យុគ្គលពិន្ទុ ប៉ះ​នឹង វិសជ៌នីសញ្ញា

សព្វថ្ងៃ​ខ្ញុំ​ឃើញ​គេ​សរសេរ​ច្រឡំ​គ្នា​រវាង​វណ្ណយុត្តិ​ពីរ​នេះ​គឺ «យុគ្គលពិន្ទុ និង វិសជ៌នីសញ្ញា» កន្លែង​ដែល​ត្រូវ​ប្រើ​យុគ្គលពិន្ទុ​បែរ​ជា​ប្រើ​វិសជ៌នី​ទៅ​វិញ​ដូចជា៖ រយៈ  > រយះ, វណ្ណៈ > វណ្ណះ ។ល។ ទៅ​វិញ ។ ត្រង់​កន្លែង​ដែល​មិន​ត្រូវ​ប្រើ​យុគ្គលពិន្ទុ​បែរ​ជា​ប្រើ​ដូចជា៖ រតនគិរី > រតនៈគិរី, ភារកិច្ច > ភារៈកិច្ច ។ ខុស​នេះ​មិនមែន​តែ​ជន​សាមញ្ញ​ធម្មតា​ទេ សូម្បី​លិខិត​ផ្លូវការ​ចេញ​ពី​ក្រសួង​ មន្ទីរ​របស់​រដ្ឋ​ក៏​សរសេរ​ខុស​ដែរ! តើ​ធ្វើ​ម៉េច​ទើប​គេ​ពិចារណា​មុន​ពេល​សរសេរ?

នគរបាល​រដ្ឋបាល​មូលដ្ឋាន​ជម្រិត​យក​ប្រាក់!

កាល​ពី​ព្រឹកមិញ​បាន​ទៅ​ការិយាល័យ​នគរបាល​រដ្ឋបាល​មូលដ្ឋាន​ឃុំ​ស្លក្រាម​ដើម្បី​ធ្វើ​ចុះ​បញ្ជី​កូនស្រី​ទៅ​ក្នុង​សៀវភៅ​គ្រួសារ ។ តាម​ដែល​ក្រសួង​មហាផ្ទៃ​ប្រកាស​គឺ​គេ​មិន​មាន​យក​ប្រាក់​អ្វី​ទេ! ប៉ុន្តែ​កាល​ពី​ព្រឹកមិញ គេ​បាន​ហៅ​ខ្ញុំ​ចូល​ក្នុង​បន្ទប់​តែ​ពីរ​នាក់​ហើយ​ទាមទារ​ប្រាក់ ២០ដុល្លារ​អាមេរិក​សម្រាប់​ការងារ​នេះ ។ ខ្ញុំ​មិន​បាន​ដឹង​មុន​កុំអី​ថត​សំឡេង​យក​មក​ផ្សាយ​ឲ្យ​អ្នក​កាសែត​ចុះ​ឲ្យ​ផ្អើល​តែ​ម្ដង!

ទម្រង់​ពាក្យ​សុំ​ស្រឡាញ់

ព្រឹក​មិញ​ឃើញ​ក្មេង​សិស្ស​សាលា​អនុវិទ្យាល័យ​ថត​ចម្លង​ទម្រង់​ពាក្យ​សុំ​ស្រឡាញ់​យក​ទៅ​ចែកចាយ​គ្នា ។ ខ្ញុំ​ហួស​ចិត្ត​ថា​សម័យ​នេះ​ស្អី​ក៏​មាន​ដែរ! ចេះ​រក​នឹក​ឃើញ គេ​មាន​គណៈកម្មការ​អីណាអីណី​ត្រឹមត្រូវ​ទៀត!

ហេតុអ្វី​មាន​ចេកមាស​ចេក​ប្រាក់​និង​ផ្កាស្លា?

សួស្ដី​អ្នក​ទាំងអស់​គ្នា ខ្ញុំ​មាន​ចម្ងល់​មួយ​ដែល​រក​នឹក​មិន​យល់ ។

ខ្ញុំ​ឆ្ងល់​ថា៖

– ហេតុ​អ្វី​មាន​ចង​ចេកមាស ចេកប្រាក់ នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ?

– ហេតុអ្វី​មាន​ពិធី​បាច​ផ្កាស្លា?

– ហេតុអ្វី​កូនកម្លោះ​កូន​ក្រមុំ​ចាំបាច់​ពរ​ផ្កាស្លា​រួម​គ្នា?

សូម​ជួយ​ឆ្លើយ​ផង​ប្រសិនជា​មាន​ចម្លើយ!

របៀបសរសេរ ដកឃ្លា ក្នុង​ភាសា​ខ្មែរ

សួស្ដី មិត្តទាំងអស់,

ខ្ញុំសង្កេតឃើញ នៅក្នុងសារព័ត៌មាន ឬ​ក្នុងអត្ថបទខ្លះ​លើប្រព័ន្ធ​អ៊ិនធើណិត​​មួយ​ចំនួន​មានការសរសេរជាប់ ៗ​គ្នា គឺមិនមានដកឃ្លា​ទាល់តែសោះ ហើយ​ប្រសិនជា​ដក​វិញ​គឺ​ដក​ស្ទើរ​តែ​ទាំងអស់ ។

សំណួររបស់ខ្ញុំ ៖

    – តើការសរសេរ “ដកឃ្លា” មានក្បួនរបៀបណា ?

    – បើមានក្បួន សូមមេត្តាពន្យល់​និងឲ្យឧទាហរណ៍ ។

    – តើ​អ្វីទៅជា វគ្គ ?

    – តើ​អ្វីទៅជា ឃ្លា, ប្រយោគ ?

សូម​ជួយ​ពន្យល់​តាម​ការគួរ

តើ​ខ្ញុំ​គួរ​ជា​គំរូ​របស់​បុរស​ខ្មែរ​ឬទេ?

ខ្ញុំ​មិន​ដឹង​ថា​នៅ​ស្រុក​ខ្មែរ​នេះ​មាន​មនុស្ស​ដូច​ខ្ញុំ​និង​មិត្តភក្តិ​ខ្ញុំ​ដែរ​ឬ​អត់​ទេ! អ្វី​ដែល​បុរស​គ្រប់​គ្នា​មិ​នគួរ​ធ្វើ​នោះ​គឺ​ពេល​ប្រពន្ធ​ឆ្លង​ទន្លេ​មិន​គួរ​ដើរ​ចោល​នោះ​ឡើយ! ខ្ញុំ​និង​មិត្ត​ភក្ដិ​បាន​ប្រព្រឹត្ត​ខុស​គោលការណ៍​ខ្លួន​ដោយ​បាន​ដើរ​ចោល​ប្រពន្ធ​ទុក​ឲ្យ​គ្នា​នៅ​វេទនា​ស្រែក​ក្នុង​ពេល​សម្រាល​ទារក​តែ​ម្នាក់​ឯង ខណៈពេល​ដែល​ប្ដី​ទាំង​ពីរ​នៅ​ក្នុង​ព្រៃ​ស្រោង​ឯណោះ​! សំណាង​ល្អ​ដែល​មាន​គ្រូពេទ្យ​ជួយ​ជ្រោមជ្រែង​ទើប​ការ​សម្រាល​កូន​នេះ​បាន​សេចក្ដី​សុខ ។ មិន​គួរ​សោះ សូម្បី​តែ​ទូរស័ព្ទ​ក៏​មិន​អាច​ទាក់ទង​បាន ។ សូម​កុំ​យក​ការងារ​ធំ​ជាង​សុខទុក្ខ​គ្រួសារ​ដូច​ខ្ញុំ!

