បក្ស​សម​រង្ស៊ី​ស្នើ​សុខ​អាន​បំភ្លឺ​ពី​ហេតុ​ អ្វី​គ្មាន​ជើង​ហោះ​ហើរ​ទៅ​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា

សមាជិក​សភា​គណបក្ស សម រង្ស៊ី ស្នើ​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​ឈ្មោះ (Cambodia Angkor Air) ដែល​មិន​បាន​ហោះហើរ​ត្រង់​ទៅ​ខេត្ត​ព្រះសីហនុ ទៅ​តាម​កិច្ច​ព្រមព្រៀង។

RFA, Screenshot

គេហទំព័រ Cambodia Angkor Air

http://flash-mp3-player.net/medias/player_mp3_maxi.swf

// <![CDATA[// មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​ក្រុមហ៊ុន​ទេសចរណ៍​ឯកជន បាន​អះអាង​ថា ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ (Cambodia Angkor Air) ដែល​មិន​ហោះ​ហើរ​ត្រង់​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ទៅ​តាម​កិច្ច​សន្យា​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​បាត់​ចំណូល​ចូល​រដ្ឋ ដែល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១០ តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី​ចំនួន ៦​រូប បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​ចោទ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ថា ពុំ​បាន​គោរព​តាម​គោល​ការណ៍​នៃ​ការ​ហោះ​ហើរ​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ ទៅ​តាម​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៩ នៅ​ឡើយ​ទេ។

សមាជិក​សភា និង​ជា​មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ដឹង​ថា ចំពោះ​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ មិន​ព្រម​ហោះ​ហើរ​ឲ្យ​ស្រប​តាម​កិច្ច​ព្រមព្រៀង​នោះ អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​លទ្ធភាព​ពង្រឹង​វិស័យ​ទេសចរណ៍ នៅ​តំបន់​មាត់​សមុទ្រ រួម​មាន​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​កំពត​ជា​ដើម ៖ «ការ​អភិវឌ្ឍ​នៅ​តំបន់​ខេត្ត​ព្រះសីហនុ បើ​យើង​យក​ផ្ដាច់​មុខ​ទៅ​ហើយៗ យើង​បែរ​ជា​មិន​ហោះ​ហើរ​ទៅ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មិន​អាច​ប្រណាំង​ប្រជែង​ជា​មួយ​កោះត្រល់ ជា​មួយ​ប្រទេស​វៀតណាម ឬ​ប្រទេស​ជិត​ខាង​បាន​ទេ នេះ​ជា​ចំណុច​សំខាន់ ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ទៅ​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ផង​ដែរ នៅ​ក្រុង​ព្រះសីហនុ។ អា​នេះ​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ប្រណាំង​ប្រជែង ដែល​យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​បរទេស​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត ហើយ​យើង​ខ្លាច​គេ​មិន​ហ៊ាន​និយាយ​ដូច្នេះ​ទេ»

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Airដែល​បាន​ដាក់​ហ៊ុន​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩ ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​ភាគ​ហ៊ុន​ចំនួន ៥១%  និង​ភាគហ៊ុន​ប្រទេស​វៀតណាម​ចំនួន​៤៩%។

លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍ ផ្នែក​ឯកជន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ការណ៍​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ មិន​ហោះហើរ​ទៅ​ខេត្ត​ព្រះសីហនុ អាច​នាំ​ឲ្យ​មាន​ការ​ខាត​បង់​ថវិកា​ទាំង​អ្នក​វិនិយោគ និង​អ្នក​ប្រកប​របរ​ទទួល​ទាន​ពី​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​រដ្ឋាភិបាល​ផង​ដែរ ៖ «ក្រុង​ព្រះសីហនុ​ដែល​យើង​មាន​ប្រលាន​យន្ត​ហោះ​ដ៏​ស្អាត​មួយ ក៏​ប៉ុន្តែ​យើង​មិន​ទាន់​មាន​យន្ត​ហោះ​ធ្វើ​ការ​ចុះ​ចត​នៅ​ឡើយ​នេះ អាច​ថា​ជា​ការ​ខាត​បង់»

