កំហុសឆ្គងអ្នកបញ្ចូលទិន្នន័យ

ជាយូយារណាស់មកហើយដែលខ្ញុំចេះតែសង្កេតឃើញតាមទូរទស្សន៍ក្នុងស្រុក និងលិខិតស្នាមមួយចំនួនពីស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជា បានសរសេរខុសអក្ខរាវិរុទ្ធយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសគឺការប្រើវណ្ណយុត្តិ ។ ជាឧទាហរណ៍នៅក្នុងគេហទំព័ររបស់ទូរទស្សន៍បាយ័ន ខ្ញុំបានរកឃើញកំហុសមួយចំនួន តែសុំលើកយកត្រឹមមួយដែលជាកំហុសវណ្ណយុត្តិដូចក្នុងរូបខាងក្រោម ។

កំហុសនេះគឺកន្លែងប្រើ ទណ្ឌឃាត (៍) តែបែរជាប្រើ រេផៈ (៌) ទៅវិញ ។ នៅពេលខ្លះត្រង់កន្លែងដែលត្រូវដាក់ ទណ្ឌឃាត (៍) បែរជាយក អស្ដារ (៏) មកដាក់ទៅវិញនៅក្នុងលិខិតស្នាមមួយចំនួន ។ កំហុសនេះខ្ញុំគិតថាកើតចេញពីអ្នកបញ្ចូលទិន្នន័យ ព្រោះជាញឹកញាប់នៅកន្លែងធ្វើការរបស់ខ្ញុំ អ្នកបញ្ចូលទិន្នន័យពេលណាត្រូវគេបន្ទោសពីកំហុសទាំងនោះ គាត់ថាមិនដឹងជាសញ្ញាហ្នឹងនៅត្រង់ណា ហើយវាខុសគ្នាយ៉ាងម៉េច? ឲ្យតែស្រដៀងគឺដាក់យកតែម្ដងទៅ! នៅសកលវិទ្យាល័យមួយសុំមិនបញ្ចេញឈ្មោះ គាត់សរសេរយ៉ាងធំៗថា «ការិយាល័យព៌ត័មាន»។ គិតទៅមើល ប្រសិនជាសូម្បីតែសកលវិទ្យាល័យមួយចំនួន អ្នកច្បាប់មួយចំនួន សាស្ត្រាចារ្យមួយចំនួន មន្ត្រីមួយចំនួន ទូរទស្សន៍ ដែលជាគំរូបង្ហាញនិងបញ្ចាំងដល់គេគ្រប់គ្នាសរសេរខុសគ្មានទទួលខុសត្រូវផង ហ្នឹងមានអ្វីនឹងកើតឡើងចំពោះមនុស្សក្មេងបច្ចុប្បន្ន?

កម្មវិធី​បញ្ជា​ក្ដារ​ចុច​ថ្មី

ថ្មី​ៗ​នេះ​ខ្ញុំ​បាន​កែ​ក្ដារចុច​ថ្មី​សម្រាប់​វាយ​ខ្មែរ​យូនីកូដ​ដោយ​គ្រាន់តែ​បន្ថែម​ញ្ញា (-) ដើម្បី​ឲ្យ​ងាយស្រួល​ក្នុង​ការ​វាយ​បញ្ចូល​កាលណា​យើង​ប្រើ​លើ​កុំព្យូទ័រ​យួរដៃ ។ ចំពោះ​កុំព្យូរទ័រ​លើ​តុ​វា​មិន​ពិបាក​ទេ​ព្រោះ​វា​មាន​ផ្នែក​លេខ​ដែល​អាច​ឲ្យ​យើង​ប្រើ​លើ​នោះ​បាន ប៉ុន្តែ​​លើ​ឡែបថប់​វិញ​ពិបាក​ក្នុង​ការ​ប្ដូរ​ក្ដារចុច​ចុះ​ឡើង​ណាស់ ។ ដើម្បី​វាយ​សញ្ញា​នោះ​បាន អ្នក​គ្រាន់តែ​ចុច Alt Gr + M វា​នឹង​បង្ហាញ​ជាក់​ជា​មិន​ខាន ។ តួ​អក្សរ​ផ្សេង​ទៀត​គឺ​រក្សា​ទុក​តាម​គំរូ​របស់​ក្រុម​ខ្មែរ អូអែស ។

ដំបូង​គឺ​គិត​ថា​ធ្វើ​សម្រាប់​តែ​ខ្លួន​ឯង​ទេ តែ​ក្រោយ​មក​ខ្លាច​មាន​បញ្ហា​ថាសរឹង​ឆេះ​ដូច​លើក​មុន​ទៀត ក៏​សម្រេច​ចិត្ត​ដាក់​ជា​ប្រកាស​ទៅ ។ ប្រសិនជា​លោក​អ្នក​ពេញចិត្ត សូម​ចុច http://www.mediafire.com/?ja1fkz27kyhapk3 ដើម្បី​ទាញ​យក ។

បញ្ហា​យូនីកូដ​លើ​កុំព្យូទ័រ​ខ្ញុំ

ខ្ញុំ​បាន​ប្រើ​យូនីកូដ​យូរ​ណាស់​ហើយ​មិន​ដែល​មាន​បញ្ហា​អី​ទេ ។ ស្រាប់តែ​ពេល​នេះ ខ្ញុំ​បាន​ជួប​ប្រទះ​បញ្ហា​វាយ​អក្ស​មិនចេញ ។ អក្សរ​នោះ​គឹ​ស្រៈពេញតួ ( ឫ) ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ចូល​ទៅ​ក្នុង​និមិត្តសញ្ញា​រួច​បញ្ចូល​ដោយ​ដៃវិញ ។ ឆ្គួត​មែន តើ​មាន​នរណា​ដឹង​ថា​ដោះស្រាយ​យ៉ាង​ម៉េច​ទេ? ខ្ញុំ​សួរ​ក្រុម​ខ្មែរ​អូអេស​គេ​ថា​អត់ដឹង សួរ​បង​ហុង​គាត់​ឲ្យ​ទៅ​មើល​វេបសាយថ៍ ខ្មែរ​អិលស៊ី តែ​គ្មាន​បាន​ចម្លើយ​សោះ ។ អស់​ក្បាច់​ហើយ​ខ្ញុំ បាក់​ដូច​គោ​ដី​ឥដ្ឋ​ចឹង!

មន្ត្រី​ខ្មែរ៖ សភាពការណ៍​តានតឹង​នៅ​តំបន់​ព្រំដែន​កើត​ឡើង​ជា​ថ្មី

ដោយ យន់ សាមៀន និង ជុន ច័ន្ទបុត្រ
2011-05-27

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថានការណ៍​តានតឹង​ផ្នែក​យោធា​កើត​ឡើង​សា​ជា​ថ្មី​ទៀត នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-​ថៃ បន្ទាប់​ពី​ថៃ​បញ្ជូន​អ្នក​សង្កេតការណ៍​ខ្លួន​មក​កម្ពុជា។

RFA Photo/Hang Savyouth

០៦-កុម្ភៈ-២០១០: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​តាម​កំពែង​ខាង​មុខ​នៃ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា បាន​ឲ្យ​ដឹង​ថា សភាពការណ៍​តានតឹង​ផ្នែក​យោធា​នៅ​តាម​​ព្រំដែន​ខ្មែរ និង​ថៃ ក្បែរ​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​កើត​ឡើង​សា​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​ពេល​ថៃ បាន​បញ្ជូន​អ្នក​យក​ការណ៍​សម្ងាត់​យោធា​ខ្លួន​មក​យក​ព័ត៌មាន​សម្ងាត់​យោធា​ ខ្មែរ​តាម​ព្រំដែន។

មន្ត្រី​ឲ្យ​ដឹង​ថា ភាព​តានតឹង​យោធា​នេះ​កើត​ឡើង​ចំ​ពេល​កិច្ចប្រជុំ​ត្រី​ភាគី​នៅ​ទីស្នាក់ការ​ យូណេស្កូ (UNESCO) នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ស្ដីពី​របាយការណ៍​ខូចខាត​ប្រាសាទ​ព្រះវិហារ កាល​ថ្ងៃ​ទី​២៥ ឧសភា។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ត​ថា កងទ័ព​កម្ពុជា កំពុង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយសារ​តែ​ថៃ បាន​បញ្ជូន​អ្នក​យក​ការណ៍​សម្ងាត់​ស៊ើប​ការណ៍​កងទ័ព​កម្ពុជា។ បច្ចុប្បន្ន​នេះ​អ្នក​ស៊ើបការណ៍​ថៃ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​បាន និង​កំពុង​ឃុំឃាំង។

លោក​បន្ត​ថា ជា​ទូទៅ​នៅ​ពេល​ដែល​ថៃ បញ្ជូន​អ្នក​ស៊ើបការណ៍​មក​តំបន់​ព្រំដែន បន្ទាប់​មក​នឹង​មាន​ការ​វាយ​ប្រហារ​មក​លើ​ទឹក​ដី​កម្ពុជា ៖ «នៅ​ក្នុង​ ន័យ​ហ្នឹង​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ថៃ​ចង់​យក​ការ​ប្រឌិត​ហ្នឹង​ដើម្បី​ ឲ្យ​មាន​ឥទ្ធិពល​ជះ​ទៅ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​នឹង​ធ្វើ​សវនាការ​ផ្ទាល់​មាត់​នៅ​ចុង​ខែ (ឧសភា) នេះ។ បំណង​របស់​គេ​គឺ​ថា មិន​បាច់​ភាគី​ទី​៣ លូក​ដៃ​ទេ…។ នេះ​គឺ​ជា​ការ​ពន្យារ​ពេល»

ក្រសួង​ការពារ​ជាតិ​ខ្មែរ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ក៏​បាន​បដិសេធ​ព័ត៌មាន​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ថៃ ដែល​លើក​ឡើង​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC)។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា កម្ពុជា​បន្ត​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ជា​កញ្ចប់​ធ្វើ​ឡើង​ក្នុង​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ត្រី​ភាគី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ដើម​ខែ​ឧសភា។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ធ្វើ​អ្វី​ផ្ទុយ​ទៅ​នឹង​ដំណោះស្រាយ​ជា​កញ្ចប់​ នេះ​ឡើយ។

លោក ផៃ ស៊ីផាន បាន​បន្ថែម​ទៀត​ថា កម្ពុជា​នឹង​ជួយ​ភាគី​ថៃ ជា​លក្ខណៈ​ទ្វេ​ភាគី​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ព្រំដែន​ទេ ដោយសារ​កិច្ចប្រជុំ​ទ្វេ​ភាគី​គ្មាន​លទ្ធផល និង​បរាជ័យ​ជា​ច្រើន​លើក​រួច​មក​ហើយ។

កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ដក​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​រដ្ឋាភិបាល​ចាំ​ផ្ទះ​ថៃ​ ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ព្រំដែន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ។ មន្ត្រី​​បន្ត​ថា ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី នឹង​ចាប់​ផ្ដើម​សិក្សា​តំបន់​មួយ​ចំនួន​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ និង​ថៃ ដើម្បី​កំណត់​ទីតាំង​សម្រាប់​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី។

ជម្លោះ​ព្រំដែន​ខ្មែរ និង​ថៃ កំពុង​ឋិត​ក្នុង​ការ​ដោះស្រាយ​ជា​លក្ខណៈ​អន្តរជាតិ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៣០ និង ៣១ ឧសភា ដើម្បី​ពិភាក្សា​លើ​វិធានការ​បន្ទាន់​មួយ​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ។ តុលាការ​ក៏​នឹង​បើក​សវនាការ​ជា​សាធារណៈ​ស្ដីពី​បណ្ដឹង​កម្ពុជា ឲ្យ​មាន​ការ​បកស្រាយ​សាលក្រម​តុលាការ​ឆ្នាំ​១៩៦២ ដែល​បាន​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​បូរណភាព​កម្ពុជា។

ហ្វីលីពីន​ត្រៀម​បញ្ជូន​អ្នក​សង្កេតការណ៍​មក​តំបន់​ជម្លោះ​ខ្មែរ-​ថៃ

ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន លោក បេនីងូ អាគីណូ (Benigno Aquino) មាន​ប្រសាសន៍​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា ប្រទេស​របស់​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​ដោះស្រាយ​ជម្លោះ​ កម្ពុជា-​ថៃ។

លោក អាគីណូ បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​លោក​បាន​ជួប​មេដឹកនាំ​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ថា ប្រទេស​ហ្វីលីពីន ត្រៀម​ខ្លួន​បញ្ជូន​អ្នក​សង្កេតការណ៍​ហ្វីលីពីន​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ នោះ ដើម្បី​ជួយ​ស្ដារ​ស្ថានការណ៍​ឡើង​វិញ​ប្រសិន​បើ​ចាំបាច់៕

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ទប់ទល់​ការ​ប្រែប្រួល​ធម្មជាតិ

ដោយ សេក បណ្ឌិត
2011-05-25

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ផែនការ​ជាតិ​ត្រៀម​បម្រុង​លើក​ទី​មួយ ដើម្បី​ទប់ទល់​គ្រោះ​មហន្តរាយ ដែល​គេ​ធ្វើ​ការ​សិក្សា​តាំង​ពី​ឆ្នាំ ២០១០ មក នឹង​បញ្ចប់​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

Oxfam/Seang Sokleak

ព្យុះ​កេតសាណា បាន​ជន​លិច​ផល​ដំណាំ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​គ្រួសារ​ត្រូវ​ជម្លៀស នៅ​ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ចុង​ឆ្នាំ ២០០៩។ ទូក គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ចម្បង​សម្រាប់​អ្នក​ស្រុក​ធ្វើ​ដំណើរ​ទៅ​កាន់​ តំបន់ ដែល​លិចលង់។

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក រស់ សុវណ្ណរេត មាន​ប្រសាសន៍​បញ្ជាក់​ថា ផែនការ​នេះ ជា​គម្រោង​ធំ​មួយ និង​ជា​លើក​ដំបូង​សម្រាប់​ថ្នាក់​ជាតិ​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ ហើយ​គេ​នឹង​ដាក់​ឲ្យ​អនុវត្ត នៅ​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១២ ។

លោក រស់ សុវណ្ណរេត ៖ « បើ​សិន​ជា​ឆ្នាំ ២០១១ នេះ មាន​ទឹក​ជំនន់​រាំង​ស្ងួត យើង​អាច​ធ្វើតេស្ត​សាក​ល្បង​ផែនការ​យើង​បាន។ ឥឡូវផែនការថ្នាក់ជាតិនេះយើងឈានទៅដល៧០%ហើយ ឥឡូវ​នេះ​យើង​កំពុង​ដំណើរ​ការ​ប្រមូល​ទិន្នន័យ​ស្នូល​ពី​ថ្នាក់​ខេត្ត និង​ក្រសួង ដើម្បី​យក​មក​ច្របាច់​បញ្ចូល ដើម្បី​ធ្វើ​ផែន​ការ​ចង់​និយាយ​ថា បើ​មាន​ហេតុការណ៍​អី​ភ្លាម​យើង​អត់​ត្រូវ​អង្គុយ​គិត​ថា ត្រូវ​ធ្វើ​អី​ខ្លះ​ទេ ព្រោះ​យើង​មាន​មូលដ្ឋាន​ហើយ​ស្រេច គ្រាន់​តែ​បើក​សៀវភៅ​នោះ​ឡើង​មក យើង​អនុវត្ត​តែ​ម្ដង​បាទ»។

លោក​បន្ត​ថា គម្រោង​នេះ នឹង​បង្ហាញ​ជូន​យ៉ាង​ពិស្ដារ​នូវ​ផែន​ទី​ភូមិ​សាស្ត្រ និង​ធនធាន ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​ណា​មួយ អំពី​យន្តការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ វិស័យ​ទាក់ទង​ព័ត៌មាន​តាម​រយៈ​ខ្សែ​បណ្ដោយ ខ្សែ​ទទឹង ដើម្បី​ឲ្យ​ដឹង​ទូលំទូលាយ​នូវ​មុខ​សញ្ញា​នៃ​គ្រោះថ្នាក់ កាត់​បន្ថយ​គ្រោះ​ថ្នាក់ និង​ត្រូវ​មាន​វិធានការ​ចាំបាច់​ក្នុង​ការ​ជួយ​សង្គ្រោះ​បន្ទាន់។

លោក រស់ សុវណ្ណរេត ៖ «នៅ​ក្នុង​ប្រតិបត្តិការ​ឆ្លើយ​តប​គ្រោះ​ទឹក​ ជំនន់  បើ​សិន​ជា​មាន​គ្រោះ​ទឹក​ជំនន់ តើ​យើង​ត្រូវ​ការ​ស្អី​ខ្លះ? យើង​ត្រូវ​ការ​ខាង​ផ្នែក​ខាង​សុខភាព​សាធារណៈ នៅ​ក្នុង​នោះ​មាន​តាំង​ពី​ការ​ព្យាបាល ការ​សង្គ្រោះ ការ​ផ្សព្វផ្សាយ​អប់រំ។ យើង​ត្រូវ​ការ​ផ្នែក​ស្បៀង មាន​ស្បៀង​សង្គ្រោះ​បន្ទាន់ មាន​សន្តិសុខ​ស្បៀង។ យើង​ត្រូវ​ការ​ខាង​ជម្រក បើ​សិន​ជា​បង​ប្អូន​ត្រូវ​ការ​ជម្លៀស​ពី​តំបន់​ទទួល​រង​គ្រោះ ទៅ​តំបន់​ទី​ទួល​មាន​សុវត្ថិភាព យើង​ត្រូវ​ការ​សន្តិសុខ​សណ្ដាប់​ធ្នាប់។ល។ ទាំង​អស់​នឹង​យើង​បាន​យក​វា​មក​ចង​ក្រង​ជា​ប្រព័ន្ធ ហើយ​ដាក់​ចូល​ក្នុង​ផែន​ការ​គោល​របស់​យើង​តែ​ម្ដង»។

កន្លង​មក​លោក​ទទួល​ស្គាល់​ថា ការ​ត្រៀម​បម្រុង​នៅ​មាន​ការ​ខ្វះខាត​ច្រើន ទាំង​ថវិកា និង​បច្ចេកទេស​ផ្សេងៗ នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ ពេល​មាន​គ្រោះ​អាសន្ន​ម្ដងៗ។

លោក រស់ សុវណ្ណរេត បន្ត​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក៏​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដែរ ដូចជា ក្រសួង​ធនធាន​ទឹក បរិស្ថាន កសិកម្ម ក្នុង​ការ​ធ្វើ​ផែន​ការ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ ជា​ច្រើន​ទៀត ក្នុង​ការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នេះ មាន​ជា​អាទិ៍ គឺ​គម្រោង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ជា​គម្រោង​ដ៏​ធំ​មួយ ក្នុង​ឆ្នាំ ២០១១ នេះ ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការ​ប្រែប្រួល​ធនធាន​ទឹក​ទន្លេ​មេគង្គ។

