ឥណទាន​តម្លៃ​ការ​ប្រាក់​ទាប​ជួយ​កសិករ​នៅ​ប៉ៃលិន

ដោយ សួន សុផល មុន្នី
2011-05-06

មាន​សហគមន៍​ចំនួន ៣៤ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ការ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្ត ​ប៉ៃលិន។

សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចំនួន ៣៤ ត្រូវ​បាន​គេ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៦ ហើយ​បច្ចុប្បន្ន សហគមន៍​ទាំង​នោះ កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សកម្មភាព​លើ​អាជីវកម្ម ដែល​បាន​គ្រោង​ទុក ដូចជា ការ​ផ្ដល់​ឥណទាន​សាច់​ប្រាក់​ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន ក្នុង​តម្លៃ​ការ​ប្រាក់​ទាប ដើម្បី​ឲ្យ​កសិករ​ដែល​ជា​សមាជិក​របស់​ខ្លួន​ទាំង​នោះ ធ្វើ​ជា​ដើម​ទុន​ប្រើ​ប្រាស់​ក្នុង​ការ​ដាំ​ដំណាំ​ផ្សេងៗ។

ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ប៉ៃលិន លោក ផាន់ ពេជ្រ មាន​ប្រសាសន៍​ថា ក្នុង​ខេត្ត​ប៉ៃលិន មាន​សហគមន៍​ចំនួន ៣៤ កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការណ៍ សកម្ម​ភាព​លើ​អាជីវកម្ម ដែល​បាន​គ្រោង​ទុក ។ សហគមន៍​នីមួយៗ បាន​ផ្ដល់​ឥណទាន​សាច់​ប្រាក់ បណ្ដាក់​ពូជ ឥណទាន​ពូជ ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន និង​មាន​ការ​ទទួល​ប្រាក់​បញ្ញើ​ផ្សេងៗ ពី​សមាជិក​ដែល​យក​ទៅ​ផ្ញើ​ក្នុង​សហគមន៍។

លោក ផាន់ ពេជ្រ ៖ «នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​បាន​ លើក​ឡើង​ថា ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​ទៅ​ជា​កម្លាំង​ផលិតកម្ម លុះត្រា​មាន​ការ​ចងក្រង​ប្រជា​កសិករ​ទាំង​នោះ ឲ្យ​ទៅ​ជា​សហគមន៍​ធំៗ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ផែន​ការ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្សេងៗ ដែល​ចង់​បាន»។

ការ​ចង​ក្រង​បង្កើត​សហគមន៍ គឺ​ដើម្បី​ឲ្យ​ប្រជា​កសិករ​មាន​សាមគ្គី​គ្នា ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រឹង​ដោយ​ខ្លួន​ឯង និង​ថែ​រក្សា​តម្លៃ​ទីផ្សារ​លើ​ផល​ដំណាំ​កសិកម្ម។ លោក ផាន់ ពេជ្រ បន្ត​ថា ក្រោយ​ពី​ការ​បង្កើត​សហគមន៍​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ការ​រីករាយ​សប្បាយ​ចិត្ត ដោយសារ​ពួក​គាត់​ អាច​ប្រើប្រាស់​ឥណទាន​សាច់​ប្រាក់​របស់​សហគមន៍។

លោក ផាន់ ពេជ្រ ៖ «ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​នេះ សហគមន៍​ខ្លះ​កើន​ថវិកា​ពី ២៥% ទៅ ៥០%។ ថវិកា​ដែល​កើន​ឡើង​នេះ និង​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​ប្រកប​អាជីវកម្ម​ក្នុង​ការ​ផ្ដល់​ឥណទាន​ទៅ​ ឲ្យ​កសិករ​ជា​សមាជិក »។

ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ទួល​ល្វា​សាមគ្គី​អមតៈ លោក ទិន សុភក្តិ មាន​ប្រសាសន៍​ថា ក្រោយ​ពី​ការ​បង្កើត​សហគមន៍ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០០៩ សមាជិក​ក្នុង​សហគមន៍​មាន​ការ​កើន​ឡើង​ពី ៣០៥ នាក់​ទៅ ១០១ នាក់។

លោក​បន្ត​ថា សហគមន៍​លោក​បាន​ផ្ដល់​ឥណទាន​សាច់​ប្រាក់​ទៅ​សមាជិក​របស់​ខ្លួន​ក្នុង​ ម្នាក់ៗ ចំនួន ៧០ ម៉ឺន​រៀល ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម ហើយ​សហគមន៍​មាន​ការ​ដក​ការ​ប្រាក់​តែ​ចំនួន ២% ប៉ុណ្ណោះ។

លោក ស្រី ជឹម យួម អាយុ ៣៤ ឆ្នាំ ជា​សមាជិក​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ទួល​ល្វា​សាមគ្គី​អមតៈ បាន​ឲ្យ​ដឹង​ថា ឥណទាន​សាច់​ប្រាក់​របស់​សហគមន៍ គឺ​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​លោក​ស្រី​បាន​មួយ​កម្រិត​លើ​ការ​ដាំ​ដុះ​ផល​ ដំណាំ​ផ្សេងៗ។

ចំណែក​ឯ​លោក ឃុន ធឿន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​ស្ទឹង​កាច់​ជឿន​លឿន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សហគមន៍​លោក​ស្រី​មាន​សមាជិក​ចំនួន ៣២៥ នាក់។ សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​ស្ទឹង​កាច់​ជឿន​លឿន បាន​ផ្ដល់​ឥណទាន​សាច់​ប្រាក់ និង​បណ្ដាក់​ពូជ​ពោត​ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន​ជា​រៀង​រាល់​រដូវ​ដាំដុះ។

ផ្ទៃ​ដី​កសិកម្ម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ចំនួន ៤ ម៉ឺន ៩០០០ ហិកតារ​ក្នុង​នោះ​មាន​ដី​ស្រែ​ទំហំ ១ ម៉ឺន ១៥០០ ហិកតារ និង​ដី​ចម្ការ​ទំហំ ៣ ម៉ឺន ៧៥០០ ហិកតារ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន លោក ផាន់ ពេជ្រ មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​សហគមន៍​ចំនួន ៣៤ ដែល​បាន​បង្កើត​ឡើង គឺ​មាន​សមាជិក​សរុប​ប្រមាណ​ជាង ១ ពាន់​គ្រួសារ​ប៉ុណ្ណោះ។ ចំណែក​ឯ​ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ទៀត នៅ​មិន​ចូលរួម​នៅ​ឡើយ។

មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​កសិកម្ម​ដែរ មាន​ផែន​ការ​យុទ្ធសាស្ត្រ បង្កើន​សមត្ថភាព ធនធាន​មនុស្ស ដល់​ថ្នាក់​ដឹកនាំ​សហគមន៍​ទាំង​នោះ​ថែម​ទៀត ដូច​ជា ការ​បង្រៀន​បច្ចេកទេស​កសិកម្ម​ដល់​កសិករ ផ្ដល់​ពូជ​មាន​គុណភាព​ខ្ពស់ និង​ការ​រក​ទីផ្សារ​សម្រាប់​ផល​កសិកម្ម៕