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់​ទង​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​តំណាង​ក្រុមហ៊ុន ដើម្បី​បំភ្លឺ​ជុំវិញ​លិខិត​សមាជិក​សភា​គណ​បក្ស​សម​រង្ស៊ី ស្ដីពី​ការណ៍​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ មិន​បាន​ហោះ​ហើរ​ត្រង់​ទៅ​ខេត្ត​ព្រះ​សីហនុ​នៅ​ឡើយ​ទេ។

លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ និង​ជា​រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី មាន​ប្រសាសន៍​ថា គណៈ​រដ្ឋ​មន្ត្រី​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​របស់​គណ​បក្ស​សម​រង្ស៊ី​ផ្ញើ​ ជូន​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន នៅ​ឡើយ​ទេ។

អគ្គ​នាយក​ក្រសួង​ទេសចរណ៍ លោក ទិត ចន្ថា មាន​ប្រសាសន៍​ថា ការ​ហោះ​ហើរ​ទៅ​ខេត្ត​ព្រះសីហនុ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air គឺ​មិន​ទាន់​មាន​កម្ម​វិធី​ហោះ​ហើរ​ច្បាស់​លាស់​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះសីហនុ​នៅ​ឡើយ ពោល​គឺ​ការ​ហោះ​ហើរ បាន​កើត​មាន​ម្តង​ម្កាល​នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​ជួល​ក្រុមហ៊ុន​ប៉ុណ្ណោះ។

បន្ថែម​លើ​នេះ មន្ត្រី​បក្ស​ប្រឆាំង ក៏​បាន​ចោទ​ក្រុមហ៊ុន Vietnam Airlines ដែល​មាន​ឥទ្ធិ​ពល​សម្រេច​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ មាន​ចេតនា​មិន​ចង់​ឲ្យ​ខេត្ត​ព្រះសីហនុ និង​តំបន់​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​តំបន់​ប្រកួត​ប្រជែង​យក​ទេសចរណ៍ ជា​មួយ​ប្រទេស​វៀតណាម ក្នុង​តំបន់​កោះ ដូច​ជា​កោះ​ភូហ្វឹក (Phu Quoc) ដែល​កម្ពុជា​ហៅ​ថា​កោះ​ត្រល់ ដែល​វៀត​ណាម​ទើប​អភិវឌ្ឍ មាន​ទាំង​វាល​យន្ត​ហោះ​ថ្មី សម្រាប់​ទិស​ដៅ​ទាក់​ទាញ​ទេស​ចរណ៍​បរទេស​នោះ៕

ខុមហ្វ្រែល៖ តួនាទី​តំណាងរាស្ត្រ​កំពុង​ធ្លាក់​ចុះ

ដោយ យន់ សាមៀន
2010-11-05

របាយការណ៍​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ឲ្យ​ដឹង​ថា អភ័យ​ឯក​សិទ្ធិ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មាន​លក្ខណៈ​ផុយ​ស្រួយ ងាយ​នឹង​លើក ឬ​ក៏​ព្យួរ តាម​ការ​ស្នើ​សុំ​របស់​តុលាការ ក្នុង​បណ្ដឹង​ដែល​កើត​ចេញ​ពី​ការ​បញ្ចេញ​មតិ។

AFP PHOTO/TANG CHHIN SOTHY

ព្រះ​មហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ជួរ​មុខ ទី​២​ពី​ស្ដាំ) និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម (ជួរ​មុខ ទី​៣​ពី​ឆ្វេង) ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ កញ្ញា ២០០៨។

http://flash-mp3-player.net/medias/player_mp3_maxi.swf

// <![CDATA[// របាយការណ៍ ​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា តួនាទី​របស់​តំណាងរាស្ត្រ​ក្នុង​នីតិកាល​ពី​៤ កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​អាច​ដក ឬ​ព្យួរ​បាន​ដោយ​ងាយ។

