅ​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ការពារ​សន្តិសុខ​​​សម្រាប់​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​ សហរដ្ឋ​អាមេរិក ដែល​នឹង​អញ្ជើញ​មក​ដល់​នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ។

AFP PHOTO

២២-កក្កដា-២០១០: រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី Hillary Clinton ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម

http://flash-mp3-player.net/medias/player_mp3_maxi.swfមន្ត្រី​ទទួល​បន្ទុក​ផ្នែក​ការពារសន្តិសុខ​បាន​ឲ្យ​ដឹង​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ពិសេស ចេញ​ពី​ប្រទេស​វៀតណាម មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប នៅ​វេលា​យប់​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​តុលា​ ឆ្នាំ​២០១០​នេះ ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​បូរាណ មុន​ពេល​ដែល​លោកស្រី​នឹង​​បន្ត​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ទីក្រុង​ ភ្នំពេញ ទៀត​នោះ។

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ការពារ​សន្តិសុខ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ ក្រសួង​ការបរទេស​អាមេរិក ដែល​មក​កាន់​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​តុលា​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន នឹង​មក​ដល់​ខេត្ត​សៀមរាប នៅ​វេលា​ថ្ងៃ​នេះ ៖ «ម៉ោង ៩​យប់»

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា រូប​លោក និង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ជា​ច្រើន​រូប​ទៀត នៅ​រង់ចាំ​ទទួល​ស្វាគមន៍​ដំណើរ​មក​ដល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស សហរដ្ឋ​អាមេរិក ដែល​នឹង​មក​ដល់​ទឹក​ដី​ក្រោម​ការ​គ្រប់គ្រង​​របស់​លោក។

លោក ស៊ូ ភិរិន្ទ បន្ត​ទៀត​ថា ៖ «មក​ពី​ទីក្រុង​ហាណូយ (ប្រទេស​វៀតណាម) មក តាម​យន្តហោះ​ពិសេស​របស់​គាត់ ​ចុះ​នៅ​ខេត្ត​យើង​ហ្នឹង ថ្ងៃ​៣០ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​​សៀមរាប។ ខ្ញុំ​ទៅ​ទទួល​គាត់​ជាមួយ​ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ឯកឧត្តម អ៊ុច បូរិទ្ធ និង​មន្ត្រី​មួយ​ចំនួន​ទៀត»

ការ​រៀបចំ​ផែន​សន្តិសុខ​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក មក​ខេត្ត​សៀមរាប​នោះ គឺ​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រើ​​កង​កម្លាំង​ការពារ​សន្តិសុខ​រហូត​ដល់​ទៅ​ជាង ១.០០០​នាក់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ស្នាក់នៅ​ខេត្ត​សៀមរាប ចំនួន ២​ថ្ងៃ ដើម្បី​ទស្សនា​ប្រាសាទ​បូរាណ លោកស្រី ហ៊ីល​​​​​ឡារី គ្លិនតុន នឹង​បន្ត​ទស្សនកិច្ច​ផ្លូវការ​ទៅ​​កាន់​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​គម្រោង​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ និង​ជួប​ប្រជុំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​ ដើម្បី​ជួប​ប្រជុំ​ដាច់​ដោយ​ឡែក និង​មាន​គម្រោង​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ព្រមទាំង​មាន​គម្រោង​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ​​និង​ក្រុម​និស្សិត​មួយ​ចំនួន ក៏​នឹង​ជួប​ជាមួយ​សមាជិក​នៃ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ ដែរ៕

ហូលីវូដដាក់ទុន៧០លានដុល្លារដើម្បីផលិតខ្សែភាពយន្តនៅកម្ពុជា

ក្រុមហ៊ុន ​ថត​កុន​ហូលីវូដ​របស់​អាមេរិក មាន​គោល​បំណង​មក​ថត​ខ្សែ​ភាព​មួយ​រឿង​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​ថា មហា​អធិរាជ​ខ្មែរ (Great Khmer Empire) ដែល​ខ្សែ​ភាពយន្ត​នេះ​គេ​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​សម្រាប់​ផលិត​ប្រមាណ ៧០​លាន​ដុល្លារ ដោយ​ចាប់​ផ្ដើម​​ផលិត​​ពី​ដើម​ឆ្នាំ​២០១១ នៅ​ក្នុង​ទឹក​ដី​អង្គរ​ប្រទេស​កម្ពុជា។

លោក ថូនី សេណា (Tony Schiena) ដែល​ជា​តារា​ភាពយន្ត​ក្រុមហ៊ុន​ហូលីវូដ​អាមេរិកាំង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នា​ក្រសួង​ព័ត៌មាន កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​២២ ខែ​កញ្ញា​ថា បាន​ជា​ក្រុម​សាជីវកម្ម​ភាពយន្ត​ហូលីវូដ​ជ្រើស​រើស​ប្រទេស​កម្ពុជា ដើម្បី​ថត​រឿង​ដែល​មាន​ចំណង​ជើង​ថា មហា​អធិរាជ​ខ្មែរ​នោះ ព្រោះ​ប្រទេស​កម្ពុជា មាន​ទេសភាព​ប្រណីត រួម​ទាំង​មាន​ស្នាដៃ​បុព្វបុរស​បាន​សាង​ទុក​ច្រើន​អនេក ដែល​មិន​ទាន់​បាន​រំលេច​ជា​រូបរាង​ភាពយន្ត​ឲ្យ​ពិភពលោក​មើល​ឃើញ​ភាព​ ស្ញប់ស្ញែង​នោះ។

លោក ថូនី សេណា បាន​បន្ត​ថា តួ​ឯក​សម្ដែង​ក្នុង​រឿង​នោះ គឺ​លោក ចន ស៊ីណា (John Sena) និង​លោកស្រី អែនជេលីណា ចូលី (Angelina Jolie) ជា​ជន​ជាតិ​អាមេរិកាំង​ទាំង​ពីរ​នាក់។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក សោម សុគន្ធ បាន​ថ្លែង​ថា ការ​ផលិត​រឿង​មហា​អធិរាជ​ខ្មែរ ថត​ដោយ​ក្រុម​សាជីវកម្ម​ភាពយន្ត​ហូលីវូដ​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​ជួយ​លើក​កម្ពស់​មុខ​មាត់​ប្រទេស និង​មុខ​មាត់​ជន​ជាតិ​ខ្មែរ។

តារា​សម្ដែង​ល្បី​ឈ្មោះ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក​ដល់​បច្ចុប្បន្ន លោក យុទ្ធ តារាឆានី បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​លោក​មិន​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង មហា​អធិរាជ​ខ្មែរ ដែល​ដឹកនាំ​ផលិត​ដោយ​ក្រុម​សាជីវកម្ម​ភាពយន្ត​ហូលីវូដ ប៉ុន្តែ​លោក​សង្ឃឹម​ថា នឹង​ទទួល​បាន​បទពិសោធន៍​ការងារ និង​អំពី​ឈុត​ឆាក​សម្ដែង។

លោក យុទ្ធ តារាឆានី បន្ត​ថា ៖ «អ៊ីចឹង​យើង​មាន​ឱកាស​ដក​បទពិសោធន៍​ពី ហូលីវូដ យើង​អាច​នឹង​បង្កើន​ការ​រីក​ចម្រើន​របស់​ភាពយន្ត​ខ្មែរ​យើង ដែល​ភាពយន្ត​យើង​ពី​មុន​មក​អត់​ទាន់​មាន​ស្តង់ដារ​ទេ អ៊ីចឹង​បើ​គេ​មាន​ស្តង់ដារ​មក យើង​យក​គំរូ​របស់​គេ»

ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ បាន​ឲ្យ​ដឹង​ថា រឿង​មហា​អធិរាជ​ខ្មែរ​នេះ គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៧០​លាន​ដុល្លារ​ក្នុង​ការ​ផលិត ដែល​មាន​កិច្ច​សហការ​ជាមួយ​ប្រទេស​ហុងគ្រី និង​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ។ ការ​ផលិត​ភាពយន្ត​នេះ នឹង​ប្រើ​រយៈ​ពេល ៣​ឆ្នាំ។ ក្រៅ​ពី​តួ​ឯក​ខាង​លើ នឹង​មាន​តួ​សម្ដែង​ល្បីៗ​ចូល​រួម ​ដូច​ជា​លោក ជេត លី (Jet Li) តួ​ល្បី​របស់​ប្រទេស​ចិន អ្នកនាង ហាន ជីអ៊ុន តួ​ស្រី​ល្បី​នៅ​ប្រទេស​កូរ៉េ​ជាដើម។

ក្រុម​សាជីវកម្ម​ភាពយន្ត​ហូលីវូដ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ខាង​មុខ​នេះ នឹង​មាន​ការ​ជួប​ជុំ​អ្នក​ចេះ​ក្បាច់​គុន​ក្នុង​ប្រទេស​កម្ពុជា នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ត្រៀម​រើស​យក​ក្បាច់​គុន​ខ្លះ​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ផលិត​ ភាពយន្ត​មហា​អធិរាជ​ខ្មែរ​នោះ៕

សមយុទ្ធបាញ់គ្រាប់ពិតធ្វើថ្ងៃស្អែកនេះ

ការហ្វឹកហាត់បាញ់គ្រាប់ពិតទ្រង់ទ្រាយធំលើកទី២នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣
កញ្ញាស្អែកនេះនៅកងពលលេខ៥១ចំណុះឱ្យទីបញ្ជាការភូមិភាគ៥ស្ថិតក្នុងស្រុករតន
មណ្ឌលខេត្តបាត់ដំបង ជាប់ព្រំប្រទល់ខេត្ត ប៉ៃលិន។លោកនាយឧត្តមសេនីយ៍គន់គីម
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទប្រាប់កាសែតកម្ពុជាថ្មីថានេះជាសមយុទ្ធ
ធំលើកទី២ហើយបន្ទាប់ពីសម យុទ្ធនៅខេត្តកំពង់ ឆ្នាំងកាលពីដើម ឆ្នាំនេះ។កាំភ្លើង
ដែលត្រូវបាញ់ មានប្រភេទកាំភ្លើង យន្តបាញ់ការពារ ដែនអាកាស ប្រភេទ២៣មីល្លិ
ម៉ែត្រនិង៣៧មីល្លិម៉ែត្រនិងកាំភ្លើងត្បាល់បាញ់ផ្លោង។កាសែតខាងលើរាយការណ៍ថា
នៅពេលនេះ កងទ័ពកំពុងជិះ ឧទ្ធម្ភាគចក្រប្រកាស តាមមេក្រូនិងបាចខិតប័ណ្ណប្រាប់
ដល់អ្នកស្រុកកុំឱ្យចូលព្រៃចាប់ពីព្រឹកថ្ងៃទី២៣ កញ្ញាទៅនៅត្រង់ កន្លែងដែលគ្រាប់
ត្រូវធ្លាក់នៅភ្នំវែង។

រូបសំណាកស្ដេចកនត្រូវលើកតម្កល់ជំនួសរូបតេជោ ដាំ ឌឹន

អាជ្ញាធរ ​ខេត្ត​ប៉ៃលិន​បាន​លើក​ដាក់​តម្កល់​រូប​ព្រះ​បរម​រូប ព្រះ​បាទ​ស្រី​ជេដ្ឋា ព្រះ​ស្ដេច កន នៅ​ទី​សាធារណៈ​ជំនួស​រូប​សំណាក​មេទ័ព​ខ្មែរ តេជោ ដាំ ឌឹន ដែល​​ជា​អតីត​វីរបុរស​ខ្មែរ​មួយ​អង្គ​​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​ដឹក​ នាំ​កង​ទ័ព​ធ្វើ​ពិជ័យ​សង្គ្រាម​ការពារ​ទឹក​ដី​ខ្មែរ។

អភិបាល​ខេត្ត​ប៉ៃ ន លោក អ៊ី ឈាន បាន​មាន​ប្រសាសន៍​ថា ការ​ដែល​អាជ្ញាធរ​ខេត្ត​សម្រេច​យក​ព្រះ​បរម​រូប ព្រះបាទ​ស្រី​ជេដ្ឋា ព្រះ​ស្ដេច កន មក​ដាក់​លើ​កំផែង​ជំនួស​រូប​សំណាក​តេជោ ដាំ ឌឹន គឺ​ដោយ​រូប​សំណាក​មេទ័ព​តេជោ ដាំ ឌឹន ត្រូវ​បាន​គេ​សូន​រូប​ឡើង​មាន​ព្រះសិរ​ទាប​ជាង​ក្បាល​សេះ មើល​ទៅ​មិន​សម និង​គ្មាន​អំណាច។

លោក អ៊ី ឈាន បន្ថែម​ថា ៖ «យើង​អត់​មាន​អី​ខុស​ទេ ព្រោះ​នេះ​ជា​ស្ដេច​ខ្លាំង​ពូកែ​ដូច​គ្នា តេជោ ដាំ ឌឹន ក៏​ជា​អ្នក​ខ្លាំង​ពូកែ ស្តេច កន ក៏​ជា​អ្នក​ខ្លាំង​ពូកែ ប៉ុន្តែ​យើង​ត្រូវ​រៀប​ចំ​រូប​ចម្លាក់​យ៉ាង​ម៉េច​ឲ្យ​រាង​អំណាច ឲ្យ​រាង​ខ្លាំង​ពូកែ ហើយ​ឲ្យ​មាន​ឥទ្ធិពល»

លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ដាក់​តម្កល់​តាំង​ព្រះ​បរម​រូប ព្រះ​បាទ​ស្រី​ជេដ្ឋា ព្រះ​ស្ដេច កន ក្នុង​ខេត្ត​ប៉ៃលិន​នេះ គឺ​ជា​និមិត្តរូប​នៃ​វីរភាព​អង់​អាច​ខ្លាហាន​របស់​មេទ័ព​ខ្មែរ​ក្នុង​ការ​ឈរ ​ការពារ​ទឹក​ដី​ខ្មែរ ៖ «នេះ​ជា​គុណ​ប្រយោជន៍​របស់​អ្នក​ក្លាហាន​សម័យ មុន ទី​២ ដើម្បី​ពញ្ញាក់​អារម្មណ៍​បង​ប្អូន​ប្រជាពលរដ្ឋ និង​យុវជន​ការពារ​ជាតិ​យើង ឲ្យ​ឃើញ​ថា រូប​នេះ​ជា​រូប​សំណាក​មួយ​ក្លាហាន ដែល​មាន​ស្មារតី​អង់អាច​ពី​មុន​មក»

