ពុម្ព​សិលាចារឹក​ត្រូវការ​ជំនួយ​បន្ទាន់

សួស្ដី​អ្នក​ទាំងអស់​គ្នា កាល​ពី​គ្រាមុន ខ្ញុំ​បាន​ចុះ​ផ្សាយ​ថា​នឹង​បង្កើត​ពុម្ព​សិលាចារឹក​ខ្មែរ​បុរាណ​សម័យ​អង្គរ​ទី​៤ ដែល​បច្ចុប្បន្ន​នេះ​បាន​ដំណើរការ​ចំនួន ៣០%​ហើយ ។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​មាន​កង្វះខាត​ដោយ​សារ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ស្ដី​ពី​វណ្ណយុត្តិ​ខ្មែរ​សម័យ​នោះ ដោយ​អាច​រក​ឃើញ​តែរបាទ/រេផៈ (៌) និង​វិរាម (៑) តែ​ប៉ុណ្ណោះ ។ ខ្ញុំ​សូម​អំពាវនាវ​រក​ជំនួយ​ពី​អ្នក​ភ្នំពេញ​ដែល​មាន​បណ្ណាល័យ​ស្រាវជ្រាវ​ច្រើន ជាពិសេស​គឺ​បណ្ណាល័យ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

ខ្នាតនៃរង្វាស់រង្វាល់ (ទម្ងន់)

1. ១ គុញ្ជា = កដ្ដី, កដ្ដិកា, កទិ = ០,១៤៥ក្រ
2. ១ បណៈ = ៥ គុញ្ជា = ០,៧២៨ក្រ
3. ១ មាសៈ = ២ បណៈ = ១,៤៥៧ក្រ
4. ១ និស្កៈ = ៤ មាសៈ = ៥,៨៣១ក្រ
5. ១ កស៌ៈ = ៤ និស្កៈ = ២៣,៣២៤ក្រ
6. ១ បលៈ = ២ កស៌ៈ = ៤៦,៦៤៨ក្រ
7. ១ កុឌុវៈ, កុឌវៈ = ៤ បលៈ(1/2 sère) = ៣៤៧,២៩ក្រ
8. ១ ប្រស្ថៈ = ៤ កុឌុវៈ (2 sères) = ១,៤២២គ.ក
9. អាឍកៈ = ៤ ប្រស្ថៈ = ៥,៩៧១គ.ក
10. ១ ទ្រោណៈ = ៤ អាឍកៈ (32 séres)= ២៣,៨៨៤គ.ក
11. ១ ខារី = ៤ ទ្រោណៈ (128 sères)= ៩៥,៥៣៦គ.ក
12. ១ តុលា = ១៦ ទ្រោណៈ (ជួនកាល)= ៣៨២,១៤៤គ.ក
13. – = ១០០ បលៈ = ៤,៦៦៤៨គ.ក (ឯកសារខ្លះថា ៩,៣៣០គ.ក)
14. ភារៈ = ២០ តុលា = ១៨៦,៦០០គ.ក
កំណត់សម្គាល់៖
ខារី = ថ្លូង (៤ជេ=៤កញ្ជើ?), ទ្រោណៈ = ជេ (១៥លិះ=១៥ល្អី?)
ប្រស្ថៈ = លិះ (៤អ្វរ), កុឌុវៈ = អ្វរ, ឃដី = ឃដិកា
បាទ = ? វិម្វ = វិល្វ = បលៈ = ៩៣,៣០០ក្រ.
រហូតដល់សព្វថ្ងៃរវាង «កញ្ជើ» និង «ល្អី» ជាឧបករណ៍រង្វាស់ដែលគេចាត់ទុកថាដូចគ្នា ។
ចំណែករង្វាស់ពេញនិយមគឺ «តៅ» (១តៅ=១២គ.ក) និង «ថាំង» (១ថាំង=២តៅ=២៤គ.ក) ។