ខ្មែរ​ជិត​ដាច់​ពូជ

ដោយ ហាស់ សាន
2011-04-20

បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​រស់​នៅ​បស្ចិម​ប្រទេស​បាន​ស្រាវជ្រាវ​ឃើញ និង​សរសេរ​ថា ខ្មែរ​ជា​ប្រជា​ជាតិ​មួយ​ជិត​ដាច់​ពូជ ឬ​ផុត​ពូជ​ទៅ​ហើយ។

Photo courtesy of http://preynokornews.blogspot.com

ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧

ពួក​គេ​សំអាង​លើ​កត្តា​ជាក់​ស្ដែង​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ាន​និយាយ​ចំៗ ដោយ​សារ​មូល​ហេតុ​ផ្សេងៗ សម្រាប់​ខ្លួន​គេ​ផ្ទាល់។

តើ​បញ្ញវន្ត​ខ្មែរ សញ្ជាតិ និង​ជា​ពល​រដ្ឋ​អាមេរិកាំង​សំអាង​លើ​កត្តា​អ្វី​ខ្លះ? ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក ហាស់ សាន មាន​សេចក្ដី​រាយ​ការណ៍​សង្ខេប​មួយ ទាក់​ទិន​អត្ថបទ​របស់​បណ្ឌិត អតីត​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​មួយ​នៅ ស.រ.អា. ដែល​នឹង​បង្ហាញ​ជូន​កិច្ច​ប្រជុំ​នៅ​ប្រទេស​បារាំង​ក្នុង​ខែ​ក្រោយ​នេះ។

អ្វី​ដែល​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច បណ្ឌិត ទិត ណារញ្ញគិរី សរសេរ​សម្រាប់​ធ្វើ​បាឋកថា​នៅ​ប្រទេស​បារាំង នា​ខែ​ឧសភា ឆ្នាំ​២០១១ នេះ ប្រហែល​ជា​មាន​ពល​រដ្ឋ​ខ្មែរ​ខ្លះ​គិត​ថា លោក​សរសេរ​នោះ ហាក់​ដូច​ជា​មិន​ស្គាល់​ស្រុក​ខ្មែរ​ច្បាស់​នោះ​ឡើយ ឬ​មួយ​ជា​ការ​សរសេរ​ប្រមាថ​មើល​ងាយ​ដល់​ជាតិ​សាសន៍​របស់​ខ្លួន។ ការ​សរសេរ​ឆ្លុះ​បញ្ចាំង​ក្នុង​នាម​លោក​ជា​ខ្មែរ សិក្សា និង​រស់​នៅ​បរទេស បង្ហាញ​នូវ​ការ​បារម្ភ​របស់​លោក​ចំពោះ​អនាគត​ប្រជា​ជាតិ​ខ្មែរ ក្នុង​នាម​ជា​ជាតិ​សាសន៍​មួយ ដែល​ចាញ់​ប្រៀប​បរទេស​ជិត​ខាង​គ្រប់​សម័យ​កាល។ បណ្ឌិត ទិត ណារញ្ញគិរី ធ្លាប់​បង្រៀន​នៅ​សកល​វិទ្យាល័យ Johns Hopkins និង​ធ្លាប់​បម្រើ​ការ​ងារ​នៅ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ IMF ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ស.រ.អា.។

មិន​ស្គាល់​យុទ្ធសាស្ត្រ​វៀតណាម និង​សម្បូរ​បញ្ហា​ផ្ទៃ​ក្នុង

បណ្ឌិត ទិត ណារញ្ញគិរី (Naranhkiri Tith) បាន​លើក​ហេតុ​ផល​មួយ​ចំនួន ដែល​ធ្វើ​កម្ពុជា​រស់​នៅ​ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​ដោយ​ចៀស​មិន​រួច មាន​ដូច​ជា ខ្មែរ​មើល​យុទ្ធសាស្ត្រ​វៀតណាម​មិន​យល់​ជម្រៅ, វៀតណាម​មាន​របៀប​របប មាន​វិន័យ ចេះ​រៀបចំ​អង្គការ​គ្រប់គ្រង ហើយ​មើល​ឆ្ងាយ​ទៅ​មុខ យូរ​អង្វែង ជា​ដើម។ រី​ឯ​ខ្មែរ​វិញ សំបូរ​បច្ចាមិត្ត​ផ្ទៃ​ក្នុង, សង្គម​ទន់​ខ្សោយ ហើយ​មិន​ចេះ​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ទាន់​ពេល​វេលា។

ក្រៅ​ពី​នេះ លោក​ថា មាន​កត្តា​ព្រះ​មហា​ក្សត្រ ដែល​មាន​តួ​នាទី​ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់​ឲ្យ​សង្គម​មួយ​ផ្ដាច់​ការ, គ្មាន​ការ​ទទួល​ខុស​ត្រូវ, អសីលធម៌, មិន​ខ្វល់​នឹង​អ្នក​ដទៃ ហើយ​មាន​លក្ខណៈ​ដឹក​នាំ ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង។ របៀប​គ្រប់គ្រង​រដ្ឋបាល​ខ្មែរ សម្បូរ​ដោយ​អ្នក​ធំ​នៅ​ខាង​លើ តែ​ខ្សត់​អ្នក​តូច​នៅ​ខាង​ក្រោម។ ច្បាប់​រក​យុត្តិធម៌​ចែង​មិន​ច្បាស់ អ្នក​ធំ​ថា​យ៉ាង​ណា​ក៏​បាន ដរាប​ណា​មិន​ប្រមាថ​ស្ដេច។ ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ខ្មែរ​មិន​ដែល​ចែង​ច្បាស់​ទេ។ ការ​ដំឡើង​បុណ្យ​សក្ដិ​មិន​យោង​ទៅ​តាម​សមត្ថភាព ចំណេះ​ដឹង​របស់​មនុស្ស​ទេ តែ​ធ្វើ​តាម​វង្ស​ត្រកូល សែស្រឡាយ បក្ស​ពួក និង​ការ​បញ្ចើចបញ្ចើ បញ្ជោរ សរសើរ​គ្នា ឲ្យ​អ្នក​ធំ​ចាប់​អារម្មណ៍។ លក្ខណៈ​ទាំង​អស់​នេះ វៀតណាម​អនុវត្ត​ខុស​ពី​ខ្មែរ​ទាំង​ស្រុង។