មាន​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ជាង ៦០០​នាក់ បាន​នាំ​គ្នា​ចូល​រួម​ក្នុង​ពិធី​លើក​តម្កល់​ព្រះ​បរម​រូប ព្រះ​បាទ​ស្រី​ជេដ្ឋា ស្តេច កន ដាក់​លើ​កំផែង​ជំនួស​រូប​សំណាក​មេទ័ព តេជោ ដាំ ឌឹន កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២១ ខែ​កញ្ញា នៅ​ភូមិ​បេង សង្កាត់​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

នៅ​ក្នុង​ពិធី​លើក​តម្កល់​ព្រះ​បរម​រូប ព្រះបាទ​ស្រី​ជេដ្ឋា ស្តេច កន នៅ​ក្នុង​ខេត្ត​ប៉ៃលិន កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កញ្ញា ក៏​មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ​សូត្រ​មន្ត និង​មាន​ការ​ប្រគំ​ភ្លេង​ពិណពាទ្យ​ផង​ដែរ។

ចំណែក​ឯ​មន្ត្រី​រាជការ​ស៊ីវិល និង​កម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​អ្នក​ស្រុក​ក្នុង​ខេត្ត​ប៉ៃលិន ក៏​បាន​នាំ​គ្នា​ដុត​ធូប ទៀន ធ្វើការ​បួង​សួង​តាម​ជំនឿ​របស់​ពួកគេ​រៀងៗ​ខ្លួន។

ព្រះបាទ​ស្រី​សេដ្ឋា ព្រះ​ស្ដេច កន គឺ​ជា​ស្ដេច​ខ្មែរ​មួយ​អង្គ​សោយ​រាជ្យ​នៅ​រាជធានី​ត្រឡប់ដូនទ័យ​ពិជ័យ​ ព្រៃនគរ ចាប់​តាំង​ពី​គ្រឹះ​សករាជ ១៥១២ រហូត​ដល់​គ្រឹះ​សករាជ ១៥២៥ បច្ចុប្បន្ន​រាជធានី​នេះ​មាន​ភូមិសាស្ត្រ​ស្ថិត​ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។

រូប​សំណាក​ស្តេច កន ដែល​គេ​លើក​តម្កល់​ដាក់​លើ​កំផែង មាន​ជិះ​លើ​ខ្នង​សេះ ដៃ​កាន់​ធ្នូ​បាញ់​ចេញ​គ្រាប់​ព្រួញ ៧​គ្រាប់ មាន​បណ្ដោយ​ខ្លួន​សេះ​ប្រវែង ២,៩​ម៉ែត្រ មាន​កម្ពស់ ៣,៣​ម៉ែត្រ។

ស្តេច កន គឺ​ជា​អង្គ​ក្សត្រ​ដែល​មាន​បុណ្យ​បារមី មាន​ទឹក​ចិត្ត​ក្លាហាន មាន​ថ្វី​ដៃ​គ្មាន​គូ​ប្រៀប និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​មោះមុត។ ក្នុង​ព្រះរាជ​កិច្ច​ដឹក​នាំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច មាន​ការ​អភិវឌ្ឍ​ក្រៃលែង ហើយ​បាន​បោះ​រូបិយវត្ថុ​ប្រាក់​ស្នឹង និង​មាន​មាស​សន្លឹក​ចាយ​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា៕

រថក្រោះ និង​រថ​ពាសដែក​ជិត​១០០​គ្រឿង មកដល់​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ហើយ

ខេត្ត​ព្រះសីហនុ ៖ រ​ថក្រោះ និង​រថ​ពាស​ដែក​ចំនួន​៩៦​គ្រឿង សំរាប់​ការពារ​ជាតិ (ព័ត៌​មាន​ជំហាន​ដំបូង) ត្រូវបាន​ដឹក​តាមកប៉ាល់​ឈ្មោះ BBC Pacific របស់​ប្រទេស​អង់​ទីហ្គា & បាប៊ូដា បាន​ចូលចត​នៅ​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​ហើយ កាលពីវេលាម៉ោង​៨​និង​៣០នាទី​ថ្ងៃទី​២០ កញ្ញា ២០១០ ។

កប៉ាល់ BBC Pacific មានបណ្តោយ​១១៦​ម៉ែត្រ ទទឹង​១៦.៥០​ម៉ែត្រ ជម្រៅទឹក​៦​ម៉ែត្រ អាច​ផ្ទុក​សំភារ​ជិត​៣​ពាន់​តោន នៅលើ​កប៉ាល់​គេ​សង្កេតឃើញ​រថ​ក្រោះ​ T54 មាន​ចំនួន​៥០​គ្រឿង និង​រថ​ពាស​ដែក​ចំនួន​៤៦​​គ្រឿងខណៈ​ពេល​កប៉ាល់​ចូលចត​ គេសង្កេត​ឃើញ​លោក​ឧត្តម​​សេនីយ៍​ឈុំ សុជាតិ អ្នកនាំ​ពាក្យ​ និង​តំណាង​ក្រសួង​ការពារជាតិ​ទៅទទួល​ស្វាគមន៍​ និង​ចាត់​ចែង​ទុក​ដាក់​រថ​ក្រោះ និង​រថ​ពាស​ដែកទាំងនោះ​ជា​មួយនឹង​តំណាង​ភាគីនាំ​ចូល ។ រថ​​ក្រោះ និង​រថ​ពាស​ដែក​ថ្មី​ចំនួន​៩៦​គ្រឿង នេះ​គឺ​នាំ​ចូល​ (ទិញ) ពី​កំពង់ផែ​វ៉ា​ណា​ ប្រទេស​ប៊ុលហ្គារី ​សំរាប់​ផែន​ការ​ពង្រឹង​កងកំលាំង​ប្រដាប់អាវុធ កម្ពុជា​ការពារ​បូរ​ណភាពទឹក​ដី និង​វិស័យ​ការ​​ពារ​ជាតិ ។

មន្ត្រី​យោធា​មួយរូប​បាន​អះអាង​ថា យោធា​ខ្មែរ​សុទ្ធ​តែ​ចេះ​ប្រើប្រាស់​រថ​ក្រោះ និង​រថ​ពាស​ដែក​​ទាំងនេះ ព្រោះ​យោ​ធា​កង​រថ​ក្រោះ​ និងរថ​ពាស​ដែក​ជាង​៨០០​នាក់ ​កំពុងធ្វើ​ការ​ហ្វឹក​ហាត់​ប្រើប្រាស់​គ្រឿង​ចក្រ​យោធា​ទាំងនេះ ។ ​​ការ​បញ្ជា​ទិញ​រថ​ក្រោះ និង​រថ​ពាស​ដែក​ទាំង​នេះ​គឺ​កើត​ឡើង​ក្រោយពេល​​ប៉ុន្មាន​ខែប៉ុណ្ណោះ ដែល​កម្ពុជា​ទទួលជំនួយ​រថយន្ត​យោធា​ជាង​២០០​គ្រឿង ពីប្រទេស​ចិន និង​ប្រាក់​កម្ចី​ទិញ​នាវា​ល្បាត​សំរាប់​សន្តិសុខ​លំហសមុទ្រ​ផងដែរ ។ ​ព័ត៌​មាន​លំអិតនឹងផ្សាយជូននៅពេល​ក្រោយ និង​នៅ​លើទំព័រកាសែត​កោះសន្តិ​ភាព .