កំហុសឆ្គងអ្នកបញ្ចូលទិន្នន័យ

ជាយូយារណាស់មកហើយដែលខ្ញុំចេះតែសង្កេតឃើញតាមទូរទស្សន៍ក្នុងស្រុក និងលិខិតស្នាមមួយចំនួនពីស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជា បានសរសេរខុសអក្ខរាវិរុទ្ធយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសគឺការប្រើវណ្ណយុត្តិ ។ ជាឧទាហរណ៍នៅក្នុងគេហទំព័ររបស់ទូរទស្សន៍បាយ័ន ខ្ញុំបានរកឃើញកំហុសមួយចំនួន តែសុំលើកយកត្រឹមមួយដែលជាកំហុសវណ្ណយុត្តិដូចក្នុងរូបខាងក្រោម ។

កំហុសនេះគឺកន្លែងប្រើ ទណ្ឌឃាត (៍) តែបែរជាប្រើ រេផៈ (៌) ទៅវិញ ។ នៅពេលខ្លះត្រង់កន្លែងដែលត្រូវដាក់ ទណ្ឌឃាត (៍) បែរជាយក អស្ដារ (៏) មកដាក់ទៅវិញនៅក្នុងលិខិតស្នាមមួយចំនួន ។ កំហុសនេះខ្ញុំគិតថាកើតចេញពីអ្នកបញ្ចូលទិន្នន័យ ព្រោះជាញឹកញាប់នៅកន្លែងធ្វើការរបស់ខ្ញុំ អ្នកបញ្ចូលទិន្នន័យពេលណាត្រូវគេបន្ទោសពីកំហុសទាំងនោះ គាត់ថាមិនដឹងជាសញ្ញាហ្នឹងនៅត្រង់ណា ហើយវាខុសគ្នាយ៉ាងម៉េច? ឲ្យតែស្រដៀងគឺដាក់យកតែម្ដងទៅ! នៅសកលវិទ្យាល័យមួយសុំមិនបញ្ចេញឈ្មោះ គាត់សរសេរយ៉ាងធំៗថា «ការិយាល័យព៌ត័មាន»។ គិតទៅមើល ប្រសិនជាសូម្បីតែសកលវិទ្យាល័យមួយចំនួន អ្នកច្បាប់មួយចំនួន សាស្ត្រាចារ្យមួយចំនួន មន្ត្រីមួយចំនួន ទូរទស្សន៍ ដែលជាគំរូបង្ហាញនិងបញ្ចាំងដល់គេគ្រប់គ្នាសរសេរខុសគ្មានទទួលខុសត្រូវផង ហ្នឹងមានអ្វីនឹងកើតឡើងចំពោះមនុស្សក្មេងបច្ចុប្បន្ន?

ពាក្យ “ត្រពាំង” និង “រលំ”

ថ្មីៗ​នេះ​ខ្ញុំ​ទើប​បាន​ឮ​ពាក្យ​ពីរ​ដែល​ខ្ញុំ​មិន​គិត​ថា​ថ្មី​សម្រាប់​ខ្លួន​ឯង នោះ​គឺ៖

ត្រពាំង (ន) ជា​ថ្លុក​ទឹក​ដក់​នៅ​ក្នុង​ព្រៃ​ មាន​សណ្ឋាន​មូល​ឬ​ទ្រវែង ជួនកាល​អាច​មាន​កូន​ប្រឡាយ​តូច​ជាប់​ពាក់ព័ន្ធ ។

រលំ (ន) ជា​ថ្លុក​ទឹក​មាន​សណ្ឋាន​ធំ​កន្តាលហាល ផ្សាភ្ជាប់​ខ្លួន​នឹង​កូន​អូរ​ឬ​ប្រឡាយ​ ។ វា​ត្រូវ​ហូរ​ចាក់បំពេញ​ទឹក​ដោយ​កូនអូរ​និង​ទឹក​ភ្លៀង ។

ពាក្យ​នេះ​ខ្ញុំ​បាន​ឮ​ពី​អ្នក​ភូមិ​ដង​ផ្លិត​ឋិត​នៅ​ក្នុង​ខែត្រ​ព្រះវិហារ​ជាប់​ព្រំដែន​លាវ ។ ខ្ញុំ​គិត​ថា​គួរ​បញ្ចូល​ពាក្យ​នេះ​ក្នុង​វចនានុក្រម​ខ្មែរ​ក្រោយ​ទៀត​បើទោះជា​វា​ជា​ពាក្យ​ហៅ​តាម​តំបន់​ក៏ដោយចុះ ។

ការ​ប្រើ​សំយោគសញ្ញា (័)