រូប​កូន​ស្រី​របស់​ខ្ញុំ​ដែល​កើត​នៅ​ថ្ងៃ​សៅរ៍ ទី​១, ១១រោជ ខែ​មករា ឆ្នាំ​២០១១ វេលា​ម៉ោង​៩.០០នាទី​ព្រឹក

តើ​ធ្វើ​ម៉េច​អាច​ដាក់​ឯកសារ​ប្រភេទ *.swf លើ​WordPress បាន?

សួស្ដី​អ្នក​ទាំង​ឡាយ ខ្ញុំ​មាន​ចម្ងល់​អំពី​វិធី​ដាក់​ឯកសារ​ប្រភេទ *.swf ក្នុង​ WP និង​ក្នុង Sidebar របស់​វើដផ្រេស​បាន ។ ខ្ញុំ​បាន​ចូល​ទៅ​ប្លុក​របស់​ឡង់ឌី និង​កន្លែង​ដទៃ​ទៀត​ហើយ ប៉ុន្តែ​សាកល្បង​កូដ​គេ​ទៅ​វា​អត់​ដើរ​សោះ គឺ​ងាប់​ស្ដូក ។ ប៉ុន្តែ​ខ្ញុំ​អាច​ដាក់​ប្រភេទ​ឯកសារ​នេះ​នៅ​Widget គេ​ផ្ទុកឡើង​ស្រាប់​បាន មើល​កូដ​គេ​ហើយ​នៅ​តែ​ដាក់​អត់បាន ។ នេះ​ជា​កន្លែង​ខ្ញុំ​ផ្ទុក​រូប​ខ្ញុំ៖ http://www.swfupload.com/view/143769.htm ប្រសិនជា​នរណា​អាច​ជួយ​ខ្ញុំ​បាន ខ្ញុំ​អត់​ភ្លេច​គុណ​បី​ជីវិត 😀 ។

ដំណើរ​រុករក​ទ្រនំ​​ទា​ព្រៃ​ស្លាបស៝ និង​ប្រាសាទ​បុរាណ!

កាល​ពី​ថ្ងៃ​ទី​១៧ កន្លង​ទៅ ខ្ញុំ​និង​ក្រុមការងារ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ភូមិ​ព្រៃវែង ឋិត​ក្នុង​ព្រៃ​អភិរក្ស​គូលែន​ព្រហ្មទេព ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ស្វែងរក​ទ្រនំ​ទា​ព្រៃ​ដេក និង​គោលបំណង​មួយ​ទៀត​ចង់​ស្វែងរក​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​កសាង​កាល​ពី​សតវត្ស​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (បើ​ផ្អែក​លើ​រចនាប័ទ) ។

ភូមិ​ព្រៃវែង​ឋិត​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​សៀមរាប ដោយ​ធ្វើ​ដំណើរ​តាម​ស្រុក​ស្វាយលើ​ឆ្លង​កាត់​ប្រាសាទ​បឹង​មាលា ចូល​ទៅ​ដល់​ទឹកដី​ខេត្ត​ព្រះវិហារ ។ តាម​ផ្លូវ​លោក​អ្នក​អាច​ចូល​ទស្សនា​ប្រាសាទ​កោះកេរ្តិ៍​និង​ក្រុម​ប្រាសាទ​លិង្គ ដែល​នៅ​ជុំវិញ​ប្រសាទ​នេះ ។ ដោយ​បន្ត​ដំណើរ​ប្រមាណ​ជា​៣០គ.ម កាត់​តាម​ភូមិ​ស្រយង់ឆ្ពោះ​ទៅ​ទីប្រជុំជន​ស្រុក​គូលែន ត្រង់​ចំណុច​ប្រសព្វ​នៃ​ផ្លូវ សូម​ធ្វើ​ដំណើរ​តាម​ផ្លូវ​រទេះគោ​ឆ្ពោះ​ទៅ​ទិស​ឧត្ដរ​កាត់​ភូមិ​ព្យួរជ្រូក ប្រមាណ​ជា ២៥​គ.ម តាម​វាលព្រិច​និង​ផ្លូវ​លំ​ដី​ខ្សាច់​ដែល​ប្រជាជន​បរ​រទេះគោ លោក​អ្នក​នឹង​បាន​ទៅ​ដល់​ភូមិ​ព្រៃវែង​ក្នុង​រយៈពេល ២ម៉ោង ។

ភូមិ​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​កាល​ពី​សម័យ​បារាំង​ដើម្បី​គេច​ពី​ការ​ទារពន្ធ​ឥត​ប្រណី​ដៃ​ពី​រាជការ​បារាំង (តាម​សម្ដី​អ្នក​ភូមិ) ។ ក្នុង​សម័យ​៣ឆ្នាំ ភូមិ​នេះ​បាន​រំសាយ តែ​ក្រោយ​មក​ត្រូវ​គេ​ចូល​មក​រស់នៅ​វិញ​មិន​បាន​ប៉ុន្មាន ដោយសារ​វា​ឋិត​នៅ​ចន្លោះ​កងទ័ព​រដ្ឋកម្ពុជា​និង​កងទ័ព​កម្ពុជា​ប្រជាធិបតេយ្យ ភូមិ​នេះ​ត្រូវ​គេ​ប្រើ​ជា​សមរភូមិ​ប្រយុទ្ធគ្នា​យ៉ាង​ក្ដៅ​គគុក ។ ដោយសារ​មូលហេតុ​នេះ ប្រជាជន​ក្នុង​ភូមិ​បាន​សម្រេចចិត្ត​រំសាយ​ជា​ថ្មី​ម្ដង​ទៀត  ដោយ​អ្នក​ខ្លះ​ចុះចូល​ខាង​រដ្ឋកម្ពុជា និង​មួយ​ចំនួន​ទៀត​ទៅ​ខាង​កម្ពុជា​ប្រជាធិបតេយ្យ ។

ក្នុង​ដំណើរ​លើក​នេះ ខ្ញុំ​មិន​បាន​សម្រេច​ការងារ​ទេ ដោយ​មិន​អាច​រក​ទ្រនំ​ទា​ឃើញ​សោះ ប៉ុន្តែ​បាន​រក​ឃើញ​កន្លែង​រកស៊ី​ជាក់លាក់​របស់​ពួក​វា​បាន ហើយ​ថែម​ទាំង​ស្រង់​បាន​ទិន្នន័យ​ទា​ដែល​មាន​និង​ឃើញ​ជា​ប្រចាំ​ចំនួន​៦​ក្បាល ។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​និង​ក្រុម​ការងារ​បាន​ដើរ​ឆ្ពោះ​ទៅ​ទិស​ពាយ័ព្យ​នៃ​ភូមិ ចម្ងាយ​ប្រមាណ​ជា​១៥គ.ម ដោយ​ថ្មើរ​ជើង​សុទ្ធ​ដើម្បី​រុករក​ប្រាសាទ​បុរាណ​ដែល​កប់​កម្បាំង​កណ្ដាល​ព្រៃ​ជ្រៅ​និង​នៅ​លើ​កំពូល​ភ្នំ​មួយ​ហៅ​ថា «ភ្នំ​សណ្ដក(ក្ដោង)» ហើយ​ប្រាសាទ​នៅ​លើ​នោះ គេ​បាន​ហៅ​និង​ដាក់​ឈ្មោះ​វា​ថា «ប្រាសាទ(ភ្នំ)​សណ្ដក» ។ ប្រាសាទ​នេះ​អស្ចារ្យ​ណាស់ ខ្ញុំ​មិន​ដែល​បាន​ឃើញ​គម្រោង​ស្ថាបត្យកម្ម​បែបនេះ​ពី​មុន​មក​ទេ ចាប់តាំង​ពី​ខ្ញុំ​ចូល​ប្រឡូក​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​​អស់​ពេល​ជិត​១០​ឆ្នាំ​មក ។ គេ​យក​ភ្នំ​ធម្មជាតិ​ធ្វើ​ជា​កំពែង​ដោយ​គ្រាន់តែ​រៀប​បន្តុប​ថ្ម​កំបោរ​ថែម​លើ​កំពូល​ភ្នំ​ប្រមាណ​ជា​១.៥ម ប៉ុណ្ណោះ ។ ប្រាសាទ​សាងសង់​ឡើង​ក្នុង​រចនាប័ទ​កោះកេរ្តិ៍ និង​នៅ​ចន្លោះ​ភ្នំ​ធម្មជាតិ​បី​ក្បែរ​គ្នា​ក្នុង​កម្ពស់​ប្រមាណ​ជា​១០០​ម៉ែត្រ ។ តាម​សណ្ឋាន ប្រាសាទ​នេះ​ជា​ប្រាសាទ​សិវនិយម មាន​ស្រះទឹក​សង់​នៅ​ក្បែរ​ប្រាសាទ​ឃ្លាត​គ្នា​ប្រហែល ១០០ម៉ែត្រ​នៅ​ក្នុង​ជ្រលង​ភ្នំ​សម្រាប់​ផ្ទុក​ទឹក​ប្រើប្រាស់​ក្នុង​រដូវ​ប្រាំង ហើយ​ថែម​ទាំង​មាន​ជណ្ដើរ​ថ្ម​បាយ​ក្រៀប​ពី​ជើង​ភ្នំ​រហូត​ដល់​តួប្រាសាទ ។