http://www.kohsantepheapdaily.com.kh/

ផ្លូវ​ទៅ​កាន់​ប្រាសាទ​តា​ក្របី

ប្រាសាទតាក្របីមានផ្លូវថ្មីឡើងទៅដល់ ប្រើពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី១៥ខែកញ្ញា កំណាត់ផ្លូវប្រវែង៧៣០០ម៉ែត្រចាប់ពីចំណុចជើងភ្នំឡើងទៅដល់
ប្រាសាទតាក្របី ស្ថិតនៅស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យបានស្ថាបនារួចរាល់ ។

លោកឧត្តមសេនីយ៍ទោខេង សុមេធ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជា និងជាប្រធានកងវិស្វកម្មតេជោហ៊ុន សែន សៀមរាបបានបញ្ជាក់បែបនេះកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១០ខណៈពេល
ដែលលោកអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាកំណាត់ផ្លូវខាងលើ ។

លោកឧត្តមសេនីយ៍ទោខេង សុមេធ បានមានប្រសាសន៍ថារយៈចម្ងាយប្រវែង៧៣០០ម៉ែត្រគឺកងវិស្វកម្មតេជោហ៊ុន សែន សៀម
រាបសម្រេចឈូសឆាយព្រៃបើកផ្លូវហើយចាក់ក្រាលក្រួសក្រហមហើយទាំងស្រុង ។ ឥឡូវយើងអាចឡើងទៅដល់ប្រាសាទតាក្របី
របស់យើងតាមផ្លូវថ្មីហើយ ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថាការឈូសឆាយពង្រីកបើកផ្លូវនិងចាក់ក្រាលក្រួសក្រហមហើយ១០០ភាគរយក៏ពិតមែនប៉ុន្តែ
នៅមានការកែសម្រួលចំណុចសេសសល់មួយចំនួនតូចបន្ថែមទៀតឱ្យបានល្អ ដើម្បីឈានទៅចាក់ក្រាលបេតុងនាពេលឆាប់ៗខាងមុខ
នេះ ។

លោកឧត្តមសេនីយ៍ទោខេង សុមេធ បានបញ្ជាក់ថាក្រោមការដាក់ចេញនូវបទបញ្ជាពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន
សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពស្ថាបនាកំណាត់ផ្លូវនេះកងវិស្វ
កម្មបានប្រើប្រាស់ពេលវេលាខ្លីមួយដើម្បីធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះសម្រេចបានជាស្ថាពរ ។ លោកបន្តថាក្នុងការស្ថាបនាកំណាត់
ផ្លូវនេះលោកនាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះអគ្គមេបញ្ជាការនៃកងយោធពលខេមរភូ
មិន្ទបានចុះពិនិត្យដឹកនាំបញ្ជាផ្ទាល់ជាប្រចាំថែមទៀតផង ។

លោកឧត្តមសេនីយ៍ទោប្រធានកងវិស្វកម្មតេជោហ៊ុន សែន សៀមរាបបានថ្លែងថាទោះបីជាទីនោះមានភ្លៀងធ្លាក់ជាប្រចាំយ៉ាងណា
ក៏ដោយ ក៏មិនអាចរារាំងដល់សកម្មភាពការស្ថាបនាកំណាត់ផ្លូវដ៏សំខាន់នេះបានឡើយ ។

លោកបន្តថាកំណាត់ផ្លូវនេះមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែនឱ្យក្លាយទៅជាតំបន់សុខសន្តិភាពយូរអង្វែង
ជាពិសេសសំដៅលើកកម្ពស់ជីវភាពប្រជាជន និងកងយោធពលខេមរភូមិន្ទនិងកងនគរបាលជាតិប្រចាំតំបន់នោះ ។

លោកឧត្តមសេនីយ៍ទោខេង សុមេធ បានបន្តថាសកម្មភាពទាំងនេះកម្ពុជាមិនទាន់បញ្ចប់ឡើយគឺកំណាត់ផ្លូវនៅតាមព្រំដែនភាគខាង
លិចយើងកំពុងត្រៀមកសាងដើម្បីអភិវឌ្ឍន៍តាមព្រំដែនឱ្យក្លាយទៅជាព្រំដែនមួយមានការអភិវឌ្ឍន៍យូរអង្វែងនិងសុខសុវត្ថិភាព
នៅតាមបន្ទាត់ព្រំដែន និងការបង្កើនមុខរបរថ្មីៗជូនប្រជាជនកម្ពុជាថែមទៀតផង ។

ជា ស៊ីម មិនអាចជួយ សម រង្ស៊ី ឲ្យចូលស្រុកបាន

ប្រធាន ​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម បាន​បដិសេធ​មិន​ជួយ​អន្តរាគមន៍​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដក​ពាក្យ​បណ្ដឹង និង​ប្រគល់​អភ័យ​ឯក​សិទ្ធិ​ឲ្យ​លោក សម រង្ស៊ី តាម​ការ​ស្នើ​សុំ​របស់​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា គណបក្ស សម រង្ស៊ី នឹង​បន្ត​ស្វែង​រក​ការ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី អាច​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម មិន​យល់​ព្រម​ជួយ​អន្តរាគមន៍​លោក សម រង្ស៊ី។

ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បាន​ស្នើ​លិខិត​ទៅ​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ ដោយ​បញ្ជាក់​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​មិន​អាច​ធ្វើ​អន្តរាគមន៍​លើ​ករណី​លោក សម រង្ស៊ី នោះ​ទេ ពីព្រោះ​លោក សម រង្ស៊ី កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ។ អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ និង​ដាច់​ចេញ​ពី​នីតិប្បញ្ញតិ។

ការ​បដិសេធ​របស់​លោក ជា ស៊ីម ធ្វើ​ឡើង​បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ស្នើ​ឲ្យ​លោក​ជួយ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១០ បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង បាន​កាត់​ក្តី​រឿង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១០ ដោយ​សម្រេច​ផ្ដន្ទា​ទោស​កំបាំង​មុខ​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ញុះញង់​ជាតិ​សាសន៍ ទាក់ទង​ជាមួយ​ការ​ដក​បង្គោល​ព្រំដែន​លេខ ១៨៥ នៅ​ព្រំដែន​កម្ពុជា-​វៀតណាម។

លោក យឹម សុវណ្ណ បន្ថែម​ទៀត​ថា ករណី​លោក សម រង្ស៊ី ជា​ករណី​នយោបាយ ដូច្នោះ​ត្រូវ​មាន​ដំណោះ​ស្រាយ​នយោបាយ​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង។

នាយក​​គណៈកម្មកាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា ឲ្យ​ដឹង​ថា ករណី​របស់​លោក សម រង្ស៊ី ជា​ករណី​នយោបាយ ដែល​គួរ​តែ​ត្រូវ​មាន​ការ​សម្របសម្រួល​នយោបាយ​មួយ។ លោក​ថា ការ​ដក​បង្គោល​ព្រំដែន គ្រាន់​តែ​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​មិន​គួរ​ប្ដឹង​លោក សម រង្ស៊ី នោះ​ទេ។

លោក គល់ បញ្ញា បន្ត​ទៀត​ថា ប្រសិន​បើ​លោក សម រង្ស៊ី មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២ និង ២០១៣ បាន​នោះ​ទេ។ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ត្រូវ​ទទួល​រង​ការ​រិះគន់។