លោក រស់ សុវណ្ណរេត ៖ «ក្នុង​នោះ​ខ្ញុំ​បាន​ពិនិត្យ​មើល​គម្រោង​ធំ​នោះ ឃើញ​ថា​វា​ជា​គម្រោង​ធំ​មាន​លក្ខណៈ​ល្អ ដោយសារ ក្រសួង​ធនធាន​ទឹក​គាត់​បាន​ត្រៀម​លក្ខណៈ​ជា​ច្រើន ត្រូវ​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​ជា​ច្រើន​ទាក់ទង​នឹង​ការ​ គ្រប់គ្រង​ទឹក ដើម្បី​បង្ការ​គ្រោះ​ទឹក​ជំនន់​ផង ក៏​ដូចជា​ការពារ​គ្រោះ​រាំង​ស្ងួត ដែល​កើត​ឡើង​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ឯង»។

ទោះ​យ៉ាង​នេះ​ក្ដី លោក​មិន​ទាន់​បាន​បង្ហាញ​ពី​ចំនួន​ថវិកា ដើម្បី​អនុវត្ត​គម្រោង​នីមួយៗ នៅ​ឡើយ​ទេ​ថា​នឹង​ត្រូវ​ការ​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន ពី​ព្រោះ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ពុំ​មាន​ខ្ទង់​ថវិកា​ខ្លួន​ឯង ​ផ្ទាល់​ក្នុង​ការ​អនុវត្ត​គម្រោង​នោះ​ឡើយ គឺ​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការ​អនុវត្ត​គម្រោង អាស្រ័យ​លើ​ការ​ឧបត្ថម្ភ​របស់​អង្គការ​មិន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង ក្រសួង​ជំនាញ​ដែល​មាន​ការ​ពាក់ព័ន្ធ។

ស្រប​ពេល​នេះ​ដែរ ដើម្បី​ទប់ទល់​នឹង​បម្រែបម្រួល​អាកាស​ធាតុ​នេះ​ដែរ ក្រសួង​បរិស្ថាន ក៏​មាន​គម្រោង​ផែនការ​របស់​ខ្លួន​ដែរ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ដៃ​គូ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដី​ពី​ឥរិយាបថ​នៃ​ការ​យល់​ដឹង​ពី​ការ​ ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ ២០១១ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ម៉ុក ម៉ារ៉េត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ធនាគារ​ពិភព​លោក បាន​ជួយ​ឧបត្ថម្ភ​ទឹក​ប្រាក់​ប្រមាណ ៥០ លាន​ដុល្លារ​អាមេរិក ចូល​រួម​សកម្មភាព​ ទប់ទល់​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា ដូចជា ការ​កសាង​ធនធាន​មនុស្ស ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ជួយ​ទ្រទ្រង់​លើ​វិស័យ​កសិកម្ម ដើម្បី​ឲ្យ​មាន​ភាព​សាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។

លោក ម៉ុក ម៉ារ៉េត ៖ «យើង​កំពុង​ធ្វើ​គ្រប់​កន្លែង ដាក់​តាក់ទិច​យុទ្ធសាស្ត្រ ក្នុង​ការ​អភិវឌ្ឍ​ធនធាន​ទឹក ត្រូវ​ធ្វើ​ម៉េច​ឲ្យ​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ត្រូវ​ទៅ​ព្រម​ជាមួយ​គ្នា។ នៅ​ក្នុង​ហ្នឹង យើង​ត្រូវ​ធ្វើ​គ្រប់​យ៉ាង តាំង​ពី​ប្រព័ន្ធ​ធារាសាស្ត្រ ធ្វើ​ទំនប់​ទប់​ទឹក ទប់​អី ដើម្បី​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ យើង​គិត​គូ​ពី​បញ្ហា​រក​ពូជ​ស្រូវ​ណា ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា គម្រោង​នេះ ត្រូវ​ការ​ថវិកា​ច្រើន​ទៀត ដើម្បី​អនុវត្ត​ការងារ​នេះ និង​ត្រូវ​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ និង​អ្នក​ជំនាញ និង​មាន​បទ​ពិសោធន៍​លើ​បញ្ហា​នេះ​ពី​គ្រប់​មជ្ឈដ្ឋាន។

តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លោក អេនឆា ស្រ៊ីនីវាសាន (Ancha Srinivasan) បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មីនា ឆ្នាំ ២០១១ ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធ្លាប់​បាន​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​នូវ​ទឹក​ប្រាក់​ចំនួន ១៥ លាន​ដុល្លារ​រួច​មក​ហើយ​ដែរ សម្រាប់​អភិវឌ្ឍ​គម្រោង​ទប់​ស្កាត់​បម្រែបម្រួល​អាកាស​ធាតុ​នា​ពេល​កន្លង​ មក។

មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រូប​នេះ​បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​មួយ ដែល​ប៉ះពាល់​ខ្លាំង​ដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ។

ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​រៀបចំ​យុទ្ធសាស្ត្រ​ កម្មវិធី​សាក​ល្បង​សម្រាប់​ភាព​ធន់​នឹង​អាកាស​ធាតុ ដែល​កម្មវិធី​នេះ គេ​សំដៅ​បញ្ជ្រាប​នូវ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ចូល​ទៅ​ក្នុង​គោល​នយោបាយ និង​ផែន​ការ​អភិវឌ្ឍន៍​ជាតិ ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​ធំៗ មួយ​ចំនួន។

ការ​ប្រែប្រួល​អាកាស​ធាតុ គឺ​ជា​បញ្ហា​ផល​ប៉ះពាល់​មួយ​ដ៏​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ កម្ពុជា ដោយ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់ ការ​កើន​ឡើង​នៃ​កម្ពស់​ទឹក​សមុទ្រ​ជា​ដើម។ សេដ្ឋកិច្ច​កម្ពុជា​បាន​អាស្រ័យ​ទៅ​លើ​អាកាសធាតុ​ជា​ចម្បង ពិសេស​វិស័យ​កសិកម្ម និង​ធនធាន​ទឹក​ផង​ដែរ៕

កិច្ច​ប្រជុំ​ស្ដីពី​ការ​ប្រែប្រួល​អាកាស​ធាតុ និង​សន្តិសុខ​ស្បៀង

ដោយ អ៊ុក សាវបូរី
2011-05-25

មន្ត្រី​កម្មវិធី​ស្បៀង​អាហារ​សហភាព​អឺរ៉ុប ( FAO EUROPEAN UNION FOOD FACILITY PROJECT) និង​មន្ត្រី​រដ្ឋាភិបាល ផ្នែក​កសិកម្ម និង​បរិស្ថាន បាន​ជួប​ពិភាក្សា​គ្នា​អំពី​ផល​វិបាក​នានា ដែល​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ នេះ។

Oxfam/Brett Eloff

ដី​ស្រែ​ស្ងួត​ហួតហែង​នៅ​រដូវ​ប្រាំង នៅ​ភូមិ​ក្បាល​រមាស ខេត្ត​រតនគិរី។

នៅ​ថ្ងៃ​ពុធ ទី ២៥ ខែ​ឧសភា ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ ជាង ៩០ នាក់ បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ នៅ​ពេល​បច្ចុប្បន្ន និង​ស្ដី​អំពី​វិធានការ​នានា ដើម្បី​ការពារ​ផល​ដំណាំ និង​សត្វ​ចិញ្ចឹម នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​កើត​ឡើង និង​វិធី​បញ្ចៀស ព្រម​ទាំង​ការ​ប្រកាស​គ្រោះ​អាសន្ន មុន​ពេល​កើត​មាន​គ្រោះ​ធម្មជាតិ​ទាំង​នោះ ដើម្បី​ឲ្យ​កសិករ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ចូលរួម​ការពារ។

អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក អ៊ិត ណូឌី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី ២៥ ខែ​ឧសភា​ថា ប្រទេស​ជប៉ុន និង​ប្រទេស​អាមេរិក ក្នុង​ឆ្នាំ ២០១១ រង​នូវ​គ្រោះ​ធម្មជាតិ​រលក​យក្ស​ស៊ូណាមិ ជំនន់ ខ្យល់​ព្យុះ ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ។ បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នេះ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​បញ្ហា​សន្តិសុខ​ស្បៀង។

នៅ​កម្ពុជា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជាង ៣ លាន​ហិកតារ ការ​ដុត​កាក​សំណល់​ដំណាំ និង​ដុត​ព្រៃ​ដំណាំ​កសិកម្ម និង​ការ​ដាំដុះ​ស្រូវ​ប្រដេញ​ទឹក​ជា​ប្រចាំ ក៏​រួម​ចំណែក​បង្កើន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ភាយ​ទៅ​លើ​បរិយាកាស ដែល​ធ្វើ​ឲ្យ​អាកាស​ធាតុ​ប្រែប្រួល​ដែរ។ ក្រសួង​កសិកម្ម បាន​ចុះ​ពន្យល់​ប្រជា​កសិករ ឲ្យ​កែប្រែ​ទម្លាប់​ទាំង​នោះ និង​ដាំ​កូន​ឈើ ដើម្បី​ការពារ​ព្រៃ​ឲ្យ​បាន ៦០% វិញ។

សំឡេង ៖ «អ្វី​ដែល​យើង​ចង់​បាន គឺ​ធ្វើ​យ៉ាងណា​ឲ្យ​កសិករ​យើង ចេះ​បច្ចេកទេស​ដាំដុះ ម្ចាស់​ការ​ច្នៃ​ប្រឌិត។ ២ ឆ្នាំ​ហើយ យើង​ធ្វើ​សន្និបាត​កសិករ ដើម្បី​ស្វែងរក​នូវ​កសិករ​ឆ្នើមៗ លើ​ការងារ​ឆ្នៃ​ប្រឌិត​គ្រប់​វិស័យ»។

តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា (FAO) លោក អែជេ មិខិនដេ (Ajay Markanday) ថ្លែង​ថា​ការ​ប្រែប្រួល​អាកាស​ធាតុ បាន​ក្លាយ​ទៅ​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ ចំពោះ​ការ​សម្រេច​ទៅ​លើ​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹងប្រែង​ឲ្យ​មាន​សន្តិសុខ​ ស្បៀង។

រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​ហានិភ័យ​នេះ ទើប​អង្គការ FAO ផ្ដល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នូវ​សមត្ថភាព​បច្ចេកទេស​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ដើម្បី​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ គឺ​ធ្វើ​យ៉ាង​ណា គ្រប​ដណ្ដប់​ឲ្យ​បាន​ទៅ​លើ​ជីវៈ​ចម្រុះ និង ការ​កសាង​សមត្ថភាព ដោយ​ផ្ទេរ​បច្ចេកវិទ្យា ដើម្បី​ការ​ស្ដារ​ព្រៃ​ស្រោង​ឡើង​វិញ។

នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា CARDI លោក អ៊ុក មករា មាន​ប្រសាសន៍​ថា កម្ពុជា​ត្រៀម​ពូជ​ស្រូវ​ប្រើ​ទឹក​តិច សម្រាប់​ការពារ​គ្រោះ​រាំង​ស្ងួត និង​ស្រូវ​ដែល​ធន់​នឹង​ទឹក​ជំនន់។ ពូជ​ស្រូវ​ដាំ​សម្រាប់​រាំង​ស្ងួត គឺ ខារ ៣ (CAR3) និង​ខារ ៤ (CAR4)។

ឯ​ពូជ​ស្រូវ​ដែល​ធន់​នឹង​ទឹក​ជំនន់ លោក អ៊ុក មករា ថ្លែង​ថា មាន​ដូចជា​ពូជ​ស្រូវ ៖ «ពូជ ​ផ្កា​រំដួល ពូជ​ខារ ៩ ពូជ​ផ្កា​រំដេង ពូជ​ផ្កា​រមៀត​ជាដើម​នេះ ដែល​ខ្ញុំ​មាន​បង្ហាញ​នេះ គឺ​វា​ធន់​នឹង​ទឹក​ជំនន់។ ប៉ុន្តែ ទន្ទឹម​នឹង​យើង​មិន​ទាន់​ពេញ​ចិត្ត​ទេ យើង​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​បន្ត​ថែម​ទៀត ដើម្បី​ពង្រឹង​ពូជ​អស់​ហ្នឹង ឲ្យ​វា​កាន់​តែ​ធន់​ទ្រាំ​ទៅ​នឹង​ទឹក​ជំនន់ ឬ​រាំង​ស្ងួត​ថែម​ទៀត»។

មន្ត្រី​អង្គការ យូ.អិន.ឌី.ភី (UNDP) លោក ឃីម ឡាយ បាន​ឲ្យ​ដឹង​ថា ថវិកា​ចំនួន ២០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ផែនការ ៥ ឆ្នាំ គឺ​ឆ្នាំ ២០១១ ឆ្នាំ ២០១៥ អង្គការ​នេះ​កំពុង​ធ្វើ​ការងារ​គាំទ្រ ដើម្បី​កសាង​នូវ​ភាព​ធន់ និង​ការ​ប្រែប្រួល​អាកាស​ធាតុ ក្នុង​ប្រទេស​កម្ពុជា ដោយ​ធ្វើ​ការ​អប់រំ​សហគមន៍​តាម​រយៈ​សិក្ខាសាលា និង​កិច្ច​ប្រជុំ​ជា​ដើម៕

សហគមន៍​ព្រៃ​ឡង់​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ

ដោយ ទីន ហ្សាការីយ៉ា
2011-05-26

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ក្នុង​ខែត្រ​ចំនួន ៤ បាន​នាំ​គ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ឧសភា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ ឈើ។

RFA/Tin Zakariya

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ មក​ពី​ខែត្រ​ចំនួន ៤ តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ នា​សួន​សេរីភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១។

ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​ អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ខែត្រ​ចំនួន ៤ បាន​ធ្វើ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​តំបន់​ព្រៃ​ឡង់ បាន​សម្ដែង​ក្ដី​កង្វល់​អំពី​ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃ​ឡង់។

ការ​លើក​ឡើង​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នេះ ដោយសារ​តែ​ព្រៃ​ឡង់​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ សហគមន៍​មូលដ្ឋាន ជា​ប្រភព​ទឹក​ហូរ​ចូល​បឹង​ទន្លេ​សាប រក្សា​លំនឹង​ខាង​បរិស្ថាន និង​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស តំបន់ និង​ពិភពលោក​ដោយ​មាន​ប្រសិទ្ធភាព។

សំឡេង​ច្រៀង ៖ «ឥឡូវ​រាស្ត្រ​ខ្មែរ​អ្នក​ស្រែ​ចម្ការ ចិញ្ចឹម​អាត្មា​ដោយសារ​ធម្មជាតិ ជានិច្ច​រួមរស់​មិន​ឲ្យ​ឃ្លៀងឃ្លាត ពឹង​លើ​ធម្មជាតិ…»

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​មក​ពី​ ៤​ខែត្រ​នោះ រួម​មាន​ខែត្រ​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខែត្រ​ព្រះវិហារ ជិត ២០០​នាក់ បាន​មក​ដង្ហែ​ក្បួន ព្រម​ទាំង​កាន់​បដា​សរសេរ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់​ ក្រុមហ៊ុន​កុំ​ឲ្យ​ឈូស​ឆាយ​ដី និង​កាប់​ព្រៃ​ឡង់​ត​ទៅ​ទៀត។

ស្ត្រី​ជន​ជាតិ​កួយ ឈ្មោះ តី សូ បាន​រៀបរាប់​អំពី​ផល​ប៉ះពាល់​ដូច្នេះ ៖ «មុខ ​របរ​យើង​ខ្ញុំ​ដូច​ជា​ចៀរ​ជ័រ វល្លិ រក​​អនុផល អត់​បាន​ពិបាក។ ផល​អនុផល​មាន​ដូច​ជា​ជ័រ​ទឹក ជ័រ​ចុង មាន​វល្លិ​គ្រប់​មុខ មាន​ផ្ដៅ មាន​ផ្លែ​ឈើ មើម​ឈើ ឱសថ​បុរាណ មាន​ឈើ​លំនៅឋាន»

ព្រៃ​ឡង់ កំពង់ធំ ៣០៥
ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ នា​សួន​សេរីភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១។ RFA/Tin Zakariya

ឯកសារ​សិក្សា​អំពី​ព្រៃ​ឡង់​បាន​សរសេរ​ថា ព្រៃ​ឡង់​ជា​ព្រៃ​ឈើ​ធំ​ជាង​គេ​បង្អស់ ជា​ព្រៃ​ស្រោង ហើយ​មាន​ស្លឹក​គ្រប់​រដូវ​កាល​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា និង​ឧបទ្វីប​ឥណ្ឌូចិន។ ព្រៃ​ឡង់​មាន​ផ្ទៃ​ដី​ទំហំ ៣.៦០០​គីឡូម៉ែត្រ​ក្រឡា គ្រប​ដណ្ដប់​ព្រៃ​ស្រោង និង​តំបន់​ស្នូល​មាន​ទំហំ​ប្រមាណ ៨​ម៉ឺន​ទៅ​១​សែន​ហិកតារ។ ព្រៃ​នេះ​រួម​មាន​ប្រព័ន្ធ​បរិស្ថាន​ចំនួន ៧ ដោយ​ឡែក​ពី​គ្នា ព្រៃ​វាល ល្បាប់ ភក់ ដែល​ចាស់​ជាង​គេ ព្រៃ​ស្រោង ព្រៃ​ពាក់​កណ្ដាល​ស្រោង និង​ព្រៃ​របោះ​ជាដើម។

សហគមន៍​ការពារ​ព្រៃ​ឡង់​ដែល​មក​ពី​ចំនួន ៤​ខែត្រ​នេះ ក៏​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​សុំ​ឲ្យ​បញ្ឈប់​កាប់​ព្រៃ​ឡង់​ត​ទៅ​ទៀត ដូច​ជា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​ថាមពល មន្ទីរ​រដ្ឋ​សភា​ជាតិ និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ក្នុង​ញត្តិ​នោះ ពួកគេ​បាន​ទាមទារ​ចំនួន ៦​ចំណុច​សំខាន់ៗ មាន​ដូច​ជា​សុំ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​នានា​ក្នុង​តំបន់​ព្រៃ​ឡង់ លុប​អាជ្ញាប័ណ្ណ​គ្រប់​វិស័យ​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តំបន់​ព្រៃ ​ឡង់ លុប​បំបាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​អនាធិបតេយ្យ​ក្នុង​ព្រៃ​ឡង់ ទុក​ដី​ដែល​បាន​ឈូស​ឆាយ​ឲ្យ​ដុះ​ឡើង​វិញ​ជា​លក្ខណៈ​ធម្មជាតិ សុំ​ឲ្យ​រដ្ឋាភិបាល​គាំទ្រ និង​ទទួល​ស្គាល់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ និង​សុំ​ឲ្យ​មាន​កិច្ច​សហការ​រវាង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ ជាមួយ​បណ្ដាញ​ព្រៃ​ឡង់​ក្នុង​កិច្ច​ការពារ និង​ថែរក្សា​ព្រៃ​ឡង់​ទាំង​មូល​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស។