ជា​អកុសល ពួក​ជន​ទុច្ចរិត​បាន​គាស់​ផ្នែក​ជា​ច្រើន​នៃ​ប្រាសាទ​ដើម្បី​រុករក​វត្ថុបុរាណ និង​គាស់​បំផ្លាញ​ជណ្ដើរ​ឡើង​ខ្ទេចខ្ទីរ​គ្មាន​សល់ ។ រូប​ចម្លាក់​នៅ​លើ​ផ្ដែរ​ទ្វារ​ក៏​ត្រូវ​គេ​ដាប់​យក​អស់​គ្មាន​សល់ សោះ ប៉ុន្តែ​វា​នៅ​រក្សា​បាន​ទម្រង់​ដើម​ភាគច្រើន​អាច​ឲ្យ​យើង​មើល​យល់ មាន​ដូចជា​ខ្លោង​ទ្វារ ជញ្ជាំង តួប៉ម​សង់​ពី​ឥដ្ឋ សុទ្ធ​តែ​មាន​លក្ខណៈ​ល្អ​ទាំង​អស់ ។ រុក្ខជាតិ​កំពុង​តែ​ទន្ទ្រាន​យក​ទី​របស់​ខ្លួន​វិញ​យ៉ាង​គ្មាន​មេត្តា​និង​បន្ធូរ​ដៃ​សោះ ។ ដើម​ស្ពង់​មួយ​ ដើម​បាន​ដុះ​ចាក់​ញែក​ថ្ម​ប្រាសាទ​មិន​ខុស​ពី​ប្រាសាទ​តាព្រហ្ម​នៅ​សៀមរាប​ប៉ុន្មាន​ទេ ។ នៅ​ជើង​ភ្នំ មាន​ប្រាសាទ ២​ទៀត​ដែល​បាក់បែក​យ៉ាង​ដំណំ ។ ប្រាសាទ​ទាំង​ពីរ​នោះ​ឈ្មោះ ១. ប្រាសាទ​កូន​ចិន ២. ប្រាសាទ​កី (តម្បាញ) ។ មាន​ឱកាស​ខ្ញុំ​នឹង​ដាក់​រូប​ជូន​ទស្សនា ។

រយៈ​ចម្ងាយ​​ទាំង​ទៅ​ទាំង​មក គឺជិត​៣០គ.ម ដោយ​ខ្ញុំ​ចំណាយ​ពេល ១០​ម៉ោង​គត់ ។

ប្រសិនជា​ចង់​ទៅ​ទស្សនា សូម​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​សំ​វាសនា ។

សត្វ​ក្រួច​សំពៅ ឬ​មាន់​ក្រិច!

សត្វ​ក្រួច​សំពៅ​ឬ​ហៅ​តាម​អ្នក​ស្រុក​ថា​មាន់​ក្រិច​នេះ គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​កម្រ​ហើយ​មាន​តែ​ក្នុង​ស្រុក​យើង​និង​ថៃ​តែ​ប៉ុណ្ណោះ ។ សត្វ​នេះ​រក​ស៊ី​តាម​ដី មិន​ទំ​លើ​ដើម​ឈើ​ទេ ហើយ​វា​ផ្អើល​ណាស់! មិន​សូវ​មាន​នរណា​ម្នាក់​បាន​ឃើញ​វា​ញឹកញាប់​ទេ តាំង​ពី​ដើម​មក​គឺ​មាន​តែ​​មនុស្ស​ម្នាក់​គត់​ដែល​បាន​ឃើញ​វា​នៅ​លើ​ភ្នំ​ឱរ៉ាល់​និង​ភ្នំ​បូកគោ គាត់​ឈ្មោះ James Eaton ជា​សជិក​ក្រុម​ Birdlife នៅ​ចក្រភព​អង្គ្លេស ។ ខ្ញុំ​និង​សហសេវិក​បូករួម​ទាំង​គ្រូ​បង្វឹក​របស់​ខ្ញុំ​ផង មិន​ដែល​បាន​ឃើញ​វា​ទេ បើទោះជា​យើង​ព្យាយាម​ច្រើន​ថ្ងៃ​លើ​ភ្នំ​បូកគោ​ក៏ដោយ ។ ខាង​ក្រោម​នេះ​ជា​រូប​និង​ព័ត៌មាន​ខ្លះៗ​អំពី​វា សម្រាប់​អ្នក​ចូលចិត្ត​សត្វស្លាប​និង​ធម្មជាតិ៖

ទា​ព្រៃ​ស្លាប​ស៝​ដែល​ពិភព​អ្នក​មើល​សត្វ​ស្លាប​កំពុង​ជ្រួល​ច្របល់!

នេះ​ជា​រូបភាព​សត្វ​ទា​ព្រៃ​ស្លាប​ស៝​ដែល​ពិភព​អ្នក​មើល​សត្វស្លាប​និង​អ្នក​បរិស្ថានវិទ្យា​កំពុង​ជ្រួលច្របល់​ចង់​ឃើញ​និង​ព្យាយាម​ការពារ​បំផុត ដោយសារ​កំណើន​សត្វ​នេះ​កំពុង​ធ្លាក់​ចុះ​ជា​លំដាប់​ជា​រៀងរាល់​ឆ្នាំ បង្ក​ដោយ​កត្តា​ជា​ច្រើន​ទាំង​មនុស្ស​និង​របៀប​រស់នៅ​របស់​វា​ដែល​មិន​បាន​ធ្វើ​ទំនើបកម្ម ។ វា​មាន​ចំនួន​តិចតួច​ណាស់​នៅ​លើ​ពិភពលោក​នេះ​ប្រសិនជា​ប្រៀបធៀប​ទៅ​នឹង​សត្វ​ឯទៀត​ដែល​កំពុង​រងគ្រោះ​ដូច​គ្នា ។ នៅ​ស្រុក​ខ្មែរ​យើង ជា​កន្លែង​ដែល​អាច​មើល​ឃើញ​សត្វ​នេះ​ងាយ​ជាង​ប្រទេស​ណាៗ​ទាំងអស់ ប៉ុន្តែ​នៅតែ​ពិបាក​សម្រាប់​ការ​ស្វែងរក​វា​ដដែល​ព្រោះ​តែ​ចំនួន​របស់​វា​តិច ។ កន្លែង​ដែល​អាច​ឃើញ​សត្វ​នេះ​មាន៖