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ លោក សម រង្ស៊ី ក្រោម​បទ​ចោទ​ប្រកាន់​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ផែនទី ដែល​បាន​អះអាង​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ខេត្ត​ស្វាយរៀង កន្លង​មក គឺ​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ចំនួន ២០០​ម៉ែត្រ ទៅ​ជាង ៥០០​ម៉ែត្រ។ លទ្ធផល​នៃ​សវនាការ​តុលាការ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា៕

អាជ្ញាធរគ្រោងលើកតម្កល់រូបសំណាកតេជោ ដាំ ឌឹន នៅប៉ៃលិន

អាជ្ញាធរ ​ខេត្ត​ប៉ៃលិន គ្រោង​នឹង​លើក​តម្កល់​រូប​សំណាក​តេជោ ដាំ ឌឹន ដែល​​ជា​អតីត​វីរបុរស​ខ្មែរ​មួយ​អង្គ​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​ដឹក​ នាំ​កង​ទ័ព​ធ្វើ​សឹក​សង្គ្រាម​ការពារ​ទឹក​ដីខ្មែរ នៅ​ថ្ងៃ​២១ ខែ​កញ្ញា ខាង​មុខ នៅ​ក្នុង​ទឹក​ដី​ខេត្ត​ប៉ៃលិន។

រូប​សំណាក​តេជោ ដាំ ឌឹន ដែល​ជា​អតីត​មេទ័ព​ខ្មែរ​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​ដឹក​នាំ​កងទ័ព​ធ្វើ ​សឹក​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​ច្បាំង​ជាមួយ​ខ្មាំង​សត្រូវ​ឈ្លាន​ពាន កាល​ពី​សម័យ​ដើម និង​ត្រូវ​គេ​ប្រារព្ធ​ពិធី​លើក​តម្កល់​ដាក់​តាំង​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ ប៉ៃលិន ដែល​អតីត​តំបន់​ភូមិសាស្ត្រ​ប្រយុទ្ធ​យ៉ាង​ស្វិតស្មាញ កាល​ពី​សម័យ​របស់​កង​ខ្មែរ​ក្រហម​ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​ថៃ។

អភិបាល​រង​ខេត្ត​ប៉ៃលិន លោក តាត់ សុហ៊ុម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា​ថា រូប​ចម្លាក់​តេជោ ដាំ ឌឹន នឹង​ត្រូវ​តម្កល់​ឡើង​នៅ​បរិវេណ​វត្ត​ប៉េង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​វេលា​ម៉ោង ២ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១០ ដោយ​មាន​មនុស្ស​ជិត ១​ពាន់​នាក់​ចូល​រួម។

លោក តាត់ សុហ៊ុម មាន​ប្រសាសន៍​ថា ៖ «យើង​ធ្វើ​ក្នុង​នាម​រៀបចំ​រូប សំណាក ដោយ​យោង​តាម​សេចក្ដី​ណែនាំ​ពី​ថ្នាក់​ជាតិ ដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត ហើយ​យើង​មាន​ការ​ប្រឡង​ប្រណាំង​គ្នា​ទូទាំង​ប្រទេស​ផង ទាំង ២៤​ខេត្ត​ក្រុង»

លោក​អភិបាល​រង​ខេត្ត​បន្ត​ថា រូប​សំណាក​តេជោ ដាំ ឌឹន ជិះ​លើ​ខ្នង​សេះ មាន​បណ្ដោយ ២,៩​ម៉ែត្រ និង​កម្ពស់ ៣,៣​ម៉ែត្រ ត្រូវ​បាន​គេ​យក​ថ្មម៉ាប​សូន​ចេញ​ជា​រូបរាង ដូច​រូប​ពិត ដើម្បី​ដាក់​តាំង​បង្ហាញ និង​រំឭក​ដល់​គុណ​បំណាច់​នៃ​វីរបុរស​ខ្មែរ ដែល​មាន​វីរភាព​អង់អាច​ក្លាហាន​ក្នុង​ការ​ពុះពារ​ច្បាំង​ជាមួយ​ខ្មាំង​ សត្រូវ ដើម្បី​ការពារ​ទឹក​ដី​ខ្មែរ។

លោក តាត់ សុហ៊ុម បន្ថែម​ដូច្នេះ ៖ «និយមន័យ​វា​តំណាង​ឲ្យ​ស្តេចក្រាញ មេទ័ព​តំបន់​ណា​មួយ​ដែល​យើង​និយម​ថា ស្តេចក្រាញ មេទ័ព​ក្លាហាន​ក្នុង​តំបន់។ បើ​និយមន័យ និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​ឲ្យ​ទៅ​ឯកឧត្តម អ៊ី ឈាន ក្នុង​ហ្នឹង​គាត់​តំណាង​ឲ្យ​មេទ័ព​តំបន់​នេះ ការពារ​បូរណភាព​ទឹក​ដី​ហ្នឹង»

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្ប: ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ពិធី​លើក​រូប​សំណាក​តេជោ ដាំ ឌឹន ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​មាន​រៀបចំ​លេង​ភ្លេង​ពិណពាទ្យ​ប្រគំ​ថ្វាយ​ជូន រំឭក​គុណ​ដល់​បណ្ដា​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស​ខ្មែរ​ផង​ដែរ ៖ «ធ្វើ នេះ ដើម្បី​យើង​ការពារ​ទឹក​ដី​ប៉ែក​ខាង​លិច ដើម្បី​កុំ​ឲ្យ​សត្រូវ​ឈ្លាន​ពាន​មក។ ជំនាន់​គាត់​ខ្លាំង​ពូកែ​ណាស់ ដូច​ថា កងទ័ព​ដែល​យើង​ការពារ​ទឹក​ដី​បាន​ទូទាំង​ប្រទេស​ហ្នឹង»

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប: លោក ហ៊ឹម ឆែម បាន​មាន​ប្រសាសន៍​ថា រូប​សំណាក​តេជោ ដាំ ឌឹន ដែល​ជា​មេទ័ព​ខ្មែរ​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ត្រូវ​លើក​ដាក់​តម្កល់​តាំង​ក្នុង​ទឹក​ដី​ខេត្ត​ប៉ៃលិន​មុន​គេ ខណៈ​ដែល​នៅ​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត ក្នុង​ប្រទេស​កម្ពុជា នៅ​ពុំ​ទាន់​មាន​ដាក់​តាំង​នៅ​ឡើយ ៖ «ជា​រឿង​ប្រវត្តិសាស្ត្រ រឿង​តេជោ ដាំ ឌឹន​ហ្នឹង សៀវភៅ​ក៏​មាន​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​យើង​ដែរ ជា​មេទ័ព​របស់​យើង»

មន្ត្រី​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ថា ក្រៅ​ពី​ការ​លើក​ដាក់​តាំង​រូប​សំណាក​មេទ័ព​តេជោ ដាំ ឌឹន នៅ​ក្នុង​បរិវេណ​វត្ត​ប៉េង នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១០​នេះ ក្រុម​អាជ្ញាធរ​ក៏​កំពុង​ធ្វើការ​រៀបចំ​កសាង​រូប​សំណាក់​លោក​យាយ យ៉ាត មួយ​បន្ថែម​ទៀត នៅ​ក្នុង​ទី​រួម​ខេត្ត​ប៉ៃលិន​នេះ​ដែរ៕