របាយការណ៍​ដែល​បាន​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ ចំនួន ៣​ខែ ចាប់​ពី​កក្កដា ដល់​ខែ​កញ្ញា បាន​រក​ឃើញ​ថា ការ​លើក​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កន្លង​មក រដ្ឋ​សភា​កម្ពុជា មិន​បាន​គោរព​ទៅ​តាម​នីតិវិធី​របស់​ខ្លួន​នោះ​ទេ ដោយ​រដ្ឋ​សភា​កម្ពុជា បាន​លើក​អភ័យ​ឯកសិទ្ធិ​ត្រឹមតែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​តែ​ ប៉ុណ្ណោះ ហើយ​ការ​សម្រេច​នេះ​មិន​បាន​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋ​សភា​អនុម័ត​នោះ​ទេ។

រដ្ឋ​ធម្មនុញ្ញ​មាត្រា​៨០ បាន​ចែង​ថា ការ​ចោទ​ប្រកាន់ ឬ​ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា ឬ​ក៏​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា នៅ​ចន្លោះ​សម័យ​ប្រជុំ ហើយ​ត្រូវ​ដាក់​ឲ្យ​សម័យ​ប្រជុំ​រដ្ឋ​សភា ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន ២ ភាគ ៣ នៃ​សមាជិក​សភា​ទាំង​មូល។

របាយការណ៍​បន្ថែម​ទៀត​ថា ការ​ដក​អភ័យ​ឯក​សិទ្ធិ​របស់​តំណាងរាស្រ្ត សម រង្ស៊ី កន្លង​មក រដ្ឋ​សភា​កម្ពុជា បាន​រំលោភ​ទៅ​លើ​មាត្រា​១១ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ។

លោក គល់ បញ្ញា នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​បច្ចុប្បន្ន​មិន​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញ​លេញ​នោះ ​ទេ ដោយសារ​ភាព​មិន​ចុះ​សម្រុង​រវាង​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ៖ «គាត់​មិន​អាច challenge (ប្រកួតប្រជែង) នឹង​រដ្ឋាភិបាល​គាត់​ទេ អ៊ីចឹង​យើង​ឃើញ​ថា អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន គាត់​ការពារ​រដ្ឋាភិបាល​ជានិច្ច នៅ​ពេល​ណា​មាន​បញ្ហា​អី​គាត់​ការពារ​រដ្ឋាភិបាល។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អាច​មាន​លទ្ធភាព​បំពេញ​តួនាទី​មិន​គ្រប់គ្រាន់​នៅ​ក្នុង​សភា ដោយសារ​តែ​ទី​១ គណបក្ស​ប្រឆាំង​អត់​មាន​សមាជិក​ខ្លួន​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រហូត​ដល់​គណៈកម្មការ​បច្ចេកទេស​កម្ពុជា អត់​មាន​សមាជិក​ខ្លួន​នៅ​ក្នុង​ហ្នឹង​សោះ»

លោក គល់ បញ្ញា បន្ថែម​ទៀត​ថា គណបក្ស​ប្រឆាំង រួម​ទាំង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មិន​ត្រូវ​បាន​ផ្ដល់​តួនាទី​ក្នុង​រដ្ឋ​សភា ហើយ​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន ៣​រូប​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​មតិ​ក្នុង​កិច្ច​ប្រជុំ​សភា។

របាយការណ៍​បន្ថែម​ថា តំណាងរាស្ត្រ​ពីរ​រូប គឺ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​ព្រៃវែង លោក ជា ប៉ូច និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ បាន​សើរើ​បណ្ដឹង​ចាស់ៗ ហើយ​ដែល​អាច​នឹង​ឈាន​ដល់​ការ​ស្នើ​លើក​អភ័យ​ឯកសិទ្ធិ​ជា​បន្ត​ទៀត។