កាច​សហាវ មិន​ជឿនលឿន

បណ្ឌិត ទិត ណារញ្ញគិរី បាន​ស្រង់​សំដី​អ្នក​និពន្ធ​វៀតណាម ដូច​ជា ង្វៀង ធេ អាន់ (Nguyen The Anh) ដែល​គេ​ចាត់​ទុក​ខ្មែរ ជា​ជាតិ​សាសន៍​មិន​ជឿន​លឿន កាច​សហាវ (barbarians) បញ្ញវន្ត​ចិន​ឈ្មោះ យ៉ាង បាវ​យុន (Yang Bao Yun) និង អ្នក​និពន្ធ​បារាំង Jean de la Croix ចិន​ហៅ​ថា ជោអាវ ដាគ្រុស (Joao da Cruz) ដែល​គេ​សរសេរ​អំពី​ដំណើរ​ពង្រីក​ទឹក​ដី​នៃ​អធិរាជ​អាណាម ឈ្មោះ ង្វៀង (Nguyen) តាំង​ពី​ឆ្នាំ​១៦៧០ មក​ម្ល៉េះ ដែល​គេ​ឃើញ​អាណា​ចក្រ​ចម្ប៉ា​រង​គ្រោះ​មុន​គេ។ ការ​បាត់​បង់​អធិបតេយ្យ​ភាព​ជាតិ ក្នុង​សតវត្ស​ក្រោយៗ​មក បណ្ឌិត ទិត ណារញ្ញគិរី បាន​លើក​ឧទាហរណ៍​មួយ​ចំនួន ដែល​លោក​មើល​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ញាក់​ខ្សែ​មិន​ចេញ​មុខ​ពី​ចក្រពត្តិ​និយម និង​កុម្មុយនិស្ត​និយម​វៀតណាម ដោយ​សារ​ការ​គាំទ្រ​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទី​១ សម្ពន្ធភាព​ដ៏​ជិត​ស្និទ្ធ​រវាង​អតីត​ព្រះ​រាជា និង​វៀតណាម​ខាង​ជើង, ទី​២ សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​ខ្មែរ​ក្រហម ហើយ​និង​សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​លោក ហ៊ុន សែន។

បណ្ឌិត ទិត ណារញ្ញគិរី សន្និដ្ឋាន​ថា ចាប់​តាំង​ពី​ថ្ងៃ​វៀតណាម​វាយ​លុក​ចូល​កាន់​កាប់​កម្ពុជា ដើម្បី​រំលំ​របប​ខ្មែរ​ក្រហម រដ្ឋការ​ក្រុង​ហាណូយ​បាន​ព្យាយាម​គ្រប់​រូប​ភាព ដើម្បី​អនុវត្ត​គោលការណ៍​នយោបាយ ដែល​អង់គ្លេស​ហៅ​ថា ethnicide ឬ ethnocide ដែល​មាន​ន័យ​ថា ការ​សម្លាប់​ជាតិ​សាសន៍​មួយ​ដោយ​រំលាយ​វប្បធម៌៕

ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល​តិចតួច

ដោយ យន់ សាមៀន
2011-04-18

សៀវភៅ​មាន​ចំណង​ជើង “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​កត់​សំគាល់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​គ្មាន​ការ​ប្រែប្រួល និង​រីក​ចំរើន​ច្រើន បើ​ប្រៀបធៀប​និង​ទសវត្សរ៍​ឆ្នាំ​១៩១០។

Photo: RFA

វាល​ស្រែ​កំពុង​រង់ចាំ​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់ឆ្នាំង

សំណួរ​ក្នុង​សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​លើក​ឡើង​ថា តើ​កម្ពុជា​ជា​ប្រទេស​អន់​បំផុត​ក្នុង​ពិភព​លោក​ឬ? ចម្លើយ​គឺ កម្ពុជា​ជា​កន្លែង​ប្រកប​ដោយ​ការ​ប្រណាំង​ប្រជែង​គ្នា។ ចំណូល​ប្រជា​ពល​រដ្ឋ​តិច​ជាង​ពល​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ខណៈ​ពេល​ដែល​កុមារ​ខ្មែរ​មួយ​ចំនួន​ទទួល​ការ​សិក្សា​តែ​ពី​ពីរ​ទៅ​បី​ឆ្នាំ​ ប៉ុណ្ណោះ ចំណែក​ឯ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​លក្ខណៈ​អន់​ថយ ដែល​អាច​អនុញ្ញាត​ឲ្យ​កសិករ​ធ្វើ​ស្រែ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ ឆ្នាំ នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​ធ្វើ​ស្រែ​បាន​ទៅ​ដល់​ពីរ ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក ជោ ប្រិនគ្លេយ៍ (Joel Brinkley) អតីត​អ្នក​កាសែត​ញីវយ៉ក​ថាមស៍ (New York Times) និង​ជា​អ្នក​ទទួល​បាន​រង្វាន់​ឯក​ផ្នែក​សរសេរ​កាសែត​ឈ្មោះ​ថា Pulitzer Prize ក្នុង​ឆ្នាំ​១៩៨០ បាន​រៀប​រាប់​ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថា ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​កសិករ​នៅ​តាម​ជនបទ ដែល​រក​ស៊ី​តាម​រយៈ​ការ​ធ្វើ​ស្រែ​ចម្ការ និង​ចិញ្ចឹម​សត្វ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ជា​ជាង​ទង។ លោក​ពិពណ៌នា​បន្ថែម​ថា ពល​រដ្ឋ​រស់​នៅ​ក្រៅ​ទីក្រុង​ធំៗ មាន​ជីវភាព និង​ស្ថានភាព​រស់​នៅ​ដូច​ពល​រដ្ឋ​ខ្មែរ​កាល​ពី​សម័យ​អង្គរ ជាង​មួយ​ពាន់​ឆ្នាំ​មុន។ ប៉ុន្តែ​ស្ថានភាព​ពល​រដ្ឋ​សម័យ​នោះ ប្រហែល​ជា​គ្រាន់​បើ​ជាង​ពល​រដ្ឋ​សម័យ​ឥឡូវ។

សៀវភៅ
សៀវភៅ ប្រទេច​ផ្ដាសា​របស់​កម្ពុជា (Cambodia’s Curse) របស់​អ្នក​និពន្ធ ជោ ប្រិនគ្លេយ៍ (Joel Brinkley) លក់​នៅ​គេហទំព័រ​អាម៉ាហ្សូន (Amazon)