១. នៅ​ព្រៃ​អភិរក្ស​សហគមន៍ ដងផ្លិត ជាប់​ព្រំដែន​លាវ ក្នុង​ព្រៃ​មួយ​ហៅ​ថា «អូរ​គគីរ» និង​នៅ​មាត់​ច្រាំង​ទន្លេ​ល្ពៅ ត្រង់​ដែន​សីមា​កម្ពុជា-លាវ ខេត្ត​ព្រះវិហារ។ (មិន​សូវ​ជា​ងាយ​ប៉ុន្មាន​ទេ ប៉ុន្តែ​ប្រសិនជា​អត់ធ្មត់ នឹង​បាន​ឃើញ)

២. នៅ​ព្រៃ​អភិរក្ស​សហគមន៍ ភូមិ​ព្រៃវែង ស្រុក​គូលែន ខេត្ត​ព្រះវិហារ ។ (ងាយ​ឃើញ​ជាង​គេ​បំផុត)

៣. នៅ​ក្នុង​ ព្រៃ​អភិរក្ស​ជីវចម្រុះ កែវសីមា ឋិត​ក្នុង​ស្រុកកែវសីមា ខេត្ត​មណ្ឌល​គិរី ។ (ពិបាក​បំផុត ខ្ញុំ​មិន​ដែល​បាន​ឃើញ​ទេ ធ្លាប់​តែ​មាន​ទិន្នន័យ​ពី​អ្នកស្រាវជ្រាវ​ផ្សេង​ទៀត)

[ទា​ព្រៃ​ស្លាប​ស៝]

ដំណើរ​ទៅ​កាន់​ភូមិ​ព្រៃវែង​នៃ​ស្រក​គូលែន​ព្រហ្មទេព

កាល​ពី​ថ្ងៃ​ទី​០៨-១០ ខែ​ធ្នូ ​ឆ្នាំ​២០១០ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិព្រៃវែង​ឋិត​ក្នុង​ស្រុក​គូលែន​ព្រហ្មទេព ខេត្ត​ព្រះវិហារ ជា​មួយ​ប្រធាន​របស់​ខ្ញុំ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ជម្រក​របស់​សត្វ​ «ទាព្រៃ​ស្លាបស៝» ។ នៅ​ទី​នោះ​មាន​ប្រាសាទ​បុរាណ​មួយ​ឈ្មោះ​ថា «ប្រាសាទ​បន្ទាយ​ព្រៃ​ឫស្សី» កំបាំង​នៅ​កណ្ដាល​ព្រៃ​ឥត​មាន​ស្ថាប័ន​រដ្ឋ​មួយ​ណា​ចូល​ទៅ​មើល​ថែទាំ​ឬ​មាន​វិធានការណ៍​បែប​ណា​ឡើយ ។ តាម​ខ្ញុំ​ឮ​ដំណឹង នៅ​មាន​ប្រាសាទ​បី​ទៀត​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់ ហើយ​ខ្ញុំ​នឹង​ទៅ​ប្រាសាទ​ទាំង​បី​នោះ​នៅ​ថ្ងៃ​ទី​១៧ ខាង​មុខ​នេះ​ដើម្បី​ថត​យក​រូបភាព​និង​ពិនិត្យ​មើល​ពី​រចនាប័ទ្ម​នៃ​ប្រាសាទ​ទាំងនោះ​មក​កត់ត្រា​ទុក​សម្រាប់​ពិសោធន៍​ខ្លួន​ឯង ។ សូម​មើល​រូបភាព​ខ្លះៗ​ដែល​ខ្ញុំ​ថត​នឹង​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ C3

ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ពី​ស្រុក​គូលែន​ទៅ

(ខាង​លើ) ខ្ញុំ​បាន​នាំ​ប្រធាន​របស់​ខ្ញុំ​​ឆ្លង​តាម​មែកឈើ​កាត់​អូរ

(ខាង​លើ) សត្វពីងពាង​នេះ​គេ​អាច​យក​ប្រើ​ជា​ថ្នាំ​កែ​ក្អក​បាន


(ខាង​លើ) សកម្មភាព​រុករក​ក្នុង​ប្រាសាទ និង​ប្រាសាទ

(ខាង​លើ) ជំរំ​ដែល​ខ្ញុំ​ស្នាក់​នៅ មាន​គ្រែ​ពីរ​ខាង​ក្នុង

ធុង​អាគុយ​និង​បន្ទះ​សូឡា​ប្រើ​បំភ្លើ​ពេល​រាត្រី

ជំរំ​និង​ឧបករណ៍​ប្រើប្រាស់​ទាំង​នេះ​បាន​ត្រូវ​គេ​នាំ​យក​ពី​ប្រទេស​អាល្លឺម៉ង់ ចែក​ជូន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ចំនួន​ពីរ​គឺ៖ សហគមន៍​ភូមិ​ព្រៃវែង និង​សហគមន៍​ភូមិ​ដង​ផ្លិត (ជិត​ព្រំដែន​លាវ) ក្រៅ​ពី​នោះ​គ្មាន​ប្រើ​ទេ ។ គេ​មាន​ស្នូក​ទឹក​សម្រាប់​លាង​ដៃ បង្គន់​អនាម័យ បន្ទប់​ទឹក​ផ្កាឈូក និង​កៅអី​អង្គុយ​លេង​យ៉ាង​សមរម្យ​បំផុត! (ខ្ញុំ​មិន​បាន​ថត​ផ្សាយ​ជូន​ទេ)

រូប​ព្រះសង្ហារ​នៃ​ស្ថាប័ន​ព្រះមហាក្សត្រ​កម្ពុជា ត្រូវ​គេ​យក​មក​បោះ​លើ​ស្បែក​ជើង!

W hតាម​គេហទំទ័រ​នេះ បាន​បង្ហាញ​ឲ្យ​ខ្មែរ​ឈឺចាប់​ជា​ខ្លាំង! សម្រាប់​ខ្ញុំ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ! សំណូមពរ​ឲ្យ​ក្រសួង​ការ​បរទេស​ចាត់​វិធានការណ៍​ភ្លាមៗ​ទៅ​នឹង​ក្រុមហ៊ុន​អ់គ្លេស​មួយ​នេះ​ជា​បន្ទាន់ ។ សូម​អាន​តាម​តំណ​នេះ http://www.zazzle.co.uk/cambodia_coat_of_arms_shoes-
167424832741202142.

ពាក្យ​បណ្ដៅ «រុក្ខាលតាព័ទ្ធចុង មច្ឆាពួនក្នុង ពួនប្របអគ្គី»

រុក្ខាលតាព័ទ្ធចុង មច្ឆាពួនក្នុង ពួនប្របអគ្គី ។

ខ្ញុំ​មក​ពី​មណ្ឌល​គិរី​វិញ​ហើយ!

ដំណើរ​រុករក​របស់​ខ្ញុំ​នៅ​ស្រុកកែវ​សីមា នៃ​ដែន​អភិរក្ស​កែវសីមា បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​យ៉ាង​ពេញ​ចិត្ត ។ ក្នុង​នោះ​យើង​បាន​រក​ឃើញ​សត្វស្លាប​មួយ​ប្រភេទ​ថ្មី​ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា៖ «ចាប​ស៊ីរុយ​ខៀវ​ព្រលែត» និង​ជា​ភាសា​អង់គ្លេស​ថា Pale Blue Flycatcher ព្រមទាំង​លទ្ធផល​ថ្មីៗ​មួយ​ចំនួន​ទៀត​ដែល​មាន​សារសំខាន់​សម្រាប់​ការងារ​របស់​យើង ។ សត្វ​នេះ​វា​មិនដែល​មាន​ការ​កត់ត្រា​ទុក​នៅ​ស្រុក​ខ្មែរ​ទេ ហើយ​ពុំ​ធ្លាប់​នរណា​ម្នាក់​ឃើញ​នៅ​ស្រុក​ខ្មែរ​ទេ!