លោក ជា ប៉ូច ត្រូវ​បាន​តុលាការ​កោះ​ហៅ​បំភ្លឺ​បណ្ដឹង​បរិហារ​កេរ្តិ៍ តាំង​ពី​ឆ្នាំ​២០០៤។ ចំណែក​ឯ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ហៅ​បំភ្លឺ​ទាក់ទង​នឹង​បណ្តឹង​ការ​រំលោភ​​សេចក្ដី​ទុក​ ចិត្ត តាំង​ពី​ឆ្នាំ​២០០៦។ ការ​សើរើ​នេះ​បាន​បង្ក​ឲ្យ​មាន​ចម្ងល់​ថា បណ្តឹង​នេះ​មាន​និន្នាការ​នយោបាយ​ដែរ ឬ​ទេ? ពីព្រោះ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កម្ពុជា កំពុង​មាន​ទំនាស់​ជាមួយ​លោក សម រង្ស៊ី។

របាយការណ៍​ក៏​បាន​រក​ឃើញ​ក្នុង​រយៈ​ពេល ៣​ខែ ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ចំនួន ៥៨​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ​ចំនួន ៩០​រូប បាន​ចុះ​មូលដ្ឋាន​ខ្លួន ចំណែក​គណបក្ស សម រង្ស៊ី មាន​តំណាងរាស្ត្រ​ចំនួន ១៨​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ ២៦​រូប បាន​ចុះ​មូលដ្ឋាន។ ដូច្នេះ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ចុះ​មូលដ្ឋាន​បាន​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ប្រធាន​អង្គប្រជុំ​សភា តែងតែ​ការពារ​ដល់​មន្ត្រី​រាជ​រដ្ឋាភិបាល ដែល​មក​បំភ្លឺ​នៅ​រដ្ឋ​សភា តាម​រយៈ​មិន​ឲ្យ​តំណាងរាស្ត្រ​សួរ​បន្ថែម ឬ​សួរ​ដេញដោល​ទៅ​លើ​ចម្លើយ​របស់​មន្ត្រី​ទាំង​នោះ។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា៕

កម្ពុជា-​ចិន​ចុះ​កិច្ចព្រមព្រៀង​ដែល​មាន​​តម្លៃ ​ទឹក​ប្រាក់​៦.៤០០​លាន​ដុល្លារ

ដោយ សុខ សេរី

ប្រទេស​កម្ពុជា និង​ចិន បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​លើ​កិច្ច​ព្រមព្រៀង​សំខាន់ៗ​ចំនួន​១៦ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ក្នុង​តម្លៃ​ទឹក​ប្រាក់​ចំនួន ៦.៤០០​លាន​ដុល្លារ​អាមេរិក ហើយ​ប្រទេស​ចិន បាន​សម្រេច​លុប​បំណុល​របស់​កម្ពុជា ជំពាក់​ចំនួន​ជាង ៤,២​លាន​ដុល្លារ​អាមេរិក។

RFA/Sok Serey

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន [ជួរ​មុខ​ខាង​ស្ដាំ] និង​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍ និង​ជា​សភា​តំណាងរាស្ត្រ​ប្រជាជន​ចិន លោក វូ បាងគូ (Wu Bangguo) [ជួរ​មុខ​ខាង​ស្ដាំ​ទី​២] នៅ​ឯ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

http://flash-mp3-player.net/medias/player_mp3_maxi.swfមន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ចំនួន​ទឹក​ប្រាក់​ជាង ៤,២​លាន​ដុល្លារ​អាមេរិក​​​នេះ គឺ​ដល់​ថ្ងៃ​កំណត់ ដែល​កម្ពុជា​ត្រូវ​សង​ប្រទេស​ចិន​វិញ នៅ​ឆ្នាំ​២០១០​នេះ បើ​សិន​ណា​ប្រទេស​ចិន មិន​លុប​បំណុល​នេះ​ចោល​ទេ​នោះ។