នៅ​ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​បាន​ប្រទះឃើញ​មាន​ការ​ប្រើ​សំយោគសញ្ញា​ខុស​ទីតាំង​នៅ​ក្នុង​ភាសា​ខ្មែរ តាម​ស្លាកយីហោ និង​លិខិត​ស្នាម​មួយ​ចំនួន ដោយ​គេ​យក​សញ្ញា​នេះ​ទៅ​ដាក់​លើ​អក្សរ​ទី​ពីរ​នៃ​ពាក្យ​នោះ​ទៅ​វិញ​ដូច​ជា៖ ការិយាល័យ > ការិយាលយ័, នភាល័យ > នភាលយ័, ភ័យ > ភយ័ ។ល។

សញ្ញានេះ​គេ​ត្រូវ​ដាក់​លើ​តួអក្សរ​ទី​១​នៃ​ពាក្យ​នោះ មិនមែន​លើ​អក្សរ​ទី​២​នោះ​ទេ!

សូម​អ្នក​ចូល​ទស្សនា​ជួយ​បន្ថែម​ទៀត…

យុគ្គលពិន្ទុ ប៉ះ​នឹង វិសជ៌នីសញ្ញា

សព្វថ្ងៃ​ខ្ញុំ​ឃើញ​គេ​សរសេរ​ច្រឡំ​គ្នា​រវាង​វណ្ណយុត្តិ​ពីរ​នេះ​គឺ «យុគ្គលពិន្ទុ និង វិសជ៌នីសញ្ញា» កន្លែង​ដែល​ត្រូវ​ប្រើ​យុគ្គលពិន្ទុ​បែរ​ជា​ប្រើ​វិសជ៌នី​ទៅ​វិញ​ដូចជា៖ រយៈ  > រយះ, វណ្ណៈ > វណ្ណះ ។ល។ ទៅ​វិញ ។ ត្រង់​កន្លែង​ដែល​មិន​ត្រូវ​ប្រើ​យុគ្គលពិន្ទុ​បែរ​ជា​ប្រើ​ដូចជា៖ រតនគិរី > រតនៈគិរី, ភារកិច្ច > ភារៈកិច្ច ។ ខុស​នេះ​មិនមែន​តែ​ជន​សាមញ្ញ​ធម្មតា​ទេ សូម្បី​លិខិត​ផ្លូវការ​ចេញ​ពី​ក្រសួង​ មន្ទីរ​របស់​រដ្ឋ​ក៏​សរសេរ​ខុស​ដែរ! តើ​ធ្វើ​ម៉េច​ទើប​គេ​ពិចារណា​មុន​ពេល​សរសេរ?

របៀបសរសេរ ដកឃ្លា ក្នុង​ភាសា​ខ្មែរ

សួស្ដី មិត្តទាំងអស់,

ខ្ញុំសង្កេតឃើញ នៅក្នុងសារព័ត៌មាន ឬ​ក្នុងអត្ថបទខ្លះ​លើប្រព័ន្ធ​អ៊ិនធើណិត​​មួយ​ចំនួន​មានការសរសេរជាប់ ៗ​គ្នា គឺមិនមានដកឃ្លា​ទាល់តែសោះ ហើយ​ប្រសិនជា​ដក​វិញ​គឺ​ដក​ស្ទើរ​តែ​ទាំងអស់ ។

សំណួររបស់ខ្ញុំ ៖

    – តើការសរសេរ “ដកឃ្លា” មានក្បួនរបៀបណា ?

    – បើមានក្បួន សូមមេត្តាពន្យល់​និងឲ្យឧទាហរណ៍ ។

    – តើ​អ្វីទៅជា វគ្គ ?

    – តើ​អ្វីទៅជា ឃ្លា, ប្រយោគ ?