កម្ពុជាបដិសេធការចោទថាមានការបញ្ជូនឃាតកទៅធ្វើឃាត អាភីស៊ិត

មន្ត្រី ​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​យោធា​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ការពារ​ជាតិ និង​ប៉ូលិស​ថៃ​ថា ឃាតក​ដែល​បាន​បណ្ដុះបណ្ដាល​ជំនាញ​យោធា​នៅ​កម្ពុជា មាន​គម្រោង​ធ្វើ​ឃាត​លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ និង​មន្ត្រី​ថៃ​សំខាន់​ៗ​មួយ​ចំនួន។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា បាន​សម្ដែង​​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ថៃ ដែល​បាន​លើក​ឡើង​ថា មាន​គម្រោង​ធ្វើ​ឃាត​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ដោយ​ឃាតក​មាន​សម្លៀក​បំពាក់​ខ្មៅ ​មាន​ដើម​កំណើត​ជា​ជនជាតិ​​វៀតណាម ​ដែល​បញ្ជូន​មក​ពី​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ធ្វើ​ឃាត​នេះ។

រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ថៃ ក្រោយ​ពេល​ដែល​កាសែត​ថៃ ឌឹ ណេសិន (The Nation) បាន​ដក​ស្រង់​​សម្ដី​របស់​មន្ត្រី​ថៃ ឲ្យ​ដឹង​ថា ប៉ូលិស​ថៃ​កំពុង​តាម​ដាន​អ្នក​ជំនាញ​ខាង​អាវុធ ដែល​បាន​បញ្ជូន​ពី​ប្រទេស​កម្ពុជា ដែល​អាច​នឹង​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ថៃ។ កាសែត​ដដែល​បាន​ផ្សាយ​បន្ថែម​ថា អ្នក​ចម្បាំង​កម្ពុជា​ជា​ច្រើន ដែល​មាន​ដើម​កំណើត​ជា​ជន​ជាតិ​វៀតណាម ហើយ​បាន​ហាត់​ហ្វឹកហ្វឺន​យោធា និង​ជា​អ្នក​បាញ់​ស៊ីប​ចំណាន ត្រូវ​បាន​បញ្ជូន​មក​អនុវត្ត​គម្រោង​ធ្វើ​ឃាត​នៅ​ប្រទេស​ថៃ។

លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ចោទ​ប្រកាន់​ថា ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​មាន​ចេតនា​ចង់​វាយ​ប្រហារ​​កម្ពុជា និង​វៀតណាម​ថា ជា​ប្រទេស​ផ្ដល់​កន្លែង​​បណ្ដុះបណ្ដាល​ភេរវជន។

លោក ផៃ ស៊ីផាន បន្ថែម​ទៀត​ថា កម្ពុជា​គ្មាន​ទី​កន្លែង​បណ្ដុះបណ្ដាល​ភេរវជន​នោះ​ទេ។ហើយ​កម្ពុជា​ប្រឆាំង​ ជាដាច់ខាត​ចំពោះ​អំពើ​ភេរវកម្ម។ លោក​ថា ជា​ភស្តុតាង​កម្ពុជា បាន​ចាប់​បញ្ជូន​ជន​សង្ស័យ​ភេរវជន​ថៃ ចំនួន​ពីរ​នាក់​ទៅ​ថៃ​វិញ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​ទៅ។ ជនជាតិ​ថៃ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​លើ​ការ​វាយ​ប្រហារ​គ្រាប់​ទៅ​លើ​ទីស្នាក់ការ​គណបក្ស​ ផុំចៃថៃ (Bhumjai Thai) ជា​គណបក្ស​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី អាភីស៊ិត វេតឆាឈីវ៉ា។

ឧត្ដមសេនីយ៍​ផ្កាយ​៤ លោក ជា តារា អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ថៃ​ផង​ដែរ។

លោក ជា តារា បន្ថែម​ទៀត​ថា ថៃ​នៅ​តែ​បន្ត​មហិច្ចតា​របស់​ខ្លួន​ក្នុង​ការ​ចង់​បាន​ទឹក​ដី​របស់​កម្ពុជា​ ដដែល ទើប​បាន​ជា​ថៃ នៅ​តែ​បន្ត​ជម្លោះ​ជាមួយ​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ​កងទ័ព​ថៃ ចំនួន ១០​នាក់​នៅ​តែ​កំពុង​ស្នាក់​នៅ​ទឹក​ដី​កម្ពុជា ក្នុង​ការ​ឈ្លាន​ពាន​របស់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨។

កាសែត​ថៃ ឌឹ ណេសិន បាន​ផ្សាយ​សម្ដី​អនុ​លេខា​របស់​ក្រសួង​ការពារ​ជាតិ​ថៃ លោក បានាវិត ខេនគ្រិន (Bannawit Kengrien) ដែល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទោះ​បី​លោក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​លោក អាភីស៊ិត វេតឆាឈីវ៉ាក់​ក៏ដោយ ប៉ុន្តែ​លោក​ត្រូវ​តែ​ព្រមាន​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ អំពី​របាយការណ៍​គម្រោង​ធ្វើ​ឃាត​លោក ហើយ​ប្រសិន​បើ​គាត់​ត្រូវ​បាន​គេ​ធ្វើឃាត មុខ​មាត់​ប្រទេស​នឹង​ត្រូវ​បាត់​បង់។

មន្ទោទរី​ថៃ​ម្នាក់​ឲ្យ​ដឹង​ដែរ​ថា គ្រូ​ហ្វឹកហាត់​ឃាតក​កំពុង​តែ​លាក់​ខ្លួន​នៅ​ថៃ ប៉ុន្តែ​ប៉ូលិស​បាន​ស្គាល់​ឈ្មោះ​គ្រូ​ហ្វឹកហាត់​ឃាតក និង​កន្លែង​លាក់​ខ្លួន​គាត់​រួច​ហើយ។

កាសែត​ថៃ ឌឹ ណេសិន បាន​ផ្សាយ​បន្ត​ទៀត​ថា លោក អាភីស៊ិត វេតឆាឈីវ៉ាក់ មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ក្រុម​សម្លៀក​បំពាក់​ខ្មៅ​នោះ​ទេ។

ការ​ចោទ​ប្រកាន់​របស់​ថៃ ធ្វើ​ឡើង​មួយ​សប្ដាហ៍​មុន​ជំនួប​ទ្វេ​ភាគី​រវាង​នាយក​រដ្ឋមន្រ្ដី​ថៃ និង​កម្ពុជា នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន-​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ដែល​មេ​ដឹកនាំ​ទាំង​ពីរ​មាន​គម្រោង​ពិភាក្សា​អំពី​ជម្លោះ​ព្រំដែន​កម្ពុជា-​ ថៃ និង​កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ចោទ​ប្រកាន់​របស់​ថៃ នឹង​មិន​ប៉ះពាល់​ដល់​ជំនួប​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​នេះ​ទេ។

ការ​លើកឡើង​អំពី​គម្រោង​ធ្វើ​ឃាត​លោក អាភីស៊ិត វេតឆាឈីវ៉ា​នេះ ក្រោយ​ពេល​ដែល​កម្ពុជា បាន​ទិញ​រថក្រោះ និង​រថពាស​ដែក​ចំនួន ៩៤​គ្រឿង ហើយ​បច្ចុប្បន្ន​បាន​ដឹក​មក​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី​សៅរ៍ ទី​១៨ ខែ​កញ្ញា​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ដែរ​ថា រថក្រោះ និង​រថពាស​ដែក​ចំនួន ៩៤​គ្រឿង បាន​ដឹក​មក​ដល់​ខេត្ត​ព្រះសីហនុ​ហើយ។ សម្ភារៈ​យោធា​នឹង​ដឹក​មក​ភ្នំពេញ ក្នុង​រយៈ​ពេល ៣ ឬ​ក៏ ៤​ថ្ងៃ​ទៀត។