រូប​នេះ​ខ្ញុំ​ថត​មិន​បាន​ច្បាស់​ទេ ព្រោះ​វា​ឆ្ងាយ

សកម្មភាព​មើល​សត្វស្លាប​ក្នុង​ព្រៃ​ការពារ កែវ​សីមា

សកម្មភាព​ដើរ​ក្នុង​ព្រៃ​ការពារ

ស្អែក​ទៅ​មណ្ឌលគិរី​ហើយ!

ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ត្រូវ​ទៅ​ចុះ​ស្ថិតិ​សត្វស្លាប​បម្លាស់ទី​មក​ស្រុក​ខ្មែរ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ហើយ ។ មាន​ក្រុម​ការងារ​ពី​មជ្ឈមណ្ឌល សំ វាសនា ប្រមាណ ៦​នាក់ និង​លោកគ្រូ​​ជា​ជនជាតិ​អាមេរិក​ម្នាក់ ។ យើង​នឹង​ស្នាក់នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​កែវ​សីមា ឋិត​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ។ តាម​ដឹង ស្ថានភាព​ពិតជា​ត្រជាក់​ណាស់!

Uncategorized

ពាក្យបណ្ដៅ ( សត្វបូនជួនឈ្មោះដូចគ្នា )

បុរាណាចារ្យ បានបណ្ដៅថា ៖

    សត្វបូន ជួនឈ្មោះដូចគ្នា

    មួយនៅគង្គា មួយនៅវេហាស៍

    មួយនៅបំរើ ជាខ្ញុំធម្មតា

    មួយជាព្រឺក្សា លតាសម្ទាយ ។

ការ​សិក្សា​ពី​សត្វបក្សីស្រុក​ខ្មែរ

កាល​ពី​ម្សិលមិញ​ល្ងាច គ្រូ​របស់​ពួក​យើង​បាន​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​វិញ ថ្នាក់​រៀន​របស់​យើង​ក៏​បាន​ដំណើរការ​ជា​ថ្មី​ក្នុង​បរិយាកាស​សប្បាយ​រីករាយ ។

លុះ​ព្រឹកមិញ​យើង​បាន​ងើប​ពី​ម៉ោង ៤.៣០​ព្រឹក ចេញ​មើល​សត្វ​ផ្ទាល់​នៅ​វាល ។ សប្បាយ​ដែរ​តែ​ហត់​បន្តិច ប៉ុន្តែ​យើង​ខិតខំ​ព្យាយាម​ណាស់​ព្រោះ​លោកគ្រូ​មិន​មាន​ពេល​ច្រើន​ទេ មួយ​ឆ្នាំ​ជួប​គាត់​បាន​តែ​ប៉ុន្មាន​អាទិត្យ​គាត់​ត្រូវ​ទៅ​បង្ហាត់​នៅ​ឥណ្ឌា នេប៉ាល់ ។ល។ ដោយ​សារ​គាត់​ជា​អ្នក​ជំនាញ​សត្វស្លាប​លើ​ពិភពលោក​នេះ ។

ខាង​លើ​នេះ​សុទ្ធតែជា​សកម្មភាព​ក្នុង​ថ្នាក់រៀន

ខាង​លើ​នេះ​ជា​សកម្មភាព​អនុវត្ត​ផ្ទាល់ នៅ​ព្រៃ​ក្បាលស្ពាន

ពាក្យ​បណ្ដៅ​ខ្មែរ

ចាស់បុរាណ បានបណ្ដៅថា ៖

មានជើងមួយ ខ្សែទាញស្នែងបី
ភាពដូចស្រី មានដោះខាងឆ្វេង
មានធ្នូមិនដែលបាញ់លេង បាញ់តែខ្លួនឯង
សូរសៀងស្រងាត់ ។

សូម​ឆ្លើយ​មើល!

ចម្លើយ​លើ​រង្វាស់​ខ្មែរ

នេះ​ជា​ចម្លើយ​លើ​ប្រកាស “រង្វាស់​ខ្មែរ​បុរាណ”

១- តើ ១​ ក្រពើ ជា​រង្វាស់អ្វី ?
– ១ ក្រពើ ជា ​រង្វាស់ វល្លិ
២- ​រង្វាស់ដែលតូចជាង​ ១​ ក្រពើ ជា​អ្វី ?
– ​រង្វាស់ដែលតូចជាង​ ក្រពើ គឺ ចន្ទាស
៣- ​រង្វាស់ដែលធំជាង​ ១​ ក្រពើ ជា​អ្វី ?
– រង្វាស់ដែលធំជាង​ ​ ក្រពើ គឺ ក្រមាល់

ចន្ទាស (ន.) ​ចំនួន​បាច់​ផ្ដៅ ២០ ដើម ចង​ជា​សំណុំ​រួចបត់​ជា​ពីរ : ​ផ្ដៅ​មួយ​ចន្ទាស ។
ក្រពើ (ន.) ​ចំនួន​បាច់​ផ្ដៅ ១០ ចន្ទាស គឺ ២០០ ដើម : ​ផ្ដៅ​មួយក្រពើ ។
ក្រមាល់ (ន.) ចំនួនបាច់​ផ្ដៅ​ ១០​ ក្រពើ គឺ ២០០០ ដើម ។ ចំនួន​ឫស្សី ៣០ ដើម : ឫស្សី​មួយ​ក្រមាល់ ។

រង្វាស់ វល្លិ ៖
១ ក្រមាល់ = ១០ ក្រពើ = ១០០ ចន្ទាស

    ១ ចន្ទាស = ២០​ ដើម
    ១ ក្រពើ = ២០០ ដើម
    ១ ក្រមាល់ = ២០០០ ដើម

៤- តើ ១​ ត្របក ជា​រង្វាស់អ្វី ?
ត្របក គឺជា រង្វាស់ស្លឹកឈើ ។​
៥- ​រង្វាស់ដែលតូចជាង​ ១​ ត្របក ជា​អ្វី ?
រង្វាស់ ស្លឹកឈើ ដែលតូចជាង ត្របក គឺ ស្នើរ ។
៦- ​រង្វាស់ដែលធំជាង​ ១​ ត្របក ជា​អ្វី ?
រង្វាស់ ស្លឹកឈើ ដែលធំជាង ត្របក គឺ ? ។

ត្របក (ន.) ចំនួន​ម្លូ ១០ ស្នើរ គឺ​ម្លូ ២០ សន្លឹក : ទិញ​ម្លូ​ ១ ត្របក​ផ្ញើ​គ្នា​ផង !
ស្នើរ (ន.) ចំនួន​ម្លូ ២ សន្លឹក

រង្វាស់ ស្លឹកឈើ, ម្លូ​ ៖

    ១ ស្នើរ = ២​ សន្លឹក
    ១ ត្របក ​= ១០ ស្នើរ គឺ ២០ សន្លឹក ។

ដោយក្ដីរាប់អាន

ចម្លើយ​ពាក្យ​បរិវាសព្ទ​កើត​ចេញ​ពី​ការ “គន្លាស់កាត់”

សួស្ដី បង​ប្អូន ថ្ងៃ​នេះ​ខ្ញុំ​សាក​ដាក់​ចម្លើយ​សម្រាប់​អត្ថបទ​ចុះ​ផ្សាយ​របស់​ខ្ញុំ​កាល​ពី​ពីរ​ថ្ងៃ​មុន​ស្ដី​ពី​បរិវាសព្ទ​កើត​ចេញ​ពី​ការ “គន្លាស់កាត់” ដូច​ខាង​ក្រោម៖

សម្លសម្លុក ៖ សម្លុក < សម្លុក + ប្រហ < សម្ល + ប្រហុក
សមសួន ៖ សួន < សួន + ខ្លម < សម + ខ្លួន
ចានក្បាន ៖ ក្បាន < ក្បានដាក់ចាក់ < ក្បាក់ដាក់ចាន
ភ្លេងភ្លាត់ ៖ ភ្លាត់< ភ្លាត់នឹងមុំ < ផ្លុំនឹងមាត់

សត្វ​ទទា​ទ្រូង​លឿង

នេះ​ជា​ការ​ពិពណ៌នា​ពី​សត្វ​ទទា​ទ្រូង​លឿង​របស់​ស្រុក​យើង ។

សូម​អាន​តាម​ការគួរ និង​ជួយ​រិះគន់​ដើម្បី​ស្ថាបនា​ផង ។

ចម្លើយ​នៃ​អត្ថបទ​បុរាណ​

ជ៉រាបសួរ មិត្តទាំងអស់, នេះ​ជា​ចម្លើយ​នៃ​អត្ថបទ​បុរាណ​នោះ!