សៀវភៅ “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” ការ​សិក្សា​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​ថា ប្រទេស​កម្ពុជា​ជា​កន្លែង​មួយ​ដែល​អាច​ងាយ​ស្រួល​រស់​នៅ ប្រសិន​បើ​ពល​រដ្ឋ​នោះ​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ សៀវភៅ​បន្ត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ពុក​រលួយ​បំផុត​ក្នុង​ពិភព​លោក។ លោក ជោ ប្រិនគ្លេយ៍ អះអាង​ថា ប្រាក់​ចំណូល​ពី​ពន្ធដារ និង​ប្រាក់​ជំនួយ​បរទេស​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គេ​លួច។ កម្ពុជា​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រស់​នៅ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​កាន់​អំណាច។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​វិទ្យុ​សហ​រដ្ឋ​អាមេរិក​មួយ កាល​ពី​ពេល​ថ្មី​នេះ លោក ជោ ប្រិនគ្លេយ៍ ដែល​ធ្លាប់​បាន​ទៅ​យក​ព័ត៌មាន​ព្រឹត្តិការណ៍​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​រន្ធត់​ណាស់​ចំពោះ​ស្ថានភាព​កម្ពុជា​ដោយ​សារ​តែ​ស្ថានភាព​ កម្ពុជា​គ្មាន​ការ​ប្រសើរ ៣០​ឆ្នាំ ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ចំណែក​ឯ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គ្មាន​ការ​ប្រែប្រួល​តាំង​ពី​សម័យ​ អង្គរ ៖ “នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​កម្ពុជា ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៣០​ឆ្នាំ កាល​ពី​នៅ ឆ្នាំ​២០០៨ ខ្មុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​នៃ​ស្ថានភាព​ទំនើប ​ទីក្រុង ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ទីក្រុង ខ្ញុំ​ស្វែង​យល់​ថា ស្ថានភាព​រស់​នៅ​ប្រជា​ពល​រដ្ឋ​មាន​លក្ខណៈ​ដូច​កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន គឺ​គ្មាន​ភ្លើង​អគ្គិសនី គ្មាន​បង្គន់​អនាម័យ គ្មាន​វិទ្យុ និង​ទូរទស្សន៍។ ប្រជា​ពល​រដ្ឋ​ទាំង​នេះ​គឺ​ក្រោយ ៣០​ឆ្នាំ នៃ​របប​ខ្មែរ​ក្រហម”

សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បោះ​ពុម្ព​កាល​ពី​ថ្ងៃ​ទី​១២ មេសា ដោយ​រោង​ពុម្ព Public Affairs មាន​តម្លៃ ១៧​ដុល្លារ។ លោក​អ្នក​អាច​រក​ទិញ​សៀវភៅ​នេះ​បាន​នៅ​តាម​គេហទំព័រ​អាម៉ាហ្សូន (Amazon)។

អតីត​ទាហាន​ខ្មែរ​ក្រហម​រំលឹក​គុណ ប៉ុល ពត

ដោយ វោហារ ជាតិ
2011-04-16

បង​ប្អូន​អតីត​ខ្មែរ​ក្រហម​នៅ​អន្លង់​វែង បាន​នាំ​គ្នា​ទៅ​បួង​សួង​បន់ស្រន់​នៅ​មុខ​ផ្នូរ ប៉ុល ពត ដើម្បី​រំលឹក​គុណ និង​សុំ​ពរ​ជ័យ សេចក្ដី​សុខ សេចក្ដី​ចម្រើន នៅ​ក្នុង​ឆ្នាំ​ថ្មី។

RFA/Vohar Cheath

រូប​ថត​ថ្ងៃ​ទី​១ មេសា ២០១១៖ ផ្នូរ ប៉ុល ពត នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មាន​ជ័យ

មន្ត្រី និង​ប្រជា​ជន​រស់​នៅ​ស្រុក​អន្លង់​វែង ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ ជាប់​ព្រំដែន​ខ្មែរ-ថៃ ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មេសា ថា​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ បង​ប្អូន​ប្រជា​ជន​នៅ​អន្លង់​វែង និង​បង​ប្អូន​មក​ពី​តំបន់​ផ្សេងៗ ទៀត បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ដូច​ប្រជា​ជន​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដែរ តែ​ក្រៅ​ពី​នេះ ពួក​គេ​មួយ​ចំនួន​បាន​នាំ​គ្នា​យក​នំ​ចំណី​ទៅ​សែន និង​បន់​ស្រន់​នៅ​មុខ​ផ្នូរ ប៉ុល ពត ដើម្បី​សុំ​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​សេរី​សួស្ដី​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ។

ប៉ុល ពត ក្លាយ​ទៅជា​អ្នកតា?

កញ្ញា ស្រី ម៉ៅ នៅ​ជាំ​ស្រងាំ ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ផ្នូរ ប៉ុល ពត ក្បែរ​ព្រំដែន​ខ្មែរ-ថៃ បញ្ជាក់​ថា ខ្មោច ប៉ុល ពត សព្វ​ថ្ងៃ​ហាក់​ដូច​ជា​អ្នក​តា​ព្រៃ​ភ្នំ​មួយ​រូប កំពុង​ល្បី​ឈ្មោះ​នៅ​តំបន់​អន្លង់​វែង មិន​ចាញ់​លោក​តា​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ល្បី​ល្បាញ​គឺ​លោក​យាយ ម៉ៅ ដែល​ត្រូវ​បាន​គេ​គោរព​បូជា​ជា​យូរ​យារ​ណាស់​មក​ហើយ​នោះ ប៉ុន្មាន​ទេ ៖ «សែន​កន្លែង​យាយ​ម៉ៅ កន្លែង ប៉ុល ពត អ្នក​មក​ពី​ចម្ងាយ​ភាគ​ច្រើន​មក​បី​ខេត្ត​សៀមរាប»

អតីត​កង​ទ័ព​ខ្មែរ​ក្រហម​វ័យ​ក្មេង ឈ្មោះ អ៊ិន និល ម្នាក់ ដែល​មើល​ការ​ខុស​ត្រូវ​ផ្នូរ ប៉ុល ពត នោះ អះអាង​ថា អ្នក​ភូមិ​អ្នកស្រុក​ជា​អតីត​ខ្មែរ​ក្រហម​នៅ​តែ​គោរព​ស្រឡាញ់ ប៉ុល ពត ធម្មតា​ដូច​កាល​គាត់​នៅ​រស់​ដូច្នោះ​ដែរ ហើយ​ពេល​នេះ​ផ្នូរ ប៉ុល ពត បាន​ក្លាយ​ជា​ទី​កន្លែង​សក្ការ​មួយ​ថ្មី​ទៀត​បន្ថែម​លើ​អ្នក​តា​ថែ​រក្សា​ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ចាស់ ដែល​ខ្មែរ​ស្ទើរ​ពេញ​នគរ​គោរព​បូជា គឺ​លោក​យាយ ម៉ៅ នេះ​ឯង ៖ «សែនព្រេន​ហៅ​គាត់​ហៅ​អី អ៊ីចឹង​ទៅ ឲ្យ​គាត់​មក​ហូប​ចុក អ៊ីចឹង​ទៅ ដូច​ជា​បង​ប្អូន​មក​នេះ ក៏​គាត់​មក​សែនព្រេន​គាត់​ដែរ បន់​ស្រន់​ឲ្យ​មាន​សេចក្ដី​សុខ អ៊ីចឹង​ទៅ បន់ស្រន់​សែន​ព្រេន​សុំ​សេចក្ដី​សុខ មាន​បាយ មាន​ចេក​មាន​អី​ហ្នឹង»

ប៉ុលពត
រូបថត ប៉ុល ពត ក្នុង​ឆ្នាំ​១៩៧៨ (Source: Wikipedia.org)