មន្រ្ដី​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​ទិញ​សម្ភារៈ​យោធា​ថ្មី​សម្រាប់​ពង្រឹង​សមត្ថភាព​យោធា​កម្ពុជា ហើយ​មិនមែន​ជា​ការ​បញ្ចេញ​សាច់​ដុំ​ដាក់​ថៃ មុន​ការ​ចរចា​នោះ​ទេ៕

ចិនជំរុញឲ្យមានចំណងមិត្តភាពខាងវិស័យយោធាជាមួយកម្ពុជាបន្ថែមទៀត

ក្រុម ​មន្ត្រី​ជាន់​ខ្ពស់​យោធា​ចិន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា កងទ័ព​ចិន មាន​ឆន្ទៈ​បង្កើន​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ថែម​ទៀត​ជាមួយ​សម​ភាគី​កម្ពុជា​របស់​ខ្លួន។

ការ​ជំរុញ​ឲ្យ​មាន​ចំណង​មិត្តភាព​យ៉ាង​ស្អិតល្មួត​ខាង​វិស័យ​យោធា​រវាង​ កម្ពុជា និង​ចិន​នេះ ធ្វើ​ក្នុង​កំឡុង​ជំនួប​រវាង​ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​កម្ពុជា លោក ទៀ បាញ់ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក លាំង គួងលី (Liang Guanglie) ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ពេល​ថ្មីៗ​នេះ។

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ីនហួ (Xinhua) បាន​ដក​ស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក លោក លាំង គួងលី ដែល​ថា លោក​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​សម្រាប់​កិច្ច​ប្រឹង​ប្រែង ដើម្បី​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន កាន់​តែ​រឹង​មាំ​ថែម​ទៀត និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ខាង​ភាគី​កម្ពុជា លោក ទៀ បាញ់ បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ការ​គាំទ្រ​របស់​ចិន ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា រួម​នឹង​ការ​ផ្សា​ភ្ជាប់​នៃ​ចំណង​មិត្តភាព​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ ​ផង​ដែរ។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ទំនាក់ទំនង​យោធា រវាង​មហា​អំណាច​ចិន ដែល​ប្រកាន់​របប​កុម្មុយនីស្ត និង​កម្ពុជា​នេះ អាច​ធ្វើ​ឲ្យ​អន់​ខ្សោយ​ដល់​ទំនាក់ទំនង​របស់​កម្ពុជា ជាមួយ​នឹង​មហា​អំណាច​អាមេរិក ខាង​លោក​សេរី​នោះ​យ៉ាង​ណា​ទេ៕

មន្ត្រីខ្មែរព្រមានប្រើកម្លាំងទ័ពបើថៃចូលមកជួសជុលប្រាសាទតាមាន់ធំ

មន្ត្រី ​យោធា​ជាន់​ខ្ពស់​​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ​ការពារ​ព្រំដែន​ខាង​លិច​ជាប់​ប្រទេស​ថៃ បាន​ព្រមាន​ថា កម្ពុជា​នឹង​ឆ្លើយ​តប​ដោយ​កម្លាំង​ប្រដាប់​អាវុធ ប្រសិន​បើ​​​ថៃ ចូល​មក​ជួស​ជុល​ប្រាសាទ​តាមាន់​ធំ នៅ​លើ​ខ្នង​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្តរមានជ័យ។

មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​ខ្មែរ បាន​ច្រាន​ចោល​គម្រោង​របស់​ប្រទេស​ថៃ ដែល​មាន​បំណង​ចូល​មក​ធ្វើការ​ជួល​ជុល​ប្រាសាទ​តាមាន់​ធំ​ថា គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ថៃ ធ្វើ​ដូច្នេះ​បាន​ទេ ពីព្រោះ​ប្រាសាទ​តាមាន់​ធំ គឺ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹក​ដី​ខ្មែរ និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា​ថា កម្ពុជា​មាន​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ​ថា ប្រាសាទ​តាមាន់​ធំ​គឺ​ជា​របស់​ខ្មែរ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ប្រាប់​ទៅ​ក្រសួង​ការបរទេស​ថៃ​រួច​ហើយ តាំង​ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ ជា​លើក​ដំបូង កាល​ពី​អំឡុង​​ឆ្នាំ​២០០១​ម្ល៉េះ​ថា ថៃ​មិន​អាច​ប៉ះពាល់​ប្រាសាទ​តាមាន់​ធំ​បាន​ទេ ប្រសិន​បើ​ថៃ​ព្យាយាម​ចូល​មក​ជួស​ជុល​​ប្រាសាទ​នោះ​ពេល​ណា​ កម្ពុជា​នឹង​រៀបចំ​ឯកសារ​ប្ដឹង​តាម​ផ្លូវ​ច្បាប់។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ដូច្នេះ ៖ «អត់​ទេ! យើង​អត់​អនុញ្ញាត​ឲ្យ​ទេ។ ប្រាសាទ​តាមាន់​ធំ​ជា​ប្រាសាទ​របស់​ខ្មែរ វា​នៅ​ជិត​បង្គោល​ព្រំដែន​លេខ ២៣ នេះ​វា​នៅ​ជិត​គ្នា​ណាស់ មិន​ឆ្ងាយ​ប៉ុន្មាន​ទេ។ អា​ហ្នឹង​បារាំង​ដាក់​នៅ​ក្នុង​ខាង​ជើង​ខ្សែ​បែង​ចែក​ទឹក​ខ្សែ​ព្រំដែន​រួច ចំណែក​តាមាន់​តូច និង​តាមាន់ ដាក់​នៅ​ខាង​ត្បូង​ខ្សែ​បែង​ចែក​ទឹក​ខ្សែ​ព្រំដែន នៅ​ក្នុង​ហ្នឹង​វា​គូស​ច្បាស់​ផង​គេ មាន​ផែនទី យើង​ឲ្យ​ទាំង​ថៃ ថៃ​ក៏​មាន យើង​ក៏​មាន»

ប្រតិកម្ម​របស់​គណៈកម្មការ​ព្រំដែន​កម្ពុជា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារ​ព័ត៌មាន​ពី​ទីក្រុង​បាងកក បាន​ផ្សព្វផ្សាយ​ថា ប្រទេស​ថៃ​មាន​គម្រោង​នឹង​ធ្វើការ​ជួសជុល​ប្រាសាទ​តាមាន់​ធំ ដែល​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ក្នុង​ទឹក​ដី​ស្រុក​ភ្នំ​ដងរែក នៃ​ខេត្ត​សុរិន្ទ​របស់​ថៃ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។