ប្រទេស​ចិន បាន​សន្យា​ផង​ដែរ​ក្នុង​ផ្ដល់​ជំនួយ​បន្ថែម​ឲ្យ​កម្ពុជា ចំនួន​ជាង ១០០​លាន​យន់ ស្មើ​នឹង ១៤,៧​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥត​សំណង។

កិច្ច​ព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក វូ បាងគូ (Wu Bangguo) ជា​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍ និង​ជា​សភា​តំណាង​ប្រជាជន​ចិន នៅ​ឯ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ថ្មីៗ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា នៅ​ឯ​វិមាន​សន្តិភាព ឬ​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេស​កម្ពុជា និង​ចិន បាន​ឯកភាព​គ្នា​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «គឺ​ដំបូង​ជា​ទំនាក់ទំនង ជា​អ្នក​ជិត​ខាង​ល្អ​ទៅ អ្នក​ប្រតិបត្តិការ​ដែល​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ យើង​បាន​ក្លាយ​ជា​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ។ បង្ហាញ​ពី​ការវិវត្តន៍​គុណភាព​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំង​២»

លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ប្រទេស​ចិន និង​កម្ពុជា មាន​គម្រោង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា​លើ ២៣​គម្រោង​ធ្វើការ​អភិវឌ្ឍន៍ រាប់​ទាំង ផ្លូវ​ដែក​អាស៊ាន​ផង ដែល​មាន​តម្លៃ ១.៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាងរាស្ត្រ មាន​ប្រសាសន៍​ប្រតិកម្ម​ថា កម្ពុជា​មិន​គួរ​ពឹង​ផ្អែក​តែ​លើ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ៖ «ប្រទេស​ កម្ពុជា​យើង​ជា​ប្រទេស​អព្យាក្រឹត យើង​មិន​ចូល​ប្លុក​ណា យើង​មិន​ចូល​បក្ស​សម្ព័ន្ធ​ណា​ទេ។ កុំ​ពឹង​ផ្អែក​តែ​លើ​ប្រទេស​មួយ។ ពង្រីក​ការ​ទាក់ទង ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ ទៅ​បណ្ដា​ប្រទេស​ធំៗ​នៅ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជា​ប្រទេស​ដែល​មាន​ធនធាន​ច្រើន ហើយ​ជា​ប្រទេស​បើក​ទូលាយ​ទីផ្សារ​សេដ្ឋកិច្ច សម្រាប់​យើង​ពឹង​ផ្អែក​ផង​ដែរ»

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ដល់​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថ្មីៗ​នេះ បាន​រំឭក​ថា កម្ពុជា​មិន​ត្រូវ​មាន​ទំនាក់ទំនង​ពឹង​ផ្អែក​តែ​ជាមួយ​ប្រទេស​ចិន ខ្លាំង​ពេក​នោះ​ទេ។

ការ​លប់​ចោល​បំណុល​ដែល​កម្ពុជា ជំពាក់​ចិន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី ហ៊ីលទ្បារី គ្លិនតុន ប្រកាស​នឹង​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ​របស់​អាមេរិក​មួយ​ក្រុម​មក​កម្ពុជា ដើម្បី​មក​ចរចា​ដោះស្រាយ​លុប​​​បំណុល​ដែល​កម្ពុជា​ជំពាក់​​អាមេរិក កាល​ពី​​ជំនាន់​លោក​សេនា​ប្រមុខ លន់ នល់ ចំនួន ៤៤៥​លាន​ដុល្លារ​អាមេរិក។ ភាគី​កម្ពុជា បាន​​សុំ​យ៉ាង​ទទូច​ឲ្យ​លុប​បំណុល​នេះ​កន្លង​មក។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​បន្ថែម​ថា ប្រទេស​ចិន បាន​យាង និង​អញ្ជើញ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី។

ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម ប្រធាន​សភា​ជាតិ លោក ហេង សំរិន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​រួម​គ្នា​នៅ​ខែ​ធ្នូ ខាង​មុខ​នេះ៕

កម្ពុជា-​ថៃ​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​ សន្តិសុខ​នៅ​តាម​ព្រំដែន

ដោយ សុខ សេរី

មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ថែម​មួយ​កម្រិត​ទៀត កាល​ពី​ចុង​ខែ​តុលា ថ្មីៗ​នេះ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​ក្នុង​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា ប៉ុន្តែ​វត្តមាន​កងទ័ព​ថៃ ឈ្លាន​ពាន​កម្ពុជា នៅ​តែ​មាន​បន្ត​នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ​ជា​ដដែល។

RFA file photo/Savyuth

ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ ថ្ងៃ​១៩ កក្កដា ២០០៨។

http://flash-mp3-player.net/medias/player_mp3_maxi.swfមន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ប្រាវីត វង់ស៊ូវ៉ាន (Prawit Wongsuwan) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​មួយ ស្ដីពី​ការ​រក្សា​សន្តិសុខ សន្តិភាព និង​ជៀសវាង​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​កន្លែង​ដទៃ​ទៀត នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ។

កិច្ច​ព្រមព្រៀង​ជា​គោល​នេះ មាន​ចំណុច​សំខាន់ៗ​ចំនួន ១៥​ចំណុច គឺ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​លើក​ទី​៧ នៅ​ក្នុង​ទីក្រុង​ប៉ាតាយ៉ា (Pattaya) ប្រទេស​ថៃ នៅ​ចន្លោះ​ថ្ងៃ​ទី​២៧ ខែ​តុលា ដល់​ថ្ងៃ​ទី​៣០ ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា និង​មន្ត្រី​គណៈកម្មការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា និង​ថៃ។

លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាត ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​ទើប​បាន​វិល​ត្រឡប់​មក​ពី​ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ថា ភាគី​យោធា​កម្ពុជា និង​ភាគី​យោធា​ថៃ បាន​ឯកភាព​គ្នា និង​បាន​ទទួល​លទ្ធផល​ល្អ​ប្រសើរ​ជាង​កិច្ចប្រជុំ​មុនៗ។

លោក​បាន​បន្ត​ថា ៖ «ដោយសារ​តែ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទាំង​២ ជា​ពិសេស​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ គាត់​បាន​សន្យា​ថា នឹង​ប្រើប្រាស់​យន្តការ​គណៈកម្មការ​កិច្ចការ​ព្រំដែន​ទូទៅ​នេះ ដើម្បី​ដោះស្រាយ​សន្តិសុខ​នៅ​តាម​ព្រំដែន»

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​យន្តការ​សំខាន់​ថ្មី​មួយ​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នៃ​ ជម្លោះ​ប្រដាប់​អាវុធ តាម​រយៈ​ការ​ចរចា​ប្រឆាំង​អំពើ​ភេរវកម្ម និង​ធ្វើ​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ថៃ លើ​វិស័យ​ពាណិជ្ជកម្ម កសិកកម្ម ទេសចរណ៍ បរិស្ថាន និង​អប់រំ​ជាដើម។

សាកល​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដរាប​ណា​វត្តមាន​របស់​កងទ័ព​ថៃ នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ គឺ​ជា​សញ្ញា​ជម្លោះ​ព្រំដែន និង​ការ​ឈ្លានពាន​របស់​ថៃ នៅ​តែ​បន្ត​នៅ​ឡើយ។

លោក សុខ ទូច មាន​ប្រសាសន៍​បន្ត​ថា ៖ «ពួក​ដែល​ឈរ​ជើង ដែល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ហ្នឹង​ឲ្យ​វា​ចេញ​ពី​ព្រំដែន កាលណា​វា​អត់​ចេញ​មាន​ន័យ​ថា ទំនាស់​ព្រំដែន​នៅ​មាន​ជា​ធរមាន»

ក្រសួង​ការពារ​ជាតិ​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​២០១១ ខាង​មុខ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ​ថៃ បាន​ចាប់​ផ្ដើម​ដំណើរការ​ជួប​ប្រជុំ​ចរចា​ទ្វេ​ភាគី​បែប​នេះ​ជា​លើក​ដំបូង​ តាំង​ពី​ឆ្នាំ​១៩៩៥​មក នៅ​រៀងរាល់ ២​ឆ្នាំ​ម្ដង ឬ ៣​ឆ្នាំ​ម្ដង។

នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​លើក​ទី​៣ រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ចុង​ខែ​តុលា ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​សភា​ថៃ តាម​រយៈ​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ ផ្ទល់​សត្យានុម័ត​លើ​កិច្ចព្រមព្រៀង​បណ្ដោះ​អាសន្ន រវាង​កម្ពុជា និង​ថៃ កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ ដែល​បាន​រាប់​ទាំង​ការ​ដក​កងទ័ព​ថៃ ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ​នៅ​ក្បែរ​តំបន់​ប្រសាទ​ព្រះវិហារ​ផង​ដែរ៕

សម រង្ស៊ី សន្យា​ចូល​ស្រុក​វិញ​ឲ្យ​បាន​មុន​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់

ដោយ ទីន ហ្សាការីយ៉ា

ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី បាន​ប្រកាស​ពី​ជំហរ​របស់​លោក​ចំពោះ​​កិច្ចការ​ស្នេហា​ជាតិ​នោះ​នៅ​តែ​ដដែល ហើយ​លោក​សន្យា​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

RFA File

លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នកកាសែត​និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ឯ​ទីស្នាក់ការ​ គណបក្ស​សម​រង្ស៊ីក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨។

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា បាន​ថ្លែង​ទៅ​កាន់​សមាជិក​សមាជិកា​គណបក្ស សម រង្ស៊ី ប្រមាណ ១​ពាន់​នាក់​ពី​ប្រទេស​បារាំង តាម​សារ​អេឡិចត្រូនិក នៅ​ក្នុង​ឱកាស​ពិធី​ខួច​គម្រប់​ខួប ១៥​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​របស់​ខ្លួន​ថា លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ នៅ​មុន​ពេល​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ខាង​មុខ​នេះ៕

ហេតុ​អ្វី​កម្ពុជា​ចង់​ដក​មន្ត្រី​តំណាង​អ.ស.ប​ ផ្នែក​សិទ្ធិ​មនុស្ស​ចេញ?

ដោយ យន់ សាមៀន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​តុលា បាន​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ដក​លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) តំណាង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ចេញ បើ​មិន​ដូច្នោះ​​ទេ រដ្ឋាភិបាល​កម្ពុជា នឹង​បិទ​​ការិយាល័យ​នេះ។

Photo courtesy of cambodia.ohchr.org

ការិយាល័យ​ឧត្ដម​ស្នងការ​សហ​ប្រជា​ជាតិ​ទទួល​ បន្ទុក​សិទ្ធិ​មនុស្ស​នៅ​រាជ​ធានី​ភ្នំពេញ

រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​លោក គ្រីស្តូហ្វ ប៉េស៊ូ ថា បាន​បំពេញ​ការងារ​ដោយ​លម្អៀង​ទៅ​រក​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

តើ​លោក គ្រីស្តូហ្វ ប៉េស៊ូ បាន​ធ្វើ​អ្វី​ខ្លះ​នៅ​កម្ពុជា បាន​ជា​រដ្ឋាភិបាល​ចង់​ឲ្យ​បណ្ដេញ​លោក​ចេញ​ពី​ប្រទេស​កម្ពុជា?