មន្ត្រី​មូលដ្ឋាន និង​ប្រជា​ជន​នៅ​អន្លង់​វែង​អះអាង​ថា ក្នុង​ចំណោម​ប្រជា​ជន​ទាំង​នោះ ក៏​មាន​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​របស់ ប៉ុល ពត នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មក​គោរព ដុត​ធូប ទាន សែន​ផ្នូរ ប៉ុល ពត ជា​រៀង​រាល់​ឆ្នាំ​ដែរ។

លោក សៀង សុខ​ហេង ប្រធាន​មន្ទីរ​ទេសចរណ៍​ស្រុក​អន្លង់វែង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មេសា ថា មាស សន ប្រពន្ធ​ក្រោយ​របស់ ប៉ុល ពត រួម​ទាំង​កូន​ស្រី​ប្រពន្ធ​ក្រោយ​របស់ ប៉ុល ពត តែង​តែ​មក​ដុត​ធូប​ទាន គោរព​បូជា សែន​ព្រេន​ឲ្យ ប៉ុល ពត ជា​ប្ដី ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខាន ៖ «ថ្ងៃ ​នេះ គាត់​មិន​ទាន់​ឃើញ​មក​អុជ​ធូប​អុច​អី​ទេ ព្រោះ​រាល់​ឆ្នាំ​គាត់​មក គាត់​មក​ជួប​ខ្ញុំ មក​សុំ​អុច​ធូប ធ្វើ​បុណ្យ​ធ្វើ​ទាន​អី។ ប៉ុន្តែ​ពេល​នេះ ឆ្នាំ​នេះ​អត់​ទាន់​ឃើញ​មក​ទេ ពេល​បុណ្យ​ទាន​គឺ​គាត់​មក»

ប៉ុល ពត ជា​អតីត​មេ​ដឹកនាំ​កំពូល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម បាន​ស្លាប់​នៅ​ទីនេះ គឺ​នៅ​អន្លង់វែង នៅ​ខែ​មេសា ឆ្នាំ​១៩៩៨ ដោយ​គាំង​បេះ​ដូង ក្នុង​ពេល​ដែល​រូប​គាត់​ឈឺ​ចាស់​ជរា ហើយ​ត្រូវ​គេ​សែង​ក្នុង​អង្រឹង​រត់​គេច​ពី​ទាហាន​រដ្ឋាភិបាល​វាយ​សម្រុក​យក​ អន្លង​វែង ដែល​ជា​ទីតាំង​តស៊ូ​របស់​ខ្មែរ​ក្រហម​ចុង​ក្រោយ​បង្អស់។

ប៉ុល ពត ត្រូវ​បាន​គេ​ដុត​នៅ​លើ​ដី​ទួល​ក្បែរ​ព្រៃ​ល្បោះ។ ផ្នូរ​ខ្មោច​នេះ​ត្រូវ​គេ​ពូន​ដី​ធម្មតា មាន​សង់​រោង​សសរ​ពីរ ទាប​ប្រប​ដី ដំបូល​ប្រក់​ស័ង្កសី​ចាស់ៗ និង​ព័ទ្ធ​ដោយ​សំណាញ់​ជុំវិញ​កម្ពស់​ត្រឹម​ជង្គង់ ការ​ពារ​កុំ​ឲ្យ​សត្វ ឬ​មាន់​ទា​កាយ​ផ្នូរ។ គេ​ឃើញ​មាន​កំប៉ុង​ជើង​ធូប​ពីរ ចាន​ជ័រ​ទាប​ពីរ បី ដាក់​រាត់រាយ​ផ្ទាល់​ដី​នៅ​ក្បែរ​ផ្នូរ សម្រាប់​គេ​ដាក់​នំ​ចំណី សែនព្រេន​ដល់​ព្រលឹង ប៉ុល ពត។ ផ្នូរ ប៉ុល ពត ត្រូវ​បាន​គេ​ដាក់​ជា​តំបន់​ប្រវត្តិសាស្ត្រ​សម្រាប់​ទេសចរ​មក​កម្សាន្ត។ ប៉ុល ពត រួម​ទាំង​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កំពូល​ៗ ដូច​ជា​បងធំ​ទី​២ នួន ជា និង ខៀវ សំផន អៀង ធីរិទ្ធ អៀង សារី ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​រៀបចំ​កាត់​ទោស​ពី​បទ​ប្រល័យ​ពូជ​ សាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​ខ្មែរ​ជិត ២​លាន​នាក់​ស្លាប់​ក្នុង​របប ប៉ុល ពត កាន់​អំណាច ពី ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩៕

ហ៊ុន​សែន​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​ចំនួន​១២

ដោយ ដែន អយុធ្យា
2011-04-08

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ខ្មែរ បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ដែល​មិន​គោរព​តាម​កិច្ច​សន្យា។

RFA/Hang Savyouth

១៥-មករា-១០: ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខែត្រ​សៀមរាប នាំ​គ្នា​ឈរ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន ដែល​អាច​នឹង​រំលោភ​ចូល​ដល់​ដី​របស់​ពួកគេ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការ​ងារ​របស់​ក្រសួង​ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា​ឲ្យ​ដឹង​ថា រូប​លោក​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្បទាន​ចំនួន ១២​ក្រុមហ៊ុន ទៅ​តាម​សំណើ​របស់​ក្រសួង​កសិកម្ម។

លោក​ឲ្យ​ដឹង​ថា ការ​លុប​ចោល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទាំង​១២ គឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ទាំង​នោះ​មិន​គោរព​តាម​កិច្ច​សន្យា ដោយ​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​កាប់​ឈើ​លក់​នោះ ៖ «បញ្ហា​ក្រុមហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច យក​ទៅ​ហើយ​មិន​អនុវត្ត ត្រូវ​ពង្រឹង​អា​ហ្នឹង​ដក​មក​វិញ។ ម្សិល​មិញ​ខ្ញុំ​បាន​ចុះ​ហត្ថ​លេខា​ដក ១២​ក្រុមហ៊ុន។ អ្នក​ដែល​សុំ​បាន​ដី​យក​ដី​ទៅ​ទុក​មិន​ធ្វើ​ការ​ដាំ​ដុះ ក្នុង​ពេល​ដែល​ក្រុមហ៊ុន​មាន​ទុន​ពិត​ប្រាកដ​អត់​មាន​ដី​ដាំដុះ។ អ៊ីចឹង​ឥឡូវ​យើង​ជំរុញ​បន្ត ហើយ ១២​ក្រុមហ៊ុន​ហ្នឹង​ក្រែង​មាន​ប្រាក់​កក់ ស៊ី​ដាច់​បណ្ដោយ​អត់​មាន​ឲ្យ​វិញ​ទេ។ ហើយ​ខ្ញុំ​គិត​ថា ត្រូវ​ដំឡើង​ប្រាក់​កក់ បើ​មិន​ដូច្នេះ​សុំ​អាជ្ញាប័ណ្ណ សុំ​ហើយ​យក​ទៅ​ទុក​ចោល ទី​ចុង​បំផុត​ទៅ​ជា​ព្រៃ​ដែល​គេ​កាប់​អនាធិបតេយ្យ»