សូម​ជួយ​ពន្យល់​តាម​ការគួរ

ពាក្យ​បណ្ដៅ «រុក្ខាលតាព័ទ្ធចុង មច្ឆាពួនក្នុង ពួនប្របអគ្គី»

រុក្ខាលតាព័ទ្ធចុង មច្ឆាពួនក្នុង ពួនប្របអគ្គី ។

ពាក្យបណ្ដៅ ( សត្វបូនជួនឈ្មោះដូចគ្នា )

បុរាណាចារ្យ បានបណ្ដៅថា ៖

    សត្វបូន ជួនឈ្មោះដូចគ្នា

    មួយនៅគង្គា មួយនៅវេហាស៍

    មួយនៅបំរើ ជាខ្ញុំធម្មតា

    មួយជាព្រឺក្សា លតាសម្ទាយ ។

ពាក្យ​បណ្ដៅ​ខ្មែរ

ចាស់បុរាណ បានបណ្ដៅថា ៖

មានជើងមួយ ខ្សែទាញស្នែងបី
ភាពដូចស្រី មានដោះខាងឆ្វេង
មានធ្នូមិនដែលបាញ់លេង បាញ់តែខ្លួនឯង
សូរសៀងស្រងាត់ ។

សូម​ឆ្លើយ​មើល!

ចម្លើយ​លើ​រង្វាស់​ខ្មែរ

នេះ​ជា​ចម្លើយ​លើ​ប្រកាស “រង្វាស់​ខ្មែរ​បុរាណ”

១- តើ ១​ ក្រពើ ជា​រង្វាស់អ្វី ?
– ១ ក្រពើ ជា ​រង្វាស់ វល្លិ
២- ​រង្វាស់ដែលតូចជាង​ ១​ ក្រពើ ជា​អ្វី ?
– ​រង្វាស់ដែលតូចជាង​ ក្រពើ គឺ ចន្ទាស
៣- ​រង្វាស់ដែលធំជាង​ ១​ ក្រពើ ជា​អ្វី ?
– រង្វាស់ដែលធំជាង​ ​ ក្រពើ គឺ ក្រមាល់

ចន្ទាស (ន.) ​ចំនួន​បាច់​ផ្ដៅ ២០ ដើម ចង​ជា​សំណុំ​រួចបត់​ជា​ពីរ : ​ផ្ដៅ​មួយ​ចន្ទាស ។
ក្រពើ (ន.) ​ចំនួន​បាច់​ផ្ដៅ ១០ ចន្ទាស គឺ ២០០ ដើម : ​ផ្ដៅ​មួយក្រពើ ។
ក្រមាល់ (ន.) ចំនួនបាច់​ផ្ដៅ​ ១០​ ក្រពើ គឺ ២០០០ ដើម ។ ចំនួន​ឫស្សី ៣០ ដើម : ឫស្សី​មួយ​ក្រមាល់ ។

រង្វាស់ វល្លិ ៖
១ ក្រមាល់ = ១០ ក្រពើ = ១០០ ចន្ទាស

    ១ ចន្ទាស = ២០​ ដើម
    ១ ក្រពើ = ២០០ ដើម
    ១ ក្រមាល់ = ២០០០ ដើម

៤- តើ ១​ ត្របក ជា​រង្វាស់អ្វី ?
ត្របក គឺជា រង្វាស់ស្លឹកឈើ ។​
៥- ​រង្វាស់ដែលតូចជាង​ ១​ ត្របក ជា​អ្វី ?
រង្វាស់ ស្លឹកឈើ ដែលតូចជាង ត្របក គឺ ស្នើរ ។
៦- ​រង្វាស់ដែលធំជាង​ ១​ ត្របក ជា​អ្វី ?
រង្វាស់ ស្លឹកឈើ ដែលធំជាង ត្របក គឺ ? ។

ត្របក (ន.) ចំនួន​ម្លូ ១០ ស្នើរ គឺ​ម្លូ ២០ សន្លឹក : ទិញ​ម្លូ​ ១ ត្របក​ផ្ញើ​គ្នា​ផង !
ស្នើរ (ន.) ចំនួន​ម្លូ ២ សន្លឹក

រង្វាស់ ស្លឹកឈើ, ម្លូ​ ៖

    ១ ស្នើរ = ២​ សន្លឹក
    ១ ត្របក ​= ១០ ស្នើរ គឺ ២០ សន្លឹក ។

ដោយក្ដីរាប់អាន

ចម្លើយ​ពាក្យ​បរិវាសព្ទ​កើត​ចេញ​ពី​ការ “គន្លាស់កាត់”