ពាក្យប្ដឹងពីវាយគ្នាត្រូវរបួស

ថ្ងៃ ៤ រោច ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក; សូមទាន ចៅផល់, លិវ, ខ្ញុំប្របាទ ផ្ទះនៅក្នុង ក្រុមមឿង ខ្ញុំប្របាទសូមធ្វើជាដំណើរតាមចំណាំ នាំមកក្រាបប្រណិប័តន៏ប្ដឹង លោកអ្នកឧកញ៉ាមហាវិនិច្ឆ័យ នូវអស់លោកចៅក្រម សូមទានជ្រាប ៖ ដ្បិតខ្ញុំប្របាទ កើតទុក្ខពុំសុខចិត្តនឹងថៅកែ នាងគុង នៅភូមិចិន ដំដែក, ក្នុងក្រុមមឿង ជាមួយគ្នា; កាលនៅ ថ្ងៃ ៣ រោច ខែស្រាពណ៍ នេះខ្ញុំប្របាទបានទៅទារប្រាក់ពីថៅកែ ដែលចង ការខ្ញុំប្របាទនោះ ស្រាប់តែថៅកែជេរខ្ញុំថា អាឆ្កែរទារប្រាក់អី អញមិនទាន់បានសងទេ; ហើយខ្ញុំប្របាទជេរទៅវិញថា អាឆ្កែ អញទារប្រាក់អញនោះ ថៅកែមកវាយខ្ញុំប្របាទ នឹងព្រនង់ ត្រូវដៃ របួសជាទម្ងន់; នេះមានអ្នកមានឈ្មោះបានដឹង បានឮ បានឃើញផង ។ ហេតុនេះខ្ញុំប្របាទពុំសុខចិត្ត សូមបំរើលោកទៅកោះហៅយកខ្លួនថៅកែ មកជំនុំជម្រះ តាមច្បាប់ ឲ្យទានខ្ញុំប្របាទ សុខចិត្តតទៅ ។ សេចក្ដីខុសត្រូវ, ខ្ញុំប្របាទទទួលតាមច្បាប់ ។ ក្រែងពុំប្រាកដ ខ្ញុំប្របាទគូសថ្នាំងចង្អុលដៃឆ្វេង ជំរាបជូនទុកជាចំណាំស្រាប់ ។

———————————————————————————————

នេះ​ជា​អត្ថបទ​ដើម៖

រង្វាស់​ខ្មែរ

សួស្ដី មិត្តទាំងអស់,

កាលពីយូរយារណាស់មកហើយ (នៅក្មេង), ខ្ញុំធ្លាប់ឮ​ ចាស់ៗ (នៅស្រុកស្រែ) និយាយអំពីរង្វាស់ ដូចខាងក្រោមនេះ ៖

– ១​ ក្រពើ
– ១​ ត្របក …

សំណួររបស់ខ្ញុំ ៖

១- តើ ១​ ក្រពើ ជា​រង្វាស់អ្វី ?
២- ​រង្វាស់ដែលតូចជាង​ ១​ ក្រពើ ជា​អ្វី ?
៣- ​រង្វាស់ដែលធំជាង​ ១​ ក្រពើ ជា​អ្វី ?

៤- តើ ១​ ត្របក ជា​រង្វាស់អ្វី ?
៥- ​រង្វាស់ដែលតូចជាង​ ១​ ត្របក ជា​អ្វី ?
៦- ​រង្វាស់ដែលធំជាង​ ១​ ត្របក ជា​អ្វី ?

ពាក្យបរិវារស័ព្ទ

ជំរាបសួរ មិត្តទាំងអស់,

បរិវារស័ព្ទ ន. ពាក្យដែលគ្មានន័យ សម្រាប់និយាយផ្សំ ជាមួយនឹងពាក្យដទៃ ។ (Meaningless word which forms part of a compound ).

ឧទាហរណ៏ ៖
សំបែង (ប.) ពាក្យ សម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទះ ថា : ផ្ទះសំបែង
នរ (ប.) ពាក្យ សម្រាប់និយាយផ្សំនឹងពាក្យនឹង ថា : នឹងនរ

បើតាម លោក អៀវ កឹស(*), ពាក្យបរិវារស័ព្ទ កើតពី របៀប “គន្លាស់កាត់» ។

ឧទាហរណ៏ ៖

    ផ្ទះសំបែង ៖ ផ្ទះ + សម្បត្តិឯង (សំបែង = សំបែងអាត់ < សម្បត្តិឯង)
    នឹងនរ ៖ នឹង + នឹងជំហរ (នរ = នរជំហឹង < នឹងជំហរ)

របៀប “គន្លាស់កាត់»

    1- សម្បត្តិឯង គន្លាស់ > សំបែងអាត់
    2- សំបែងអាត់ កាត់ អាត់ ចេញ > សំបែង

សំណួរ ៖ តើ ពាក្យបរិវារស័ព្ទ ខាងក្រោមនេះ កើតមក​ពី​ អ្វី ?

    សម្លុក (សម្លសម្លុក)
    សួន (សមសួន)
    ក្បាន (ចានក្បាន)
    ភ្លាត់ (ភ្លេងភ្លាត់)

(*) លោកអៀវ កើស​​ ភាសាខ្មែរ ឆ្នាំ ១៩៤៧

អ្នក​ថត​រូប​អាជីព​មក​ថត​ជនបទ​ស្រុក​ខ្មែរ​ឲ្យ NAT GEO, DISCOVERY

ខ្ញុំ​ទើប​ត្រឡប់​មក​ពី​ភូមិ​ត្មាតប៉ើយ ឋិត​ក្នុង​ស្រុក​គូលែន​ព្រហ្មទេព ខេត្ត​ព្រះវិហារ ថ្ងៃ​នេះ ។ ខ្ញុំ​ទៅ​ដើម្បី​នាំ​អ្នក​ថតរូប​អាជីព​មក​ពី​ NAT GEO, Discovery ថត​ផ្ដិត​យក​ទិដ្ឋភាព​ស្រុក​ស្រែ​ជនបទ​ខ្មែរ និង​ដំណើរការ​នៃ​ការ​បង្កើត​សហគមន៍​និង​អេកូទេសចរណ៍ ដែល​រៀបចំ​ដោយ​អង្គការ​ សង្គម​អភិរក្ស​សត្វព្រៃ (WCS) ព្រមទាំង​អង្គការ​ក្នុង​ស្រុក​ដែល​ជា​ដៃ​គូ​ស្និទ្ធស្នាល​បំផុត​របស់​ WCS ហៅ​ថា មជ្ឈមណ្ឌល សំ វាសនា ដើម្បី​ការ​អភិរក្ស​សត្វព្រៃ ។

Mr. Vance Jacops is doing his film with the local tailor.