យ៉ាង​នេះ​ក្ដី លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ទាំង​១២ ដែល​លោក​បាន​ដក​អាជ្ញាប័ណ្ណ​នោះ​មាន​ឈ្មោះ​អ្វី និង​មាន​ទំហំ​ដី​ប៉ុន្មាន​ហិកតារ​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី ក្រៅ​ពី​បាន​ថ្លែង​សាទរ​ចំពោះ​ការ​ចាត់​វិធានការណ៍​ក្ដៅ ទៅ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច លោក​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​ជូន​ប៉ុន្តែ​មិន​ធ្វើ​ការ​អភិវឌ្ឍ ត្រូវ​ដក​យក​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ៖ «មិន​ត្រឹម​តែ​លុប​ប៉ុណ្ណឹង​ ទេ ត្រូវ​តែ​ធ្វើ​ពិនិត្យ​ជា​ទូ​ទៅ ព្រោះ​មាន​ក្រុមហ៊ុន​ខ្លះ​យក​ទៅ​លក់​ទៅ​ទៀត។ ជួល​ពី​រដ្ឋ​មិន​បង់​កម្រៃ​ឲ្យ​រដ្ឋ​ត្រឹម​ត្រូវ ហើយ​មិន​បាន​ធ្វើ​ដំណាំ​ផង ហើយ​លក់​បន្ត​ទៀត ដូច​ភស្តុតាង​ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​លោក ហេង សំរិន កន្លង​ទៅ គឺ​បាន​បង្ហាញ​ការ​លក់​ដី​ដ៏​ធំ​នៅ​ខេត្ត​រតនគីរី​ចំនួន ៣​សែន ៥​ម៉ឺន​ហិកតារ ទៅ​ឲ្យ​ក្រុម​ហ៊ុន​វៀតណាម​មួយ»

ចំណែក​លោក អ៊ូ ចន្ទ​ប្ញទ្ធិ សមាជិក​សភា​មក​ពី​គណ​បក្ស​សិទ្ធិ​មនុស្ស ក៏​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​នឹង​មន្ត្រី​គណ​បក្ស​សម​រង្ស៊ី​ដែរ។ ប៉ុន្តែ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ទាំង​ឡាយ​ណា ដែល​មិន​គោរព​តាម​កិច្ច​សន្យា​ឲ្យ​បាន​ធ្ងន់ធ្ងរ​ថែម​ទៀត ៖ «តាម​ខ្ញុំ​ ចាំ​ពី​ឆ្នាំ​មុន​នោះ មាន​ក្រុមហ៊ុន​ច្រើន​ណាស់​រហូត​ដល់​ជាង​៦០ ដែល​ទទួល​បាន​ដី​សម្បទាន ប៉ុន្តែ​ជាក់​ស្ដែង​មាន​ក្រុមហ៊ុន​ចំនួន​៥០ ក្នុង​ចំណោម​ក្រុមហ៊ុន ៦០​ហ្នឹង គឺ​មិន​បាន​ធ្វើ​អី​ទេ គឺ​បាន​តែ​កាប់​ឈើ​ទៅ ហើយ​ប្រគល់​ដី​មក​ជូន​រដ្ឋ​វិញ។ មាន​ន័យ​ថា យើង​ឃើញ​ថា នេះ​ជា​ការ​កេង​ប្រវ័ញ្ច​មក​លើ​រដ្ឋ​ច្រើន»

រហូត​មក​ដល់​ពេល​នេះ មិន​មាន​ប្រភព​ពី​រដ្ឋាភិបាល ឬ​ក៏​មន្ត្រី​បក្ស​ប្រឆាំង​បង្ហើប​ឲ្យ​ដឹង​ថា មាន​ក្រុម​ហ៊ុន​ចំនួន​ប៉ុន្មាន ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​នោះ​ទេ។

ប៉ុន្តែ​លោក សុន ឆ័យ សមាជិក​សភា​បក្ស​សម​រង្ស៊ី បាន​អះអាង​ថា ទំហំ​ដី​សម្បទាន​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ក្រុមហ៊ុន​វិនិយោគ​មាន​ជាង ២​លាន​ហិកតារ​គិត​ត្រឹម​ដាច់​ឆ្នាំ​២០១០ កន្លង​មក។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា រូប​លោក​នឹង​បន្ត​លុប​ចោល​អាជ្ញាប័ណ្ណ​ទៅ​លើ​ក្រុមហ៊ុន​ច្រើន​ទៀត ជា​ប្រភេទ​ក្រុម​ហ៊ុន​ស៊ីឡាក ឬ​ជា​ឈ្មួញ​កណ្ដាល​ដែល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន ហើយ​មិន​អភិវឌ្ឍ ដោយ​ទុក​ពេល​លក់​អាជ្ញាប័ណ្ណ​នោះ​បន្ត ឬ​យក​មក​សម្រាប់​តែ​កាប់​ឈើ​លក់​ប៉ុណ្ណោះ។

វិធានការ​ចំពោះ​ក្រុមហ៊ុន​សម្បទាន​ដី​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ការ​សាទរ​ពី​ប្រជា​ពល​រដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ផង​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដីសម្បទាន​មួយ​ចំនួន​បាន​រំលោភ​យក​ដី​កសិកម្ម​របស់​ពល​រដ្ឋ​យ៉ាង​ អយុត្តិធម៌​បំផុត​កន្លង​មក៕

នគរបាល​រដ្ឋបាល​មូលដ្ឋាន​ជម្រិត​យក​ប្រាក់!

កាល​ពី​ព្រឹកមិញ​បាន​ទៅ​ការិយាល័យ​នគរបាល​រដ្ឋបាល​មូលដ្ឋាន​ឃុំ​ស្លក្រាម​ដើម្បី​ធ្វើ​ចុះ​បញ្ជី​កូនស្រី​ទៅ​ក្នុង​សៀវភៅ​គ្រួសារ ។ តាម​ដែល​ក្រសួង​មហាផ្ទៃ​ប្រកាស​គឺ​គេ​មិន​មាន​យក​ប្រាក់​អ្វី​ទេ! ប៉ុន្តែ​កាល​ពី​ព្រឹកមិញ គេ​បាន​ហៅ​ខ្ញុំ​ចូល​ក្នុង​បន្ទប់​តែ​ពីរ​នាក់​ហើយ​ទាមទារ​ប្រាក់ ២០ដុល្លារ​អាមេរិក​សម្រាប់​ការងារ​នេះ ។ ខ្ញុំ​មិន​បាន​ដឹង​មុន​កុំអី​ថត​សំឡេង​យក​មក​ផ្សាយ​ឲ្យ​អ្នក​កាសែត​ចុះ​ឲ្យ​ផ្អើល​តែ​ម្ដង!