សួស្ដី បង​ប្អូន ថ្ងៃ​នេះ​ខ្ញុំ​សាក​ដាក់​ចម្លើយ​សម្រាប់​អត្ថបទ​ចុះ​ផ្សាយ​របស់​ខ្ញុំ​កាល​ពី​ពីរ​ថ្ងៃ​មុន​ស្ដី​ពី​បរិវាសព្ទ​កើត​ចេញ​ពី​ការ “គន្លាស់កាត់” ដូច​ខាង​ក្រោម៖

សម្លសម្លុក ៖ សម្លុក < សម្លុក + ប្រហ < សម្ល + ប្រហុក
សមសួន ៖ សួន < សួន + ខ្លម < សម + ខ្លួន
ចានក្បាន ៖ ក្បាន < ក្បានដាក់ចាក់ < ក្បាក់ដាក់ចាន
ភ្លេងភ្លាត់ ៖ ភ្លាត់< ភ្លាត់នឹងមុំ < ផ្លុំនឹងមាត់

ចម្លើយ​នៃ​អត្ថបទ​បុរាណ​

ជ៉រាបសួរ មិត្តទាំងអស់, នេះ​ជា​ចម្លើយ​នៃ​អត្ថបទ​បុរាណ​នោះ!

ពាក្យប្ដឹងពីវាយគ្នាត្រូវរបួស

ថ្ងៃ ៤ រោច ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក; សូមទាន ចៅផល់, លិវ, ខ្ញុំប្របាទ ផ្ទះនៅក្នុង ក្រុមមឿង ខ្ញុំប្របាទសូមធ្វើជាដំណើរតាមចំណាំ នាំមកក្រាបប្រណិប័តន៏ប្ដឹង លោកអ្នកឧកញ៉ាមហាវិនិច្ឆ័យ នូវអស់លោកចៅក្រម សូមទានជ្រាប ៖ ដ្បិតខ្ញុំប្របាទ កើតទុក្ខពុំសុខចិត្តនឹងថៅកែ នាងគុង នៅភូមិចិន ដំដែក, ក្នុងក្រុមមឿង ជាមួយគ្នា; កាលនៅ ថ្ងៃ ៣ រោច ខែស្រាពណ៍ នេះខ្ញុំប្របាទបានទៅទារប្រាក់ពីថៅកែ ដែលចង ការខ្ញុំប្របាទនោះ ស្រាប់តែថៅកែជេរខ្ញុំថា អាឆ្កែរទារប្រាក់អី អញមិនទាន់បានសងទេ; ហើយខ្ញុំប្របាទជេរទៅវិញថា អាឆ្កែ អញទារប្រាក់អញនោះ ថៅកែមកវាយខ្ញុំប្របាទ នឹងព្រនង់ ត្រូវដៃ របួសជាទម្ងន់; នេះមានអ្នកមានឈ្មោះបានដឹង បានឮ បានឃើញផង ។ ហេតុនេះខ្ញុំប្របាទពុំសុខចិត្ត សូមបំរើលោកទៅកោះហៅយកខ្លួនថៅកែ មកជំនុំជម្រះ តាមច្បាប់ ឲ្យទានខ្ញុំប្របាទ សុខចិត្តតទៅ ។ សេចក្ដីខុសត្រូវ, ខ្ញុំប្របាទទទួលតាមច្បាប់ ។ ក្រែងពុំប្រាកដ ខ្ញុំប្របាទគូសថ្នាំងចង្អុលដៃឆ្វេង ជំរាបជូនទុកជាចំណាំស្រាប់ ។

———————————————————————————————

នេះ​ជា​អត្ថបទ​ដើម៖

រង្វាស់​ខ្មែរ

សួស្ដី មិត្តទាំងអស់,

កាលពីយូរយារណាស់មកហើយ (នៅក្មេង), ខ្ញុំធ្លាប់ឮ​ ចាស់ៗ (នៅស្រុកស្រែ) និយាយអំពីរង្វាស់ ដូចខាងក្រោមនេះ ៖

– ១​ ក្រពើ
– ១​ ត្របក …

សំណួររបស់ខ្ញុំ ៖

១- តើ ១​ ក្រពើ ជា​រង្វាស់អ្វី ?
២- ​រង្វាស់ដែលតូចជាង​ ១​ ក្រពើ ជា​អ្វី ?
៣- ​រង្វាស់ដែលធំជាង​ ១​ ក្រពើ ជា​អ្វី ?

៤- តើ ១​ ត្របក ជា​រង្វាស់អ្វី ?
៥- ​រង្វាស់ដែលតូចជាង​ ១​ ត្របក ជា​អ្វី ?
៦- ​រង្វាស់ដែលធំជាង​ ១​ ត្របក ជា​អ្វី ?

ពាក្យបរិវារស័ព្ទ

ជំរាបសួរ មិត្តទាំងអស់,

បរិវារស័ព្ទ ន. ពាក្យដែលគ្មានន័យ សម្រាប់និយាយផ្សំ ជាមួយនឹងពាក្យដទៃ ។ (Meaningless word which forms part of a compound ).

ឧទាហរណ៏ ៖
សំបែង (ប.) ពាក្យ សម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទះ ថា : ផ្ទះសំបែង
នរ (ប.) ពាក្យ សម្រាប់និយាយផ្សំនឹងពាក្យនឹង ថា : នឹងនរ

បើតាម លោក អៀវ កឹស(*), ពាក្យបរិវារស័ព្ទ កើតពី របៀប “គន្លាស់កាត់» ។

ឧទាហរណ៏ ៖

    ផ្ទះសំបែង ៖ ផ្ទះ + សម្បត្តិឯង (សំបែង = សំបែងអាត់ < សម្បត្តិឯង)
    នឹងនរ ៖ នឹង + នឹងជំហរ (នរ = នរជំហឹង < នឹងជំហរ)

របៀប “គន្លាស់កាត់»

    1- សម្បត្តិឯង គន្លាស់ > សំបែងអាត់
    2- សំបែងអាត់ កាត់ អាត់ ចេញ > សំបែង

សំណួរ ៖ តើ ពាក្យបរិវារស័ព្ទ ខាងក្រោមនេះ កើតមក​ពី​ អ្វី ?

    សម្លុក (សម្លសម្លុក)
    សួន (សមសួន)
    ក្បាន (ចានក្បាន)
    ភ្លាត់ (ភ្លេងភ្លាត់)

(*) លោកអៀវ កើស​​ ភាសាខ្មែរ ឆ្នាំ ១៩៤៧

យើងរៀនអាន អត្ថបទខ្មែរ

អត្ថបទខ្មែរបូរាណនេះ បានសរសេរឡើងនៅឆ្នាំ្ ១៨៨៦, ពោលគឺក្នុងសម៍យ អាណានិគមបារាំង ។

សូមសរសេរអត្ថបទនេះជាថ្មី ដោយគោរពតាមក្បួនអក្ខរាវិរុទ្ធ, និងយកជាគោលនូវ ៖

– វចនានុក្រមខ្មែរ សម្ដេច ជួន ណាត, ពុទ្ធសាសនបណ្ឌិត, ១៩៦៧
– វចនានុក្រមអក្ខរាវិរុទ្ធ នៃភាសាខ្មែរ, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភា កម្ភុជា, ២០០៥ ។