កាសែត​ថៃ​ឈ្មោះ​បាងកក ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា កន្លង​មក បាន​ផ្សព្វផ្សាយ​ថា នាយកដ្ឋាន​វិចិត្រ​សិល្បៈ​របស់​ថៃ កំពុង​រិះរក​ពេល​វេលា​ដែល​អាច​បន្ត​ការ​ជួសជុល​ប្រាសាទ​តាមាន់​ធំ​​ទៅ​បាន ហើយ​ប្រសិន​បើ​ពេល​វេលា​ពិត​ជា​កើត​មាន គេ​សង្ឃឹម​ថា នឹង​អញ្ជើញ​កម្ពុជា ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួល​ជុល​នោះ​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍​ផ្កាយ​បួន ជា តារា អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ព្រមាន​ថា ថៃ​មិន​អាច​ចូល​មក​ធ្វើការ​ជួល​ជុល​ប្រាសាទ​តាមាន់​ធំ ដែល​នៅ​ក្នុង​បូរណភាព​ទឹក​ដី​ខ្មែរ​បាន​ទេ បើ​ថៃ​ចង់​ជួសជុល គឺ​ត្រូវ​ធ្វើ​ចំពោះ​ប្រាសាទ​ដែល​នៅ​ក្នុង​ទឹក​ដី​ថៃ។

លោក​ឧត្ដមសេនីយ៍ ជា តារា បាន​មាន​ប្រសាសន៍​ដូច្នេះ ៖ «ថៃ​មិន​មាន សិទ្ធិ​អំណាច​ណា​មក​ជួស​ជុល​ប្រាសាទ​របស់​កម្ពុជា​ទេ។ ការ​ធ្វើ​របៀប​នេះ​គេ​ហៅ​ថា ឈ្លាន​ពាន បើ​ឈ្លាន​ពាន​ហើយ សិទ្ធិ​ស្វ័យ​ការពារ​ត្រូវ​តែ​ដោះស្រាយ​ដ៏​បន្ទាន់ ហើយ​និង​មាន​ប្រសិទ្ធភាព»

លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០១ កន្លង​ទៅ ក្រសួង​វប្បធម៌​របស់​ថៃ​ធ្លាប់​បាន​ចូល​មក​អភិរក្ស​ប្រាសាទ​តាមាន់​ធំ​ម្តង​ មក​ហើយ ប៉ុន្តែ​នៅ​ពេល​លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទី​នោះ លោក​បាន​ប្រាប់​ឲ្យ​បញ្ឈប់ ពីព្រោះ​ប្រាសាទ​តាមាន់​ធំ​ជា​របស់​ខ្មែរ៕

កម្ពុជាទិញរថក្រោះនិងរថពាសដែក៩៤គ្រឿង

កម្ពុជា ​បាន​បញ្ជា​ទិញ​រថក្រោះ​និង​រថពាសដែក​ចំនួន​ជិត​១០០​ដើម្បី​ ពង្រឹង​វិស័យ​ការពារ​ជាតិ។ រថក្រោះ និង​រថពាសដែក​ទាំងនេះ​នឹង​មក​ដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅក្នុង​សប្តាហ៍​ ក្រោយ​នេះ។ មន្ត្រី​យោធា​នៃ​ក្រសួង​ការពារជាតិ​បដិសេធ​មិន​និយាយ​អំពី​ចំនួន​ទឹកប្រាក់​ ដែល​ត្រូវ​បាន​ចំណាយ​ទៅលើ​ការ​ទិញអាវុធ​សង្គ្រាម​ទាំងនេះ​ឡើយ។

រដ្ឋាភិបាល ​កម្ពុជា​បាន​បញ្ជា​ទិញ​រថក្រោះ និង​រថពាសដែក​ចំនួនជាង៩០​គ្រឿង​ពី​ប្រទេស​មួយ​នៃ​អឺរ៉ុប​ខាងកើត។ មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​មួយ​រូប បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​អោយ​ដឹង​ថា កម្ពុជា​បាន​បញ្ជា​ទិញ​រថក្រោះធុន​T៥៥​ចំនួន​៥០​គ្រឿង និង​រថពាសដែក​ចំនួន​៤៤​គ្រឿង។ ហើយ​ថា រថក្រោះ​និង​រថពាសដែក​ទាំងនេះ​ ប្រហែល​ជា​នឹង​អាច​ត្រូវ​ដឹកជញ្ជូន​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅថ្ងៃ​ ទី​១៨ខែ​កញ្ញា​សប្តាហ៍​ក្រោយ​នេះ។ ប្រភព​មន្ត្រី​យោធា​ដដែល​បាន​អត្ថាធិប្បាយ​ថា ការ​បញ្ជាទិញ​សព្វាវុធ​ថ្មី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ។

ដោយ​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ព័ត៌មាន​សម្ងាត់​យោធា មន្ត្រី​យោធា​កម្ពុជា​បាន​បដិសេធ​មិន​ប្រាប់​អំពី​ចំនួន​ទឹកប្រាក់​ដែល​ ត្រូវបាន​ចំណាយ​សម្រាប់​ការ​ទិញ​រថក្រោះ និង​រថពាសដែក​ទាំងនេះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា កម្ពុជា​ទិញ​រថក្រោះ​ទាំងនេះ​ពី​ប្រទេស​ណាមួយ​ពិតប្រាកដ​ពី​អឺរ៉ុប​ខាងកើត​ នោះ​ដែរ។

រថក្រោះ និង​រថពាសដែក​ថ្មី​ទាំងនេះ​នឹង​មក​ដល់​កម្ពុជា ចំ​ពេល​ដែល​កម្ពុជា​កំពុង​ហ្វឹកហ្វឺន​កម្លាំង​យោធា​នៃ​កង​រថក្រោះ និង​រថពាសដែក​ជាង​៨០០​នាក់។ តាំងពី​មាន​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ កម្ពុជា​រឹតតែ​ពង្រឹង​កម្លាំង​យោធា​របស់​ខ្លួនកាន់​តែខ្លាំង ទាំង​សម្ភារៈ និង​ថវិការ។ រដ្ឋាភិបាល​បាន​សម្រេច​បន្ថែម​ថវិកា​ជាតិ​ទៅលើ​វិស័យ​ការពារជាតិ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ធ្លាប់​បាន​ថ្លែង​អោយ​ដឹង​ដែរ​ថា ទាហាន​កម្ពុជា​មាន​អាវុធ​ទំនើប និង​ថ្មី​ជាច្រើន​សម្រាប់​ប្រឆាំង​ការ​ឈ្លានពាន​ពី​បរទេស។

កាល​ពី​ថ្ងៃ​ទី​១៤​កញ្ញា​ម្សិលមិញ លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជា​បាន​ចេញ​ដំណើរ​ធ្វើ​ទស្សនកិច្ច​ក្រៅ​ ផ្លូវការមួយ នៅ​ប្រទេស​ចិន​រយៈពេល​៧ថ្ងៃ។ ទាក់ទងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ទៀ បាញ់ លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ​ដែលជា​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​អោយ​ដឹង​ថា លោក​ទៀ បាញ់​នឹង​ត្រូវ​អញ្ជើញ​អោយ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​រោងចក្រ​ផលិត​សម្ភារៈ​ យោធា​របស់​ប្រទេស​ចិន។ ប្រទេស​ចិន​ដែល​ធ្លាប់​បាន​ផ្តល់កម្ចី​ដល់​កម្ពុជា​សម្រាប់​ទិញ​នាវា​ល្បាត​ សមុទ្រ និង​ផ្តល់​ជំនួយ​ជា​រថយន្ត​ដឹកជញ្ជូន​របស់​យោធា​ជាង​២០០​គ្រឿង៕