ទម្រង់​ពាក្យ​សុំ​ស្រឡាញ់

ព្រឹក​មិញ​ឃើញ​ក្មេង​សិស្ស​សាលា​អនុវិទ្យាល័យ​ថត​ចម្លង​ទម្រង់​ពាក្យ​សុំ​ស្រឡាញ់​យក​ទៅ​ចែកចាយ​គ្នា ។ ខ្ញុំ​ហួស​ចិត្ត​ថា​សម័យ​នេះ​ស្អី​ក៏​មាន​ដែរ! ចេះ​រក​នឹក​ឃើញ គេ​មាន​គណៈកម្មការ​អីណាអីណី​ត្រឹមត្រូវ​ទៀត!

តើ​ខ្ញុំ​គួរ​ជា​គំរូ​របស់​បុរស​ខ្មែរ​ឬទេ?

ខ្ញុំ​មិន​ដឹង​ថា​នៅ​ស្រុក​ខ្មែរ​នេះ​មាន​មនុស្ស​ដូច​ខ្ញុំ​និង​មិត្តភក្តិ​ខ្ញុំ​ដែរ​ឬ​អត់​ទេ! អ្វី​ដែល​បុរស​គ្រប់​គ្នា​មិ​នគួរ​ធ្វើ​នោះ​គឺ​ពេល​ប្រពន្ធ​ឆ្លង​ទន្លេ​មិន​គួរ​ដើរ​ចោល​នោះ​ឡើយ! ខ្ញុំ​និង​មិត្ត​ភក្ដិ​បាន​ប្រព្រឹត្ត​ខុស​គោលការណ៍​ខ្លួន​ដោយ​បាន​ដើរ​ចោល​ប្រពន្ធ​ទុក​ឲ្យ​គ្នា​នៅ​វេទនា​ស្រែក​ក្នុង​ពេល​សម្រាល​ទារក​តែ​ម្នាក់​ឯង ខណៈពេល​ដែល​ប្ដី​ទាំង​ពីរ​នៅ​ក្នុង​ព្រៃ​ស្រោង​ឯណោះ​! សំណាង​ល្អ​ដែល​មាន​គ្រូពេទ្យ​ជួយ​ជ្រោមជ្រែង​ទើប​ការ​សម្រាល​កូន​នេះ​បាន​សេចក្ដី​សុខ ។ មិន​គួរ​សោះ សូម្បី​តែ​ទូរស័ព្ទ​ក៏​មិន​អាច​ទាក់ទង​បាន ។ សូម​កុំ​យក​ការងារ​ធំ​ជាង​សុខទុក្ខ​គ្រួសារ​ដូច​ខ្ញុំ!

រូប​កូន​ស្រី​របស់​ខ្ញុំ​ដែល​កើត​នៅ​ថ្ងៃ​សៅរ៍ ទី​១, ១១រោជ ខែ​មករា ឆ្នាំ​២០១១ វេលា​ម៉ោង​៩.០០នាទី​ព្រឹក

ពលរដ្ឋ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ដី​ដែល​ ប៉ះពាល់​ពី​ការ​បោះ​បង្គោល​ព្រំដែន

ដោយ ឱ ភារិទ្ធ

ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងដំរីផុង ឃុំ​ដា ស្រុក​មេមត់ ខេត្ត​កំពង់ចាម ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​លើ​លិខិត​តវ៉ា​ ទាមទារ​ឲ្យ​ដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដី​ប្រកប​អាជីវកម្ម​ជា​ច្រើន​ហិកតា នៅ​ជាប់​ព្រំដែន​វៀតណាម ដែល​ជា​ដី​​កេរ​ពី​ដូនតា កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ទៅ​ប្រទេស​វៀតណាម នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

លោក ទូច សារឹត ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងដំរីផុង បាន​អះអាង​ថា ដី​លោក​ប្រមាណ​មួយ​ហិកតា​កន្លះ​នៅ​​​តំបន់​ស ​បច្ចុប្បន្ន​ បន្ទាប់​ពីបាន​​បោះ​​តម្រុយ​បង្គោល​ព្រំដែន​លេខ​១០៩ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដី​របស់​គាត់​បាន​ក្លាយ​ជា​ដី​របស់​វៀតណាម​ទៅ​វិញ ធ្វើ​ឲ្យ​លោក​បាត់បង់​ដី​ធ្វើ​អាជីវកម្ម​ផ្សេងៗ។

លោក ទូច សារឹត បន្ថែម​ថា ៖ «អា​តំបន់​ស​ហ្នឹង​នៅ​ខាង​វៀតណាម​ហើយ​ឥឡូវ ​ហ្នឹង តំបន់​ស​គេ​ការពារ​តាំង​ពី​មិន​ទាន់​បោះ។ ​ឥឡូវ​នេះ​ ពេល​គេ​បោះ​​បង្គោល​ព្រំដែន​ចូល​ហួស​តំបន់​ស​ទៀត ចូល​​ដល់​ទឹក​ដី​​ប្រជាពលរដ្ឋ​តំបន់​ដំរីផុង ​ឆ្ងាយ​ពី​តំបន់​ស​ជិត ២០០​ម៉ែត្រ…»។

អ្នកស្រី ហាវ ឈឿន ប្រជាពលរដ្ឋ​នៅ​ក្បែរ​ព្រំដែន​វៀតណាម​ដែរ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មាន​ដី​ដាំ​ដើម​ស្វាយចន្ទី​ចំនួន​ពីរ​ហិកតា​នៅ​ក្បែរ​តំបន់​ស ដែល​កាល​ពី ៥​ឆ្នាំ​មុន​វៀតណាម​តែងតែ​​ដេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ​​ធ្វើ​ស្រែ​ចម្កា​ទេ តែ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​បោះ​បង្គោល​ព្រំដែន​ចំ​ដី​អ្នកស្រី​ទាំង​អស់។

អ្នកស្រី ហាវ ឈឿន ឲ្យ​ដឹង​ទៀត​ថា ៖ «ជាប់​តំបន់​ស ៥០​ម៉ែត្រ ពី​តំបន់​ស​មក​ចម្ការ​ខ្ញុំ ឥឡូវ​ហ្នឹង​គេ​ឡើង​មក ២០០​ម៉ែត្រ​ពី​លើ​ហ្នឹង​តែម្ដង។ គេ​ដាក់​ហើយ​បង្គោល​ឈើ​លេខ​១០៩ គេ​ដាក់​វៀតណាម​ម្ខាង កម្ពុជា​ម្ខាង។ ខ្ញុំ​បារម្ភ ពិបាក​ចិត្ត ​អស់​ដី​អស់​ធ្លី គ្មាន​អី​ឲ្យ​កូន​ចៅ​ហូប​ទេ។ ដី​ខ្ញុំ​នៅ​ខាង​ត្បូង​បង្គោល​​ចូល​ទៅ​ខាង​យួន​ហ្នឹង។ ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ដី​ហ្នឹង​ខ្ញុំ​បាន​ធ្វើ​វិញ​ផង»

