ប្រទេសឥណ្ឌូណេស៊ី បានស្នើសុំដាក់ទីតាំងសង្កេតការណ៍បីចំណុចក្នុងទឹកដីកម្ពុជា ជាប់ព្រំដែនថៃ សម្រាប់ក្រុមអ្នកសង្កេតការណ៍របស់ខ្លួន ដើម្បីបំពេញការងារក្នុងកិច្ចអន្តរាគមន៍លើជម្លោះព្រំដែនរវាងខ្មែរ- ថៃ។

រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី និងជាប្រធានសមាគមអាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតក្រោយពីកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១។
http://flash-mp3-player.net/medias/player_mp3_maxi.swf
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានផ្ញើលិខិតតបទៅលោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី ជាប្រធានសមាគមអាស៊ាន និងជាអ្នកសម្របសម្រួលក្នុងជម្លោះព្រំដែនខ្មែរ-ថៃនោះថា លោកបានយល់ព្រមតាមសំណើលើលក្ខខណ្ឌថ្មីសម្រាប់ក្រុមអ្នក សង្កេតការណ៍ព្រំដែននោះហើយ។
កាលពីយប់ថ្ងៃទី១៣ មេសា លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោក ម៉ាទី ណាតាឡេហ្គាវ៉ា បានផ្ញើលិខិតពីរច្បាប់ មួយច្បាប់ជូនទៅភាគីថៃ និងមួយច្បាប់ទៀតជូនទៅភាគីកម្ពុជា។ ចំពោះលិខិតទៅកាន់ភាគីថៃ លោកមិនបានដឹងពីសេចក្ដីស្នើនោះមានខ្លឹមសារយ៉ាងណាទេ ប៉ុន្តែចំពោះភាគីកម្ពុជា លោក ម៉ាទី បានសុំដាក់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី លើទីតាំងបីចំណុចដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។
លោក កុយ គួង បន្ថែមថា ៖ «សូមជម្រាបថា ថ្ងៃនេះក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ហើយបានបញ្ជាក់ថា នៅថ្ងៃ១២ មេសា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានទទួលលិខិតពីឯកឧត្ដម ម៉ាទី ដែលជារដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ស្ដីពីលក្ខខណ្ឌប្រតិបត្តិថ្មីសម្រាប់អ្នកអង្កេតការណ៍ឥណ្ឌូណេស៊ី នៅតាមព្រំដែនកម្ពុជា-ថៃ។ ក្នុងលិខិតនោះឯកឧត្ដម ម៉ាទី បានស្នើឲ្យមានចំណុចឈរជើងសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ចំនួន ៣ទីតាំងនៅខាងកម្ពុជា គឺទី១ ៥មករា ទី២ តាសឹម និងទី៣ ចាក់ច្រែង»។
លោក កុយ គួង ក៏បានបន្ថែមថា ភាគីកម្ពុជា ក៏បានផ្ញើលិខិតតបភ្លាមៗទៅលោក ម៉ាទី ណាតាឡេហ្គាវ៉ា បញ្ជាក់ការយល់ស្រប និងការគាំទ្រតាមការស្នើសុំរបស់លោក ហើយប្រធានសមាគមអាស៊ានរូបនេះ ក៏បានសម្ដែងសេចក្ដីរីករាយណាស់ដែរ ដែលកម្ពុជាយល់ព្រមតាមការស្នើសុំ។
លោកមានប្រសាសន៍បន្តថា ៖ «…នេះជាឆន្ទៈថ្មីមួយទៀតរបស់ កម្ពុជាមួយដែរ ដោយឈរលើស្មារតីគោរពការឈប់បាញ់អចិន្ត្រៃយ៍ដែលអាននាំទៅរកការ ដោះស្រាយដោយសន្តិវិធី ហើយនៅថ្ងៃទី១៣ មេសា នេះ លោក ម៉ាទី ក៏បានផ្ញើលិខិតជូនលោក ហោ ណាំហុង និងលោករដ្ឋមន្ត្រីការបរទេសថៃ ដោយក្នុងលិខិតនេះបានបញ្ជាក់ថា លោកបានទទួលលិខិតពីលោក ហោ ណាំហុង ដោយការពេញចិត្តហើយ»។
លោក កុយ គួង ក៏បានបញ្ជាក់ដែរថា ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី កំពុងតែរង់ចាំចម្លើយពីភាគីថៃប៉ុណ្ណោះ៕