ឯកសារ​ដែល​ទទួល​បាន​ពី​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​បង្ហាញ​ថា នៅ​ក្នុង​ខែត្រ​កំពង់ធំ មាន​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៩ ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ទំរីង ក្រុមហ៊ុន ភី.អិន.ធី (PNT) និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខែត្រ​ក្រចេះ ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ព្រះវិហារ កំពុង​កាប់​ព្រៃ​ឡង់​នេះ ដែល​ជា​ក្ដី​កង្វល់​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់។

អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដាំ​ដើម​កៅស៊ូ​នៅ ​ក្នុង​ខែត្រ​កំពង់ធំ នោះ គឺ​គណៈកម្មការ​ខែត្រ​សហការ​នឹង​ក្រសួង​កសិកម្ម បាន​ចុះ​ទៅ​សិក្សា​អំពី​ផល​ប៉ះពាល់​រួច​រាល់​ហើយ។

លោក អ៊ុត សំអន បាន​បញ្ជាក់​ថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជា​ក្រុមហ៊ុន​វៀតណាម បាន​ទទួល​ផ្ទៃ​ដី​ប្រមាណ ១​ម៉ឺន​ហិកតារ ប៉ុន្តែ​ក្រោយ​មក​ឃើញ​ថា ប៉ះពាល់​ដល់​ព្រៃ​ឈើ​ព្រៃ​ឡង់​នេះ គឺ​រដ្ឋាភិបាល​បាន​កាត់​មក​នៅ​ជាង ៦​ពាន់​ហិកតារ​វិញ។

ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ​ ដែរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក ច័ន្ទ តុងអ៊ីវ មិន​ធ្វើការ​អធិប្បាយ​ទេ ដោយ​លោក​បង្វែរ​ឲ្យ​សួរ​ទៅ​លោក អ៊ិត ណូឌី វិញ។

នៅ​ថ្ងៃ​ទី​២៥ ឧសភា វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក អ៊ិត ណូឌី ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​សង្កេត​ឃើញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច និង​ប្រជាពលរដ្ឋ​ដែល​បាន​មក​ដង្ហែ​ក្បួន​នៅ​ទីលាន​សេរីភាព​នោះ គឺ​ពួកគេ​បាន​ពាក់​អាវ​ពណ៌​បៃតង​នៅ​លើ​ផ្ទៃ​មុខ និង​ខ្នង គេ​បាន​គូរ​រួប​ស្លឹក​ឈើ និង​រូប​ដើម​ឈើ ដែល​ជា​សារ​មួយ​ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា ពួកគេ​ត្រូវការ​ដើម​ឈើ​នៅ​គង់វង្ស ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស ដូចជា​ធ្វើ​ឲ្យ​មាន​បរិស្ថាន​យូរ​អង្វែង សន្តិសុខ​ស្បៀង និង​ទឹក។

ព្រៃ​ឡង់​ក្រៅ​អំពី​ការ​ផ្ដល់​អនុផល​ដល់​ប្រជាពលរដ្ឋ​ក៏​ផ្ដល់​ប្រយោជន៍​ ដល់​មច្ឆា​ជាតិ​ផង​ដែរ ព្រៃ​ឡង់ គឺ​ជា​ទី​ជម្រាល​ដ៏​សំខាន់​ដែល​សម្រួល​ទឹក និង​កាក​សំណល់​ដែល​ហូរ​ចាក់​ចូល​ទៅ​បឹង​ទន្លេ​សាប និង​ជា​ទី​ជម្រក​ដ៏​សំខាន់​សម្រាប់​ត្រី​ពង។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ បាន​លើក​ឡើង​ថា ការ​កាប់​ព្រៃ​ឡង់ ក្រៅ​ពី​ការ​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ក៏​វា​ប៉ះពាល់​ដល់​បរិស្ថាន​កម្ពុជា​ដែរ ៖ «ឃើញ​ថា បរិស្ថាន​ស្រុក​ខ្មែរ​ប្រែប្រួល​យ៉ាង​ខ្លាំង ត្រូវ​ក្ដៅ គឺ​ក្ដៅ​ស្ទើរ​តែ​បែក​ក្បាល ពេល​ភ្លៀង​មាន​រន្ទះ​បាញ់ អ៊ីចឹង​យើង​ឃើញ​ថា បញ្ហា​គ្រោះ​ធម្មជាតិ​កំពុង​តែ​ញាំញី​នៅ​ក្នុង​ប្រទេស​កម្ពុជា»

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ម៉ែន សុថាវរិន្រ្ទ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​លិខិត​ទៅ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដើម្បី​ឲ្យ​មាន​វិធានការ​ការពារ​ព្រៃ​ឡង់ ៖ «អា​រឿង​ដឹក​ឈើ​ហ្នឹង គឺ​ដឹក​រាល់​តែ​យប់ សុំ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​គិត​រឿង​ហ្នឹង​មែន​ទែន! ឥឡូវ​លែង​អារ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទៀត​ហើយ គឺ​គេ​ដឹក​យក​ទៅ​អារ​នៅ​ខែត្រ​កំពង់ចាម ហើយ​គេ​យក​ទៅ​យួន»

ប្រជា​សហគមន៍​ដែល​មក​ទាំង ៤​ខែត្រ​នេះ បាន​ត្អូញត្អែរ​ក្នុង​ទឹក​មុខ​ស្រពោន​ថា ប្រសិន​បើ​ព្រៃ​ឡង់​ត្រូវ​ក្រុមហ៊ុន​នៅ​តែ​កាប់​បំផ្លាញ​បន្ត​ទៀត​នោះ វាសនា​របស់​ពួកគាត់​នៅ​តំបន់​ព្រៃ​ឡង់​នឹង​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ ជីវភាព​ជាង​ការ​រស់​នៅ​សព្វថ្ងៃ​ទៀត ៖ «ម្យ៉ាង​ទៀត​យើង​ខ្ញុំ​មក​ទី​នេះ គឺ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​គាត់​ទទួល​ស្គាល់​ព្រៃ​ឡង់ ដើម្បី​រស់​នៅ​បាន​ស្រួល​នៅ​តំបន់​នោះ ព្រោះ​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ជន​ជាតិ​ភាគ​តិច»

ឯកសារ​សិក្សា​អំពី​ព្រៃ​ឡង់​ដដែល​បាន​សរសេរ​ថា គិត​មក​ទល់​ឆ្នាំ​២០១០ កន្លង​ទៅ រដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ ជិត ៣០​ក្រុមហ៊ុន នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​នៅ​ចំនួន ៤​ខែត្រ គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខែត្រ​ព្រះវិហារ។

ប្រភព​ចំណូល​ដ៏​សំខាន់​របស់​សហគមន៍​ព្រៃ​ឡង់ បាន​មក​ពី​ដើម​​ច្បោះ ពីព្រោះ​ថា ព្រៃ​ឡង់​មាន​ដើម​ជ័រ​ច្បោះ​ពី ៧០% ទៅ ៧៥% ដែល​សហគមន៍​ព្រៃ​ឡង់​អាស្រ័យ​ផល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ គ្រប់​រដូវ​កាល។

គិត​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក​ទល់​ពេល​នេះ​មាន​ដើម​ច្បោះ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​មាន​ជាង ២០​ម៉ឺន​ដើម ដែល​ត្រូវ​បាន​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​កាប់​បំផ្លាញ៕

កម្ពុជា​បដិសេធ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ ព្រំដែន

ដោយ ទីន ហ្សាការីយ៉ា
2011-05-06

កម្ពុជា​បាន​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​របស់​ថៃ អំពី​ការ​ដកទ័ព​ចេញ​ពី​តំបន់​ព្រំដែន ដើម្បី​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​ពិនិត្យ​មើល​អំពី​ស្ថានការណ៍​ជម្លោះ​ខ្មែរ-​ថៃ។

RFA/Hang Savyouth

ទាហាន​ខ្មែរ​ត្រៀម​ប្រយុទ្ធ​នៅ​តំបន់​ជិត​ ប្រាសាទ​ព្រះវិហារ រូបថត​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១១

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ឧសភា ថា កម្ពុជា​មិន​ព្រម​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​នៅ​តំបន់​ប្រាសាទ​ ព្រះវិហារ​មុន​ពេល​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​កាន់​តំបន់​ព្រំដែន ដែល​ថៃ​អះអាង​ថា ជា​តំបន់​ជម្លោះ​នោះ​ទេ។

លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា គឺ​ឈរ​ជើង​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន ដូច្នេះ​ថៃ​គ្មាន​ភារកិច្ច​ណា​មួយ​បង្គាប់​ឲ្យ​កម្ពុជា ដកទ័ព​ចេញ​ពី​តំបន់​ព្រំដែន​នោះ​ទេ ហើយ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី គ្រោង​នឹង​មក​តំបន់​ព្រំដែន​ដើម្បី​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​នោះ​ជា​ ភារកិច្ច​របស់​ឥណ្ឌូណេស៊ី។

ការ​បដិសេធ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ខ្មែរ​នេះ នៅ​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាល​ពី​ថ្ងៃ​៥ ឧសភា បាន​ប្រកាស​ថា លោក​នឹង​មិន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ឯកសារ​លក្ខខណ្ឌ​ប្រតិបត្តិ​ទេ ប្រសិន​បើ​កម្ពុជា មិន​ដក​កងទ័ព និង​ប្រជាពលរដ្ឋ​ខ្លួន​ចេញ​ពី​តំបន់​ដែល​ថៃ​អះ​អាង​ថា​ ជា​ជម្លោះ​ជា​មុន។

ដោយ​ឡែក​នៅ​រសៀល​ថ្ងៃ​ទី​៦ ឧសភា កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) ថៃ បាន​ស្រង់​សម្ដី​លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ លោក ហោ ណាំហុង នៅ​ឯ​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី នៅ​បន្ទាប់​ពី​លោក​បាន​ជួប​ប្រជុំ​បន្ទាន់​មួយ​រយៈ ៣០​នាទី​ជាមួយ​ប្រធាន​អាស៊ាន​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ថា កម្ពុជា​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​នៅ​តំបន់​ព្រំដែន​នោះ​ ដែរ ដោយ​រង់ចាំ​រហូត​ដល់​ថៃ យល់​ព្រម​ទទួល​យក​លក្ខខណ្ឌ​របស់​ឥណ្ឌូណេស៊ី (TOR) ក្នុង​ការ​ដាក់​អ្នក​សង្កេតការណ៍​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។

ទោះ​ជា​យ៉ាង​ណា កាសែត​បាងកក ប៉ុស្តិ៍ បាន​ស្រង់​សម្ដី​របស់​ប្រធាន​អាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ឧសភា បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិសេស​សហ​រដ្ឋមន្ត្រី​ការបរទេស​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី ថា ភាគី​ថៃ​បាន​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​ត្រួត​ពិនិត្យ​នៅ​តំបន់​ជម្លោះ​ហើយ ប៉ុន្តែ​លោក ម៉ាទី មិន​បាន​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ថា តើ​ថៃ​យល់​ព្រម​ទទួល​អ្នក​សង្កេតការណ៍​នេះ​ទាំង​កម្ពុជា​មិន​ព្រម​ដក​ទ័ព​ ចេញ​ពី​តំបន់​ព្រំដែន ឬ​យ៉ាង​ណា​នោះ​ទេ?

លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ក៏​បាន​បញ្ជាក់​យល់ព្រម​ទទួល​យក​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​ឥណ្ឌូណេស៊ី ផង​ដែរ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​សហ​រដ្ឋមន្ត្រី​ការបរទេស ដែល​គេ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាកាតា នៅ​មុន​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) ជា​អង្គការ​តំណាង​ឲ្យ​គណបក្ស​ភាគ​ច្រើន​នៃ​គណបក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​គណបក្ស​ឯករាជ្យ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៥ ឧសភា បន្ទាប់​ពី​បើក​កិច្ច​ប្រជុំ​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដោយ​អំពាវនាវ​ឲ្យ​កម្ពុជា-​ថៃ  គោរព​នូវ​សន្ធិសញ្ញា​អន្តរជាតិ និង​កតិកា​សញ្ញា​នានា​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ហើយ​បញ្ឈប់​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់ គឺ​វាយ​ប្រហារ​គ្នា​រវាង​កងទ័ព​ទាំង​ពីរ និង​ត្រូវ​ជួយ​ធានា​ឲ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ​នៅ​តាម​ព្រំដែន​កម្ពុជា-​ ថៃ៕

ឥណទាន​តម្លៃ​ការ​ប្រាក់​ទាប​ជួយ​កសិករ​នៅ​ប៉ៃលិន

ដោយ សួន សុផល មុន្នី
2011-05-06

មាន​សហគមន៍​ចំនួន ៣៤ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ការ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្ត ​ប៉ៃលិន។

សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចំនួន ៣៤ ត្រូវ​បាន​គេ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៦ ហើយ​បច្ចុប្បន្ន សហគមន៍​ទាំង​នោះ កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សកម្មភាព​លើ​អាជីវកម្ម ដែល​បាន​គ្រោង​ទុក ដូចជា ការ​ផ្ដល់​ឥណទាន​សាច់​ប្រាក់​ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន ក្នុង​តម្លៃ​ការ​ប្រាក់​ទាប ដើម្បី​ឲ្យ​កសិករ​ដែល​ជា​សមាជិក​របស់​ខ្លួន​ទាំង​នោះ ធ្វើ​ជា​ដើម​ទុន​ប្រើ​ប្រាស់​ក្នុង​ការ​ដាំ​ដំណាំ​ផ្សេងៗ។

ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ប៉ៃលិន លោក ផាន់ ពេជ្រ មាន​ប្រសាសន៍​ថា ក្នុង​ខេត្ត​ប៉ៃលិន មាន​សហគមន៍​ចំនួន ៣៤ កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការណ៍ សកម្ម​ភាព​លើ​អាជីវកម្ម ដែល​បាន​គ្រោង​ទុក ។ សហគមន៍​នីមួយៗ បាន​ផ្ដល់​ឥណទាន​សាច់​ប្រាក់ បណ្ដាក់​ពូជ ឥណទាន​ពូជ ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន និង​មាន​ការ​ទទួល​ប្រាក់​បញ្ញើ​ផ្សេងៗ ពី​សមាជិក​ដែល​យក​ទៅ​ផ្ញើ​ក្នុង​សហគមន៍។

លោក ផាន់ ពេជ្រ ៖ «នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​បាន​ លើក​ឡើង​ថា ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​ទៅ​ជា​កម្លាំង​ផលិតកម្ម លុះត្រា​មាន​ការ​ចងក្រង​ប្រជា​កសិករ​ទាំង​នោះ ឲ្យ​ទៅ​ជា​សហគមន៍​ធំៗ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ផែន​ការ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្សេងៗ ដែល​ចង់​បាន»។

ការ​ចង​ក្រង​បង្កើត​សហគមន៍ គឺ​ដើម្បី​ឲ្យ​ប្រជា​កសិករ​មាន​សាមគ្គី​គ្នា ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រឹង​ដោយ​ខ្លួន​ឯង និង​ថែ​រក្សា​តម្លៃ​ទីផ្សារ​លើ​ផល​ដំណាំ​កសិកម្ម។ លោក ផាន់ ពេជ្រ បន្ត​ថា ក្រោយ​ពី​ការ​បង្កើត​សហគមន៍​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ការ​រីករាយ​សប្បាយ​ចិត្ត ដោយសារ​ពួក​គាត់​ អាច​ប្រើប្រាស់​ឥណទាន​សាច់​ប្រាក់​របស់​សហគមន៍។

លោក ផាន់ ពេជ្រ ៖ «ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​នេះ សហគមន៍​ខ្លះ​កើន​ថវិកា​ពី ២៥% ទៅ ៥០%។ ថវិកា​ដែល​កើន​ឡើង​នេះ និង​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​ប្រកប​អាជីវកម្ម​ក្នុង​ការ​ផ្ដល់​ឥណទាន​ទៅ​ ឲ្យ​កសិករ​ជា​សមាជិក »។

ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ទួល​ល្វា​សាមគ្គី​អមតៈ លោក ទិន សុភក្តិ មាន​ប្រសាសន៍​ថា ក្រោយ​ពី​ការ​បង្កើត​សហគមន៍ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០០៩ សមាជិក​ក្នុង​សហគមន៍​មាន​ការ​កើន​ឡើង​ពី ៣០៥ នាក់​ទៅ ១០១ នាក់។

លោក​បន្ត​ថា សហគមន៍​លោក​បាន​ផ្ដល់​ឥណទាន​សាច់​ប្រាក់​ទៅ​សមាជិក​របស់​ខ្លួន​ក្នុង​ ម្នាក់ៗ ចំនួន ៧០ ម៉ឺន​រៀល ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម ហើយ​សហគមន៍​មាន​ការ​ដក​ការ​ប្រាក់​តែ​ចំនួន ២% ប៉ុណ្ណោះ។

លោក ស្រី ជឹម យួម អាយុ ៣៤ ឆ្នាំ ជា​សមាជិក​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ទួល​ល្វា​សាមគ្គី​អមតៈ បាន​ឲ្យ​ដឹង​ថា ឥណទាន​សាច់​ប្រាក់​របស់​សហគមន៍ គឺ​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​លោក​ស្រី​បាន​មួយ​កម្រិត​លើ​ការ​ដាំ​ដុះ​ផល​ ដំណាំ​ផ្សេងៗ។

ចំណែក​ឯ​លោក ឃុន ធឿន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​ស្ទឹង​កាច់​ជឿន​លឿន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សហគមន៍​លោក​ស្រី​មាន​សមាជិក​ចំនួន ៣២៥ នាក់។ សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​ស្ទឹង​កាច់​ជឿន​លឿន បាន​ផ្ដល់​ឥណទាន​សាច់​ប្រាក់ និង​បណ្ដាក់​ពូជ​ពោត​ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន​ជា​រៀង​រាល់​រដូវ​ដាំដុះ។

ផ្ទៃ​ដី​កសិកម្ម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ចំនួន ៤ ម៉ឺន ៩០០០ ហិកតារ​ក្នុង​នោះ​មាន​ដី​ស្រែ​ទំហំ ១ ម៉ឺន ១៥០០ ហិកតារ និង​ដី​ចម្ការ​ទំហំ ៣ ម៉ឺន ៧៥០០ ហិកតារ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន លោក ផាន់ ពេជ្រ មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​សហគមន៍​ចំនួន ៣៤ ដែល​បាន​បង្កើត​ឡើង គឺ​មាន​សមាជិក​សរុប​ប្រមាណ​ជាង ១ ពាន់​គ្រួសារ​ប៉ុណ្ណោះ។ ចំណែក​ឯ​ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ទៀត នៅ​មិន​ចូលរួម​នៅ​ឡើយ។

មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​កសិកម្ម​ដែរ មាន​ផែន​ការ​យុទ្ធសាស្ត្រ បង្កើន​សមត្ថភាព ធនធាន​មនុស្ស ដល់​ថ្នាក់​ដឹកនាំ​សហគមន៍​ទាំង​នោះ​ថែម​ទៀត ដូច​ជា ការ​បង្រៀន​បច្ចេកទេស​កសិកម្ម​ដល់​កសិករ ផ្ដល់​ពូជ​មាន​គុណភាព​ខ្ពស់ និង​ការ​រក​ទីផ្សារ​សម្រាប់​ផល​កសិកម្ម៕