យើងរៀនអាន អត្ថបទខ្មែរ

អត្ថបទខ្មែរបូរាណនេះ បានសរសេរឡើងនៅឆ្នាំ្ ១៨៨៦, ពោលគឺក្នុងសម៍យ អាណានិគមបារាំង ។

សូមសរសេរអត្ថបទនេះជាថ្មី ដោយគោរពតាមក្បួនអក្ខរាវិរុទ្ធ, និងយកជាគោលនូវ ៖

– វចនានុក្រមខ្មែរ សម្ដេច ជួន ណាត, ពុទ្ធសាសនបណ្ឌិត, ១៩៦៧
– វចនានុក្រមអក្ខរាវិរុទ្ធ នៃភាសាខ្មែរ, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភា កម្ភុជា, ២០០៥ ។

ឧទាហរណ៏ ៖

– ពាកប្ដិងពិ្យវា្យ… = ពាក្យប្ដឹងពីវាយ …

    ពាកប្ដិងពិ្យវា្យគ្នាត្រូវរ៏បួស

    ថ្ងៃយ ᧴ ៩ ឆ្នាំរ៏កានុព្ភសក្ស៏ សូម្ទានចៅផល់លិវខ្ញុំប្របា្ទផ្ទះនៅក្នុងក្រ៏មមឿង ខ្ញុំប្របា្ទសូមធ្វើហជាដំណើតាមចំណាំ នាំមកក្រាបប្រនិបាត្តប្ដិង លោកអ្នកឲកញ៉ាម៏ហាវិនិឆៃ នៅអ្សលោកចៅក្រំសូម្ទានជ្រាប ដ្បិតខ្ញុំប្របា្ទកើតទុក្ខពុំសុក្ខចិត្រ នឹងថៅកែនាងគុងនៅភូមចិនដំដែក
    ក្នុងក្រ៏មមឿងជាមូ្យគ្នា កាលនៅ ថ្ងៃយ ᧳ ៩ នេះខ្ញុំប្របា្ទបានទៅទាប្រាកពិ្យថៅកែ ដែលចង្ការខ្ញុំប្របា្ទ
    នោះស្រាបតែថៅកែ ។ ជេខ្ញុំថា អាឆ្កែរទាប្រាកឥ្យ អាញមិន្ទាន់បានសងទេ ហើ្យខ្ញុំប្របា្ទជេទៅវិញថា អាឆ្កែ អាញ់ទាប្រាកអាញ់ នោះថៅកែមកវ៉ា្យខ្ញុំប្របា្ទនិងប្រនង់ ត្រូវដៃរ៏បួសជាធ្អន់ នេះមានអ្នកមានឈ្មោះបានដិងបានឮបានឃើញផង ហែតនេះខ្ញុំប្របា្ទ ពុំសុក្ខចិត្រសូមបំរើលោកទៅ ព្រះកោះយកខ្លួនថៅកែមកជំនុំជំរាះតាមច្បាប់ឲ្យទានខ្ញុំប្របា្ទសុក្ខចិត្រត៏ទៅ សាច់ក្ដី្យខុសត្រូវ ខ្ញុំប្របា្ទទ៏ទួលតាមច្បាប់ ក្រែងពុំប្រកត់ខ្ញុំប្របា្ទគូសថ្នាំងចង់ឱលដៃ្យឆ្វេង ជំរាបជូនទុកជាចុះណាំស្រាប ។

ពាក្យដែលកើតពី របៀប “គន្លាស់កាត់”

បើតាមលោក អៀវ កឹស(*), ពាក្យខ្មែរមួយចំនួន កើតមកពីរបៀប “គន្លាស់កាត់» ។

របៀប “គន្លាស់កាត់»

ពាក្យ “គន្លាស់កាត់” ៖ គឺជាពាក្យ ដែលកើតមកពី ការគន្លាស់ នៃពាក្យពីរ ( two monosyllables words ) ហើយកាត់ចោល មួយភាគ ។

ពាក្យនេះមានលក្ខណះ ពីរយ៉ាង ៖

    ១. គន្លាស់ នៃពាក្យពីរ, ហើយកាត់ចោល ពាក្យខាងចុង ។
    ២. គន្លាស់ នៃពាក្យពីរ, ហើយកាត់ចោល ពាក្យ ខាងដើម ។

ឧទាហរណ៏ ១​ ៖

    កោស = កាយ + បោស > កោស + (បាយ) > កោស
    កោស 1 កិ. រូស​រំលីង​, កោស​ជ្រូក​, កោស​ដូង​ កោស​បាយ ជាដើម ។
    ធ្នើរ = ថ្នាក់ + លើ > ធ្នើរ + (ឡាក់) > ធ្នើរ
    ធ្នើរ ន. ថ្នាក់​ខ្ពស់​សម្រាប់​បន្ទើរវត្ថុ​ផ្សេងៗ : ដាក់​កន្ទេល​លើ​ធ្នើរ ។
    បង្អោង = បង្អែក + តោង > បង្អោង + (តែក) > បង្អោង
    បង្អោង ន. ឈើ​ឬ​ឫស្សី​មាន​កាំ​សម្រាប់​ឡើង​ឈើ​ខ្ពស់ : បង្អោងត្នោត​, ឡើង​តាម​បង្អោង ។
    ជ្រៀង = ជ្រេ + រៀង > ជ្រៀង + (រេ) > ជ្រៀង
    ជ្រៀង គុ. ដែល​ល្អៀង ។ គុ. ឬ ន. ឈ្មោះ​អក្សរ​តួ​ទ្រេត : អក្សរ​ជ្រៀង ។
    ដង្កាប់ = ដង្កៀប + ចាប់ > ដង្កាប់ + (ចៀប) > ដង្កាប់
    ដង្កាប់ ន. ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​ផ្នែក​ពីរ​ ដាក់​ខ្វែង​ប្រទាក់​គ្នា​ជា​ចម្ពាម អាច​កម្រើក​វិល​បាន​​ដោយ​ភ្លៅ​មួយ​ត្រង់​កណ្ដាល សម្រាប់​ចាប់​ឬ​ដក​ដែក​គោល​ជាដើម ។
    ភ្នឹក = ភ្លេច + នឹក > ភ្នឹក + (នេច) > ភ្នឹក
    ភ្លឹក កិ. រលត់​ស្មារតីស្លុង​​ជ្រៅ​មិន​ដឹង​ខ្លួន​ដោយ​ឈឺ​ដាប​ខ្លាំង ( ទីទៃ​ពី​ដេក​លក់​តាម​ធម្មតា ) : គាត់ភ្លឹក​ម្ដងៗ​ទៅ​ហើយ ។ ស្លុត​ស្មារតី​, ខ្លាច​ចំប្រប់ : សម្បើមគួរ​ភ្លឹក​, ឥតភ្លឹក ។

ឧទាហរណ៏ ២​ ៖

    មុង = ទ្រុង + មូស > (ទ្រូស) + មុង > មុង
    មុង ន. ​សំពត់​ដែល​ដេរ​មាន​ខ្នង​ មាន​របាំង​ជុំ​វិញភ្ជាប់​មុខ​គ្នា សម្រាប់​ការ​ពារ​មូស​មិន​ឲ្យ​ខាំ​ ។ មុង​ផ្លិត មុង​មាន​ឆ្អឹង​សម្រាប់​បើក​កាង​ហើយ​តម្លោះ​បាន ។ ដេកមុង ដេក​ក្នុង​មុង​ ។
    ផេះ = ឆេះ + ផង់ > (ឆង់) + ផេះ > ផេះ
    ផេះ ន. សំណុស​ដែល​ភ្លើង​ឆេះ​សុស​ជា​ផង់​, ផង់​សំណល់​នៃ​វត្ថុ​ដែល​ភ្លើង​ឆេះ ។ ផេះ​! ឬ ផេះ​កណ្ដាល​ចង្ក្រាន ! ពាក្យ​សាមញ្ញ សម្រាប់​និយាយ​ដោយ​សេចក្ដី​អស់​សង្ឃឹម​ប្រដូច​ទៅ​នឹង​ផេះ គឺ​ថា​មិន​កើត​ជា​ការ​ទេ ។ ( ព. ប្រ. ) មិនផេះទេ ! មិនកើតការ​ទេ ! ។ ស៊ី​ផេះ ! ឬ ស៊ី​តែ​ផេះ ! គ្មាន​អ្វី​ស៊ី​ទេ​​មាន​តែ​ផេះ ស៊ី​តែ​ផេះ​ចុះ ! ( ព. សា. ) ។ល។

References :

( ១ ) http://sealang.net/khmer
( ២ ) វចនានុក្រមខ្មែរ, ពុទ្ធសាសនបណ្ឌិត, ១៩៦៧
( ៣ ) La grammaire du khmère moderne , KHIN Sok, ២០០២
( ៤ ) វេយ្យាករណ៏ ថ្នាក់ទី ៧, ក្រសួងអប់រំ, ១៩៩២

(*) លោក អៀវ កើស, ភាសាខ្មែរ ឆ្នាំ ១៩៤៧

ខាន​ស្អែក​ទៅ​ត្មាតប៉ើយ​ហើយ!