ឧទាហរណ៏ ៖

– ពាកប្ដិងពិ្យវា្យ… = ពាក្យប្ដឹងពីវាយ …

    ពាកប្ដិងពិ្យវា្យគ្នាត្រូវរ៏បួស

    ថ្ងៃយ ᧴ ៩ ឆ្នាំរ៏កានុព្ភសក្ស៏ សូម្ទានចៅផល់លិវខ្ញុំប្របា្ទផ្ទះនៅក្នុងក្រ៏មមឿង ខ្ញុំប្របា្ទសូមធ្វើហជាដំណើតាមចំណាំ នាំមកក្រាបប្រនិបាត្តប្ដិង លោកអ្នកឲកញ៉ាម៏ហាវិនិឆៃ នៅអ្សលោកចៅក្រំសូម្ទានជ្រាប ដ្បិតខ្ញុំប្របា្ទកើតទុក្ខពុំសុក្ខចិត្រ នឹងថៅកែនាងគុងនៅភូមចិនដំដែក
    ក្នុងក្រ៏មមឿងជាមូ្យគ្នា កាលនៅ ថ្ងៃយ ᧳ ៩ នេះខ្ញុំប្របា្ទបានទៅទាប្រាកពិ្យថៅកែ ដែលចង្ការខ្ញុំប្របា្ទ
    នោះស្រាបតែថៅកែ ។ ជេខ្ញុំថា អាឆ្កែរទាប្រាកឥ្យ អាញមិន្ទាន់បានសងទេ ហើ្យខ្ញុំប្របា្ទជេទៅវិញថា អាឆ្កែ អាញ់ទាប្រាកអាញ់ នោះថៅកែមកវ៉ា្យខ្ញុំប្របា្ទនិងប្រនង់ ត្រូវដៃរ៏បួសជាធ្អន់ នេះមានអ្នកមានឈ្មោះបានដិងបានឮបានឃើញផង ហែតនេះខ្ញុំប្របា្ទ ពុំសុក្ខចិត្រសូមបំរើលោកទៅ ព្រះកោះយកខ្លួនថៅកែមកជំនុំជំរាះតាមច្បាប់ឲ្យទានខ្ញុំប្របា្ទសុក្ខចិត្រត៏ទៅ សាច់ក្ដី្យខុសត្រូវ ខ្ញុំប្របា្ទទ៏ទួលតាមច្បាប់ ក្រែងពុំប្រកត់ខ្ញុំប្របា្ទគូសថ្នាំងចង់ឱលដៃ្យឆ្វេង ជំរាបជូនទុកជាចុះណាំស្រាប ។

ពាក្យដែលកើតពី របៀប “គន្លាស់កាត់”

បើតាមលោក អៀវ កឹស(*), ពាក្យខ្មែរមួយចំនួន កើតមកពីរបៀប “គន្លាស់កាត់» ។

របៀប “គន្លាស់កាត់»

ពាក្យ “គន្លាស់កាត់” ៖ គឺជាពាក្យ ដែលកើតមកពី ការគន្លាស់ នៃពាក្យពីរ ( two monosyllables words ) ហើយកាត់ចោល មួយភាគ ។

ពាក្យនេះមានលក្ខណះ ពីរយ៉ាង ៖

    ១. គន្លាស់ នៃពាក្យពីរ, ហើយកាត់ចោល ពាក្យខាងចុង ។
    ២. គន្លាស់ នៃពាក្យពីរ, ហើយកាត់ចោល ពាក្យ ខាងដើម ។

ឧទាហរណ៏ ១​ ៖

    កោស = កាយ + បោស > កោស + (បាយ) > កោស
    កោស 1 កិ. រូស​រំលីង​, កោស​ជ្រូក​, កោស​ដូង​ កោស​បាយ ជាដើម ។
    ធ្នើរ = ថ្នាក់ + លើ > ធ្នើរ + (ឡាក់) > ធ្នើរ
    ធ្នើរ ន. ថ្នាក់​ខ្ពស់​សម្រាប់​បន្ទើរវត្ថុ​ផ្សេងៗ : ដាក់​កន្ទេល​លើ​ធ្នើរ ។
    បង្អោង = បង្អែក + តោង > បង្អោង + (តែក) > បង្អោង
    បង្អោង ន. ឈើ​ឬ​ឫស្សី​មាន​កាំ​សម្រាប់​ឡើង​ឈើ​ខ្ពស់ : បង្អោងត្នោត​, ឡើង​តាម​បង្អោង ។
    ជ្រៀង = ជ្រេ + រៀង > ជ្រៀង + (រេ) > ជ្រៀង
    ជ្រៀង គុ. ដែល​ល្អៀង ។ គុ. ឬ ន. ឈ្មោះ​អក្សរ​តួ​ទ្រេត : អក្សរ​ជ្រៀង ។
    ដង្កាប់ = ដង្កៀប + ចាប់ > ដង្កាប់ + (ចៀប) > ដង្កាប់
    ដង្កាប់ ន. ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​ផ្នែក​ពីរ​ ដាក់​ខ្វែង​ប្រទាក់​គ្នា​ជា​ចម្ពាម អាច​កម្រើក​វិល​បាន​​ដោយ​ភ្លៅ​មួយ​ត្រង់​កណ្ដាល សម្រាប់​ចាប់​ឬ​ដក​ដែក​គោល​ជាដើម ។
    ភ្នឹក = ភ្លេច + នឹក > ភ្នឹក + (នេច) > ភ្នឹក
    ភ្លឹក កិ. រលត់​ស្មារតីស្លុង​​ជ្រៅ​មិន​ដឹង​ខ្លួន​ដោយ​ឈឺ​ដាប​ខ្លាំង ( ទីទៃ​ពី​ដេក​លក់​តាម​ធម្មតា ) : គាត់ភ្លឹក​ម្ដងៗ​ទៅ​ហើយ ។ ស្លុត​ស្មារតី​, ខ្លាច​ចំប្រប់ : សម្បើមគួរ​ភ្លឹក​, ឥតភ្លឹក ។