ថៃ​ព្រម​ទទួល​យក​លក្ខខណ្ឌ​ដាក់​អ្នក​សង្កេត​ ការណ៍​ឥណ្ឌូណេស៊ី​

ដោយ ទីន ហ្សាការីយ៉ា
2011-05-06

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា​ថា កម្ពុជា​មិន​ព្រម​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​មុន​ពេល​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​មក​កាន់​ តំបន់​ព្រំដែន ដែល​ថៃ​អះអាង​ថា ជា​តំបន់​ជម្លោះ នោះ​ទេ។

លោក ផៃ ស៊ីផាន មន្ត្រី​នាំ ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា គឺ​ឈរ​ជើង​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន។ ដូច្នេះ​ថៃ​គ្មាន​ភារកិច្ច​ណា​មួយ​បង្គាប់​ឲ្យ​កម្ពុជា​ដក​ទ័ព​ចេញ​ពី​តំបន់ ​ព្រំដែន​នោះ​ទេ ហើយ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​គ្រោង​នឹង​មក​តំបន់​ព្រំដែន ដើម្បី​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​នោះ ជា​ភារកិច្ច​របស់​ឥណ្ឌូណេស៊ី។

ការ​បដិសេធ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ខ្មែរ​នេះ នៅ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វ៉ាតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាល​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា បាន​ប្រកាស​ថា លោក​នឹង​មិន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ឯកសារ​លក្ខណ​ប្រតិបត្តិ​ទេ ប្រសិន​បើ​កម្ពុជា​មិន​ដក​កងទ័ព និង​ប្រជា​ពលរដ្ឋ​ខ្លួន​ចេញ​ពី​តំបន់ ដែល​ថៃ​អះអាង​ថា ជា​ជម្លោះ​ជា​មុន​សិន។

ដោយ​ឡែក នៅ​រសៀល​ថ្ងៃ​ទី ៦ ខែ​ឧសភា កាសែត​បាងកក​ប៉ុស្តិ៍​ថៃ បាន​ស្រង់​សម្ដី​លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ លោក ហោ ណាំហុង នៅ​ឯ​ទីក្រុង ហ្សាការតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​លោក​បាន​ជួប​ប្រជុំ​បន្ទាន់​មួយ​រយៈ ៣០ នាទី ជា​មួយ​ប្រធាន​អាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ថា កម្ពុជា​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​ទឹកដី​របស់​ខ្លួន​នៅ​តំបន់​ព្រំដែន​នោះ​ដែរ ដោយ​រង់ចាំ​រហួត​ដល់​ថៃ​យល់​ព្រម​ទទួល​យក​លក្ខខណ្ឌ (Term of Reference) របស់​ឥណ្ឌូណេស៊ី ក្នុង​ការ​ដាក់​អ្នក​សង្កេត​ការណ៍​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី ៦ ឧសភា បាន​ស្រង់​សម្ដី​របស់​ប្រធាន​អាស៊ាន លោក ម៉ាទី ណាតា​ឡេហ្គាវ៉ា បាន​ឲ្យ​ដឹង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ថា ភាគី​ថៃ​បាន​ទទួល​យក​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី មក​ត្រួត​ពិនិត្យ​នៅ​តំបន់​ជម្លោះ​ហើយ។ ប៉ុន្តែ លោក ម៉ាទី មិន​បាន​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​ថៃ​យល់​ព្រម​ទទួល​អ្នក​សង្កេត​ការណ៍​នេះ ទាំង​កម្ពុជា​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ព្រំដែន ឬ​យ៉ាង​ណា​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក កាស៊ិត ភិរម្យ ក៏​បាន​បញ្ជាក់​យល់​ព្រម​ទទួល​យក​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​ឥណ្ឌូណេស៊ី​ផង​ ដែរ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បទេស ដែល​គេ​ធ្វើ​ឡើង​នៅ​ទីក្រុង ហ្សាការតា នៅ​មុន​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ៕

រដ្ឋាភិបាល​មាន​វិធានការ​ទប់​ស្កាត់ ភាព​រហោស្ថាន និង​ឱន​ភាព​ដី

កិច្ច​ប្រជុំ​សកម្មភាព​ជាតិ ដើម្បី​ទប់​ស្កាត់​ភាព​រហោស្ថាន និង​ឱនភាព​ដី ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ថា ផ្ទៃ​ដី​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ភាព​រហោស្ថាន​នៅ​ឡើយ​ទេ ប៉ុន្តែ បាន​រង​នូវ​ឱនភាព​ដី​ប្រមាណ ៤៤%។

មន្ត្រី​បរិស្ថាន មន្ត្រី​កសិកម្ម និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​បង្ហាញ​ថា ការ​រេចរឹល​ព្រៃឈើ ដី​ខ្សោះ​ជីរ​ជាតិ ឬ​ហៅ​ថា ឱនភាព​ដី នៅ​ប្រទេស​កម្ពុជា អាច​ប៉ះពាល់​ផលិត​ភាព​ទាញ​យក​ផល​ពី​ដី​នៃ​ដំណាំ​កសិកម្ម ដែល​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។

ប្រធាន​គម្រោង​គ្រប់គ្រង​បរិស្ថាន និង​ថាមពល​នៃ​អង្គការ​អភិវឌ្ឍន៍​សហប្រជាជាតិ ហៅ​កាត់​ថា យូ.អិន.ឌី.ភី (UNDP) លោក ឡាយ ឃីម មាន​ប្រសាសន៍​ថា ដី​នៅ​ប្រទេស​កម្ពុជា មិន​ទាន់​ក្លាយ​ទៅ​ជា​ដី​រហោស្ថាន​នៅ​ឡើយ​ទេ តែ​ដី​នោះ​ប្រមាណ ៤៤% រង​នូវ​ភាព​ងាយ​រង​គ្រោះ ចំពោះ​ឱនភាព​ដី និង​ភាព​រេចរឹល​បន្ថែម​ទៀត។

លោក​ថា ភាព​រេចរឹល​ទាំង​នេះ​បណ្ដាល​មក​ពី​កត្តា​មនុស្ស​ផង​និង​កត្តា​ប្រែប្រួល​នៃ​ អាកាស​ធាតុ​ផង «ពី​ព្រោះ​មនុស្ស​ជា​អ្នក​សម្រេច​ចិត្ត។ មនុស្ស​ជា​អ្នក​ធ្វើ​សកម្មភាព ដូច​ជា ការ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​ទី​ខ្ពស់ នៅ​តំបន់​ទី​ជម្រាល​នៅ​តំបន់​ខ្ពង់​រាប វា​មាន​ឥទ្ធិពល​មួយ​ចំនួន ជះ​ទៅ​លើ​ការ​រេចរឹល​នៃ​ផ្ទៃ​ដី ការ​ហូរ​ច្រោះ​នៃ​ផ្ទៃ​ដី​មក​តំបន់​ខ្ពង់​រាប»។

ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​នាយក​គ្រប់គ្រង​ថ្នាក់​ជាតិ​នៃ​គម្រោង​ពង្រឹង​សមត្ថភាព និង​ធានា​ការ​គ្រប់គ្រង​ដី​ធ្លី​ដ៏​ចិរភាព​នៅ​កម្ពុជា លោក មាស ពិសិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​ទី ៦ ខែ​ឧសភា ឆ្នាំ ២០១១ ថា ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មាន​បញ្ហា​ឱនភាព​ដី ដូច្នេះ​កម្មវិធី​សកម្មភាព​ជាតិ បាន​ផ្ដោត​ទៅ​លើ​ការ​ដោះ​ស្រាយ​ឱនភាព​ដី​វិញ។ វិធី​ដោះស្រាយ​នោះ​មាន ២ គឺ​​ការ​ស្ដារ​គុណភាព​ដី​កសិកម្ម មាន​ន័យ​ថា​បង្កើន​គុណភាព​ដី​កសិកម្ម ផែន​ការ​ទី ២ គឺ​ការ​ស្ដារ​គម្រប​ព្រៃ​ឈើ​របស់​យើង​ឡើង​វិញ។

ទី​ប្រឹក្សា​អម​ទីស្ដីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក គុំ សារ៉ូន មាន​ប្រសាសន៍​ថា ផ្ទៃ​ដី​ព្រៃ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​បំផ្លាញ​អស់ ៣ លាន​ហិកតារ ទើប​រដ្ឋាភិបាល​សម្រេច​ផ្ដល់​ដី​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​វិនិយោគ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ស្ដារ​គុណភាព​ដី និង​ស្ដារ​គម្រប​ព្រៃ​ឈើ​ឡើង​វិញ។ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​នោះ​បាន​ឈូស​ឆាយ​ដី​អស់​ច្រើន​ម៉ឺន​ហិកតារ ហើយ​ដាំ​ដំណាំ​កសិឧស្សាហកម្ម ដែល​ដាំ​ដុះ​មិន​បាន​ពាក់​កណ្ដាល​ដី​ឈូស​ឆាយ​នោះ​ឡើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ដី​រង​នូវ​ភាព​ហូរ​ច្រោះ។

ជា​មួយ​គ្នា​នេះ ការ​ធ្វើ​កសិកម្ម​បែប​ពនេចរ​លើ​ដី​ជម្រាល នាំ​ឲ្យ​ផ្ទៃ​ដី​ខូច​ខាត​អស់ ៣៤ ម៉ឺន ៩ ពាន់ ៦០០ ហិកតារ (៣៤៩,៦០០ ហិកតារ)។ ការ​ទន្ទ្រាន​យក​ដី​ព្រៃ​យក​ជា​ឯកជន​អស់ ៣០ ម៉ឺន​ហិកតារ។ ក្រៅ​ពី​ព្រៃឈើ​ក៏​មាន​ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែរ។ គេ​យក​តំបន់​ព្រៃ​លិច​ទឹក​ជា​សំបុក​ពង​កូន ទៅ​ធ្វើ​ប្រឡាយ​ទំនប់ និង​សិប្បកម្ម​ផ្សេងៗ នាំ​ឲ្យ​ព្រៃ​លិច​ទឹក បាត់បង់​អស់ ៥១ ម៉ឺន ៨ ពាន់​ហិកតារ។

លោក គុំ សារ៉ូន បន្ត​​ថា នៅ​ឆ្នាំ ២០០៨ ឱនភាព​ដី មាន​ចំនួន ៧ លាន ៧៩ ម៉ឺន ៦ ពាន់​ហិកតារ។ ក្រសួង​កសិកម្ម​កំពុង​រៀបចំ​កម្មវិធី​ជាតិ​ធំ ២ គឺ​គម្រោង​បង្កើន​គម្រប​ព្រៃ​ឈើ​ឡើង​វិញ និង​គម្រោង​កែប្រែ​គុណភាព​ដី ដែល​នឹង​ដាក់​ឆ្លង​សុំ​ការ​អនុមតិ​ពី​រដ្ឋាភិបាល​កម្ពុជា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

ខ្មែរ​ជិត​ដាច់​ពូជ

ដោយ ហាស់ សាន
2011-04-20

បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​រស់​នៅ​បស្ចិម​ប្រទេស​បាន​ស្រាវជ្រាវ​ឃើញ និង​សរសេរ​ថា ខ្មែរ​ជា​ប្រជា​ជាតិ​មួយ​ជិត​ដាច់​ពូជ ឬ​ផុត​ពូជ​ទៅ​ហើយ។

Photo courtesy of http://preynokornews.blogspot.com

ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧

ពួក​គេ​សំអាង​លើ​កត្តា​ជាក់​ស្ដែង​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ាន​និយាយ​ចំៗ ដោយ​សារ​មូល​ហេតុ​ផ្សេងៗ សម្រាប់​ខ្លួន​គេ​ផ្ទាល់។

តើ​បញ្ញវន្ត​ខ្មែរ សញ្ជាតិ និង​ជា​ពល​រដ្ឋ​អាមេរិកាំង​សំអាង​លើ​កត្តា​អ្វី​ខ្លះ? ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក ហាស់ សាន មាន​សេចក្ដី​រាយ​ការណ៍​សង្ខេប​មួយ ទាក់​ទិន​អត្ថបទ​របស់​បណ្ឌិត អតីត​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​មួយ​នៅ ស.រ.អា. ដែល​នឹង​បង្ហាញ​ជូន​កិច្ច​ប្រជុំ​នៅ​ប្រទេស​បារាំង​ក្នុង​ខែ​ក្រោយ​នេះ។

អ្វី​ដែល​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច បណ្ឌិត ទិត ណារញ្ញគិរី សរសេរ​សម្រាប់​ធ្វើ​បាឋកថា​នៅ​ប្រទេស​បារាំង នា​ខែ​ឧសភា ឆ្នាំ​២០១១ នេះ ប្រហែល​ជា​មាន​ពល​រដ្ឋ​ខ្មែរ​ខ្លះ​គិត​ថា លោក​សរសេរ​នោះ ហាក់​ដូច​ជា​មិន​ស្គាល់​ស្រុក​ខ្មែរ​ច្បាស់​នោះ​ឡើយ ឬ​មួយ​ជា​ការ​សរសេរ​ប្រមាថ​មើល​ងាយ​ដល់​ជាតិ​សាសន៍​របស់​ខ្លួន។ ការ​សរសេរ​ឆ្លុះ​បញ្ចាំង​ក្នុង​នាម​លោក​ជា​ខ្មែរ សិក្សា និង​រស់​នៅ​បរទេស បង្ហាញ​នូវ​ការ​បារម្ភ​របស់​លោក​ចំពោះ​អនាគត​ប្រជា​ជាតិ​ខ្មែរ ក្នុង​នាម​ជា​ជាតិ​សាសន៍​មួយ ដែល​ចាញ់​ប្រៀប​បរទេស​ជិត​ខាង​គ្រប់​សម័យ​កាល។ បណ្ឌិត ទិត ណារញ្ញគិរី ធ្លាប់​បង្រៀន​នៅ​សកល​វិទ្យាល័យ Johns Hopkins និង​ធ្លាប់​បម្រើ​ការ​ងារ​នៅ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ IMF ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ស.រ.អា.។

មិន​ស្គាល់​យុទ្ធសាស្ត្រ​វៀតណាម និង​សម្បូរ​បញ្ហា​ផ្ទៃ​ក្នុង

បណ្ឌិត ទិត ណារញ្ញគិរី (Naranhkiri Tith) បាន​លើក​ហេតុ​ផល​មួយ​ចំនួន ដែល​ធ្វើ​កម្ពុជា​រស់​នៅ​ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​ដោយ​ចៀស​មិន​រួច មាន​ដូច​ជា ខ្មែរ​មើល​យុទ្ធសាស្ត្រ​វៀតណាម​មិន​យល់​ជម្រៅ, វៀតណាម​មាន​របៀប​របប មាន​វិន័យ ចេះ​រៀបចំ​អង្គការ​គ្រប់គ្រង ហើយ​មើល​ឆ្ងាយ​ទៅ​មុខ យូរ​អង្វែង ជា​ដើម។ រី​ឯ​ខ្មែរ​វិញ សំបូរ​បច្ចាមិត្ត​ផ្ទៃ​ក្នុង, សង្គម​ទន់​ខ្សោយ ហើយ​មិន​ចេះ​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ទាន់​ពេល​វេលា។

ក្រៅ​ពី​នេះ លោក​ថា មាន​កត្តា​ព្រះ​មហា​ក្សត្រ ដែល​មាន​តួ​នាទី​ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់​ឲ្យ​សង្គម​មួយ​ផ្ដាច់​ការ, គ្មាន​ការ​ទទួល​ខុស​ត្រូវ, អសីលធម៌, មិន​ខ្វល់​នឹង​អ្នក​ដទៃ ហើយ​មាន​លក្ខណៈ​ដឹក​នាំ ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង។ របៀប​គ្រប់គ្រង​រដ្ឋបាល​ខ្មែរ សម្បូរ​ដោយ​អ្នក​ធំ​នៅ​ខាង​លើ តែ​ខ្សត់​អ្នក​តូច​នៅ​ខាង​ក្រោម។ ច្បាប់​រក​យុត្តិធម៌​ចែង​មិន​ច្បាស់ អ្នក​ធំ​ថា​យ៉ាង​ណា​ក៏​បាន ដរាប​ណា​មិន​ប្រមាថ​ស្ដេច។ ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ខ្មែរ​មិន​ដែល​ចែង​ច្បាស់​ទេ។ ការ​ដំឡើង​បុណ្យ​សក្ដិ​មិន​យោង​ទៅ​តាម​សមត្ថភាព ចំណេះ​ដឹង​របស់​មនុស្ស​ទេ តែ​ធ្វើ​តាម​វង្ស​ត្រកូល សែស្រឡាយ បក្ស​ពួក និង​ការ​បញ្ចើចបញ្ចើ បញ្ជោរ សរសើរ​គ្នា ឲ្យ​អ្នក​ធំ​ចាប់​អារម្មណ៍។ លក្ខណៈ​ទាំង​អស់​នេះ វៀតណាម​អនុវត្ត​ខុស​ពី​ខ្មែរ​ទាំង​ស្រុង។

កាច​សហាវ មិន​ជឿនលឿន

បណ្ឌិត ទិត ណារញ្ញគិរី បាន​ស្រង់​សំដី​អ្នក​និពន្ធ​វៀតណាម ដូច​ជា ង្វៀង ធេ អាន់ (Nguyen The Anh) ដែល​គេ​ចាត់​ទុក​ខ្មែរ ជា​ជាតិ​សាសន៍​មិន​ជឿន​លឿន កាច​សហាវ (barbarians) បញ្ញវន្ត​ចិន​ឈ្មោះ យ៉ាង បាវ​យុន (Yang Bao Yun) និង អ្នក​និពន្ធ​បារាំង Jean de la Croix ចិន​ហៅ​ថា ជោអាវ ដាគ្រុស (Joao da Cruz) ដែល​គេ​សរសេរ​អំពី​ដំណើរ​ពង្រីក​ទឹក​ដី​នៃ​អធិរាជ​អាណាម ឈ្មោះ ង្វៀង (Nguyen) តាំង​ពី​ឆ្នាំ​១៦៧០ មក​ម្ល៉េះ ដែល​គេ​ឃើញ​អាណា​ចក្រ​ចម្ប៉ា​រង​គ្រោះ​មុន​គេ។ ការ​បាត់​បង់​អធិបតេយ្យ​ភាព​ជាតិ ក្នុង​សតវត្ស​ក្រោយៗ​មក បណ្ឌិត ទិត ណារញ្ញគិរី បាន​លើក​ឧទាហរណ៍​មួយ​ចំនួន ដែល​លោក​មើល​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ញាក់​ខ្សែ​មិន​ចេញ​មុខ​ពី​ចក្រពត្តិ​និយម និង​កុម្មុយនិស្ត​និយម​វៀតណាម ដោយ​សារ​ការ​គាំទ្រ​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទី​១ សម្ពន្ធភាព​ដ៏​ជិត​ស្និទ្ធ​រវាង​អតីត​ព្រះ​រាជា និង​វៀតណាម​ខាង​ជើង, ទី​២ សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​ខ្មែរ​ក្រហម ហើយ​និង​សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​លោក ហ៊ុន សែន។