ខុស​គេ​ណាស់​ខ្ញុំ  ថ្ងៃ​បុណ្យ​អុំទូក​គេ​ទៅ​លេង​ក្រុង តែខ្ញុំ​ទៅ​មើល​សត្វ​ទៅ​វិញ! ខាន​ទៅ​ទីនោះ​ជិត​មួយ​ឆ្នាំ​ហើយ មិនដឹង​ប្រែប្រួល​យ៉ាង​ម៉េច​ទេ ។ មិត្ត​ភក្តិ​រួម​ការងារ​ចំនួន ២​នាក់​ទៀត​ក៏​ទៅ​ដេក​ព្រៃ​ដែរ ។ ជួយ​សប្បាយ​ចែក​ខ្ញុំ​ផង​  ចាំ​ខ្ញុំ​មើល​សត្វ​ចែក​វិញ ។

ហ៊ុន សែន អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​លើ​វិស័យ​​ផ្លូវ​ដែក​នៅ​កម្ពុជា

ដោយ គឹម ពៅ
2010-11-17

នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​វិស័យ​ឯកជន និង​អ្នក​ដឹកនាំ​ប្រទេស​ទាំង​៥ (ACMECS) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​ទៅ​លើ​វិស័យ​ផ្លូវ​ដែក​នៅ​ក្នុង​ប្រទេស​ កម្ពុជា។

RFA Photo

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ CLV, CLMV និង ACMECS នៅ​វិមាន​សន្តិភាព នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

សហគមន៍​ពាណិជ្ជករ​មក​ពី​ប្រទេស​ចំនួន​៥ ដូចជា​ប្រទេស​កម្ពុជា លាវ វៀតណាម ភូមា និង ថៃ បាន​អំពាវនាវ​រួម​គ្នា​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​វិច្ឆិកា ដល់​មេដឹកនាំ ACMECS ទាំង​អស់ សូម​ឲ្យ​អនុវត្ត​នូវ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស ACMECS។

សេចក្ដី​អំពាវនាវ​រួម​នោះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​បញ្ចប់​កិច្ច​ប្រជុំ​កំពូល រវាង​អ្នក​វិនិយោគ​ជាមួយ​អ្នក​ដឹកនាំ​ទាំង​៥ នៃ​ប្រទេស ACMECS ស្ដី​អំពី​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ ដែល​បាន​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​នាយករដ្ឋមន្ត្រី និង​មេដឹកនាំ​កំពូលៗ នៃ​ប្រទេស​ទាំង​នោះ។

ប្រធាន​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា និង​ជា​តំណាង​វិនិយោគិន​នៃ​ប្រទេស​ទាំង​៥ នៅ​ក្នុង​កិច្ច​ប្រជុំ ACMECS នោះ លោក គិត ម៉េង បាន​ថ្លែង​ថា សកម្មភាព​បន្ទាន់ និង​តម្រូវការ​ធំធេង​ដែល​ប្រទេស​សមាជិក ACMECS ត្រូវ​ធ្វើ​បន្ទាន់ មាន​ដូចជា​ការ​សម្រួល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កសិកម្ម ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ការ​លើក​កម្ពស់​ការ​វិនិយោគ​ទុន​លើ​វិស័យ​ឧស្សាហកម្ម និង​ការ​ជួយ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​អំពី​ក្តី​សង្ឃឹម ក្រោយ​ពី​ការ​បង្កើត​សហគមន៍​នៃ​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​ទាំង​៥​នេះ​ ដូច្នេះ ៖ «ខ្ញុំ​សង្ឃឹម​ថា ក្រុម​ប្រឹក្សា​ធុរកិច្ច​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​សហប្រតិបត្តិការ​ សេដ្ឋកិច្ច និង​លើក​កម្ពស់​ឱកាស​វិនិយោគ​ទុន​នៅ​ក្នុង​បណ្តា​ប្រទេស ACMECS»

មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល ACMECS នោះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​សំណូមពរ​ទាំង​៨ របស់​ក្រុម​ប្រឹក្សា​ធុរកិច្ច ឬ​ហៅ​ថា ក្រុម​ប្រឹក្សា​នៃ​អ្នក​វិនិយោគ​របស់​ប្រទេស ACMECS ក្នុង​ការ​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​ចំនួន ៦​ខែ​ម្តង ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

លោក​បាន​ជំរុញ​ដល់​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស ACMECSឲ្យ​មាន​ការ​ចូល​រួម​វិនិយោគ​បន្ថែម​ទៅ​លើ​ផ្លូវ​ដែក​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដើម្បី​សម្រួល​ទៅ​ដល់​ទំនាក់ទំនង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បន្ថែម​ថា ៖ «ដើម្បី​គោលដៅ​នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​តែ​សកម្ម​ឡើង​នូវ​បេសកកម្ម​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច ACMECS។ ខ្ញុំ​សូម​ស្នើ​ឲ្យ​វិស័យ​ឯកជន​ចូល​រួម​ក្នុង​ការ​វិនិយោគ ពិនិត្យ​ផ្លូវ​ដែក ដើម្បី​ជំរុញ​ប្រតិបត្តិការ»

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​អំពី​ការ​សម្រួល​ដល់​វិស័យ​ទេសចរណ៍​របស់​ ប្រទេស​៥ ដូច​ជា​ការ​ជំរុញ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរណ៍​មក​អនុ​តំបន់​ឲ្យ​មាន​ ទិដ្ឋាការ​តែមួយ​សម្រាប់ ៥​ប្រទេស​រួម​គ្នា ហើយ​ដែល​កម្ពុជា កំពុង​អនុវត្ត​ជាមួយ​ប្រទេស​ថៃ។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ACMECS មាន​គោលដៅ​ចម្បង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ព្រំដែន បង្កើន​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ និង​ការ​បន្ថយ​នូវ​គម្លាត​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​នៅ​ក្នុង​តំបន់ មាន​សារសំខាន់​ណាស់។

លោក​បញ្ជាក់​ថា ប្រទេស​ថៃ គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​នៃ​ការ​សម្រួល​ទិដ្ឋាការ​នៃ​ប្រទេស​ទាំង​៥ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ៖ “អំពី​ទេសចរណ៍ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​បណ្ដា​ប្រទេស ACMECS ចូល​រួម​ជាមួយ​ប្រទេស​កម្ពុជា និង​ថៃ ក្នុង​ការ​ឲ្យ​មាន​វីសា​តែមួយ។ យើង​មាន​បំណង​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ ក៏​ដូច​ជា​ធានា​នូវ​ការ​អនុវត្ត​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស ACMECS”

កិច្ច​ប្រជុំ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ ហៅ​កាត់​ថា ACMECS បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការ​បង្កើត​នូវ​សហគមន៍​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​ ២០០៥ ខាង​មុខ​នេះ៕