ឧទាហរណ៏ ២​ ៖

    មុង = ទ្រុង + មូស > (ទ្រូស) + មុង > មុង
    មុង ន. ​សំពត់​ដែល​ដេរ​មាន​ខ្នង​ មាន​របាំង​ជុំ​វិញភ្ជាប់​មុខ​គ្នា សម្រាប់​ការ​ពារ​មូស​មិន​ឲ្យ​ខាំ​ ។ មុង​ផ្លិត មុង​មាន​ឆ្អឹង​សម្រាប់​បើក​កាង​ហើយ​តម្លោះ​បាន ។ ដេកមុង ដេក​ក្នុង​មុង​ ។
    ផេះ = ឆេះ + ផង់ > (ឆង់) + ផេះ > ផេះ
    ផេះ ន. សំណុស​ដែល​ភ្លើង​ឆេះ​សុស​ជា​ផង់​, ផង់​សំណល់​នៃ​វត្ថុ​ដែល​ភ្លើង​ឆេះ ។ ផេះ​! ឬ ផេះ​កណ្ដាល​ចង្ក្រាន ! ពាក្យ​សាមញ្ញ សម្រាប់​និយាយ​ដោយ​សេចក្ដី​អស់​សង្ឃឹម​ប្រដូច​ទៅ​នឹង​ផេះ គឺ​ថា​មិន​កើត​ជា​ការ​ទេ ។ ( ព. ប្រ. ) មិនផេះទេ ! មិនកើតការ​ទេ ! ។ ស៊ី​ផេះ ! ឬ ស៊ី​តែ​ផេះ ! គ្មាន​អ្វី​ស៊ី​ទេ​​មាន​តែ​ផេះ ស៊ី​តែ​ផេះ​ចុះ ! ( ព. សា. ) ។ល។

References :

( ១ ) http://sealang.net/khmer
( ២ ) វចនានុក្រមខ្មែរ, ពុទ្ធសាសនបណ្ឌិត, ១៩៦៧
( ៣ ) La grammaire du khmère moderne , KHIN Sok, ២០០២
( ៤ ) វេយ្យាករណ៏ ថ្នាក់ទី ៧, ក្រសួងអប់រំ, ១៩៩២

(*) លោក អៀវ កើស, ភាសាខ្មែរ ឆ្នាំ ១៩៤៧

តើ​ពាក្យ​ “សប្ដាហ៍” សរសេរ​យ៉ាង​ម៉េច?

ខ្ញុំ​បាន​ឃើញ​ក្នុង​គេហទំព័រ​របស់​វិទ្យុអាស៊ីសេរី​យូរ​គ្រាន់​ហើយ​ដែល​គេ​សរសេរ ពាក្យ

 

“សប្ដាហ៍” នេះ​ជា “សប្ដាណ៍” ដំបូង​គិត​ថា​គេ​ច្រឡំ ចាំ​មើល​គេ​ដូរ តែ​ដល់​អត់​ឃើញ​ដូរ គិត​ទៀត​ថា​ក្រែង​ពាក្យ​សរសេរ​បែប​នេះ​បាន​ដែរ ព្រោះ​រក​មិន​ឃើញ​ក្នុង​វចនានុក្រម​សោះ ។ ឥឡូវ​អត់​ប្រាកដ​ទេ​ដោយ​ខ្លួន​មិន​បាន​រៀន​ច្រើន​ផងនោះ ក៏​សម្រេច​យក​មក​សួរ​បង​ប្អូន​យើង​ក្នុង​ភូមិ​វិញ​មើល ។ ជួយ​គ្នា​យើង!

(រូប​កាត់​មក​ពី​ទំព័រ​បណ្ដាញ​វិទ្យុអាស៊ីសេរី)