បណ្ឌិត ទិត ណារញ្ញគិរី សន្និដ្ឋាន​ថា ចាប់​តាំង​ពី​ថ្ងៃ​វៀតណាម​វាយ​លុក​ចូល​កាន់​កាប់​កម្ពុជា ដើម្បី​រំលំ​របប​ខ្មែរ​ក្រហម រដ្ឋការ​ក្រុង​ហាណូយ​បាន​ព្យាយាម​គ្រប់​រូប​ភាព ដើម្បី​អនុវត្ត​គោលការណ៍​នយោបាយ ដែល​អង់គ្លេស​ហៅ​ថា ethnicide ឬ ethnocide ដែល​មាន​ន័យ​ថា ការ​សម្លាប់​ជាតិ​សាសន៍​មួយ​ដោយ​រំលាយ​វប្បធម៌៕

សត្វ​ឪឡ​ក្របី (Oriental Bay Owl)

ដោយ​សារ​មាន​អ្នក​សរសេរ​មក​ខ្ញុំ​ថា​ចង់​ឃើញ​រូប​សត្វ​ឪឡ​ដែល​គ្រប់គ្នា​ដំណាល​ថា​ជា​សត្វ​សាហាវ​មាន​សំឡេង​ខាប​យក​ព្រលឹង​នោះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ឲ្យ​មើល​ចុះ ។ សត្វ​នេះ​វា​មិន​កាច​ឬ​មាន​អំណាច​ខាប​យក​ព្រលឹង​មនុស្ស​ឲ្យ​ស្លាប់​ដូច​មាន​ដំណាល​នោះ​ទេ អ្វីៗ​គឺ​សុទ្ធតែ​ជា​រឿង​គួបជួន​ប៉ុណ្ណោះ! សត្វ​នេះ​វា​នៅ​ព្រៃ ដល់ពេល​មនុស្ស​ទៅ​នៅ​ព្រៃ​គ្រុនចាញ៉​មាន​ជំងឺ បាន​ឮ​សត្វ​នេះ​យំ​ដោយ​មាន​សំឡេង​ខ្លាំង​គួរ​ឲ្យ​រន្ធត់​និង​ដោយសារ​តែ​ជំនឿ​ថា​ពេល​ណា​សត្វ​នេះ​យំ នឹង​មាន​មនុស្ស​ស្លាប់ ម្ល៉ោះហើយ​ក៏​កើត​ក្ដី​អស់​សង្ឃឹម​រួច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ទៅៗ​រហូត​បាត់បង់​ជីវិត រួច​ក៏​ដាក់​កំហុស​ទៅ​លើ​សត្វ​នោះ! ខ្ញុំ​រស់នៅ​ព្រៃ​ស្ទើរ​មួយ​ជីវិត​ហើយ គ្មាន​រឿង​បែបនោះ​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្ញុំ​ទេ!

សូម​មើល​សត្វ​នេះ​មើល វា​ធំ​ប៉ុនណា?

ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល​តិចតួច

ដោយ យន់ សាមៀន
2011-04-18

សៀវភៅ​មាន​ចំណង​ជើង “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​កត់​សំគាល់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​គ្មាន​ការ​ប្រែប្រួល និង​រីក​ចំរើន​ច្រើន បើ​ប្រៀបធៀប​និង​ទសវត្សរ៍​ឆ្នាំ​១៩១០។

Photo: RFA

វាល​ស្រែ​កំពុង​រង់ចាំ​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់ឆ្នាំង

សំណួរ​ក្នុង​សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​លើក​ឡើង​ថា តើ​កម្ពុជា​ជា​ប្រទេស​អន់​បំផុត​ក្នុង​ពិភព​លោក​ឬ? ចម្លើយ​គឺ កម្ពុជា​ជា​កន្លែង​ប្រកប​ដោយ​ការ​ប្រណាំង​ប្រជែង​គ្នា។ ចំណូល​ប្រជា​ពល​រដ្ឋ​តិច​ជាង​ពល​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ខណៈ​ពេល​ដែល​កុមារ​ខ្មែរ​មួយ​ចំនួន​ទទួល​ការ​សិក្សា​តែ​ពី​ពីរ​ទៅ​បី​ឆ្នាំ​ ប៉ុណ្ណោះ ចំណែក​ឯ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​លក្ខណៈ​អន់​ថយ ដែល​អាច​អនុញ្ញាត​ឲ្យ​កសិករ​ធ្វើ​ស្រែ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ ឆ្នាំ នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​ធ្វើ​ស្រែ​បាន​ទៅ​ដល់​ពីរ ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក ជោ ប្រិនគ្លេយ៍ (Joel Brinkley) អតីត​អ្នក​កាសែត​ញីវយ៉ក​ថាមស៍ (New York Times) និង​ជា​អ្នក​ទទួល​បាន​រង្វាន់​ឯក​ផ្នែក​សរសេរ​កាសែត​ឈ្មោះ​ថា Pulitzer Prize ក្នុង​ឆ្នាំ​១៩៨០ បាន​រៀប​រាប់​ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថា ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​កសិករ​នៅ​តាម​ជនបទ ដែល​រក​ស៊ី​តាម​រយៈ​ការ​ធ្វើ​ស្រែ​ចម្ការ និង​ចិញ្ចឹម​សត្វ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ជា​ជាង​ទង។ លោក​ពិពណ៌នា​បន្ថែម​ថា ពល​រដ្ឋ​រស់​នៅ​ក្រៅ​ទីក្រុង​ធំៗ មាន​ជីវភាព និង​ស្ថានភាព​រស់​នៅ​ដូច​ពល​រដ្ឋ​ខ្មែរ​កាល​ពី​សម័យ​អង្គរ ជាង​មួយ​ពាន់​ឆ្នាំ​មុន។ ប៉ុន្តែ​ស្ថានភាព​ពល​រដ្ឋ​សម័យ​នោះ ប្រហែល​ជា​គ្រាន់​បើ​ជាង​ពល​រដ្ឋ​សម័យ​ឥឡូវ។

សៀវភៅ
សៀវភៅ ប្រទេច​ផ្ដាសា​របស់​កម្ពុជា (Cambodia’s Curse) របស់​អ្នក​និពន្ធ ជោ ប្រិនគ្លេយ៍ (Joel Brinkley) លក់​នៅ​គេហទំព័រ​អាម៉ាហ្សូន (Amazon)

សៀវភៅ “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” ការ​សិក្សា​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​ថា ប្រទេស​កម្ពុជា​ជា​កន្លែង​មួយ​ដែល​អាច​ងាយ​ស្រួល​រស់​នៅ ប្រសិន​បើ​ពល​រដ្ឋ​នោះ​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ សៀវភៅ​បន្ត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ពុក​រលួយ​បំផុត​ក្នុង​ពិភព​លោក។ លោក ជោ ប្រិនគ្លេយ៍ អះអាង​ថា ប្រាក់​ចំណូល​ពី​ពន្ធដារ និង​ប្រាក់​ជំនួយ​បរទេស​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គេ​លួច។ កម្ពុជា​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រស់​នៅ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​កាន់​អំណាច។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​វិទ្យុ​សហ​រដ្ឋ​អាមេរិក​មួយ កាល​ពី​ពេល​ថ្មី​នេះ លោក ជោ ប្រិនគ្លេយ៍ ដែល​ធ្លាប់​បាន​ទៅ​យក​ព័ត៌មាន​ព្រឹត្តិការណ៍​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​រន្ធត់​ណាស់​ចំពោះ​ស្ថានភាព​កម្ពុជា​ដោយ​សារ​តែ​ស្ថានភាព​ កម្ពុជា​គ្មាន​ការ​ប្រសើរ ៣០​ឆ្នាំ ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ចំណែក​ឯ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គ្មាន​ការ​ប្រែប្រួល​តាំង​ពី​សម័យ​ អង្គរ ៖ “នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​កម្ពុជា ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៣០​ឆ្នាំ កាល​ពី​នៅ ឆ្នាំ​២០០៨ ខ្មុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​នៃ​ស្ថានភាព​ទំនើប ​ទីក្រុង ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ទីក្រុង ខ្ញុំ​ស្វែង​យល់​ថា ស្ថានភាព​រស់​នៅ​ប្រជា​ពល​រដ្ឋ​មាន​លក្ខណៈ​ដូច​កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន គឺ​គ្មាន​ភ្លើង​អគ្គិសនី គ្មាន​បង្គន់​អនាម័យ គ្មាន​វិទ្យុ និង​ទូរទស្សន៍។ ប្រជា​ពល​រដ្ឋ​ទាំង​នេះ​គឺ​ក្រោយ ៣០​ឆ្នាំ នៃ​របប​ខ្មែរ​ក្រហម”

សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បោះ​ពុម្ព​កាល​ពី​ថ្ងៃ​ទី​១២ មេសា ដោយ​រោង​ពុម្ព Public Affairs មាន​តម្លៃ ១៧​ដុល្លារ។ លោក​អ្នក​អាច​រក​ទិញ​សៀវភៅ​នេះ​បាន​នៅ​តាម​គេហទំព័រ​អាម៉ាហ្សូន (Amazon)។

អតីត​ទាហាន​ខ្មែរ​ក្រហម​រំលឹក​គុណ ប៉ុល ពត

ដោយ វោហារ ជាតិ
2011-04-16

បង​ប្អូន​អតីត​ខ្មែរ​ក្រហម​នៅ​អន្លង់​វែង បាន​នាំ​គ្នា​ទៅ​បួង​សួង​បន់ស្រន់​នៅ​មុខ​ផ្នូរ ប៉ុល ពត ដើម្បី​រំលឹក​គុណ និង​សុំ​ពរ​ជ័យ សេចក្ដី​សុខ សេចក្ដី​ចម្រើន នៅ​ក្នុង​ឆ្នាំ​ថ្មី។

RFA/Vohar Cheath

រូប​ថត​ថ្ងៃ​ទី​១ មេសា ២០១១៖ ផ្នូរ ប៉ុល ពត នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មាន​ជ័យ

មន្ត្រី និង​ប្រជា​ជន​រស់​នៅ​ស្រុក​អន្លង់​វែង ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ ជាប់​ព្រំដែន​ខ្មែរ-ថៃ ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មេសា ថា​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ បង​ប្អូន​ប្រជា​ជន​នៅ​អន្លង់​វែង និង​បង​ប្អូន​មក​ពី​តំបន់​ផ្សេងៗ ទៀត បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ដូច​ប្រជា​ជន​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដែរ តែ​ក្រៅ​ពី​នេះ ពួក​គេ​មួយ​ចំនួន​បាន​នាំ​គ្នា​យក​នំ​ចំណី​ទៅ​សែន និង​បន់​ស្រន់​នៅ​មុខ​ផ្នូរ ប៉ុល ពត ដើម្បី​សុំ​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​សេរី​សួស្ដី​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ។

ប៉ុល ពត ក្លាយ​ទៅជា​អ្នកតា?

កញ្ញា ស្រី ម៉ៅ នៅ​ជាំ​ស្រងាំ ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ផ្នូរ ប៉ុល ពត ក្បែរ​ព្រំដែន​ខ្មែរ-ថៃ បញ្ជាក់​ថា ខ្មោច ប៉ុល ពត សព្វ​ថ្ងៃ​ហាក់​ដូច​ជា​អ្នក​តា​ព្រៃ​ភ្នំ​មួយ​រូប កំពុង​ល្បី​ឈ្មោះ​នៅ​តំបន់​អន្លង់​វែង មិន​ចាញ់​លោក​តា​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ល្បី​ល្បាញ​គឺ​លោក​យាយ ម៉ៅ ដែល​ត្រូវ​បាន​គេ​គោរព​បូជា​ជា​យូរ​យារ​ណាស់​មក​ហើយ​នោះ ប៉ុន្មាន​ទេ ៖ «សែន​កន្លែង​យាយ​ម៉ៅ កន្លែង ប៉ុល ពត អ្នក​មក​ពី​ចម្ងាយ​ភាគ​ច្រើន​មក​បី​ខេត្ត​សៀមរាប»

អតីត​កង​ទ័ព​ខ្មែរ​ក្រហម​វ័យ​ក្មេង ឈ្មោះ អ៊ិន និល ម្នាក់ ដែល​មើល​ការ​ខុស​ត្រូវ​ផ្នូរ ប៉ុល ពត នោះ អះអាង​ថា អ្នក​ភូមិ​អ្នកស្រុក​ជា​អតីត​ខ្មែរ​ក្រហម​នៅ​តែ​គោរព​ស្រឡាញ់ ប៉ុល ពត ធម្មតា​ដូច​កាល​គាត់​នៅ​រស់​ដូច្នោះ​ដែរ ហើយ​ពេល​នេះ​ផ្នូរ ប៉ុល ពត បាន​ក្លាយ​ជា​ទី​កន្លែង​សក្ការ​មួយ​ថ្មី​ទៀត​បន្ថែម​លើ​អ្នក​តា​ថែ​រក្សា​ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ចាស់ ដែល​ខ្មែរ​ស្ទើរ​ពេញ​នគរ​គោរព​បូជា គឺ​លោក​យាយ ម៉ៅ នេះ​ឯង ៖ «សែនព្រេន​ហៅ​គាត់​ហៅ​អី អ៊ីចឹង​ទៅ ឲ្យ​គាត់​មក​ហូប​ចុក អ៊ីចឹង​ទៅ ដូច​ជា​បង​ប្អូន​មក​នេះ ក៏​គាត់​មក​សែនព្រេន​គាត់​ដែរ បន់​ស្រន់​ឲ្យ​មាន​សេចក្ដី​សុខ អ៊ីចឹង​ទៅ បន់ស្រន់​សែន​ព្រេន​សុំ​សេចក្ដី​សុខ មាន​បាយ មាន​ចេក​មាន​អី​ហ្នឹង»

ប៉ុលពត
រូបថត ប៉ុល ពត ក្នុង​ឆ្នាំ​១៩៧៨ (Source: Wikipedia.org)

មន្ត្រី​មូលដ្ឋាន និង​ប្រជា​ជន​នៅ​អន្លង់​វែង​អះអាង​ថា ក្នុង​ចំណោម​ប្រជា​ជន​ទាំង​នោះ ក៏​មាន​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​របស់ ប៉ុល ពត នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មក​គោរព ដុត​ធូប ទាន សែន​ផ្នូរ ប៉ុល ពត ជា​រៀង​រាល់​ឆ្នាំ​ដែរ។

លោក សៀង សុខ​ហេង ប្រធាន​មន្ទីរ​ទេសចរណ៍​ស្រុក​អន្លង់វែង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មេសា ថា មាស សន ប្រពន្ធ​ក្រោយ​របស់ ប៉ុល ពត រួម​ទាំង​កូន​ស្រី​ប្រពន្ធ​ក្រោយ​របស់ ប៉ុល ពត តែង​តែ​មក​ដុត​ធូប​ទាន គោរព​បូជា សែន​ព្រេន​ឲ្យ ប៉ុល ពត ជា​ប្ដី ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខាន ៖ «ថ្ងៃ ​នេះ គាត់​មិន​ទាន់​ឃើញ​មក​អុជ​ធូប​អុច​អី​ទេ ព្រោះ​រាល់​ឆ្នាំ​គាត់​មក គាត់​មក​ជួប​ខ្ញុំ មក​សុំ​អុច​ធូប ធ្វើ​បុណ្យ​ធ្វើ​ទាន​អី។ ប៉ុន្តែ​ពេល​នេះ ឆ្នាំ​នេះ​អត់​ទាន់​ឃើញ​មក​ទេ ពេល​បុណ្យ​ទាន​គឺ​គាត់​មក»

ប៉ុល ពត ជា​អតីត​មេ​ដឹកនាំ​កំពូល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម បាន​ស្លាប់​នៅ​ទីនេះ គឺ​នៅ​អន្លង់វែង នៅ​ខែ​មេសា ឆ្នាំ​១៩៩៨ ដោយ​គាំង​បេះ​ដូង ក្នុង​ពេល​ដែល​រូប​គាត់​ឈឺ​ចាស់​ជរា ហើយ​ត្រូវ​គេ​សែង​ក្នុង​អង្រឹង​រត់​គេច​ពី​ទាហាន​រដ្ឋាភិបាល​វាយ​សម្រុក​យក​ អន្លង​វែង ដែល​ជា​ទីតាំង​តស៊ូ​របស់​ខ្មែរ​ក្រហម​ចុង​ក្រោយ​បង្អស់។

ប៉ុល ពត ត្រូវ​បាន​គេ​ដុត​នៅ​លើ​ដី​ទួល​ក្បែរ​ព្រៃ​ល្បោះ។ ផ្នូរ​ខ្មោច​នេះ​ត្រូវ​គេ​ពូន​ដី​ធម្មតា មាន​សង់​រោង​សសរ​ពីរ ទាប​ប្រប​ដី ដំបូល​ប្រក់​ស័ង្កសី​ចាស់ៗ និង​ព័ទ្ធ​ដោយ​សំណាញ់​ជុំវិញ​កម្ពស់​ត្រឹម​ជង្គង់ ការ​ពារ​កុំ​ឲ្យ​សត្វ ឬ​មាន់​ទា​កាយ​ផ្នូរ។ គេ​ឃើញ​មាន​កំប៉ុង​ជើង​ធូប​ពីរ ចាន​ជ័រ​ទាប​ពីរ បី ដាក់​រាត់រាយ​ផ្ទាល់​ដី​នៅ​ក្បែរ​ផ្នូរ សម្រាប់​គេ​ដាក់​នំ​ចំណី សែនព្រេន​ដល់​ព្រលឹង ប៉ុល ពត។ ផ្នូរ ប៉ុល ពត ត្រូវ​បាន​គេ​ដាក់​ជា​តំបន់​ប្រវត្តិសាស្ត្រ​សម្រាប់​ទេសចរ​មក​កម្សាន្ត។ ប៉ុល ពត រួម​ទាំង​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កំពូល​ៗ ដូច​ជា​បងធំ​ទី​២ នួន ជា និង ខៀវ សំផន អៀង ធីរិទ្ធ អៀង សារី ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​រៀបចំ​កាត់​ទោស​ពី​បទ​ប្រល័យ​ពូជ​ សាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​ខ្មែរ​ជិត ២​លាន​នាក់​ស្លាប់​ក្នុង​របប ប៉ុល ពត កាន់​អំណាច ពី ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩៕

ហ៊ុន​សែន​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​ចំនួន​១២

ដោយ ដែន អយុធ្យា
2011-04-08

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ខ្មែរ បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ដែល​មិន​គោរព​តាម​កិច្ច​សន្យា។