លោក ហ៊ុន ណេង អភិបាល​ខេត្ត​កំពង់ចាម បាន​បំភ្លឺ​ពី​ការ​បោះ​បង្គោល​ព្រំដែន​នោះ​ថា យើង​គោរព​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ទទួល​ស្គាល់​ផែនទី​ដែល​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ ដូច​ការ​បោះ​បង្គោល​លេខ​៩៥ ដី​វៀតណាម មាន​ចូល​មក​ខាង​យើង ហើយ​គេ​បាន​កាប់​ចេញ​ជា​ច្រើន​ហិកតា ឯ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​យើង​មិន​ដេញ​ទៅ​ណា​ទេ។

លោក ហ៊ុន ណេង មាន​ប្រសាសន៍​ទៀត​ថា ៖ «ទី​មួយ​យើង​គោរព​រដ្ឋធម្មនុញ្ញ​ របស់​យើង ​ក្នុង​ទឹក​ដី​យើង​វា​មាន ១៨១,០៣៥​គីឡូម៉ែត្រ​ក្រឡា ហើយ​យើង​ទទួល​ស្គាល់​ផែនទី ១/១០០.០០០ ដែល​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ អ៊ីចឹង​ខេត្ត​កំពង់ចាម វា​មាន​ថ្នល់​ជាតិ​លេខ​៧ វា​គ្មាន​អ្នក​ណា​លើក​ថ្នល់​ចេញ​បាន​ទេ បើ​ឆ្ងល់​ច្រើន​ទាញ​ខ្សែ​វាស់​មក ប៉ុន្តែ​ឥឡូវ​នេះ​យើង​បោះ​ទៅ​តាម​ហ្នឹង ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ប្រទេស​ទាំង​ពីរ យើង​អនុវត្ត​​ទៅ​តាម​ច្បាប់ យើង​ត្រូវ​ធ្វើ​អ៊ីចឹង​ហើយ»

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​ប្រឆាំង បាន​លើក​ឡើង​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ ហើយ​ថា គណៈកម្មការ​បាន​ទៅ​បោះ​តម្រុយ​ព្រំដែន បើ​ធ្វើ​ឲ្យ​បាត់​ដី​របស់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​រដ្ឋាភិបាល ឬ​គណៈកម្មការ​បង្ហាញ​និយាមកា​​ពិត​ប្រាកដ។

លោក ម៉ៅ មុនីវណ្ណ បន្ត​ថា ៖ «បើ​ផ្ទៃ​ដី​ស្រុក​យើង​វា​មាន ១៨១,០៣៥​គីឡូម៉ែត្រ​ការ៉េ យើង​ប្រាប់​និយាមកា​មក គេ​យក​ទៅ​ដាក់​ក្នុង​ផែនទី​ទៅ​ឃើញ​ហើយ​ថា បង្គោល​​ព្រំដែន​ហ្នឹង​​វា​រត់​នៅ​លើ​បង្គោល​ព្រំដែន​ពិត​ប្រាកដ​មែន បើ​សិន​ជា​រត់​លើ​បង្គោល​ព្រំដែន ហើយ​វា​បាត់​បង់​ដី​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​រក​ដី​សម្បទាន​កន្លែង​ណា​មួយ​យក​មក​ជូន​ប្រជាពលរដ្ឋ​ បង្កបង្កើន​ផល ដើម្បី​ដោះស្រាយ​ជីវភាព​ចិញ្ចឹម​ជីវិត​ទៅ​អនាគត»

លោក ម៉ៅ មុនីវណ្ណ បាន​បន្ថែម​ថា រាល់​ការ​បោះ​បង្គោល​ព្រំដែន ប្រមុខ​រដ្ឋាភិបាល​តែងតែ​អះអាង​ថ្វាយ​ព្រះមហាក្សត្រ​ថា ពុំ​មាន​ការ​បាត់បង់​ដី​ឡើយ តែ​លោក​តែងតែ​ទទួល​បាន​ពាក្យ​តវ៉ា​ជានិច្ច​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ ព្រំដែន បន្ទាប់​ពី​មាន​ការ​បោះ​បង្គោល ឬ​តម្រុយ​ព្រំដែន៕

មូលហេតុ​អ្វី​ទើប​ចាស់ៗ​ចូលចិត្ត​ជេរ​កូនថា…..?

មូលហេតុ​អ្វី​បាន​ជា​ចាស់ៗ​ចូលចិត្ត​ជេរ​កូន​ថា “មីក្យួន អាក្យួន” ពេល​ដែល​ក្មេង​ហ្នឹង​កាច ឆ្នាស់ កំណាញ់ និង​លោភលន់​ដណ្ដើម​អ្នក​ដទៃ? ហេតុអ្វី​មិន​ជេរ​ថា “អាក្សៀម មីក្សៀម” ផង​ទៅ?

អាជ្ញាធរ​ក្រុង​សៀមរាប​បិទ​មិន​ឲ្យ​លក់​សាំង​តាម​ចិញ្ចើម​ថ្នល់!

ជួ​យគិត​គ្នា​បន្តិច នៅ​ខេត្ត​សៀមរាប​អាជ្ញាធរ​បាន​បិទ​មិន​ឲ្យ​មាន​លក់​សាំង​ដប​តាម​ចិញ្ចើម​ថ្នល់​ឬ​នៅ​ត្រង់​ណា​ក៏ដោយ ។ ខ្ញុំ​យល់ថា​វា​ប៉ះពាល់​ដល់​ប្រជាជន​ក្រីក្រ​ដែល​គាត់​ស៊ី​តិចតួច​គ្រាន់​បំពេញ​ក្រពះ​គាត់​ហ្នឹង​ច្រើន​ណាស់ ។ អាជ្ញាធរ​បាន​ព្រមាន​ថា ប្រសិនជា​ឃើញ​មាន​លក់ គេ​នឹង​ដក​ទាំងសាំង​ថែមទាំង​ចាប់​អ្នកលក់​ទៅ​ពិន័យ​ណែនាំ​ទៀត ។ អ្នក​ប្រើ​ម៉ូតូ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ទេ ព្រោះ​ពួកគេ​ពិបាក​រក​កន្លែង​ចាក់ និង​មួយ​ទៀត អ្នក​រត់​ម៉ូតូឌុប​គាត់​រអ៊ូ​ថា​សាំង​នៅ​ស្ថានីយ៍​ថ្លៃ​ធ្វើ​ពួកគាត់​រក​កម្រៃ​មិន​បាន ។ តើ​នៅ​ខេត្ត​ផ្សេង​និង​ភ្នំពេញ​ដូច​គ្នា​ឬ​អត់? គេ​ថា​ខ្លាច​ផ្ទះ​កើត​អគ្គីភ័យ​ដូច​នៅ​ភ្នំពេញ​លើក​មុន​ផ្ទុះ​ឡាន​ដឹក​ប្រេង​ហ្នឹង ។ តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា?