ព្រៃ​ការពារ​នៅ​ខែត្រ​មណ្ឌល​គិរី​និង​ក្រចេះ

សមាគម​អភិរក្ស​សត្វព្រៃ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក បាន​ឲ្យ​យោបល់​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើត​ដែន​ព្រៃ​ការពារ​សីមា ក្នុង​ផ្ទៃដី​ធំជាង ១,៧៧០ គីឡូម៉ែត្រ​ក្រឡា​នៅ​ក្នុង​ខែត្រ​មណ្ឌល​គិរី​និង​ក្រចេះ ។ អ្នក​សម្របសម្រួល​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (WCS) លោក ម៉ាក ហ្កេតលី បាន​និយាយ​ថា៖ «ការ​បង្កើត​តំបន់​ព្រៃ​ការពារ​ សីមា មិន​ត្រឹមតែ​ការពារ​ឲ្យ​មាន​ចំនួន​សត្វ​កើន​ឡើង​ច្រើន​នោះ​ទេ ប៉ុន្តែ​​នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​មួយ​ចំនួន​ទាក់ទង​នឹង​ការ​កើន​ឡើង​កម្ដៅ​របស់​ពិភព​លោក ។ ការ​ស្ទាបស្ទង់​ដំបូង​បាន​បង្ហាញ​ថា ព្រៃ​នេះ​អាច​ទប់ស្កាត់​ការ​សាយភាយ​ជាតិ​ការបោន​ឌីអុកស៊ីត​រហូត​ដល់​ ៣០០,០០០​តោន ទៅ​លំហអាកាស​​ដែល​បង្ក​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​មួយ​ឆ្នាំ ក៏ប៉ុន្តែ​វា​នៅ​តែ​ជា​ការ​ពិបាក​ក្នុង​ការ​ដាក់​នូវ​ចំនួន​ជាក់លាក់​មួយ​នៅ​ក្នុង​ដំណាក់កាល​នេះ ។ លោក​បាន​បន្ត​ទៀត​ថា “ជំហាន​ដំបូង​គេ​គឺ​ត្រូវ​ការពារ ។ កំណើន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ហើយ​ដែល​ចំណុច​នេះ​វា​ល្អ​សម្រាប់​ប្រទេសជាតិ ប៉ុន្តែ​វា​បាន​ដាក់​គំនាប​សង្កត់​ទៅ​លើ​បរិស្ថាន​ទៅ​វិញ”» ។ លោក​ ហ្កេតលី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អង្គការ WCS ក៏​កំពុង​ការពារ​ប្រជាជន​ដែល​បាន​រស់នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​​​មុន​ពេល​ការ​អភិរក្ស​ការពារ​ចាប់ផ្ដើម​ផង​ដែរ ។ អង្គការ​ក៏​បាន​គ្រោង​បណ្ដុះបណ្ដាល​អប់រំ​​ប្រជាជនមូលដ្ឋាន​អំពី​សិទ្ធិ​កាន់កាប់​ដី​ធ្លី ការ​គ្រប់គ្រង​ព្រៃឈើ និង​ជួយ​ប្រជាជន​ចុះ​បញ្ជី​ដី​ធ្លី​ដើម្បី​បង្ការ​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ ។ ទំនាក់ទំនង​របស់ WCS ជាមួយ​នឹង​សីមា​ ដែល​មាន​សត្វ​អម្បូរ​ឆ្មា​ច្រើន​ប្រភេទ​, ខ្លាឃ្មុំ, ឆ្កែព្រៃ និង​កង្កែប​ គឺជា​ផ្នែក​មួយ​នៃ​​ “ការ​អភិរក្ស​​ការ​សាយភាយ​ជាតិ​ការបោន” របស់​ក្រុម​ដែល​ចាប់ផ្ដើម​ជួយ​ការពារ​ដី​ឲ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ជីវចម្រុះ​ច្រើន​យ៉ាង​ដែល​ឋិត​ក្នុង​និយាមកា​ជា​សកល​ស្ដី​ពី​ការ​កាត់​បន្ថយ​​ការ​កាប់​បំផ្លាញ​ព្រៃឈើ ។ WCS បាន​ដំណើរការ​កម្មវិធី​ស្រដៀង​គ្នា​ស្ដីពី​ការ​កាត់បន្ថយ​ការ​សាយភាយ​ជាតិ​ការបោន​​​នៅ Bolivia, Guatemala, និង Tanzania ។