RFA/Hang Savyouth

១៥-មករា-១០: ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខែត្រ​សៀមរាប នាំ​គ្នា​ឈរ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន ដែល​អាច​នឹង​រំលោភ​ចូល​ដល់​ដី​របស់​ពួកគេ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការ​ងារ​របស់​ក្រសួង​ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា​ឲ្យ​ដឹង​ថា រូប​លោក​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្បទាន​ចំនួន ១២​ក្រុមហ៊ុន ទៅ​តាម​សំណើ​របស់​ក្រសួង​កសិកម្ម។

លោក​ឲ្យ​ដឹង​ថា ការ​លុប​ចោល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទាំង​១២ គឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ទាំង​នោះ​មិន​គោរព​តាម​កិច្ច​សន្យា ដោយ​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​កាប់​ឈើ​លក់​នោះ ៖ «បញ្ហា​ក្រុមហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច យក​ទៅ​ហើយ​មិន​អនុវត្ត ត្រូវ​ពង្រឹង​អា​ហ្នឹង​ដក​មក​វិញ។ ម្សិល​មិញ​ខ្ញុំ​បាន​ចុះ​ហត្ថ​លេខា​ដក ១២​ក្រុមហ៊ុន។ អ្នក​ដែល​សុំ​បាន​ដី​យក​ដី​ទៅ​ទុក​មិន​ធ្វើ​ការ​ដាំ​ដុះ ក្នុង​ពេល​ដែល​ក្រុមហ៊ុន​មាន​ទុន​ពិត​ប្រាកដ​អត់​មាន​ដី​ដាំដុះ។ អ៊ីចឹង​ឥឡូវ​យើង​ជំរុញ​បន្ត ហើយ ១២​ក្រុមហ៊ុន​ហ្នឹង​ក្រែង​មាន​ប្រាក់​កក់ ស៊ី​ដាច់​បណ្ដោយ​អត់​មាន​ឲ្យ​វិញ​ទេ។ ហើយ​ខ្ញុំ​គិត​ថា ត្រូវ​ដំឡើង​ប្រាក់​កក់ បើ​មិន​ដូច្នេះ​សុំ​អាជ្ញាប័ណ្ណ សុំ​ហើយ​យក​ទៅ​ទុក​ចោល ទី​ចុង​បំផុត​ទៅ​ជា​ព្រៃ​ដែល​គេ​កាប់​អនាធិបតេយ្យ»

យ៉ាង​នេះ​ក្ដី លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ទាំង​១២ ដែល​លោក​បាន​ដក​អាជ្ញាប័ណ្ណ​នោះ​មាន​ឈ្មោះ​អ្វី និង​មាន​ទំហំ​ដី​ប៉ុន្មាន​ហិកតារ​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី ក្រៅ​ពី​បាន​ថ្លែង​សាទរ​ចំពោះ​ការ​ចាត់​វិធានការណ៍​ក្ដៅ ទៅ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច លោក​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​ជូន​ប៉ុន្តែ​មិន​ធ្វើ​ការ​អភិវឌ្ឍ ត្រូវ​ដក​យក​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ៖ «មិន​ត្រឹម​តែ​លុប​ប៉ុណ្ណឹង​ ទេ ត្រូវ​តែ​ធ្វើ​ពិនិត្យ​ជា​ទូ​ទៅ ព្រោះ​មាន​ក្រុមហ៊ុន​ខ្លះ​យក​ទៅ​លក់​ទៅ​ទៀត។ ជួល​ពី​រដ្ឋ​មិន​បង់​កម្រៃ​ឲ្យ​រដ្ឋ​ត្រឹម​ត្រូវ ហើយ​មិន​បាន​ធ្វើ​ដំណាំ​ផង ហើយ​លក់​បន្ត​ទៀត ដូច​ភស្តុតាង​ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​លោក ហេង សំរិន កន្លង​ទៅ គឺ​បាន​បង្ហាញ​ការ​លក់​ដី​ដ៏​ធំ​នៅ​ខេត្ត​រតនគីរី​ចំនួន ៣​សែន ៥​ម៉ឺន​ហិកតារ ទៅ​ឲ្យ​ក្រុម​ហ៊ុន​វៀតណាម​មួយ»

ចំណែក​លោក អ៊ូ ចន្ទ​ប្ញទ្ធិ សមាជិក​សភា​មក​ពី​គណ​បក្ស​សិទ្ធិ​មនុស្ស ក៏​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​នឹង​មន្ត្រី​គណ​បក្ស​សម​រង្ស៊ី​ដែរ។ ប៉ុន្តែ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ទាំង​ឡាយ​ណា ដែល​មិន​គោរព​តាម​កិច្ច​សន្យា​ឲ្យ​បាន​ធ្ងន់ធ្ងរ​ថែម​ទៀត ៖ «តាម​ខ្ញុំ​ ចាំ​ពី​ឆ្នាំ​មុន​នោះ មាន​ក្រុមហ៊ុន​ច្រើន​ណាស់​រហូត​ដល់​ជាង​៦០ ដែល​ទទួល​បាន​ដី​សម្បទាន ប៉ុន្តែ​ជាក់​ស្ដែង​មាន​ក្រុមហ៊ុន​ចំនួន​៥០ ក្នុង​ចំណោម​ក្រុមហ៊ុន ៦០​ហ្នឹង គឺ​មិន​បាន​ធ្វើ​អី​ទេ គឺ​បាន​តែ​កាប់​ឈើ​ទៅ ហើយ​ប្រគល់​ដី​មក​ជូន​រដ្ឋ​វិញ។ មាន​ន័យ​ថា យើង​ឃើញ​ថា នេះ​ជា​ការ​កេង​ប្រវ័ញ្ច​មក​លើ​រដ្ឋ​ច្រើន»

រហូត​មក​ដល់​ពេល​នេះ មិន​មាន​ប្រភព​ពី​រដ្ឋាភិបាល ឬ​ក៏​មន្ត្រី​បក្ស​ប្រឆាំង​បង្ហើប​ឲ្យ​ដឹង​ថា មាន​ក្រុម​ហ៊ុន​ចំនួន​ប៉ុន្មាន ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​នោះ​ទេ។

ប៉ុន្តែ​លោក សុន ឆ័យ សមាជិក​សភា​បក្ស​សម​រង្ស៊ី បាន​អះអាង​ថា ទំហំ​ដី​សម្បទាន​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ក្រុមហ៊ុន​វិនិយោគ​មាន​ជាង ២​លាន​ហិកតារ​គិត​ត្រឹម​ដាច់​ឆ្នាំ​២០១០ កន្លង​មក។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា រូប​លោក​នឹង​បន្ត​លុប​ចោល​អាជ្ញាប័ណ្ណ​ទៅ​លើ​ក្រុមហ៊ុន​ច្រើន​ទៀត ជា​ប្រភេទ​ក្រុម​ហ៊ុន​ស៊ីឡាក ឬ​ជា​ឈ្មួញ​កណ្ដាល​ដែល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន ហើយ​មិន​អភិវឌ្ឍ ដោយ​ទុក​ពេល​លក់​អាជ្ញាប័ណ្ណ​នោះ​បន្ត ឬ​យក​មក​សម្រាប់​តែ​កាប់​ឈើ​លក់​ប៉ុណ្ណោះ។

វិធានការ​ចំពោះ​ក្រុមហ៊ុន​សម្បទាន​ដី​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ការ​សាទរ​ពី​ប្រជា​ពល​រដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ផង​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដីសម្បទាន​មួយ​ចំនួន​បាន​រំលោភ​យក​ដី​កសិកម្ម​របស់​ពល​រដ្ឋ​យ៉ាង​ អយុត្តិធម៌​បំផុត​កន្លង​មក៕

Wildlife Alliance ស្នើ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​កសិដ្ឋាន​ដំណាំ​ចេក​នៅ​កោះកុង

អង្គការ​ឃ្លាំមើល​បរិស្ថាន និង​សត្វព្រៃ ដែល​មាន​ឈ្មោះ​ថា សម្ពន្ធភាព​សត្វព្រៃ (Wildlife Alliance) នៅ​ទី​១៣ មេសា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​កសិដ្ឋាន​ដំណាំ​ចេក​របស់​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ក្នុង​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​ជម្រក​សត្វ​ដំរី និង​សត្វ​កម្រ​ដទៃ​ទៀត។

RFA/Sek Bandith

១៤-សីហា-២០១០: ទឹក​ជ្រោះ​ឆាយ​ខ្ពស់ នៅ​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង

http://flash-mp3-player.net/medias/player_mp3_maxi.swf

មួយ​សប្ដាហ៍​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​បញ្ឈប់​ការ​រុករក​រ៉ែ​ថៃថេនញៀម (Titanium) មក ក្រុម​អង្គការ​ឃ្លាំមើល​បរិស្ថាន និង​សត្វព្រៃ បាន​បន្ត​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អូស្ត្រាលី​ មួយ​ទៀត ធ្វើ​ការ​កាប់​បំផ្លាញ​ដី​ព្រៃ​អភិរក្ស​ដើម្បី​ធ្វើ​ជា​ចម្ការ​ចេក។

ក្រុមហ៊ុន​ចម្ការ​ចេក​របស់​អូស្ត្រាលី ឈ្មោះ​ថា BKK Partners មាន​គម្រោង​ដាំ​ចេក​លើ​ផ្ទៃ​ដី​ប្រមាណ ៥​ពាន់​ហិកតារ និង​ដី​ព្រៃ​ប្រមាណ ២​ម៉ឺន​ហិកតារ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៦០០​លាន​ដុល្លារ។

អ្នក​នាំ​ពាក្យ​អង្គការ​សម្ពន្ធភាព​សត្វព្រៃ​ឈ្មោះ​ថា (Wildlife Alliance) លោកស្រី អេនទ្រា កូហ្វស្មែន (Andrea Kaufmann) នៅ​ថ្ងៃ​ពុធ ទី​១៣ មេសា បាន​ស្នើ​សុំ​រដ្ឋាភិបាល​កុំ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ដំណាំ​ចេក ពីព្រោះ​គម្រោង​នេះ​អាច​បណ្ដាល​ឲ្យ​បាត់បង់​ព្រៃ​ឈើ​ក្នុង​តំបន់​អាស៊ី។ ព្រៃ​ដែល​អាច​នឹង​បាត់បង់​នៅ​ក្នុង​ខេត្ត​កោះកុង​នេះ ជា​ផ្លូវ​ដើរ​របស់​សត្វ​ដំរី​ខ្មែរ។ ផ្លូវ​ដើរ​នេះ​ជា​ផ្លូវ​មួយ​ក្នុង​ផ្លូវ​ដំរី​ ដែល​នៅ​សេសសល់​តែ​ប្រមាណ ៧​កន្លែង​ប៉ុណ្ណោះ​នៅ​តំបន់​អាស៊ី។

លោកស្រី​បន្ត​ថា ៖ “យើង​មាន​ការ​ព្រួយ​បារម្ភ ដោយសារ​តែ​គម្រោង​ស្នើ​សុំ​ចម្ការ​ចេក ធ្វើ​ឡើង​ចំ​កណ្តាល​នៃ​ផ្លូវ​ដើរ​របស់​សត្វ​ដំរី ហើយ​វា​អាច​បំផ្លាញ​ជីវចម្រុះ​សម្រាប់​តំបន់ ក៏​ដូច​ជា​ការ​ប៉ះ​ពាល់​ដល់​សហគមន៍​ក្នុង​ស្រុក​ដែល​កំពុង​ចាប់​អារម្មណ៍​ បង្កើត​ឲ្យ​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ”

សំណើ​របស់​អង្គការ Wildlife Alliance ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាល​ពី​សប្ដាហ៍​មុន​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ឈ្មោះ​ថា United Khmer Groupមិន​ឲ្យ​រុករក​រ៉ែ​ថៃថេនញៀម ក្នុង​តំបន់​អភិរក្ស​ព្រៃ​ភ្នំ​ក្រវាញ ​ក្នុង​ខេត្ត​កោះកុង ដើម្បី​ការពារ​បរិស្ថាន និង​ជីវៈចម្រុះ។

ក្រុមហ៊ុន United Khmer Group ត្រូវ​បាន​ផ្ដល់​សម្បទាន​ដី​សម្រាប់​រុក​រក​រ៉ែ​ប្រមាណ​ជិត ៥​ពាន់​ហិកតារ។ គម្រោង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា គេ​អាច​នឹង​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ។ ចំនួន​នៃ​ចំណូល​នេះ​ត្រូវ​បាន​មន្ត្រី​អង្គការ​ឃ្លាំមើល​បរិស្ថាន​បង្ហាញ​ ការ​មិន​ទុក​ចិត្ត​ថា ជា​ការ​ពិត។

មន្ត្រី​អង្គការ Wildlife Alliance ដែល​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រុមហ៊ុន United Khmer Group បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​ហើយ។

លោកស្រី អេនទ្រា កូហ្វស្មែន បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ចម្ការ​ចេក​នៅ​ក្នុង​ខេត្ត​កោះកុង បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​ជនជាតិ​អូស្រ្តាលី ឈ្មោះ ភីធឺរ កូស្តេឡូ (Peter Costello)។ ក្រុមហ៊ុន​នេះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​ផ្លូវ​ដើរ​របស់​សត្វ​ ដំរី​ពី​ផ្លូវ​ធម្មជាតិ​ទៅ​ដើរ​តាម​តំបន់​មាន​ប្រជាជន​ច្រើន​ទៅ​វិញ។

មន្ត្រី​តស៊ូ​មតិ​របស់​អង្គការ Global Witness លោក ចច បូដិន (George Boden) កាល​ពី​ថ្ងៃ ទី​១៣ មេសា បាន​ស្វាគមន៍​ការ​សម្រេច​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រាវ​រក​រ៉ែ​ថៃថេនញៀម ប៉ុន្តែ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិចារណា​ផល​ប៉ះពាល់​ដល់​បរិស្ថាន មុន​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ “ការ​សំខាន់​ដែល​ត្រូវ​បាន​លើក​ឡើង​ឲ្យ ​ដឹង គឺ​ថា តាម​ការ​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា ការ​ពិត​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន ដូចជា​ព្រៃ​ឈើ ចម្ការ​ដំណាំ និង​រ៉ែ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព។ អ្វី​ដែល​យើង​រក​ឃើញ គឺ​ការ​ផ្តល់​សម្បទាន​ទាំង​នោះ​ធ្វើ​ឡើង ដោយ​គ្មាន​បាន​គិតគូរ​ទៅ​លើ​បរិស្ថាន និង​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ ការ​បង្ហាញ​ជា​សាធារណៈ​នូវ​ការ​លក់ និង​ការ​ផ្តល់់​សម្បទាន និង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ដល់​គម្រោង​ទាំង​អស់​ជា​ការ​ចាំបាច់ មិន​មែន​ធ្វើ​លើ​គម្រោង​តែ​មួយ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​សម្រាប់​គម្រោង​ទាំង​អស់”

របាយការណ៍​របស់​អង្គការ Global Witnessឈ្មោះ​ថា ប្រទេស​សម្រាប់​លក់ ជា​របាយការណ៍​ស៊ើប​អង្កេត​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ដក​ស្រង់​ធនធាន​រ៉ៃ​កម្ពុជា ផ្សាយ​កាល​ពី​កុម្ភៈ ឆ្នាំ​២០០៩ បាន​រក​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​សំខាន់​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​វិស័យ​ធនធាន​ធម្មជាតិ។ ការ​ស៊ើប​អង្កេត​របស់​អង្គការ Global Witness បាន​រក​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ផ្នែក ​ធនធាន​រ៉ែ។

អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ពុធ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន United Khmer Group ដោយសារ​ផល​ប៉ះពាល់​ធម្មជាតិ​វា​ធ្ងន់ធ្ងរ​ជាង​ផល​ចំណេញ។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ក្រុមហ៊ុន United Khmer Group មិន​ទាន់​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​រក​រ៉ែ​នៅ​ឡើយ​ទេ គ្រាន់​តែ​សិទ្ធិ​ដើម្បី​សិក្សា​រ៉ែ​តែប៉ុណ្ណោះ។

រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ការ​ស្នើ​សុំ​មិន​ឲ្យ​ផ្ដល់ ​សិទ្ធិ​ដល់​ក្រុមហ៊ុន​អូស្ត្រាលី ដាំ​ចេក​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​​ពុធ ទី​១៣ ខែ​មេសា​នេះ៕

ឥណ្ឌូណេស៊ី​ស្នើ​សុំ​ដាក់​អ្នក​សង្កេតការណ៍​នៅ​៣ ​ចំណុច​ក្នុង​ទឹក​ដី​កម្ពុជា

ប្រទេស​ឥណ្ឌូណេស៊ី បាន​ស្នើ​សុំ​ដាក់​ទី​តាំង​សង្កេតការណ៍​បី​ចំណុច​ក្នុង​ទឹក​ដី​កម្ពុជា ជាប់​ព្រំដែន​ថៃ សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍​របស់​ខ្លួន ដើម្បី​បំពេញ​ការងារ​ក្នុង​កិច្ច​អន្តរាគមន៍​លើ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ- ​ថៃ។

RFA/Yun Samean

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី និង​ជា​ប្រធាន​សមាគម​អាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ស្ដីពី​បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។

http://flash-mp3-player.net/medias/player_mp3_maxi.swf

ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ផ្ញើ​លិខិត​តប​ទៅ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី ជា​ប្រធាន​សមាគម​អាស៊ាន និង​ជា​អ្នក​សម្របសម្រួល​ក្នុង​ជម្លោះ​ព្រំដែន​ខ្មែរ-​ថៃ​នោះ​ថា លោក​បាន​យល់​ព្រម​តាម​សំណើ​លើ​លក្ខខណ្ឌ​ថ្មី​សម្រាប់​ក្រុម​អ្នក​ សង្កេតការណ៍​ព្រំដែន​នោះ​ហើយ។

កាល​ពី​យប់​ថ្ងៃ​ទី​១៣ ​មេសា លោក កុយ គួង អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​ផ្ញើ​លិខិត​ពីរ​ច្បាប់ មួយ​ច្បាប់​ជូន​ទៅ​ភាគី​ថៃ និង​មួយ​ច្បាប់​ទៀត​ជូន​ទៅ​ភាគី​កម្ពុជា។ ចំពោះ​លិខិត​ទៅ​កាន់​ភាគី​ថៃ លោក​មិន​បាន​ដឹង​ពី​សេចក្ដី​ស្នើ​នោះ​មាន​ខ្លឹមសារ​យ៉ាង​ណា​ទេ ប៉ុន្តែ​ចំពោះ​ភាគី​កម្ពុជា លោក ម៉ាទី បាន​សុំ​ដាក់​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី លើ​ទីតាំង​បី​ចំណុច​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

លោក កុយ គួង បន្ថែម​ថា ៖ «សូម​ជម្រាប​ថា ថ្ងៃ​នេះ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ហើយ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​១២ មេសា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​ទទួល​លិខិត​ពី​ឯកឧត្ដម ម៉ាទី ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ស្ដីពី​លក្ខខណ្ឌ​ប្រតិបត្តិ​ថ្មី​សម្រាប់​អ្នក​អង្កេត​ការណ៍​ឥណ្ឌូណេស៊ី នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ។ ក្នុង​លិខិត​នោះ​ឯកឧត្ដម ម៉ាទី បាន​ស្នើ​ឲ្យ​មាន​ចំណុច​ឈរ​ជើង​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី ចំនួន ៣​ទីតាំង​នៅ​ខាង​កម្ពុជា គឺ​ទី​១ ៥​មករា ទី​២ តាសឹម និង​ទី​៣ ចាក់ច្រែង»

លោក កុយ គួង ក៏​បាន​បន្ថែម​ថា ភាគី​កម្ពុជា ក៏​បាន​ផ្ញើ​លិខិត​តប​ភ្លាមៗ​ទៅ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា បញ្ជាក់​ការ​យល់​ស្រប និង​ការ​គាំទ្រ​តាម​ការ​ស្នើ​សុំ​របស់​លោក ហើយ​ប្រធាន​សមាគម​អាស៊ាន​រូប​នេះ ក៏​បាន​សម្ដែង​សេចក្ដី​រីករាយ​ណាស់​ដែរ ដែល​កម្ពុជា​យល់​ព្រម​តាម​ការ​ស្នើ​សុំ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «…នេះ​ជា​ឆន្ទៈ​ថ្មី​មួយ​ទៀត​របស់​ កម្ពុជា​មួយ​ដែរ ដោយ​ឈរ​លើ​ស្មារតី​គោរព​ការ​ឈប់​បាញ់​អចិន្ត្រៃយ៍​ដែល​អាន​នាំ​ទៅ​រក​ការ​ ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​នៅ​ថ្ងៃ​ទី​១៣ មេសា នេះ លោក ម៉ាទី ក៏​បាន​ផ្ញើ​លិខិត​ជូន​លោក ហោ ណាំហុង និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដោយ​ក្នុង​លិខិត​នេះ​បាន​បញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​ពី​លោក ហោ ណាំហុង ដោយ​ការ​ពេញ​ចិត្ត​ហើយ»

លោក កុយ គួង ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី កំពុង​តែ​រង់ចាំ​ចម្លើយ​ពី​ភាគី​ថៃ​ប៉ុណ្ណោះ៕

កំណែ​វចនានុក្រម​ខ្មែរ​ ២.១ ចេញ​ផ្សាយ​ហើយ

នេះ​ជា​សេចក្ដី​ជូន​ដំណឹង​ដល់​ខេមរជន​គ្រប់រូប​ដែល​ស្នេហា​អក្សរសាស្ត្រ​ជាតិ ឲ្យ​បាន​ជ្រាប​ថា​វចនានុក្រម​ខ្មែរ​កំណែ​ថ្មី​ចេញ​ផ្សាយ​ហើយ! ខ្ញុំ​បាន​ស្រង់​យក​ពី​ប្លក​លោក សរ សុខនី មក​ផ្សាយ​ចែកជូន និង​ទាញ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ។

«សេចក្ដី​ជូន​ដំណឹង

ខ្ញុំ​បាទ​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​ជូន​ ដំណឹង​ថា កំណែ​វចនានុក្រម​ខ្មែរ​២.១ (version 2.1)បាន​ចេញ​ ហើយ​សម្រាប់​ការ​ទាញ​យក​មក​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។​ ក្នុង​កំណែ​នេះ វា​អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​វីនដូ​គ្រប់​កំណែ​(Window XPs, Window Vista, Window 7 32 or 64 bits…) និង​Unix​ ដែល​មាន​ដូច​ជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វី​ដែល​អស់​លោក​អ្នក​ត្រូវ​ការ​នោះ​គឺ ត្រូវ​បញ្ចូល​កម្មវិធី​ខ្មែរ​យូនីកូដ និង​កម្មវិធី​ Java សម្រាប់​ដំណើរ​ការ​កម្មវិធី​នេះ(មាន​នៅ​ក្នុង​កញ្ចប់​រួច​ជា​ស្រេច​ទំហំ ១៨.៥ MB)។ កំណែ​នេះ​ ខ្ញុំ​បាទ​មិន​បាន​ដាក់​ពាក្យ​ថ្មី​បន្ថែម​ចូល​ទេ គឺ​យើង​ផ្ដោត​សំខាន់​តែ​លើ ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​​កុំព្យូទ័រ​៦៤​ប៊ីត​ និង​លើ​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត។ នៅ​​ពេល​ខាង​មុខ យើង​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​Mac។

សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការងារ​ជា​ពិសេស ​លោក អ៊ុំ ចំរើន ដែល​ជា​​អ្នក​សរសេរ​កម្មវិធី​សម្រាប់​កំណែ​នេះ។ កំហុស​ឆ្គង​ពិត​ជា​មាន និង​សូម​ស្វាគមន៍​រាល់​មតិ​រិះ​គន់ និង​កែ​លម្អ​ការងារ​នេះ​ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា ដោយ​ផ្ញើ​ទៅ​កាន់​អ៊ីមែល sorsokny@yahoo.com។

សូម​ចុច​ ទីនេះ ដើម្បី​ទាញ​យក​កម្មវិធី​នេះ។

ប្រសិន​បើ​លោក​អ្នក​មាន​កម្មវិធី​យូនីកូដ​ ខ្មែរ​ និង​ Java រួច​ហើយ​ លោក​អ្នក​អាច​ទាញ​យក​តែ​កម្មវិធី​វចនានុក្រម​បាន​ដោយ​ចុច​នៅ ​ទី​នេះ (៤.៦៥ MB)

តែ​កុំ​ភ្លេច​លោក​អ្នក​ត្រូវ​ការ​កម្មវិធី​ winrar ដើម្បី​ បើក​កញ្ចប់​នេះ​បាន។ បើ​ទាន់​​ពុំ​មាន​ទេ​ សូម​ចុច​ ទី​នេះ »

 

អរគុណ

សត្វ​ជិត​ផុត​ពូជ​ខ្លះ​គេ​ឃើញ​មាន​នៅ​ ឧត្ដរមានជ័យ

ដោយ វោហារ ជាតិ (RFA)

ក្រុម​មន្ត្រី​ព្រៃ​ឈើ និង​អភិរក្ស​សត្វ​ព្រៃ​ បាន​សិក្សា​​​​​​ស្រាវជ្រាវ​អំពី​​សត្វព្រៃ និង​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​សហគមន៍​មួយចំនួន​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​រក​ឃើញ​ថា ពូជ​សត្វ​​​​ដ៏​កម្រ​នៅ​លើ​ពិភពលោក​មួយ​ចំនួន​ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ​នោះ នៅ​មាន​វត្តមាន​ក្នុង​ព្រៃ​សហគមន៍​នេះ​នៅ​ឡើយ។

Pact Cambodia Photo

សត្វ​ក្ងោក នៅ​ខេត្ត​ឧត្ដរមានជ័យ

http://flash-mp3-player.net/medias/player_mp3_maxi.swfការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បរបាញ់​សត្វ​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា កន្លង​មក​បាន​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ហិនហោច និង​បាត់​ពូជ​សត្វ​ព្រៃ​ស្ទើរ​គ្មាន​សល់។ តែ​ទោះជា​យ៉ាង​ណា​ក្ដី កម្ពុជា​ក៏​នៅ​មាន​សេសសល់​សត្វ​ព្រៃ​ដ៏​កម្រ​ខ្លះៗ​ដែរ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សកម្មជន​បរិស្ថាន។

មន្ត្រី​អង្គការ ផេក ខេមបូឌា (Pact Cambodia) និង​អង្គការ​សត្វព្រៃ​អន្តរជាតិ (Wildlife International) សហការ​ជាមួយ​នាយកដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​ការបរទេស​​សហរដ្ឋ​អាមេរិក អង្គការ​ទាំង​ពីរ រួម​ទាំង​រដ្ឋបាល​ព្រៃឈើ​កម្ពុជា បាន​ធ្វើ​​ការ​សិក្សា​​​​​​មួយ​​​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ស្ដីពី​​ចំនួន​សត្វ​ព្រៃ និង​គុណភាព​ព្រៃឈើ​សហគមន៍​ដែល​គេ​កំពុង​អភិរក្ស​នៅ​ក្នុង​ខេត្ត​​ ឧត្តរមានជ័យ។

ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​​ក្នុង​សហគមន៍​ព្រៃ​ឈើ​ចំនួន​​៤​ គឺ​សហគមន៍​ព្រៃ​ឈើ​សង្ឃរុក្ខវ័ន សហគមន៍​សង្គ្រោះ​ព្រៃឈើ អណ្ដូងបរ និង​សហគមន៍​ព្រៃ​ស្រោង ដែល​មាន​ផ្ទៃ​ដី​ព្រៃ​សរុប​​ទំហំ ៣៤,៧៧៣​ហិកតារ។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នៃ​អង្គការ ផេក ខេមបូឌា និង​អង្គការ​សត្វ​ព្រៃ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៥ មីនា បង្ហាញ​ថា ការ​ស្រាវជ្រាវ​នោះ​បាន​សិក្សា​ស្រាវជ្រាវ​លើ​ប្រភេទ​សត្វស្លាប​​សរុប​ចំនួន ​ ១៧៤​ប្រភេទ និង​សត្វ​ជើង​បួន ២៦​ប្រភេទ។ ជា​​លទ្ធផល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ចំនួន​សត្វ​ដែល​បាន​ស្រាវជ្រាវ​ទាំង​នោះ គេ​ឃើញ​មាន​ពូជ​សត្វស្លាប​​ដ៏​កម្រ​​ចំនួន ៧​ប្រភេទ ដូចជា​សត្វ​ក្ងោក​ពណ៌​បៃតង​ ​ត្រដក់​ធំ ននាល សត្វ​អង្កត់​ខ្មៅ និង​សត្វស្លាប​ដ៏​កម្រ​ផ្សេង​ទៀត​។ ​ចំណែក​​​សត្វ​ជើង​បួន​វិញ គេ​ឃើញ​នៅ​មាន​ចំនួន ៩​ប្រភេទ ដូចជា​សត្វ​ខ្លា​ធំ ខ្ទីង រមាំង ទន្សោង ឆ្កែព្រៃ សត្វ​ទោច​ជាដើម ដែល​ពពួក​ពូជ​សត្វ​ទាំង​នោះ​កំពុង​ជិត​ផុត​ពូជ​​ក្នុង​ពិភពលោក។

ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​ព្រៃ​ឈើ​អះអាង​ថា នេះ​ជា​មោទនភាព​ណាស់​​ចំពោះ​ប្រទេស​កម្ពុជា ដែល​មាន​ពូជ​សត្វ​ដ៏​កម្រ​នេះ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ជា​ច្រើន​ទៀត​ដែល​ដាច់​ពូជ​អស់។

កញ្ញា អាម៉ានដា ប្រេដ្លី (Amanda Bradley) នាយក​កម្មវិធី​​នៃ​ភាព​ដៃគូ​ព្រៃ​ឈើ​របស់​អង្គការ ផេក ខេមបូឌា ដែល​រួម​ចំណែក​ការ​ស្រាវជ្រាវ​នោះ​ ​មាន​ប្រសាសន៍​ថា ទៅ​ថ្ងៃ​អនាគត​សហគមន៍​ព្រៃ​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ មិន​ត្រឹម​តែ​បាន​អភិរក្ស​សត្វ​ព្រៃ​ដ៏​កម្រ​តែ​ប៉ុណ្ណោះ​ទេ តែ​អង្គការ​អភិរក្ស​សត្វព្រៃ ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ និង​សហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ កំពុង​អនុវត្តន៍​គម្រោង​​អភិរក្ស​ព្រៃឈើ​ដើម្បី​ផលិត​ការបោន (Carbon) ក្នុង​បំណង​រក្សា​បរិស្ថាន​ ​រួម​ចំណែក​កាត់​បន្ថយ​កម្ដៅ​ផែនដី​​ផង​ដែរ។

កញ្ញា អាម៉ានដា ប្រេដ្លី មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ការ​សិក្សា​ នេះ​មាន​សារសំខាន់​សម្រាប់​ការពារ​សត្វព្រៃ ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ពិសេស​ដោយសារ​សហគមន៍​ចូល​រួម មាន​ខាង​រដ្ឋបាល​ព្រៃឈើ​សហការ​ក្នុង​ការ​ការពារ។ ខ្ញុំ​សង្ឃឹម​ថា វា​អាច​ការពារ​ទៅ​ថ្ងៃ​មុខ គម្រោង រ៉េដ (REDD) នៅ​ឧត្តរមានជ័យ មាន​រយៈ​ពេល ៣០​ឆ្នាំ និង​យើង​ឃើញ​សហគមន៍​ខំ​ប្រឹង​ការពារ​សត្វព្រៃ​នៅ​ទី​នោះ»

យ៉ាងណា​ក្ដី តំណាង​សហគមន៍​ព្រៃឈើ​ជា​ច្រើន​​​​បាន​អះអាង​ថា ដំណាល​គ្នា​នឹង​ការ​អភិរក្ស​ពូជ​សត្វព្រៃ​ដ៏​កម្រ​នេះ ក៏​សត្វ​ព្រៃ​ដ៏​កម្រ​នេះ​​កំពុង​ប្រឈម​ការ​ផុត​ពូជ​ផង​ដែរ ​ដោយសារ​ជន​ល្មើស​បំផ្លាញ។ បច្ចុប្បន្ន​មាន​ព្រានព្រៃ ឬ​ជន​ល្មើស​ជា​ច្រើន​បាន​មក​លួច​ដាក់​អន្ទាក់​សត្វ​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​ការពារ​ព្រៃឈើ​សហគមន៍​បាន​រក​ឃើញ​អន្ទាក់​សត្វ​ប្រហែល​ ​៥០ ទៅ ៦០​អន្ទាក់​រៀងរាល់​ខែ។

តំណាង​សហគមន៍​មួយ​ចំនួន​ឲ្យ​ដឹង​ថា ជួនកាល​​សត្វ​ប្រើស និង​សត្វ​​ដែល​កម្រ​មាន​ដទៃ​ទៀត​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ចោល​ឆ្អឹង​ក្នុង​ ព្រៃ​ពេល​វា​​រើ​រួច​ពី​អន្ទាក់ ហើយ​ងាប់​ទាំង​ជើង​ជាប់​អន្ទាក់​ដែល​ដាច់​នោះ។ ចំពោះ​សត្វ​ស្លាប​វិញ ជន​ល្មើស​បាន​​ដាក់​ថ្នាំ​បំពុល ហើយ​ជនល្មើស​ខ្លះ​បាន​ចាក់​សំឡេង​ខ្សែ​អាត់​ជា​សំឡេង​សត្វ​ដូច​គ្នា ទាក់​ទាញ​សត្វ​ឲ្យ​ចូល​អន្ទាក់​ទាំង​ទ្រុងៗ​ដើម្បី​យក​ទៅ​លក់។

ព្រះតេជព្រះគុណ ប៊ុន សាលួត ប្រធាន​សហគមន៍​ព្រៃ​ឈើ​សង្ឃរុក្ខវ័ន មាន​ថេរដីកា​ថា នៅ​ក្នុង​ព្រៃ​សង្ឃរុក្ខវ័ន​គឺ​សម្បូរ​ទៅ​ដោយ​ប្រភេទ​សត្វ​កម្រ​ច្រើន​ជាង​ សហគមន៍​ដទៃ​ ​ដែល​តម្រូវ​ឲ្យ​ព្រះអង្គ រួម​ទាំង​សមាជិក​សហគមន៍​គ្រប់​គ្នា​ដើរ​ល្បាត​គ្រប់​ច្រកល្ហក​រាល់​ថ្ងៃ​ រាល់​យប់​ឥត​ឈប់ ៖ «យើង​នៅ​តែ​បារម្ភ​ដដែល​ ​ដូច​ជា​អាត្មា​អីចឹង! មិន​បាន​សឹង​នៅ​កន្លែង​ទេ ទៅ​សឹង​តែ​ក្នុង​ព្រៃ ​ទៅ​ឃ្លាំមើល​សត្វ​​តាម​តំបន់​ទឹក​ជប់ ​តំបន់​ត្រពាំង​ ​ដែល​មាន​ទឹក​ជប់ ​ខ្លាច​គេ​ដាក់​អន្ទាក់ បើ​យើង​ប្រហែស​តែ​មួយ​អាទិត្យ​វា​អាច​បាត់បង់​សត្វ»

នាយកដ្ឋាន​ព្រៃឈើ​ក្រសួង​កសិកម្ម​ សហការ​ជាមួយ​សហគមន៍ បាន​ចាប់​ផ្ដើម​កម្មវិធី​ការបោន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា រ៉េដ (REDD) ដែល​ចូល​រួម​ដោយ​សហគមន៍​​​ព្រៃឈើ​​ទាំង​៤ ក្នុង​ខេត្ត​ឧត្តរមានជ័យ។ រ៉េដ ​គឺ​ជា​កម្មវិធី​មួយ​រក្សា​បរិស្ថាន​ដោយ​អភិរក្ស​​ព្រៃឈើ​ធម្មជាតិ​ឲ្យ​មាន​ ព្រៃ​ក្រាស់​ ​រួម​ទាំង​សត្វព្រៃ​បង្កើត​បាន​ជា​អុកស៊ីហ្សែន (Oxygen) ឬ​ធាតុអាកាស​បរិសុទ្ធ​ក្នុង​បរិយាកាស កម្ចាត់​ជាតិ​ពុល​ និង​កម្ដៅ​​ផែនដី ​ធ្វើ​ឲ្យ​មាន​បរិស្ថាន​ល្អ​​លើ​ភព​ផែនដី។

សូម​បញ្ជាក់​ថា រ៉េដ ជា​កម្មវិធី​​​ថ្មី​​​មួយ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​បរិស្ថាន​ជាតិ អន្តរជាតិ រួម​ទាំង​មន្ត្រី​បរិស្ថាន​​អង្គការ​សហ​ប្រជាជាតិ ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​នីមួយៗ​លើ​សកល​លោក​ការពារ​គម្រប​​ព្រៃឈើ​ ​ក្នុង​បំណង​ការពារ​ និង​រក្សា​លំនឹង​បរិស្ថាន ទប់ទល់​នឹង​កម្ដៅ​ផែនដី ​ដែល​កំពុង​ឡើង​កម្ដៅ​នៅ​បច្ចុប្បន្ន និង​​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ ​ដូចជា​រញ្ជួយ​ផែនដី ​ខ្យល់ព្យុះ​ គ្រោះ​ទឹក​ជំនន់ ​និង​រាំង​ស្ងួត​ ដែល​កំពុង​​គំរាមកំហែង​​​ពិភពលោក ហើយ​ប្រទេស​កម្ពុជា កំពុង​អនុវត្ត​គម្រោង​នេះ។

មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ និង​បរិស្ថាន​ឲ្យ​ដឹង​ថា គម្រោង​រ៉េដ នៅ​ខេត្ត​ឧត្តរមានជ័យ មាន​រយៈ​ពេល ៣០​ឆ្នាំ ហើយ​​បាន​ចាប់​ផ្ដើម​​នៅ​ឆ្នាំ​២០០៨ ហើយ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០៣៧។

លោក ឡុង រតនៈកុមារ អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ​ និង​សហគមន៍​ព្រៃឈើ​នៃ​រដ្ឋបាល​ព្រៃឈើ​ ​ក្រសួង​កសិកម្ម​កម្ពុជា ថ្លែង​ថា នេះ​ជា​គម្រោង​សាកល្បង​មួយ​ដែល​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ កម្ពុជា ហើយ​កម្មវិធី​នេះ​​គេ​កម្រ​ឃើញ​មាន​ធ្វើ​នៅ​ប្រទេស​​ផ្សេង​ទៀត​លើ​សកល​លោក។

លោក​ថា​ ​គម្រោង​នេះ​​គឺ​រដ្ឋាភិបាល​កម្ពុជា​ ​ចង់​​ផលិត​ការបោន​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ៖ «តាម​ពិត​ជា​គោលដៅ​ របស់​យើង យើង​ប្រុង​ធ្វើ​ទាំង​អស់។​ ប៉ុន្តែ​អា​នេះ​គ្រាន់​តែ​ជា​ការ​សាក​ល្បង​មួយ គឺ​យើង​កំពុង​ចាប់​ផ្ដើម​ គឺ​យើង​​សាក​ល្បង​បណ្ដើរ​យើង​រៀន​សូត្រ​ពី​ដំណើរការ​បណ្ដើរ»

លោក ឡុង រតនៈកុមារ អះអាង​ថា គម្រោង រ៉េដ នៅ​ខេត្ត​ឧត្តរមានជ័យ​នេះ ​​នឹង​អា​ច​ទាញ​យក​ ការបោន​ពី​ព្រៃ​សហគមន៍​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​​​ក្នុង​តម្លៃ​ទឹក​ ប្រាក់​​ចំនួន ៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ​ហើយ​ប្រាក់​ចំណូល​នោះ​នឹង​យក​ទៅ​​ផ្គត់ផ្គង់​ជីវភាព​ប្រជាជន​ដែល​ការពារ​ ព្រៃ​សហគមន៍​ទាំង​នោះ​ផង​ដែរ។

លោក​បន្ថែម​ថា​ ​ក្នុង​ពេល​នេះ​ដែរ​ ​រដ្ឋាភិបាល​​​ក៏​កំពុង​អនុវត្ត​កម្មវិធី ​​ រ៉េដ សាក​ល្បង​នោះ​ ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​មាន​ព្រៃឈើ​ស្ដុក​ដូច​នៅ​ស្រុក​ ​កែវសីមា​ ខេត្ត​រតនគិរី នៅ​ខេត្ត​​សៀមរាប នៅ​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ហើយ​កំពុង​សិក្សា និង​ពង្រីក​ទៅ​តំបន់​ព្រៃ​នានា​ តាម​ខេត្ត​ដទៃ​បន្ថែម​ទៀត ដូច​ជា​នៅ​ព្រៃ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ជា​ដើម៕

បេសកកម្ម​ស្រាវជ្រាវ​សត្វស្លាប​នៅ​ភ្នំ​សំកុស!

នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្ន​២០១១ ខាង​មុខ​នេះ ក្រុម​ការងារ​របស់​មជ្ឈមណ្ឌល សំ វាសនា នឹង​មាន​បេសកកម្ម​ចុះ​ស្រាវជ្រាវ​នឹង​អង្កេត​សត្វស្លាប​ព្រៃ​ព្រមទាំង​សត្វ​ដទៃ​ទៀត​នៅ​ភ្នំ​សំកុស​ដែល​មាន​កម្ពស់ ១៧០០ម. ឋិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ឃុំ​ប្រម៉ោយ ភូមិ​ប្រម៉ោយ ក្រោម​កិច្ចសហការ​របស់​អង្គការ FFI និង​ក្រសួង​បរិស្ថាន​នៃ​ប្រទេសកម្ពុជា​ដើម្បី​ចុះ​បញ្ជី​សត្វស្លាប​ព្រៃ​ស្រុក​ខ្មែរ​ឲ្យ​បាន​វែង​និង​ច្រើន​បច្ចុប្បន្ន ។ ក្រៅ​ពី​សត្វស្លាប​និង​សត្វព្រៃ​ដទៃ​ទៀត យើង​ក៏​នឹង​មិន​ភ្លេច​កត់ត្រា​ពី​រុក្ខជាតិ​ព្រមទាំង​សត្វល្មូន​និង​ឧរង្គសត្វ​ដទៃ​ទៀត​ដែរ ព្រោះ​ទី​នោះ​ជា​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​ពិភពលោក​ចុង​ក្រោយ​គេ​ដែល​ពុំ​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​អស់ ព្រោះ​តែ​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​រាំងស្ទះ​ដោយសារ​គ្រាប់​មីនកប់​ក្នុង​ដី​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ។ ពួក​យើង​នឹង​ធ្វើ​ដំណើរ​ថ្មើរជើង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នេះ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ និង​ចំណាយ​ពេល​ចុះ​វិញ​មួយ​ថ្ងៃ ។ ដោយ​គ្មាន​ពេល​ច្រើន ការ​សិក្សា​នេះ​នឹង​ធ្វើ​ទាំង​យប់​និង​ថ្ងៃ​ ។ យើង​កត់ត្រា​ទុក​ទាំង​សត្វ​ដែល​យើង​បាន​ឮ​សំឡេង និង​សត្វ​ដែល​បាន​ឃើញ​ផ្ទាល់ ។ គ្មាន​បាយ​និង​អាហារ​ច្រើន​ទេ គ្រប់​គ្នា​ត្រូវ​ស្ពាយ​អាហារ​ក្រៀម​និង​សម្ភារ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់ ។ បញ្ហា​ធំ​នោះ​គឺ​អាកាសធាតុ​ត្រជាក់ និង​កង្វះ​ខាត​ទឹក! កាល​ពី​ខ្ញុំ​និង​ក្រុមការងារ​ចុះ​ទៅ​ភ្នំ​បូក​គោ​ដែល​មាន​កម្ពស់​តែ ១០៧០ម. ឃើញ​ថា​អាកាសធាតុ​ពេល​យប់​វា​ត្រជាក់​ណាស់ ចុះ​ទម្រាំ ១៧០០ម.!

(ផ្កា​ក្រឡូមពារ ឬ​បំពង់​ក្រឡោម)

សត្វស្លាបថ្មីសម្រាប់ស្រុកខ្មែរយើង!

Eurasian Wryneck ដែល​ខ្ញុំ​បាន​ដាក់​ឈ្មោះ​វា​​ជា​ភាសា​ខ្មែរ​ថា សំយាប​ខ្លួន​ប្រផេះ ទើប​តែ​មាន​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​នេះ ។ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​ការងារ​របស់​យើង​បាន​ប្រទះ​ឃើញ​វា​ដោយ​ចៃដន្យ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ស្រុក​ភ្នំ​ស្រុក​ តាម​ច្រក​ព្រៃមាន់​ត្រង់​យាយ​រវៃ​អំបោះ ប្រមាណ​ជា​ ២.៥គ.ម​ពី​ផ្លូវ​ជាតិ​លេខ​៦ ។ ចំពោះ​ឈ្មោះ​ជា​ភាសា​ជាតិ​នេះ​នៅ​មិន​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ត្រូវ​រង់ចាំ​រហូត​ដល់​អ្នក​ជំនាញ​ជជែក​ពី​អំបូរ​ដាច់​សិន ។ នេះ​ជា​ដំណឹង​ចែកជូន​ដល់​ជន​រួម​ជាតិ​បាន​ជ្រាប​ជា​ដំណឹង ។

សូម​មើល​រូប​សត្វ​ខាង​ក្រោម៖

អាណោចអាធម​នឹង​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ!

គួរ​ឲ្យ​អនិច្ចា​សត្វ​ខ្ទីង (Gaur) មួយ​ក្បាល​នេះ​ដោយសារ​តែ​គ្មាន​ទឹក ទើប​បណ្ដាល​ឲ្យ​ដួល​ស្លាប់​យ៉ាង​អាណោចអាធម​បំផុត ។ ពេល​ដែល​ហៀបនឹង​ដាច់​ខ្យល់​ឃើញ​វា​ត្រដង្ហក់​គួរ​ឲ្យ​សង្វេគ​ណាស់! មនុស្ស​ធ្វើ​បាប​ធម្មជាតិ​ពេក​ហើយ ទី​ដែល​ធ្លាប់​មាន​ទឹក បែ​ជា​ហួតហែង​ដោយសារ​មនុស្ស​នាំ​គ្នា​ទៅ​កាប់​គាស់​បំផ្លាញ​ព្រៃ​និង​បំពុល​ទី​នោះ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​គិត​អ្វី​សូម្បី​បន្តិច​សោះ ។

ពេល​ក្រុម​ការងារ​បាន​ប្រទះ​ឃើញ​វា​ដេក​ត្រាំ​ភក់

កម្លាំង​រដ្ឋបាល​ព្រៃឈើ​កំពុង​លាង​សម្អាត​ស្នែង​ទុក

 

 

ពាក្យ “ត្រពាំង” និង “រលំ”

ថ្មីៗ​នេះ​ខ្ញុំ​ទើប​បាន​ឮ​ពាក្យ​ពីរ​ដែល​ខ្ញុំ​មិន​គិត​ថា​ថ្មី​សម្រាប់​ខ្លួន​ឯង នោះ​គឺ៖

ត្រពាំង (ន) ជា​ថ្លុក​ទឹក​ដក់​នៅ​ក្នុង​ព្រៃ​ មាន​សណ្ឋាន​មូល​ឬ​ទ្រវែង ជួនកាល​អាច​មាន​កូន​ប្រឡាយ​តូច​ជាប់​ពាក់ព័ន្ធ ។

រលំ (ន) ជា​ថ្លុក​ទឹក​មាន​សណ្ឋាន​ធំ​កន្តាលហាល ផ្សាភ្ជាប់​ខ្លួន​នឹង​កូន​អូរ​ឬ​ប្រឡាយ​ ។ វា​ត្រូវ​ហូរ​ចាក់បំពេញ​ទឹក​ដោយ​កូនអូរ​និង​ទឹក​ភ្លៀង ។

ពាក្យ​នេះ​ខ្ញុំ​បាន​ឮ​ពី​អ្នក​ភូមិ​ដង​ផ្លិត​ឋិត​នៅ​ក្នុង​ខែត្រ​ព្រះវិហារ​ជាប់​ព្រំដែន​លាវ ។ ខ្ញុំ​គិត​ថា​គួរ​បញ្ចូល​ពាក្យ​នេះ​ក្នុង​វចនានុក្រម​ខ្មែរ​ក្រោយ​ទៀត​បើទោះជា​វា​ជា​ពាក្យ​ហៅ​តាម​តំបន់​ក៏ដោយចុះ ។

កំណើន​ទេសចរ​ផ្នែក​សត្វស្លាបកើន!

នាដើម​​ឆ្នាំ​២០១១ នេះ កំណើន​ទេសចរ​សត្វស្លាប​បាន​កើន​ឡើង​ប្រមាណ​១២% ប្រសិនជា​ប្រៀប​នឹង​ឆ្នាំ​២០១០ ក្នុង​ពេល​ដូច​គ្នា! នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សន្ទុះ​ថ្មី​វិស័យ​ទេសចរណ៍​ធម្មជាតិ​នៃ​ស្រុក​ខ្មែរ​យើង ។ ឆ្នាំ​នេះ​សម្រាប់​ខ្ញុំ​ផ្ទាល់​បាន​ទទួល​ក្រុម​ទេសចរ​ប្រភេទ​នេះ​ទាំង​អ្នក​វិទ្យាសាស្ត្រ អ្នក​អង្កេត​សត្វស្លាប និង​ទេសចរ​បែប​លម្ហែ​ប្រមាណ​ជា ១០០​នាក់ ។ សង្ឃឹម​ថា​ឆ្នាំ​ក្រោយ​នឹង​មាន​ចំនួន​កើន​ឡើង​ច្រើន​ជាង​នេះ​ទៀត ។ សូម​ឲ្យ​ខ្មែរ​គ្រប់រូប​ជួយ​គ្នា​រក្សា​ព្រៃ​និង​សត្វ​ទាំង​នោះ និង​នាំ​គ្នា​ស្វែងយល់​ពី​សត្វ​ស្លាប​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​បាន ។

រូបថត​កាល​ពី​ថ្ងៃ​ទី​២០/០២ ដល់ ៣/០៣ ២០១១ ជាមួយ​ក្រុម​បក្សីសាស្ត្រិន Field Guide

ថត​នៅ​សណ្ឋាគារ Blue Tongue ភ្នំពេញ

 

ថត​នៅ​ប្រាសាទ​បាយ័ន

ថត​នៅ​កាំពី (ក្រចេះ)

 

នៅ​ត្មាតប៉ើយ (ពេល​កំពុង​រក​សត្វស្លាប)

មាន​ការ​ចាប់​ទាហាន​នៅ​ខេត្ត​ប៉ៃលិន!

យោង​តាម​សាច់ញាតិ​ខ្ញុំ​នៅ​ក្រុង​ប៉ៃលិន​និង​កំរៀង​បាន​និយាយ​ថា៖ នៅ​ទីនោះ​បច្ចុប្បន្ន​កំពុង​មាន​ការ​ដើរ​ចាប់​ទាហាន​តាម​ភូមិ​និង​ផ្ទះ​នីមួយៗ​ដោយ​ក្មេង​ប្រុស​ដែល​មាន​អាយុ​ពី​២០​ឆ្នាំ​ឡើង​ទៅ នឹង​ត្រូវ​ចាប់​យក​ទៅ​ហ្វឹកហាត់​ធ្វើ​ទាហាន ។ ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា​សម័យ​សតវត្ស​ទី​២១​ហើយ​នៅ​មាន​ចាប់​ទាហាន​ដូច​ទសវត្ស​ឆ្នាំ​១៩៨០​ទៀត!

ស្នូរ​គ្រាប់​ផ្ទុះ!

នៅ​ភូមិ​ត្មាត​ប៉ើយ​ចម្ងាយ​ប្រមាណ​ជា​៦០គ.ម ពី​ព្រំដែន​ ជា​កន្លែង​ខ្ញុំ​នាំ​ទេសចរ​ទៅ​មើល​សត្វ​ត្រយងយក្ស​ឬ​ឪលើក មាន​ស្នូរ​គ្រាប់​ទ្រហឹង​ដូច​ភ្លេង​ប្រគំ​ឡើង​មិន​ដាច់​សោះ! នៅ​ថ្ងៃ​ទី​១០-០២-២០១១ ក្រុម​ការងារ​ពី​មជ្ឈមណ្ឌល​សំវាសនា​ដើម្បី​ការ​អភិរក្ស​សត្វព្រៃ​នឹង​ចុះ​ទៅ​ទីនោះ​រយៈពេល​មួយ​សប្ដាហ៍​ទៀត ។ អ្នក​ភូមិ​បាន​រាយការណ៍​ពី​ផ្សែងពុល​ដែល​ជះ​មក​ដល់​ទី​នោះ! ប្រជាជន​ជា​ច្រើន​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​តំបន់​ដែល​នៅ​ក្បែរ​ព្រំដែន​មក​នៅ​ម្ដុំ​ភូមិ​ថ្នល់​ចែក​ចម្ងាយ​ប្រមាណ ៦០គ.ម​ពី​ត្បែង​មានជ័យ​ត្រង់​ផ្លូវ​បំបែក​មក​ភូមិ​ស្រយង់​និង​ប្រាសាទ​កោះកេរ្តិ៍ ។

ជោគជ័យ​របស់​ខ្ញុំ​នៅ​ភ្នំ​បូកគោ!

កាល​ពី​ថ្ងៃ​ទី​២១-២៥ ខែ​មករា ឆ្នាំ​២០១១ កន្លង​ទៅ​ថ្មី​នេះ ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដើម្បី​ចូល​ទៅ​ស្រាវជ្រាវ​និង​ធ្វើ​អត្តសញ្ញាណកម្ម​លើ​សត្វស្លាប​ព្រៃ​នៅ​ក្នុង​ឧទ្យានជាតិ​មួយ​នេះ ។ ការ​ស្រាវ​នេះ​សំខាន់​សម្រាប់​រូបខ្ញុំ​និង​មជ្ឈមណ្ឌល​ សំ វាសនា ខ្លាំង​ណាស់ ពីព្រោះ​សត្វ​ស្លាប​ព្រៃ​ដែល​ខ្ញុំ​ព្យាយាម​ស្វែងរក​ជិត​២​ឆ្នាំ​ហើយ​នោះ​បាន​ប្រាកដ​ខ្លួន​នៅ​នឹង​មុខ​ខ្ញុំ​និង​មិត្ត​ខ្ញុំ​ម្នាក់​ទៀត​បន្ទាប់​ពី​ការ​ធ្វើដំណើរ​ក្នុង​ព្រៃ​ស្ងាត់​សម្បូណ៌​ទៅដោយ​សត្វ​ទាក​ខាំ​ហូរ​ឈាម​មិន​ឈប់ឈរ​នោះ ។ សត្វ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​បំផុត​គឺ «មាន់​ក្រិច» (Chestnut headed Partridge) និង​ «សត្វ​ជំពុះ​ធំ​កន្ទុយ​វែង» (Long Tailed Broadbill) ។ ចំពោះ​រូប​ភាព​សត្វ​ទាំង​នោះ​អ្នក​អាច​ស្វែង​រក​ក្នុង​ប្រកាស​មុនៗ​របស់​ខ្ញុំ​បាន វៀរលែងតែ​ សត្វ​ជំពុះ​ធំ​កន្ទុយ​វែង​ដែល​ខ្ញុំ​មិន​ទាន់​បាន​ដាក់​ចូល​ក្នុង​ប្រកាស ។

ការ​ប្រើ​សំយោគសញ្ញា (័)

នៅ​ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​បាន​ប្រទះឃើញ​មាន​ការ​ប្រើ​សំយោគសញ្ញា​ខុស​ទីតាំង​នៅ​ក្នុង​ភាសា​ខ្មែរ តាម​ស្លាកយីហោ និង​លិខិត​ស្នាម​មួយ​ចំនួន ដោយ​គេ​យក​សញ្ញា​នេះ​ទៅ​ដាក់​លើ​អក្សរ​ទី​ពីរ​នៃ​ពាក្យ​នោះ​ទៅ​វិញ​ដូច​ជា៖ ការិយាល័យ > ការិយាលយ័, នភាល័យ > នភាលយ័, ភ័យ > ភយ័ ។ល។

សញ្ញានេះ​គេ​ត្រូវ​ដាក់​លើ​តួអក្សរ​ទី​១​នៃ​ពាក្យ​នោះ មិនមែន​លើ​អក្សរ​ទី​២​នោះ​ទេ!

សូម​អ្នក​ចូល​ទស្សនា​ជួយ​បន្ថែម​ទៀត…